Wednesday, October 2, 2019

ចិត្តស្រួច សម្រួចជាតិ !



សុភាសិតខ្មែរទូន្មានថា មាសសុទ្ធ ពុំខ្លាចភ្លើង។ អំណាចពិតប្រាកដរបស់មនុស្សក្នុងទឹកចុងក្រោយ គឺត្រូវរស់ដោយសេចក្ដីពិត។ តើសេចក្ដីពិតជាអ្វី? កាលពីខ្ញុំទើបចេះកាន់សៀវភៅអានដំបូង ខ្ញុំតែងតែប្រើពាក្យថា សច្ចភាព ជម្រៅនៃសច្ចៈ។ អ្នកខ្លះ យល់ថាខ្ញុំចេះ។ អ្នកខ្លះទៀតយល់ថាខ្ញុំមានចំណេះដឹងលើសលប់។ ប៉ុន្តែផ្ទុយស្រឡះ ខ្ញុំប្រើពាក្យនេះច្រឡំសោះ។ តើច្រំឡំយ៉ាងម៉េច? ក្នុងភាពជាមនុស្ស ពេលខ្លះគឺពុំងាយនឹងអាចយល់ថា សច្ចភាពនៅត្រឹមណាទេ? ខ្ញុំចាំបានថា សៀវភៅមួយក្បាលនិយាយអំពីអំណាចសកល ដែលក្ដោបន័យមួយថា អ្នកណាដែលយល់អំពីធម្មជាតិពិត អ្នកនោះនឹងអាចគេចផុតពីវិស័យជាមនុស្ស។ គេចចេញពីវិស័យមនុស្ស ចង់បានន័យថា លែងជាមនុស្សដែលមានអារម្មណ៍ មានមនោសញ្ចេតនា ឬលែងមានទុក្ខ។ ភាសាសាមញ្ញ ហៅថា ស្ងប់ ត្រាស់

ចិត្ត ប្រៀបបានដូចជារលក។ ហើយរលក គឺជាទឹក។ កាលណាមនុស្សជឿថា គ្រប់យ៉ាងអាចក្លាយជាអ្វី វិនាទីនោះនឹងមានសភាពប្រែប្រួលស្របតាមជំនឿ (ដូចជាទឹក)។ ភាសារបស់ អ្នកប្រាជ្ញចិន ឡៅ ជឺ (Lao Tzu) ទូន្មានថា មនុស្សត្រូវរៀនសូត្រ ពីសារធាតុរបស់ទឹក។ នេះអាចជាបុព្វហេតុ និងអាចជាចុងហេតុ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងវិស័យជាមនុស្សក្នុងផែនដីនេះ។ ពេលចិត្តចង់បានអ្វីមួយ នឹងមានអំណាចមួយបង្កើតវាឡើងមកភ្លាម។

ចិត្តជាអ្នកសង្គម តើត្រូវមានជំហរបែបណា? ជឿលើសច្ចភាព ឬជឿលើហេតុការណ៍ដែលត្រូវបត់បែន? ក្នុងស្ថានភាពសង្គម ចិត្តជាអ្នកសង្គម ត្រូវរស់ក្នុងស្ថានភាពមួយខុសពីមនុស្សធម្មតា។ ខុសពីមនុស្សសាមញ្ញយ៉ាងម៉េច? ត្រូវរស់ក្នុងសភាពជាខ្លួនឯងក៏បាន ឬត្រូវរស់ក្នុងសភាពជាទឹកក៏បាន ប៉ុន្តែត្រូវតែរក្សាភាពជាអ្នកជាឲ្យខ្ជាប់ខ្ជួនជានិច្ច។ និយាយក្នុងលក្ខណៈសាមញ្ញវិញ ជាយុវជន សម្ដីមួយម៉ាត់ សពីពូជ, ដើរមួយជំហាន សពីចរិត។ ខ្មែរយើងតែងថា សម្ដីសជាតិ មារយាទសពូជ។ បុគ្គលដែលអាចយល់ច្បាស់អំពីស្ថានភាពជាក់ស្ដែងនៃដំណើរជីវិត បុគ្គលនោះត្រូវបានក្លាយខ្លួនជាមនុស្សដែលយល់អំពីអនាគតកាលនៃជីវិតដូចគ្នា ដ្បិតពេលខ្លះការរៀបចំខ្លួនថ្មើរនេះ វាស្មើនឹងរៀបផ្លូវដើរ សម្រាប់ថ្ងៃស្អែក។ លក្ខខណ្ឌខ្លះសភាពជាយុវជន ត្រូវគេចឲ្យផុត ពីភាពជាយុវជន។

