ដើរតាមផ្លូវ ខ្លួនប៉ះត្រូវខ្យល់
ខ្យល់ខ្លះជាខ្យល់ត្រជាក់ ហើយខ្យល់ខ្លះទៀតជាខ្យល់ព្យុះ។ ដើរពេលព្រឹកព្រហាម ខ្លួនសើមជោកដោយទឹកសន្សើម
តែដើរលើផ្លូវជីវិតពេលខ្លះ ទឹកជាទឹកជំនន់លាយព្យុះលាយភ្លៀង។ ជីវិតដែលធ្លាប់ឈឺចាប់
ពេលជួបការលំបាក ចិត្តក្លាយទៅជាស្ពឹក គ្មានអារម្មណ៍ឈឺ ចិត្តលែងទទឹកជោកដោយអំនួត។
ថ្ងៃក្រោយទៅ លាភគ្រោះស្លាប់រស់មើលមិនឃើញ។ កិត្តិយសនិងអ្វីដែលមានថ្ងៃនេះ
គង់នឹងរសាត់ចាកឆ្ងាយចេញពីខ្លួនគ្រប់ពេល។ រស់នៅមានបុព្វហេតុ ធ្វើបាន ឬមិនបាន
គឺត្រូវពឹងលើសមត្ថភាព ការប្រឹងប្រែង ចិត្តអត់ធ្មត់ ចេះលេបថ្មលេបក្រួសហ្នឹងហើយ។
ថ្ងៃនេះមានអ្នកសាទរ
តែថ្ងៃក្រោយទៅនឹងមានអ្នកចំអក។ ល្អអាក្រក់សុទ្ធតែជាប់ប្រយោជន៍
ដ្បិតអ្នកដែលយើងឱ្យប្រយោជន៍លើកសរសើរថាយើងល្អ តែអ្នកដែលពុំបានប្រយោជន៍ ឬបាត់បង់ប្រយោជន៍ដោយសារយើង
គឺនឹងថាយើងអាក្រក់។ ការរស់នៅជៀសមិនផុតពីការឈ្នានីសពីអ្នកដទៃ។
មនុស្សអាក្រក់ស្អប់យើងពេញតួ រីឯមនុស្សល្អខ្លះច្រឡំច្រណែននឹងយើងដែលជាបងប្អូនរួមសង្គម។
ល្អ តែបើខ្សោយ គឺនឹងត្រូវចប់ជីវិត។ ខ្លាំង តែបើគ្មានគុណធម៌ គឺនឹងធ្លាក់នរក។ អ៊ីចឹងទៅ
ត្រូវធ្វើជាមនុស្សល្អហើយខ្លាំងថែមទៀត។ មួយជីវិត រកអ្នកយល់ចិត្តដោយលំបាក។ រស់នៅជាមួយខ្លួនឯង
រក្សាគោលការណ៍ ស្តារតម្លៃ មិនបំភ្លៃការពិត ពុំគិតថាជីវិតនេះឥតន័យទេ។
បាតដៃទាំងពីរមិនរលោងស្អាត
ដ្បិតរវល់តែប្រឹងប្រើកម្លាំងកាន់ចបកាន់នង្គ័លធ្វើស្រែតាំងពីតូច។ ទោះបីខ្លួនស្រែ
ឆ្លៀតពេលកាន់ប៊ិក មិនភ្លេចរៀន ប្រឹងអានសៀវភៅ
ដុតកម្ទេចការឈឺចាប់ដែលកើតចេញពីអវិជ្ជានៃជីវិតកន្លងមក។ សក់ក្បាលទៅជាស្កូវ
មុខកាន់តែចាស់ លាបថ្នាំផាត់ម្សៅបិទបាំង នៅតែឃើញខាងក្នុង ដ្បិតបើខាងក្នុងស្អាត
គឺស្អាត។ អ្នកខ្លះមើលមនុស្សត្រឹមសម្បកក្រៅ តែខ្ញុំមើលខ្លឹមខាងក្នុង។
អ្នកដទៃឱ្យតម្លៃចំណេះ ទោះជាខ្វះគុណធម៌ តែខ្ញុំឱ្យតម្លៃទឹកចិត្ត និងសុចរិតភាព។
សុចរិតត្រឹមត្រូវ ល្អអាក្រក់
គ្មានអ្នកដឹង តែយ៉ាងហោចណាស់មេឃដីអាចធ្វើជាសាក្សីបាន។ បិទភ្នែកបើកភ្នែកពីរបីដង
ក៏ដល់ថ្ងៃអវសាន្តនៃជីវិតទៅហើយ។ អ្នកខ្លះរស់នៅបម្រើតណ្ហា ហ៊ឹកហ៊ាក់ហ៊ឺហាទាំងវង្វេង។
ឃើញទុក្ខថាសុខ ឃើញល្អថាអាក្រក់ ឃើញសថាខ្មៅ ឃើញដុំថ្មថាជាដុំពេជ្រ។ ចុងក្រោយ
បើដល់ពេលជីវិតត្រូវចប់ គឺចប់ហើយ តែបើមិនទាន់ដល់ពេលទេ គឺត្រូវបន្តដំណើរ។ បើដូច្នេះ
គួរណាតែរស់នៅឱ្យស្រួលបួល ធ្វើអ្វីធ្វើទៅ តែកុំធ្វើមនុស្សអាក្រក់ទៅបានហើយ៕
__
No comments:
Post a Comment