ពេលខ្លះដោយសារតែយើងឈ្លក់វង្វេងនឹងសម្រស់ខ្លួនឯង
ទើបយើងយល់ថាខ្លួនឯងស្អាតសង្ហាលើសគេ ។ ដោយសារតែយើងយល់ថាខ្លួនលើសគេ
ទើបយើងមើលមិនឃើញភាពល្អរបស់អ្នកដទៃ ។ ជីវិតស្នេហាខ្លះគឺបែបនេះ
ពេលខ្លះដោយសារតែចរិតតួឯកនេះហើយ ទើបធ្វើឲ្យមនុស្សល្អៗដែលព្យាយាមចូលមកក្នុងជីវិតយើងត្រូវរសាត់ទៅបាត់ម្ដងមួយៗ
។ តាមពិតយើងបានស្គាល់មនុស្សស្អាតៗសង្ហាៗច្រើនណាស់ តែអ្វីដែលយើងមិនដែលចួបនោះ
គឺមនុស្សពិតប្រាកដ ។ ពេលខ្លះដោយសារតែយល់ច្រឡំថាខ្លួនឯងលើសគេ
ទើបមើលរំលងមនុស្សជាច្រើន
រហូតបាត់បង់មនុស្សពិតប្រាកដមួយចំនួនដែលព្យាយាមតាមស្រឡាញ់យើង ។ មនុស្សដែលល្អដូចក្នុងសុបិន
គឺមានតែម្នាក់ប៉ុណ្ណោះ ម្នាក់នោះគឺនៅក្នុងសុបិនគ្មានការពិតរបស់យើង ។
ហើយបើយើងមិនព្រមដើរចេញពីសុបិននេះទេ
នោះយើងនឹងស្ដាយក្រោយចំពោះពេលវេលាជាច្រើនដែលយើងបានបាត់បង់ទៅ ។
ក្នុងលោកនេះគ្មានមនុស្សល្អឥតខ្ចោះទេ
សូម្បីតែយើងខ្លួនឯង ។ ចុះហេតុអ្វីបានជាយើងរើសច្រើនម៉្លេះ ? អ្នកខ្លះ រើសពេករហូតមុខចាស់ អាយុច្រើនទៅហើយ ។
បើអង្គុយតែខ្លាចមុខខ្លាចក្រោយ តើពេលណាទើបយើងដើរទៅមុខ ? បើអង្គុយតែចង់បានមនុស្សក្នុងសុបិន
តើពេលណាបានសាងគ្រួសារនឹងគេ ? បើរវល់តែឈ្លក់នឹងសម្រស់ខ្លួនឯង
តើពេលណាយើងអាចរកឃើញមនុស្សល្អពិតប្រាកដទៅ ? បើបេះដូងរបស់យើងនៅតែចង្អៀតចង្អល់
តើពេលណាយើងទៅដល់ត្រើយជីវិតគូ ? គ្មាននរណាម្នាក់ល្អបំផុតទេ
សំខាន់រស់នៅជាមួយគ្នាត្រូវចេះអប់រំគ្នា មើលថែគ្នាទៅវិញទៅមកប៉ុណ្ណឹងគឺបានហើយ ។
រឿងមាសប្រាក់ទ្រព្យសម្បត្តិជារឿងក្រោយទេ
កុំសម្លឹងឃើញតែលុយពេក ដ្បិតមានមាសប្រាក់ច្រើន ក៏មិនប្រាកដថាមានក្ដីសុខ ដ្បិតមានក្ដីសុខក៏ដោយសារតែការខិតខំប្រឹងប្រែងតស៊ូជាមួយគ្នា
។ ជីវិតគូ មិនស្រួលដូចការគិតឡើយ បើខ្វះភក្ដីភាព ទោះមានទ្រព្យច្រើន
តើមានន័យអ្វីទៅ ?
ជីវិតប្ដីប្រពន្ធ ពុំគ្រាន់តែស្មោះនឹងគ្នាទេ
សំខាន់គឺសាងសុភមង្គលរួមគ្នា កាន់ដៃគ្នាឆ្លងកាត់វាលជីវិតដ៏ល្វឹងល្វើយ ឆ្លងកាត់សំណើចសំណោកជាមួយគ្នា ។ បើស្រឡាញ់គ្នា ត្រូវចេះអធ្យាស្រ័យគ្នា
ហើយអ្វីៗទាំងនេះវាបានកើតឡើងលើជីវិតគូច្រើនរាប់មិនអស់ទៅហើយ ។ ដ្បិតការរៀបការមិនអាចធានាថាត្រូវតែនៅជាមួយគ្នាមួយជីវិត
តែក្ដីស្រឡាញ់ដែលពេញដោយភក្ដីភាព អាចធ្វើឲ្យមនុស្សរស់នៅជាមួយគ្នាបានយូរ ។
កុំរើសច្រើនពេក ព្រោះបើរើសពេក យើងអាចនឹងបាត់បង់ជម្រើសល្អៗបាន ៕
Cr. ប្រាជ្ញាជីវិត
No comments:
Post a Comment