អតីតកាលមានច្រើនរសជាតិណាស់ ។ រសជាតិខ្លះអាចធ្វើឱ្យយើងញញឹម
ហើយរសជាតិខ្លះទៀត ធ្វើឱ្យយើងរលីងរលោងទឹកភ្នែក ។ ដ្បិតគ្មានការជួបជុំណាដែលមិនបែកនោះទេ
តែពេលខ្លះមនុស្សខ្លះបានបែកចេញពីយើងព្រោះតែកំហុសរបស់យើង។ ពេលខ្លះក៏នឹកស្ដាយក្រោយ
ហើយចង់ត្រឡប់ពេលវេលាថយក្រោយ ត្រឡប់ទៅរកពេលវេលាល្អកាលពីមុនម្ដងទៀត តែការពិតគឺមិនអាចទេ
ឆាកជីវិតមានរឿងខ្លះគឺគ្មានឱកាសជួសជុលឡើងវិញទេ ។
មានពេលខ្លះ ដោយសាររឿងបន្ដិចបន្តួច
យើងក៏បង្កើតបញ្ហាឡើងមក ។
ពេលខ្លះដោយសាររឿងតូចតាចដែលយើងធ្លាប់ធ្វើចំពោះគ្នាទៅវិញទៅមកជាប្រចាំ
វាក៏បង្កើតបានសម្ពន្ធភាពដ៏ល្អមួយឡើងមក ។ ហើយពេលខ្លះទៀត ដោយសាររឿងបន្ដិចបន្តួច យើងក៏ទៅវាយបំបែកមិត្តភាពនោះទាំងពុំបានពិចារណាត្រឹមត្រូវ
។ ដោយសារចិត្ដចង់ឈ្នះលើរឿងតូចតាចមួយពេល
យើងក៏បង្កើតបានវិប្បដិសារីមួយដែលមិនអាចជួសជុលបាន ។ ក្នុងលោកនេះមនុស្សល្អមានមិនច្រើនទេ
ហើយមនុស្សល្អដែលចូលមកក្នុងជីវិតយើង ក៏មិនច្រើនដែរ ប៉ុន្ដែមនុស្សដែលសម្លឹងប្រយោជន៍ពីយើង
ប្រហែលមានមិនតិចទេ ។
ទម្រាំតែមិត្តភាពល្អមួយអាចបង្កើតឡើងបាន
យើងបានចំណាយពេលជាមួយគ្នាយូរណាស់ យើងបានឆ្លងកាត់រឿងជាច្រើនជាមួយគ្នា
ហើយដោយសារយើងយល់ចិត្តថ្លើមគ្នា យើងក៏បានទុកគ្នាជាបងប្អូន
ប៉ុន្ដែរឿងរ៉ាវជីវិតវាតែងតែប្រែប្រួល ហើយរឿងខ្លះគឺវាពុំបានប្រាប់យើងមុនទេ ។
ពេលវេលារុញយើងមកចួបមិត្តល្អ ទង្វើយើងរុញយើងឆ្ងាយពីគេ អនុស្សាវរីយទាំងប៉ុន្មានក៏កប់ទុកចោលក្នុងជម្រៅអតីតកាល
យូរៗក៏រសាត់ទៅកាន់តែឆ្ងាយ ។ ឆ្ងាយទាំងមិត្តភាព ឆ្ងាយទាំងក្ដីស្រឡាញ់រាប់អានដែលធ្លាប់មាន
។ អនុស្សាវរីយខំសាងយ៉ាងលំបាក ក៏ត្រូវបំផ្លាញអស់ ។ ពេលខ្លះយើងបានមើលស្រាលចំពោះរឿងតូចតាច
ដោយសារតែយើងយល់ថាវាតូចតាច ។ យើងភ្លេចឱ្យតម្លៃមិត្តភក្ដិដោយសារតែ
ចង់ឈ្នះលើរឿងបន្ដិចបន្ទួច ។ ចុងក្រោយយើងក៏បាត់បង់ពួកគេ
ដោយបន្សល់នូវការចងចាំដ៏ឈឺចាប់មួយ ។
រឿងរ៉ាវជីវិតប្រែប្រួលមិនទៀងទាត់
រឿងខ្លះយើងមិនចង់ចួបទេ តែពេលខ្លះវាក៏បានកើតឡើងដោយមិនបានព្រាងទុក ។
ឆាកជីវិតមានរឿងដែលយើងស្ដាយក្រោយច្រើនណាស់ ដ្បិតវាជាអតីតទៅហើយ
ទោះគាស់មកវិញក៏បានត្រឹមតែឈឺចាប់ ។ យើងគ្រាន់តែទុកវាជាមេរៀនទៅបានហើយ ។
ឱកាសមានមិនអស់ទេ យើងក៏នឹងអាចសាងមិត្តភាពថ្មីៗជាមួយមនុស្សថ្មីទៀតបានដែរ ។
គ្រាន់តែធ្វើបែបណាទើបមិនជាន់ដានចាស់នោះ គឺឋិតលើទង្វើរបស់យើងទាំងស្រុងហើយ ។
រឿស្ដាយក្រោយវាពិតជាពិបាកបំភ្លេចណាស់ ម្លោះហើយឆាកជីវិតដ៏ស្រស់ស្អាតនៅថ្ងៃក្រោយ
គួរតែព្យាយាមកាត់បន្ថយកំហុសតាមដែលអាចធ្វើបាន ព្រោះថាបើយើងសាងកំហុសច្រើនពេក
ជីវិតយើងនឹងលែងស្អាតទៀតហើយ ៕
_______________________
Cr. Sun Veasna
No comments:
Post a Comment