Friday, May 10, 2019

បើចង់ខ្លាំងត្រូវពឹងលើខ្លួនឯង​



អាថ៌កំបាំង​នៃ​ភាព​ជោគជ័យ​ក្នុង​ជីវិត​ គឺ​ការ​ចេះ​យក​ភាព​រីករាយ​ជំនួស​ទៅលើ​សេចក្តី​ឈឺចាប់​ ហើយ​យក​ក្តី​ឈឺចាប់​មក​ធ្វើជា​សេចក្តី​សប្បាយ​។ បើ​អាច​ធ្វើ​បាន​ យើង​នឹង​ក្លាយទៅជា​ម្ចាស់​នៃ​ជីវិត​យើង​ តែបើ​ធ្វើ​មិនបានទេ​ ជីវិត​នឹងជា​ម្ចាស់​នៃ​យើង​វិញ​

មនុស្សយើង​ត្រូវ​ចេះ​សប្បាយ​ក្នុង​បរិយាកាស​ទុក្ខសោក​ ហើយ​ត្រូវ​ចេះ​គិត​វិជ្ជមាន​ក្នុង​ស្ថានភាព​អវិជ្ជមាន​។ សំខាន់​ គឺ​ការ​ប្រឹងប្រែង​។ ឈឺចាប់​យ៉ាងណា​ ក៏​នៅតែ​ប្រឹង​ដោយ​ក្តី​សង្ឃឹមដែរ​ ហើយ​វេទនា​យ៉ាងណា​ ក៏​ត្រូវតែ​ប្រឹង​ដោយ​ក្តី​សង្ឃឹម​ជានិច្ច​។ ចាប់ផ្តើម​ដោយ​ការ​ប្រឹងប្រែង​ ធ្វើដំណើរ​ជាមួយនឹង​ការ​ប្រឹងប្រែង​ ហើយ​បញ្ចប់​ទៅវិញ​ជាមួយនឹង​ការ​ប្រឹងប្រែង​។ បើ​ចង់​ខ្លាំង​ យើង​ត្រូវ​ប្រឹង​រហូត​ ប្រឹង​ជានិច្ច​ និង​ធ្វើជា​ម្ចាស់​នៃ​ជីវិត​ខ្លួនឯង​។

មិនថា​ជា​បញ្ហា​ជាតិ​ ឬបញ្ហា​បុគ្គល ​ម្នា​ក់ៗ​ក្នុង​សង្គម​ទេ​ គឺ​ត្រូវ​រស់​យ៉ាង​ម្ចាស់ការ​ឯករាជ្យ​ចំពោះខ្លួន​ឯង​។ ជាតិ​ខ្លាំង​ គឺ​ដាច់ខាត​ត្រូវ​ចេះ​រស់​ដោយខ្លួនឯង​ ដោយ​កុំ​ខ្ចី​ដង្ហើម​ជាតិ​ដទៃ​ដក​ញឹកញាប់​ពេក​។ មនុស្ស​ខ្លាំង​ ត្រូវ​ពឹង​លើ​ខ្លួនឯង​ ដោយ​កុំ​រស់នៅ​ជ្រក​ក្រោម​ឆន្ទៈ​អ្នកដទៃ​ឱ្យ​សោះ​។ ផ្ទុយទៅវិញ​ បើជា​តិ​មួយ​ខ្ចី​ដង្ហើម​ជាតិ​ដទៃ​ដក​ញឹកញាប់​ពេក​ គឺ​វា​បង្ហាញ​យ៉ាង​ច្បាស់​ថា​ខ្លួន​បាន​ផ្ញើ​ភាព​ស្លាប់រស់​នឹងជា​តិ​ដទៃ​ហើយ​។

តើ​យើង​ជា​ម្ចាស់​វាសនា​ខ្លួន​ដែរ​ឬទេ​? តើ​យុវជន​ខ្មែរ​ធ្លាប់ឮពាក្យ​ថា​ ច្របាច់ក​ចិន​ លៀន​អណ្តាត​ខ្មែរ​ ឬទេ​? បញ្ហា​ធំ​បំផុត​របស់​យុវជន​ គឺ​ស្នេហា​។ បញ្ហា​ធំ​របស់​ជាតិ​គឺ​បណ្ឌិត​ខ្លះ​មិន​ចេញមុខ​សហការ​គ្នា​ជា​ធ្លុងមួយ​ (បែកបាក់​) ហើយ​បញ្ហា​ធំ​របស់​រាស្ត្រ​ក្រ​គឺ​ភាព​ក្រីក្រ​។ ដើម្បី​ដោះស្រាយ​បញ្ហា​រាស្ត្រ​ក្រ​ គឺ​យុវជន​ត្រូវ​រឹងមាំ​កុំ​មាន​ជំងឺ​ ហើយ​ដើម្បី​ឱ្យ​អ្នកចេះដឹង​ចេះ​សាមគ្គី​គ្នា​ លុះត្រា​ណា​តែ​ចេះ​ឈឺ២យ៉ាងគឺ​៖ ទី១​. ឈឺចាប់​នឹង​បញ្ហា​ជាតិ​ និង​ទី២​. ឈឺឆ្អាល​ចំពោះ​ជាតិ​។ សុភាសិត​ខ្មែរមួយឃ្លាលើកឡើងថា​ បើ​រស់​ រស់​ឱ្យ​គាប់​ តែបើ​ងាប់​ ងាប់​ឱ្យ​គួរ​

Cr. ប្រតិទិន​ទស្សនៈ៣៦៥ថ្ងៃ

No comments:

Post a Comment