ងារជាយុវជន ដ្បិតតែជាពន្លកជាតិពិតមែន ប៉ុន្តែវាក៏អាចក្លាយជារបាំងជាតិ។ ពេលខ្លះត្រូវរៀនសម្អាតខ្លួនឯងឲ្យស្អាតសិន។ គួរចងចាំថា ខុសប្លែកពីចំណេះ គឺចរិតលក្ខណៈ។ ខុសប្លែកពីចរិតលក្ខណៈ គឺមនសិការ។ ខុសប្លែកពីមនសិការ គឺអ្វី? រម្លឹកអត្ថបទមួយដែលខ្ញុំបានអានក្នុងអត្ថបទទស្សនាវដ្ដី កម្ពុជាសូរិយា។ មួយឃ្លានោះសង្កត់ន័យថា សត្រូវដែលធំបំផុតរបស់មនសិការ គឺប្រាក់។ ប្រធានបទ ប្រាក់ត្រូវបានក្លាយជាប្រធានបទក្ដៅគគុក ដ្បិតសហគ្រិនខ្លះសម្រេចកើបប្រាក់មុនសិន សឹមស៊ីសងសង្គមជាក្រោយ។ ខ្មែរខ្លះនិយាយថា ប្រឹងរកលុយសឹមគិតជាតិ។ ឆន្ទៈនៃការជួយជាតិពិតប្រាកដ ពុំត្រូវបានវាស់ថាអ្នកនោះ មានលុយច្រើន ឬអ្នកនោះមានលុយតិចទេ (ឃ្លា០)។ ពេលខ្លះ លុយខុសពីមនសិការ, មនសិការពិតប្រាកដ ខុសពីមនសិការក្លែងក្លាយ។

ក្នុងការសាងសង់ជាតិ តើនរណាគឺជាទ័ពស្រួច? ខ្មែរមួយភាគធំប្រាកដជាស្គាល់ប្រទេសសិង្ហបុរី។ កាលណាស្គាល់ប្រទេសមួយនេះ នឹកដល់ លោក លី ក្វាន់យូ (Kuan Yew Lee)។ អត្ថន័យនៃការសាងសង់ជាតិរបស់ លី ក្វាន់យូរ ផ្ដោតលើគោលការណ៍ ទី១ ប្រទេសខ្លាំងពិតប្រាកដ មិនមែនជាប្រទេសធំទេ។ ទី២ ប្រជាជន ត្រូវមានឆន្ទជាតិ និងត្រូវរស់វិន័យ។ ទី៣ គុណភាពរបស់អ្នកដឹកនាំ។ កាលណាប្រទេសដែលមានជំហរបែបនេះ ប្រទេសមួយនឹងមានកន្លែងចារប្រវត្តិសាស្រ្តល្អ ក្នុងលក្ខខណ្ឌ ដើម្បីបាយមួយចាន រស់មួយក្រពះគឺងាយទេ។ បើមនុស្សគិតថា ត្រឹមតែហូបមួយចម្អែតក្រពះ ម្លោះហើយគេនឹងលែងប្រឹងដើម្បីអ្វីទាំងអស់ ជាពិសេសគឺដើម្បីថ្ងៃមុខ។ បីស្រួច ជាតិមាំ៕

“A nation is great not by its size alone. It is the will, the cohesion, the stamina, the discipline of its people and the quality of their leaders which ensure it an honourable place in history.”
Kuan Yew Lee, The Wit and Wisdom of Lee Kuan Yew

No comments:

Post a Comment