Sunday, August 25, 2019

កក់ក្តៅដូចអាំងផេះ



ការងារធំដុំ ការងារដែលគិតប្រយោជន៍មនុស្សច្រើន និងការងារដែលស្លាប់ម្នាក់ស្លាប់ទាំងអស់គ្នា គឺពុំអាចលេងសើច យកមនោសញ្ចេតនាមកលាយឡំបានឡើយ ជាពិសេស បុគ្គលដែលមានតួនាទីក្នុងនាមជាមេដឹកនាំ។ មេដឹកនាំ បើបណ្តោយខ្លួនឱ្យដូចមហាជនធម្មតា គឺពុំបានឡើយ ដ្បិតមេដឹកនាំ គឺជាអ្នកទទួលខុសត្រូវវាសនាមនុស្សរាប់រយ រាប់ពាន់ និងរាប់លាននាក់។ ខ្ញុំដាក់ចំណងជើងនៃប្រធានបទនេះថា កក់ក្តៅដូចអាំងផេះ គឺជាល្បងអត្ថបទពិចារណាលាតបង្ហាញអំពីការបែងចែក និងវែកញែកឱ្យច្បាស់លាស់រវាងប្រយោជន៍រួមនិងប្រយោជន៍បុគ្គល។ ប្រធានបទនេះ ខ្ញុំចង់សង្កត់ធ្ងន់បំផុតទៅលើចរិតធ្វើការងាររបស់មេដឹកនាំ ការទទួលគុណស្រ័យពីនរណាម្នាក់ និងការតបគុណ ឬរមិលគុណចំពោះនរណាម្នាក់។ អត្ថបទនេះប្រហែលជាអាចវែងបន្តិចមែន តែខ្ញុំយល់ថាវាសំខាន់ មានប្រយោជន៍សម្រាប់ស្ថានភាពសង្គមខ្លះ និងគោលការណ៍ក្នុងភាពជាមេដឹកនាំ ដែលត្រូវទទួលរាប់រងវាសនាមនុស្សរាប់លាននាក់។

មេដឹកនាំមិនអាចបណ្តោយខ្លួនឱ្យដូចមហាជនធម្មតាបានឡើយ ដ្បិតមេដឹកនាំគឺជាអ្នកទទួលខុសត្រូវវាសនាសហគមន៍ វាសនាសង្គម និងវាសនាជាតិទាំងមូល។ មេដឹកនាំត្រូវតែជាមនុស្សដែលមានចរិតពណ៌ប្រផេះ ដោយមិនអាចស និងមិនអាចខ្មៅពេកទេ តែបត់បែនតាមកាលៈទេសៈ។ លក្ខណៈបែបនេះ វាស្រដៀងនឹងទស្សនៈមេដឹកនាំចិន តេង ស៊ាវពីង ដែលថា មិនថាឆ្មាស ឬឆ្មាខ្មៅទេ តែសំខាន់ឱ្យតែចាប់កណ្តុរបាន។ ទ្រឹស្តីកាទូតបែបនេះ គឺសំដៅយក ប្រយោជន៍ជាធំ។ តើអ្វីជាប្រយោជន៍? កាលណាបើនិយាយពីប្រយោជន៍ ជាពិសេសប្រយោជន៍ក្នុងន័យនយោបាយ គឺដាច់ខាតត្រូវដកគុណធម៌ចេញ ដកសីលធម៌ចេញ....និងដកកតញ្ញុតាធម៌ចេញ។ គោលការណ៍ជាអ្នកឈ្នះបានប្រយោជន៍ គឺឥតជាប់នឹងរឿងគុណធម៌ ឬសីលធម៌...ទេ។ បើកតញ្ញុតាធម៌ អាចមានប្រយោជន៍ ឬក្លាយទៅជាអ្នកឈ្នះ គឺត្រូវតែកតញ្ញូ។ ប៉ុន្តែបើធ្វើជាមេដឹកនាំកត្តញ្ញូ ហើយចាញ់ ឬបាត់បង់ខាតប្រយោជន៍ គឺត្រូវតែចេះវិធីរមិលគុណ។ នេះជាចរិតលក្ខណៈរបស់មេដឹកនាំដែលយកប្រយោជន៍ជាធំ និងយកភាពរស់រានមានជីវិតរបស់អ្នកក្រោមជាសំខាន់បំផុត។ ត្រង់ចំណុចនេះ ខ្ញុំសូមចែករំលែកពីរឿង អ្នកធ្វើគុណនិង អ្នកទទួលគុណ

