Thursday, October 24, 2019

ចង់បានអ្វី?



អ្វីៗដែលយើងចង់បាន គឺសុទ្ធតែអាចទៅរួច តែសំខាន់តើយើងស្គាល់ខ្លួនឯងច្បាស់ដល់កម្រិតណា។ បើយើងមានចិត្តចង់បានអ្វីម្យ៉ាង គឺជោគជ័យវានឹងកើតឡើង ៥០% មុនពេលធ្វើសកម្មភាព ដ្បិតសំខាន់ឱ្យតែយើងស្គាល់ខ្លួនឯងច្បាស់ដល់ថ្នាក់ស៊ីជម្រៅ។ រីចំណែកឯ ៥០%ទៀត គឺត្រូវបន្តសកម្មភាពប្រឹងប្រែងឱ្យត្រឹមត្រូវ ឱ្យត្រូវពេល និងឥតដាច់សង្វាក់ដូចទឹកហូរ។ ដំណើរមួយរយជំហាន វាតែងតែចាប់ផ្តើមពីមួយជំហានដំបូង។ ការស្គាល់ខ្លួនឯង គឺជាចំណាប់ផ្តើមនៃការបាននូវអ្វីដែលខ្លួនចង់បាន។ តើយើងចង់បានអ្វីក្នុងជីវិត? មនុស្សធម្មតាស្គាល់ខ្លួនឯងត្រឹមតែថ្នាក់បញ្ញាឈ្លាសវៃ ដូចជាមានខួរក្បាលឆ្លាត មានរូបរាងកាយមាំមួន និងមានអ្វីៗលើសពីអ្នកដទៃ ឬខ្សោយជាងអ្នកដទៃ។ ការស្គាល់ខ្លួនឯងត្រឹមតែថ្នាក់បញ្ញាឈ្លាសវៃនេះ គឺមិនចាត់ទុកថាជាការស្គាល់ខ្លួនឯងច្បាស់ទេ។ លក្ខណៈនៃបុគ្គលដែលស្គាល់ខ្លួនឯងច្បាស់ក្នុងថ្នាក់ស៊ីជម្រៅ គឺពុំជាប់ពាក់ព័ន្ធនឹងការស្គាល់ខ្លួនឯងត្រឹមសម្បកកាយខាងក្រៅ ដែលមានធម្មធាតុទឹកដីភ្លើងខ្យល់ឡើយ។ តើការស្គាល់ខ្លួនឯងនៅក្នុងលក្ខណៈជ្រៅបែបណាវិញ?

ខ្ញុំនិយាយរឿងអរូបីយមួយ ដែលហួសពីចំណេះដឹងថ្នាក់ខួរក្បាលឈ្លាសវៃអាចវិភាគវែកញែកបាន។ ចំពោះរឿងនៃការពិសោធផ្ទាល់នេះ និងការជួបប្រទះផ្ទាល់នេះ ខ្ញុំសូមជូននូវឃ្លាមួយថា អំបិលដែលនៅក្នុងមាត់របស់ខ្ញុំ វាពុំអាចធ្វើឱ្យអណ្តាតរបស់អ្នកដទៃប៉ះរសជាតិប្រៃបានឡើយ។ ចិត្តថ្លាប៉ុនណា ចិត្តស្អាតស្អំប៉ុនណា គឺនឹងជួបរឿងដែលបញ្ញាថ្នាក់ខួរក្បាលឈ្លាសវៃ ពុំអាចយល់បានប៉ុនណោះ។ រឿងនេះ វាគឺជារឿងសាកល ដែលមិនជាប់ពាក់ព័ន្ធនឹងរឿងសាសនាណាមួយឡើយ។ រីឯខ្ញុំក៏​ពុំមែនជាបុគ្គលងុបងុលនឹងរឿងបែបនេះដែរ តែអ្វីដែលខ្ញុំនឹងជូនជាគំនិត គឺសម្រាប់គ្រាន់តែពិចារណាដឹង​ដោយ​ការពិតប៉ុណ្ណោះ។ អ្នកបារមីម្នាក់មានជំងឺពេញរាងកាយ ដែលរាងកាយនេះ វាតែងតែឈឺចុកចាប់ទៅតាមលក្ខណៈនៃច្បាប់ធម្មជាតិ។ ប៉ុន្តែនាថ្ងៃមួយ វិញ្ញាណ/អមនុស្សខ្លាំងបានចូលសណ្ឋិតក្នុងខ្លួនបុគ្គលនោះ។ បន្តិចក្រោយមក រូបរាងកាយដែលមានជំងឺនោះក៏មានកម្លាំងខ្លាំងជាងធម្មតា ដោយនឹកស្មានមិនដល់។ តើកម្លាំងទាំងនេះមកពីទីណា? លុះតដល់អមនុស្សចេញពីតួសម្បកកាយ អ្នកបារមីក៏ឈឺចាប់ចុកចាប់រាងកាយដូចមនុស្សធម្មតាវិញ។ កម្លាំងនៃចិត្តខាងក្នុងខ្លាំងនេះ វាអាចព្យាបាលជំងឺរាងកាយខាងក្រៅបាន។ ចិត្តខ្លាំង គឺជាឱសថព្យាបាលកាយខាងក្រៅ។ តើរឿងនេះមានលក្ខណៈពិសេសត្រង់ណា?

