Saturday, October 5, 2019

ស្រឡាញ់ជាតិត្រូវចេះស្រឡាញ់គ្នា



ទស្សនមនុស្សអាក្រក់តែងអះអាងថា " ពេលយើងចិត្តល្អដាក់គេ គេថាយើងល្ងង់ ពេលយើងអាត្មានិយម គេថាយើងចិត្តអាក្រក់ " ។ ចិត្តល្អ កើតពីសេចក្ដីអាណិត សេចក្ដីអាណិតកើតពីចិត្តមេត្ដា ចិត្តមេត្ដាកើតចេញពីបេះដូងនៃក្ដីស្រឡាញ់ ។ មនុស្សដែលលះបង់ខ្លួនដើម្បីប្រយោជន៍នរណាម្នាក់ គេគង់នឹងក្លាយជាការចងចាំដ៏ល្អរបស់អ្នកនោះ ។ មនុស្សដែលលះបង់ខ្លួនដើម្បីសង្គម គេគង់នឹងក្លាយជាវិរៈបុរសជាតិ ។ ប៉ុន្ដែមនុស្សដែលលះបង់ខ្លួនដើម្បីសច្ចភាពនៃស្មារតីជាតិនិយម គង់នឹងក្លាយជាគ្រាប់ពេជ្រដែលសង្គមត្រូវការ ។ ពិភពលោកគង់នឹងអាក្រក់ហើយខ្មៅងងឹត ទោះបរិយាកាសល្អប៉ុនណា ដរាបណាភាពអាត្មានិយមត្រូវសាបព្រោះលើវប្បធម៌នៃការរស់នៅ ។ អាន់ទ្រូ ជែកសុន ប្រធានាធិបតីទី៧ នៃសហរដ្ឋអាមេរិក បានពោលថា " អ្នកដឹកនាំក្លាហាន ទោះជាត្រូវគេកម្ទេចហើយក៏ដោយ ក៏តែងត្រូវបានមហាជនគោរព និងកោតសរសើរគ្រប់សម័យកាល "។ វិរៈភាព គង់នឹងក្លាយជាតម្លៃ ហើយតម្លៃដែលទទួលបានពីវិរៈភាពគង់នឹងនៅរស់រាប់រយឆ្នាំ ទោះរាងកាយត្រូវកម្ទេចចោលក៏ដោយ ។

ទស្សនមនុស្សល្អតែងរម្លឹកថា " ពេលយើងចិត្តល្អ គេថាយើងជាមនុស្សមានតម្លៃ ពេលយើងអាត្មានិយម គេថាយើងគ្មានមនុស្សធម៌ " ។ មែនទែនទៅ ការយល់ឃើញរបស់នរណាម្នាន់ចំពោះទង្វើមួយ វាគ្រាន់តែជាពិន្ទុដែលគេបានឱ្យប៉ុណ្ណោះ អាចតិចឬច្រើន អាស្រ័យលើយើងព្រមទទួលឬអត់ ។ ចិត្តអាក្រក់ កើតចេញពីភាពអាត្មានិយម ។ ភាពអាត្មានិយមកើតចេញពីសេចក្ដីលោភលន់ ។ សេចក្ដីលោភលន់ កើតចេញពីភាពល្ងង់ខ្លៅ ។ ល្ងង់ខ្លៅ កើតចេញពីភាពអវិជ្ជាផ្នែកផ្នត់គំនិត ។ ទស្សនៈសាមកុក ខុងមិញពោលថា " អ្នកពូកែ គង់នឹងសុខខ្លួន ជនសាមញ្ញមមាញឹកហត់ស្ទើរស្លាប់ " ឡៅជឺ បិតាលទ្ធិតៅ បង្រៀនថា " សុភមង្គលរបស់អ្នក គង់នឹងកើតឡើងពីការពេញចិត្ត លើផ្លែផ្កាបន្ដិចបន្ទួចដែលអ្នកមាន " ន័យត្រង់គឺចង់ទូន្មានថា " ចេះគ្រប់ ជីវិតនឹងសុខ ខ្វះនេះខ្វះនោះ គង់នឹងមមាញឹកហត់ស្ទើរស្លាប់ ។ ចិត្តលោភលន់របស់មនុស្សគ្មានដែនកំណត់ទេ ដរាបណាចិត្តរបស់គេពុំទទួលបានការអប់រំពីសច្ចភាពនៃជីវិត ។ មនុស្សលោភលន់ ទោះប្រគល់ផែនដីទាំងមូលឱ្យគេ ក៏គង់មិនគ្រប់ដែរ ។ បានផែនដី ចង់បានព្រះអាទិត្យ បានព្រះអាទិត្យចង់បានដួងចន្ទ្រ បានដួងចន្ទ្រ គង់នឹងចង់បានលំហមេឃ ។ មនុស្សអាត្មានិយម គង់នឹងត្រូវគេបំភ្លេចចោល ហើយមនុស្សមានស្នាដៃ គង់នឹងត្រូវគេចងចាំ ។ មនុស្សលោភលន់គង់នឹងត្រូវគេដាក់ទោស មនុស្សសុទិដ្ឋិនិយមគង់នឹងត្រូវគេចងចាំ ។

មែនទែនទៅការធ្វើទង្វើល្អ ដើម្បីនរណាម្នាក់ ឬដើម្បីសង្គមមួយ ឬដើម្បីប្រទេសជាតិមួយ វាគ្រាន់តែជារឿងគ្មានន័យមួយប៉ុណ្ណោះ ។ ព្រោះមនុស្សម្នាក់ដែលយើងបានសង្គ្រោះ សង្គមមួយដែលយើងបានលះបង់ ជាតិមួយដែលយើងបានពលី គឺជាកាតព្វកិច្ចក្នុងភាពជាធនធានមួយក្នុងប្រទេសមួយ ហើយវាពុំពាក់ព័ន្ធនឹងគុណសម្បត្តិនោះទេ ។ មនុស្សដែលអាចរស់នៅយ៉ាងល្អប្រសើរ គេគង់នឹងចងចាំវិរបុរសជាតិរបស់គេ ។ ប្រជាជនដែលទទួលបានការសង្គ្រោះ គង់នឹងដឹងគុណប្រទេសជាតិ ។ ប្រទេសជាតិដែលទទួលបានក្ដីស្រឡាញ់ពីពលរដ្ឋ គង់នឹងមានប្រជាជនដែលចេះប្រឹង ។ មេដឹកនាំដែលទទួលបានបេះដូងរាស្ត្រ គង់នឹងទទួលបានអំណាចជាតិ
____________________________________________

( អត្ថបទនេះខ្ញុំសរសេរមិនទាន់ចប់ទេ ដ្បិតកាន់តែសរសេរ កាន់តែវែង ដ្បិតកាន់តែវែង គង់នឹងមិនមានអ្នកអានច្រើន ពេលវេលាខ្លីពេក )
រូបភាព៖ ហ្គូហ្គល

Cr. Sun Veasna

No comments:

Post a Comment