អ្នកប្រាជ្ញចិន ខុង ជឺ និយាយថា ធ្វើគុណទៅហើយ បើអ្នកដទៃតបមកវិញ គឺចាត់ទុកដូចជាពុំបានធ្វើ។ បើធ្វើគុណប្រយោជន៍ទៅហើយ សូមកុំរំឭកគុណទាំងអស់នៅចំពោះមុខអ្នកដទៃឱ្យសោះ ដ្បិតបើមិនយ៉ាងដូច្នេះទេ គុណប៉ុនភ្នំ វានឹងត្រូវរលាយវិញអស់។ ក្នុងនាមជាមេដឹកនាំ គឺត្រូវបែងចែកឱ្យច្បាស់ និងកាត់ឱ្យដាច់ស្រេចរវាងអ្នកធ្វើគុណ ដែលប្រាថ្នាចិត្តចង់បានផលតបស្នងវិញ និងអ្នកធ្វើគុណដែលពុំរំពឹងផលតបស្នងសោះ។ អ្នកធ្វើគុណដែលចង់បានផលតបស្នង គឺជាចេតនាអាក្រក់មួយ ហើយអ្នកដែលធ្វើគុណដោយពុំចង់បានផលតបស្នង គឺជាទង្វើល្អបែបសប្បុរសមួយ។ ខ្ញុំសូមលើកឧទាហរណ៍អំពីរឿងរបស់ ឆាវ ឆាវ និង គួន អ៊ី នៅក្នុងខ្សែភាពយន្តភាគចិន សាមកុក ឬនគរបីដែលរឿងនេះមិនសូវខុសគ្នាប៉ុន្មានឡើយពីរឿងទេវកថា មហាភារតៈរបស់ឥណ្ឌាទេ។ តើគុណបំណាច់របស់ ឆាវ ឆាវ ចំពោះ គួន អ៊ី គឺជាគុណដែល ឆាវ ឆាវ ធ្វើគុណដោយសុទ្ធចិត្ត ឬក្នុងន័យមានចេតនាអាក្រក់ផ្សេងណាមួយ?

ជាគោលការណ៍សាកល មេដឹកនាំ គឺពុំត្រូវបានលើកទឹកចិត្តឱ្យទទួលរបស់អ្វីម្យ៉ាងពីបុគ្គលណាម្នាក់ទេ ដ្បិតវានឹងធ្វើឱ្យចិត្តយើងជាប់ជំពាក់ ចង់តែតបគុណបុគ្គលនោះវិញដោយខានមិនបាន។ តួយ៉ាងគឺដូចជា គួន អ៊ី ដែលប្តេជ្ញាចិត្តថានឹងសម្លាប់ឆាវឆាវ តែចុងក្រោយនៅតែចាញ់តណ្ហានៃចិត្តដែលប្រាថ្នាចង់សងគុណដល់មនុស្សដែលធ្លាប់ធ្វើគុណមកលើខ្លួន រហូតត្រូវបរាជ័យការងារធំ។ ប៉ុន្តែនៅក្នុងរឿងសាមកុក គឺតម្រូវឱ្យ គួន អ៊ី ពុំត្រូវសម្លាប់ឆាវ ឆាវ ដាច់ខាត ដ្បិតបើឆាវ ឆាវ ស្លាប់ គឺខុសយុទ្ធសាស្រ្តរបស់ទីប្រឹក្សា ជូ កឺលៀង។ ខ្ញុំពិតជាស្ងើចសរសើរនូវក្បួនចិត្តសាស្រ្តដ៏មហាអស្ចារ្យរបស់ ជូ កឺលៀង ដែលស្គាល់យ៉ាងស៊ីជម្រៅនៃធម្មជាតិរបស់សត្វមនុស្ស។ រឿងមួយទៀតដែល គួន អ៊ី ធ្វើបានត្រូវក្នុងក្បួនគុណធម៌ គឺ គួន អ៊ី មិនបានសងគុណ ឆាវ ឆាវ តែបែរជាសុខចិត្តរត់ចេញពី ឆាវ ឆាវ ដោយសារតែមនោសញ្ចេតនាបងប្អូនជាមួយលីវប៉ី។ មនោសញ្ចេតនានេះ វាគឺជាគុណធម៌មួយដែរ ដែលប្រៀបនឹងមេដឹកនាំ គឺគួរតែស្មោះស្ម័គ្រនឹងប្រជាជន ដើម្បីប្រជាជន ជាងស្មោះស្ម័គ្រនឹងអ្នកដែលធ្វើគុណមកលើខ្លួន ឬអ្នកធ្លាប់ធ្វើគុណដល់ខ្លួន។