រូបរាងកាយដែលជាសម្បកអាចឈឺបាន តែបើព្រលឹងខាងក្នុងមិនឈឺទេ គឺស្មើនឹងគ្មានជំងឺ។ ផ្ទុយទៅវិញ បើព្រលឹងមានជំងឺ តែរូបរាងកាយគ្មានជំងឺទេ គឺស្មើនឹងមានជំងឺ។ នេះហើយដែលខ្ញុំតែងតែហៅថា មនុស្សមានជំងឺព្រលឹង។ ជំងឺព្រលឹងនេះ វាកើតមានចំពោះបុគ្គលណាដែលមិនស្គាល់ខ្លួនច្បាស់ និងជាពិសេសអ្នកដែលវង្វេងខ្លួនឯងតែម្តង។ មនុស្សដែលស្គាល់ខ្លួនឯងច្បាស់ គឺមិនដែលខ្សោយ តែមនុស្សណាដែលខ្សោយ គឺដោយសារតែមិនស្គាល់ខ្លួនឯង​ច្បាស់​នេះហើយ។ មនុស្សទាបមនុស្សខ្ពស់ មនុស្សសមនុស្សខ្មៅ មនុស្សខ្លាំងមនុស្សខ្សោយ ឬអ្វីៗដែលជាសម្បកកាយមិនសំខាន់ទេ តែអ្វីដែលសំខាន់បំផុតឥតប្រែ គឺលក្ខណៈខាងក្នុង ខ្លឹមខាងក្នុង ដួងព្រលឹងខាងក្នុង អំណាចខាងក្នុង និងសភាពខ្លាំងខាងក្នុងចិត្ត។ តើយើងកំណត់លក្ខណៈមនុស្សខ្លាំងត្រង់កន្លែងណា?

