ព្រោះតែយើងច្រណែនគេ
ទើបយើងព្យាយាមនិយាយបង្កាច់បង្ខូចគេពីក្រោយខ្នង ។ ព្រោះតែយើងមិនត្រូវជាមួយគេ
ទើបយើងព្យាយាមសម្ដែងធ្វើជាមនុស្សល្អតាមរយៈការនិយាយដើមគេ ។ ដោយសារតែយើងស្អប់គេ
យើងក៏ព្យាយាមដឹកនាំអ្នកដទៃឱ្យស្អប់គេជាមួយយើងដែរ ។ ធម្មតាទេមនុស្សជាសត្វដែលផ្គាប់ចិត្ដមិនត្រូវស្រាប់ទៅហើយ
ហើយសូម្បីតែខ្លូនឯង ពេលខ្លះក៏ផ្គាប់ខ្លួនឯងមិនត្រូវដូចគ្នាដែរ ចុះទម្រាំអ្នកដទៃលែងអីនឹងខុស
?
យើងតែងនិយាយក្រោយខ្នងគេ
ថាគេជាមនុស្សអាក្រក់ មនុស្សពុំត្រឹមត្រូវ ឬមនុស្សបែបណាក៏បាន ស្រេចតែយើងថា
ប៉ុន្ដែតើយើងធ្លាប់គិតទេ ខណៈពេលដែលយើងកំពុងនិយាយបង្កាច់បង្ខូចគេហ្នឹង
តើយើងពិតជាបានធ្វើជាមនុស្សល្អលើសគេហើយមែនទេ បើនៅទេ សូមឈប់ទៅ វាគ្មានប្រយោជន៍ទេ
។ យើងគ្មានភារកិច្ចអ្វីទៅចាត់ចែងជីវិតគេឡើយ គេធ្វើអី ល្អឬអាក្រក់ជាសិទ្ធិគេ
ជាជីវិតគេ បើយើងមិនពេញចិត្ដយើងគ្រាន់តែដើរចេញទៅបានហើយ ។
នៅលើលោកនេះ គ្មានមនុស្សល្អឯណាគេដើរនិយាយដើមអ្នកដទៃទេ
ហើយក៏គ្មានមនុស្សច្រណែនអ្នកដទៃឯណារស់នៅបានសុខដែរ
គឺមានតែមនុស្សចរិតចឹកគេពីក្រោយខ្នងប៉ុណ្ណោះ ដែលចូលចិត្ដធ្វើរឿងពុំត្រឹមត្រូវ
ហើយតាំងខ្លួនជាមនុស្សត្រឹមត្រូវ ។ រស់នៅកុំសាងសត្រូវអី
ព្រោះវាធ្វើឱ្យយើងគ្មានក្ដីសុខ ។ ជីវិតប្រៀបដូចជាការឆ្លុះកញ្ចក់ដូច្នេះដែរ
បើយើងញញឹមដាក់កញ្ចក់ កញ្ចក់ក៏ញញឹមដាក់យើងវិញ ។ បើយើងឱ្យអ្វីទៅគេ
គេក៏ឱ្យនោះមកវិញ ។ យើងឱ្យស្នាមញញឹម និងសន្ដិភាពទៅអ្នកដទៃ ជីវិតក៏បានសុខ ។
យើងឱ្យភាពក្ដៅក្រហាយទៅអ្នកដទៃ អ្នកដទៃក៏ឱ្យរឿងឈឺក្បាលត្រឡប់មកវិញដែរ ។
យើងពុំគួរសួរថាហេតុអ្វីបានជាជីវិតខ្លួនឯងចួបតែទុក្ខកង្វល់ ហើយគេចេះតែបានសុខឡើយ
យើងគួរសួរខ្លួនឯងថា តើបានសាងរឿងអាក្រក់ធ្វើអ្វីខ្លះហើយ នាពេលកន្លងមក ?
Cr. Sun Veasna
No comments:
Post a Comment