បើនិយាយនៅក្នុងលក្ខខណ្ឌនៃការរស់នៅរបស់មនុស្សធម្មតាវិញ ខ្ញុំហ៊ាននិយាយថា ជំពាក់លុយ ត្រូវសងលុយ។ ជំពាក់ចិត្ត ត្រូវសងចិត្ត។ ជំពាក់គុណ ត្រូវសងគុណ។ បើខ្ញុំចាំមិនភ្លេច គឺកាលពី ១៣ឆ្នាំមុន ខ្ញុំធ្លាប់បានអាននូវពាក្យពេចន៍ខ្មែរថា ឱ្យរបស់ស្រណោះដៃឬមានន័យម្យ៉ាងទៀតថា ឱ្យមែន តែមានចិត្តចង់បានផលតបស្នងហុតទឹកសម្លឹងកាក។ នារីម្នាក់ដែលទទួលផ្កាមួយទង ឬទទួលរបស់អ្វីម្យ៉ាងញឹកញាប់ពេកពីបុរសណាម្នាក់ គឺនឹងត្រូវជាប់ចិត្តចង់តែសងគុណគេវិញនៅថ្ងៃណាមួយ។ និយាយម្យ៉ាងទៀត ពេលណាដែលយើងជំពាក់លុយគេ តើយើងនឹងគាំទ្រអ្នកដែលឱ្យលុយយើងខ្ចី ឬគំាទ្រអ្នកផ្សេង ពេលអ្នកផ្សេងមានជម្លោះជាមួយមនុស្សដែលឱ្យលុយយើងខ្ចី? ត្រឡប់មកវិញ គឺយើងត្រូវកំណត់ឱ្យច្បាស់រវាងមិត្តនិងសត្រូវ។ នៅក្នុងគោលការណ៍គម្ពីរ វគវទ្គីតា - Bhagavad Gita” របស់ព្រហ្មសាសនា សរសេរថា ទានទាំងឡាយណាដែលប្រាថ្នាលាភសក្ការៈ ឬផលចំណេញ [...] គឺជាទានដែលអ្នកដទៃធ្វើដោយតណ្ហាទេ [ចង់បានផលតបស្នង]។ រីចំណែកទានណាដែលធ្វើដោយចិត្តមិនបរិសុទ្ធ [...] ទាននោះក៏ចាត់ទុកថាជាទានដោយតណ្ហាដែរ។ នេះមានន័យថា ការតបគុណ ឬការស្គាល់គុណដល់អ្នកឱ្យទាន លុះត្រាណាតែទាននោះជាទានដែលបរិសុទ្ធ។