មនុស្សខ្លាំង គឺជាបុគ្គលដែលទៅមុខជានិច្ច មិនថាស្ថិតក្នុងកាលៈទេសៈស្រួលលំបាកយ៉ាងណាទេ។ មនុស្សដែលអាចទៅមុខជានិច្ចបាន គឺដោយសារតែស្គាល់ខ្លួនឯងច្បាស់។ មនុស្សខ្លាំង ពេលណាដើរកាត់ភ្លៀងមិនផ្តាសាយ ឬបើផ្តាសាយក៏នៅតែបន្តដើរទៅមុខ។ មនុស្សខ្លាំង បើទោះបីជាត្រូវអ្នកដទៃចាក់ពីរបីកាំបិត ក៏មិនមានចិត្តឈឺចាប់។ បើទោះបីជាឈាមហូរសស្រាក់ ឬបើឈឺចាប់ ក៏នៅតែបន្តដំណើរដើរទៅមុខជានិច្ចដែរ។ មនុស្សខ្លាំង បើទោះបីជាអ្នកដទៃមើលងាយ មើលថោក វាយបំបាក់ស្មារតី បំភ័យឱ្យតក់ស្លុត សម្លុតឱ្យភ័យខ្លាច ក៏មនុស្សខ្លាំងនេះ នៅតែបន្តដើរទៅមុខឥតឈប់ដែរ។ មនុស្សខ្លាំង បើទោះបីជាមេឃរលំភ្នំរលាយនៅចំពោះមុខ ក៏មិនតក់ស្លុត មិនព្រឺព្រួច មិនលួចមានចិត្តបោះបង់ តែនៅតែបន្តដំណើរទៅមុខជានិច្ច។ ទៅមុខជានិច្ច គង់នឹងដល់គោលដៅ។ រីចំពោះមនុស្សខ្សោយវិញ ពេលដួលបន្លំដេក ធ្វើការតិចតួចស្រែកថាហត់។ មនុស្សខ្សោយ គឺជាមនុស្សដែលវង្វេង មិនស្គាល់ខ្លួនឯង និងមិនដឹងថាខ្លួនឯង​ខ្លាំង។ តើយើងចង់បានអ្វី? អ្វីដែលយើងគួរចង់បាន​មុន​គេ​ គឺគួរហ្វឹកហាត់ឱ្យខ្លួនឯងខ្លាំង រៀនតស៊ូលត់ដំខ្លួន ចេះអត់ធ្មត់នឹងការលំបាក មិនកំសាកនឹងរឿងគ្រោះថ្នាក់។ល។ បើយើងមានលក្ខណៈបែបនេះហើយ សួរថា តើអ្វីខ្លះដែលយើងមិនអាចយកបាន?” តើចង់បានអ្វី?

អ្នកខ្លះសួរខ្ញុំថា ហេតុអ្វីខ្ញុំមានតែប៉ុណ្ណឹង? ចុះហេតុអ្វីមិនយកឱ្យលើសពីនេះ?” ខ្ញុំតបថា ខ្ញុំជាអ្នករៀនសូត្រខាងទស្សនវិជ្ជាសាសនា។ ខ្ញុំយល់ដឹងពីរឿងសាសនានេះមុន ខ្ញុំពិសោធបានមុន ចិត្តខ្ញុំរួចរដោះបានមុន ពាល់ពីរឿងជីវិតនេះបានមុន។ ដូច្នេះ ខ្ញុំស្គាល់ខ្លួនឯងបានមុនមនុស្សធម្មតា។ អ្វីដែលខ្ញុំមានថ្ងៃនេះ គឺដោយសារតែ ចិត្តចង់របស់ខ្ញុំកាលពី ១០ឆ្នាំមុន, ‘ចិត្តចង់របស់ខ្ញុំកាលពី ៥ឆ្នាំមុន, ‘ចិត្តចង់របស់ខ្ញុំកាលពី ៣ឆ្នាំមុន, ‘ចិត្តចង់របស់ខ្ញុំកាលពី ១ឆ្នាំមុន, ‘ចិត្តចង់របស់ខ្ញុំកាលពី ៣ខែមុន....។ ចុះអ្វីដែលខ្ញុំមិនមានក្នុងថ្ងៃនេះ វាកើតចេញពីណា? “[...] អ្វីដែលខ្ញុំមិនមានក្នុងថ្ងៃនេះ ឬមិនមានក្នុងថ្ងៃអនាគត វាកើតចេញពី ចិត្តដែលមិនចង់ដ្បិតខ្ញុំជឿថាអ្វីក៏ដោយ ឱ្យតែខ្ញុំចង់ គឺខ្ញុំនឹងប្រឹងយក ប្រឹងដើរទៅយក និងរកវិធីយកឱ្យទាល់តែបាន។ អ្នកខ្លះរវល់តែគិតចង់បាន តែមិនប្រឹងធ្វើសកម្មភាពយកឱ្យបាន​ទេ។ ដល់អ្នកខ្លះទៀត ចង់បានខ្លាំង លុះតែ​មិនបាន ក៏ខូចចិត្ត ឈឺចាប់ បាក់ស្មារតីខ្លាំង រហូតដល់អារម្មណ៍ច្របូកច្របល់ វង្វេងលែងដឹងសតិ។ លក្ខណៈមនុស្សស្គាល់ខ្លួនឯង បើចង់បាន គឺត្រូវប្រឹង តែបើប្រឹងហើយមិនបានទេ ក៏គ្មានចិត្តតក់ស្លុត ឈឺចាប់ វង្វេងវង្វាន់ ខូចចិត្តច្របល់គំនិតដែរ។ នេះហើយដែលហៅថា ចង់បាន តែមិនលោភលន់

