Sunday, August 25, 2019

កលិយុគសង្គម



អ្នកនយោបាយឈ្លោះជាមួយអ្នកនយោបាយគ្នាឯង។ អ្នកនយោបាយឈ្លោះជាមួយអ្នកសាសនា។ អ្នកសាសនាឈ្លោះជាមួយអ្នកសាសនាគ្នាឯង។ សង្គមមួយត្រូវហែកជាពីរ។

កូនចៅអ្នកនយោបាយឈ្លោះជាមួយកូនចៅអ្នកនយោបាយ។ កូនចៅអ្នកសាសនាឈ្លោះជាមួយកូនចៅអ្នកសាសនា។ បណ្ឌិតឈ្លោះជាមួយបណ្ឌិតគ្នាឯង។ កូនសិស្សបណ្ឌិតឈ្លោះជាមួយកូនសិស្សបណ្ឌិត។ រឿងទាំងនេះ វាជាការបែកបាក់សង្គមដ៏ធំមួយដែលពិបាកសម្រុះសម្រួល។ បើក្នុងភាសាភាពជាអ្នកដឹកនាំហៅថា បាត់ទំនុកចិត្តចំពោះគ្នា ឬ Lose TRUST”

មូលហេតុនៃការបាត់ទំនុកចិត្ត ពីព្រោះតែមនុស្សទាំងអស់រស់នៅឃ្លាតចាកឆ្ងាយពី សច្ចធម៌ ខ្លាំងពេក។ ជាយុទ្ធសាស្រ្ត មិនថាក្នុងក្រុមការងារ ឬក្រុមសង្គម ឬសាមគ្គីជាតិទេ សុខចិត្តស្លាប់ទាំងខុសទាំងអស់គ្នា ក៏ពុំត្រូវបែកបាក់សាមគ្គីគ្នាដែរ។ នេះមានន័យថា បើខុស ខុសទាំងអស់គ្នា តែបើត្រូវ ត្រូវទាំងអស់គ្នា តែសំខាន់កុំតែបែកបាក់គ្នា។ និយាយដោយខ្លី បើខុស ងាប់ទាំងអស់គ្នា តែបើត្រូវ រស់ទាំងអស់គ្នា។

ផ្ទុយទៅវិញ ឱ្យតែមានខុសមានត្រូវស្ថិតនៅលាយឡំគ្នាហើយ គឺមុខមិនទៅ ក្រោយមិនទៅ រវល់តែឈ្លោះគ្នា គ្មានបានផលអ្វីដល់សង្គមឡើយ។ លក្ខណៈបែបនេះ គ្មានបុគ្គលណា ឬសត្រូវឆ្វេងស្តាំណាធ្វើឱ្យយើងចាញ់ឡើយ តែយើងចាញ់ខ្លួនឯង និងបាក់បែកជាមួយនឹងខ្លួនឯង។ ខ្ញុំខ្មាសសម្តីមួយប្រយោគរបស់កវីអាម៉េរិក រ៉ាហ្វ វ៉ាល់ដូ អេម័រសាន់ (Ralph Waldo Emerson) ដែលថា មូលហេតុដែលពិភពលោកខ្វះសាមគ្គីភាព [...] គឺដោយសារមកពីមនុស្សយើងបានបែកបាក់ជាមួយនឹងខ្លួនយើង។ សូម្បីតែក្រុមអ្នកសាសនាបានបែកបាក់ជាមួយខ្លួនឯងទៅហើយ ចុះទម្រាំមនុស្សសាមញ្ញធម្មតា?

ខ្ញុំនៅតែនិយាយពាក្យដដែលថា សុខចិត្តធ្វើខុសទាំងអស់គ្នា ស្លាប់ទាំងអស់គ្នា តែកុំបែកគ្នា។ សំខាន់ឱ្យតែសាមគ្គីគ្នាជាប់។ ក្នុងធម្មជាតិ និងជាសច្ចភាពសកល មិនមែនធាតុល្អខ្លាំង ឬក៏ពុំមែនធាតុអាក្រក់ជាធាតុខ្លាំងឡើយ ដ្បិតធាតុល្អនិងអាក្រក់ វាត្រូវការពឹងគ្នាទៅវិញទៅមកសិន។ បើធាតុល្អ ច្រើនជាងធាតុអាក្រក់ នោះវានឹងនាំឱ្យធាតុល្អឈ្នះ តែបើធាតុអាក្រក់ខ្លាំងជាងធាតុល្អ នោះវានាំឱ្យធាតុអាក្រក់ឈ្នះ។ ស្តាយទឹកដី ស្តាយសង្គម ស្តាយធនធានមនុស្សដែលមានសមត្ថភាព តែបែរជាយកសមត្ថភាពទាំងអស់ទៅឈ្លោះគ្នាឯងទៅវិញ។ មើលក្នុងខ្លួនឯង មើលសង្គមដែលខ្លួនរស់ តើវាមានលក្ខណៈយ៉ាងណាដែរ?

គម្ពីរក្បួនសាសនាឥណ្ឌាបានកំណត់យុគ ៤ធំៗ៖ ១. ក្រឹត្យយុគ (មនុស្សរស់នៅប្រកបដោយភាពស្អាតស្អំក្នុងខ្លួន និងប្រតិបត្តិសាសនាបានយ៉ាងល្អខ្ជាប់ខ្ជួន), ២. ត្រេតយុគ (កំណើតបិសាច ហើយភាពស្អាតស្អំសល់ត្រឹមតែ ៧៥ភាគរយ) ៣. ទ្វាបរយុគ (មនុស្សវង្វេងលែងស្គាល់ធម៌អាថ៌ ខ្លួនពោរពេញទៅដោយលោភៈ ទោសៈ មោហៈ), និង ៤. កលិយុគ (ភាពស្អាតស្អំរបស់មនុស្សសល់តិចបំផុត, លែងជឿសេចក្តីល្អ, លែងទុកចិត្តគ្នា...)

Cr. ប្រតិទិនទស្សនៈ២២២ថ្ងៃ

No comments:

Post a Comment