ខ្ញុំមានរឿងមួយទាក់ទងនឹងវេទសាស្រ្ត ឬវិជ្ជាត្រៃវេទ (Veda)។ មានពូម្នាក់ ទើបតែរៀនវិជ្ជាប្រើ/ហៅភ្លើង ឬសូត្រឱ្យភ្លើងឆេះ។ ពេលចេះដំបូង ចិត្តមិនជឿថាខ្លួនអាចធ្វើឱ្យមានភ្លើងឆេះទេ រហូតដល់សូត្រសាកល្បងដុតផ្ទះអ្នកភូមិខ្ញុំម្នាក់។ ចុងក្រោយ ផ្ទះអ្នកភូមិម្នាក់នោះ គឺគាត់ជាអ្នកសូត្រគាថាខ្មៅដុតឱ្យឆេះ ហើយអ្នកសូត្រពន្លត់ ក៏ជាគាត់ដូចគ្នាដែរ។ រីចំណែកអ្នកភូមិគ្រប់គ្នាចេះតែសរសើរពីសេចក្តីល្អ និងចិត្តសប្បុរសរបស់ពូម្នាក់ហ្នឹងជានិច្ច។ នេះបើនិយាយក្នុងភាសាយុទ្ធសាស្រ្តវិញ ហៅថា កាត់ក្បាលអញហើយ ចេះបោកប្រាស់ឱ្យក្បាលអញដែលដាច់ចេញពីក អរគុណវាទៀត។ ក្នុងនាមជាមេដឹកនាំ ត្រូវគិតឱ្យយល់ ពាល់ឱ្យត្រូវរវាងប្រយោជន៍រួម និងការជាប់គុណសត្រូវ។ ក្នុងគោលការណ៍ដឹកនាំ ជាពិសេសក្នុងផ្លូវយុទ្ធសាស្រ្ត គឺគ្មានគោលការណ៍ណាដែលលើកទឹកចិត្តឱ្យយើងត្រូវតែតបគុណសត្រូវរបស់ខ្លួនឡើយ។ បើជារាជា តិចលោច្រឡំថ្វាយនគរ/កាត់ដីឱ្យសត្រូវដើម្បីតបគុណ! មានតែមេដឹកនាំឆោតប៉ុណ្ណោះ ដែលហ៊ានហាមាត់អរគុណដល់សត្រូវដែលធ្វើគុណមកលើខ្លួន។ បើមេដឹកនាំណាមួយមានលក្ខណៈបែបនេះមែន គឺមានន័យថា ខ្លួនបានក្បត់ប្រជាជនខ្លួនហើយ

ខ្ញុំសូមបញ្ជាក់នូវអ្វីដែលខ្ញុំបានលើកឡើងនេះ វាគឺជាគោលការណ៍ប្រើសម្រាប់តែក្នុងលក្ខខណ្ឌមេដឹកនាំ ដែលត្រូវទទួលខុសត្រូវវាសនាជាតិប៉ុណ្ណោះ។ គោលការណ៍នេះ បើប្រើក្នុងនាមជារាស្រ្ត គឺពុំបានដាច់ខាត។ មនុស្សល្អ បើអ្នកដទៃធ្វើគុណហើយ គឺត្រូវមានគុណធម៌តបគុណវិញ ដោយយ៉ាងហោចណាស់ចេះអរគុណអ្នកធ្វើគុណលើខ្លួនមួយម៉ាត់ដែរ។ ប៉ុន្តែបើមានលក្ខណៈរមិលគុណ គឺខុសហើយ។ ខ្ញុំសូមបន្ថែមជូនថាក្នុងគោលការណ៍សាសនា គឺមានរបៀប ផ្តាច់គុណ ឬផ្តាច់កម្ម ឬផ្តាច់អំពើដោយពុំចាំបាច់សងគុណ ឬធ្វើឱ្យចិត្តលែងជំពាក់គុណរបស់បុគ្គលណាម្នាក់។ រឿងនេះវែងឆ្ងាយ ហើយតាមរយៈសំណេរនេះ ក៏ខ្ញុំពិបាកនឹងបរិយាយឱ្យអស់ន័យដែរ។ អ្វីដែលខ្ញុំចង់ផ្តោតសំខាន់បំផុតក្នុងនាមជាមេដឹកនាំ គឺអាចអរគុណដល់សត្រូវ ដែលធ្លាប់ធ្វើល្អដាក់ខ្លួនបាន តែមិនត្រូវសងគុណសត្រូវទេ ដ្បិតស្លាប់ទាំងអស់គ្នា។ រីម្យ៉ាងទៀត ក៏ត្រូវមើល ចេតនារបស់សត្រូវដែរ។ អ្នកដែលចង់ដឹងបន្ថែមពីរឿងនេះ អាចទៅអានគម្ពីរ វគវទ្គីតាច្បាប់ដើមជាខេមរភាសា។ គម្ពីរនេះបង្រៀនជ្រាលជ្រៅណាស់ ជាពិសេសគោលការណ៍ដឹកនាំរបស់ក្សត្រ។ មនុស្សមានចំណេះសាមញ្ញ ក៏អាចពិបាកយល់ដែរ។ អត្ថបទនេះសម្រាប់តែការពិចារណា សិក្សារៀនសូត្រប៉ុណ្ណោះ៕

No comments:

Post a Comment