Wednesday, October 2, 2019

បើថ្ងៃមួយគ្មានម៉ែ...✍️



កូនអើយ​! មនុស្សដែលយើង​ស្រឡាញ់​គេចាប់ផ្ដើម​ចាកចេញ​ចោលយើង​ម្តងម្នាក់ៗបណ្តើរៗហើយ​ អ្នកខ្លះទៅបានលា​ តែ​អ្នកខ្លះទៅ​មិន​បាន​លា​ សូម្បីតែ​មួយ​មាត់​ ចេញទៅ​ហើយ​ក៏​ស្ងាត់​បាត់​ដំណឹង​សូន្យ​ឈឹង​ មិន​ដឹងជា​ទៅ​ដល់​ទីណាឡើយ​ ទាំងអ្នក​ទៅ​មុន​ ទាំងអ្នក​ទៅ​ក្រោយ​ ហើយមិន​យូរ​មិន​ឆាប់​ ម៉ែ​ប្រាកដ​ជា​ចាកចេញ​ចោលកូនដូចគ្នា​ ព្រោះជីវិតយើងមិនអាចរស់នៅ​ជាមួយគ្នា​រហូត​បាន​ទេ​ គង់មាន​ថ្ងៃ​មួយដែលយើងចែក​ផ្លូវគ្នាដើររៀងៗខ្លួន។

ពេលអត់ពីម៉ែ​ទៅ​កូន​ត្រូវ​រៀន​រស់នៅ​ឲ្យបាន​ល្អ​ ធ្វើចិត្តឲ្យរឹង​មាំ​ម៉ឹងម៉ាត់​ ក្លាហាន​ ត្រូវកសាង​ខ្លួន​ឲ្យមាន​តម្លៃ​ដល់​សង្គមជាតិ​ រក្សា​មារយាទ​ឲ្យបាន​ប្រពៃថ្លៃថ្លា មាន​ស្មារតី​គ្រប់ពេលក្នុងការដើរ​នៅ​លើ​វិថី​ជីវិត​របស់កូន​ កូន​ត្រូវ​ចេះ​អត់​ធន់​កុំទន់​ជ្រាយ​ អ្នកដទៃ​គេ​អាចមើលងាយ​កូន​បាន​ តែ​ដាច់​ខាត​កូន​កុំ​មើលងាយ​ខ្លួន​ឯង​ឲ្យសោះ​ កូនត្រូវតែ​ជា​មនុស្ស​ល្អ​ ដែល​ស្មោះសរ​នឹងខ្លួន​ និង​អ្នកដទៃដែល​រស់នៅ​ជុំ​វិញ​ខ្លួន​កូន...។

បើថ្ងៃមួយ​គ្មាន​ម៉ែ​នៅ​ក្បែរ​ មើល​ថែ​កូន​ កូនត្រូវ​ចេះ​មើល​ថែ​ខ្លួន​ឯង​ ស្រឡាញ់​ខ្លួន​ឯង​ឲ្យច្រើន​ៗ​ កុំយក​ខ្លួនឯង​ទៅ​ប្រឡាក់ប្រឡូស​ជាមួយនឹង​គ្រឿងញៀន​ អាភៀន​យ៉ាម៉ា​ សុរា​មេរ័យ​ ដែល​ជា​គ្រឿង​ចង្រៃ​នៅ​ក្នុង​សង្គម​ កុំ​ខឹង​ឆេវ​ឆាវ​ ច្រឡោត​តោតតូង​ ត្រូវ​ចេះ​ទប់​ចិត្ត​ ទប់​អារម្មណ៍​ កុំយល់​តែ​ចិត្ត​ខ្លួន​ឯង​ ត្រូវ​យល់​ចិត្ត​អ្នកដទៃ​ផង​ ពេលម៉ែចាកចេញ​ទៅ​ កូន​ត្រូវ​ចេះ​ស្រឡាញ់​ប្អូន​ ស្រឡាញ់​បង​ កុំឈ្លោះទាស់គ្នា​ ត្រូវ​សាមគ្គី​គ្នា​ មាន​អ្វី​ត្រូវ​ចេះ​ជួយគ្នា​ទៅ​វិញ​ទៅ​មក​ អ្វី​ដែល​សំខាន់​គឺ​កូន​ត្រូវ​មាន​ទី​ពឹង​សម្រាប់​ខ្លួន​ ព្រោះ​កូន​មិន​អាច​ពឹង​ម៉ែ​បាន​រហូតឡើយ...។

ជា​ចុង​ក្រោយ​ ម៉ែ​ចង់ឲ្យកូន​ ជា​កូន​ល្អ​ ជា​បងប្អូនល្អ​ ជា​សិស្ស​ល្អ​ ជា​គ្រូ​ល្អ​ ជាអ្នក​ដឹកនាំ​ល្អ​ ជា​ប្រជាពលរដ្ឋ​ល្អ​ និយាយ​រួម​ម៉ែចង់​ឲ្យ​កូន​ជា​មនុស្ស​ល្អ​គ្រប់រូបភាពទាំងអស់ណាកូន៕

Cr. ប៊ុនឆា​

No comments:

Post a Comment