អ្នកនយោបាយណាដែលចង់បានអំណាច ក៏ប្រឹងទៅ។ អ្នកសាសនាណាដែលចង់បានចិត្តស្ងប់ ក៏ប្រឹងពិសោធទៅ។ អ្នករកស៊ីណាដែលចង់បានលុយ ក៏ប្រឹងរកទៅ។ អ្នកសិក្សាណាដែលចង់ចេះចង់ដឹង ក៏ប្រឹងរៀនទៅ។ ចុងក្រោយ អ្វីក៏អាចទៅរួចដែរ តែសំខាន់យើងស្គាល់ខ្លួនឯងច្បាស់ហើយ ឬនៅ? ចេះប្រឹងហើយ ឬនៅ? ចេះទៅមុខជានិច្ចហើយ ឬនៅ? ក្លាយខ្លួនទៅជាមនុស្សខ្លាំងខាងក្នុងហើយ ឬនៅ? វិបត្តិនៃអ្នកមិនស្គាល់ខ្លួនឯងគឺ៖ អ្នករកស៊ីដែលមិនស្គាល់ខ្លួនឯង ពេលប្រឹងរហូតដល់បានលុយច្រើន គង់អាចនឹងឆ្កួតវង្វេងដោយសារតែលុយ។ អ្នកនយោបាយដែលមិនស្គាល់ខ្លួនឯង ពេលប្រឹងរហូតដល់មានអំណាចពេញដៃហើយ គង់នឹងអាចក្លាយទៅជាអាក្រក់ឃោរឃៅ។ អ្នកសិក្សាដែលមិនស្គាល់ខ្លួនឯង ពេលប្រឹងរហូតដល់មានចំណេះដឹងខ្ពស់ហើយ គង់នឹងអាចមានអំនួត។ អ្នកសាសនាដែលមិនស្គាល់ខ្លួនឯង គង់អាចនឹងវង្វេងបែកកម្មដ្ឋាន។ នេះជាអ្វីដែលយើងត្រូវប្រុងប្រយ័ត្ន ដោយកុំយកនូវអ្វីដែលខ្លួនគ្មានសមត្ថភាពគ្រប់គ្រងចាត់ចែង។ ត្រង់ចំណុចរឿងអរូបីយអ្នកបារមី គឺអ្នកចេះដឹងកម្រិតបញ្ញាឈ្លាសវៃ និងអ្នកសាសនាខ្លះ ឬអ្នកដែលមិនធ្លាប់ពិសោធ ទទួលយកពុំបានទេ តែខ្ញុំសុំត្រឹមឱ្យពិចារណាប៉ុណ្ណោះ។ គោលគំនិតនៃអត្ថបទនេះគឺ មនុស្សយើងសុទ្ធតែខ្លាំងដូចគ្នា តែអ្នកដែលវង្វេងខ្លួនឯង គឺជាមនុស្សខ្សោយ និងត្រូវអ្នកដទៃបោកប្រាស់ រហូតក្លាយទៅជាទាសករ

No comments:

Post a Comment