Tuesday, October 1, 2019

យុវជននិងការអាន



ការអានសៀវភៅបានច្រើន គឺល្អបានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ។ ពាក់កណ្តាលទៀតនៃភាពល្អអំពីការអាន គឺត្រូវប្រើការគិតឱ្យបានច្រើន ។ លើសពីល្អ គឺត្រូវអានសៀវភៅល្អ ពីព្រោះមិនមែនឲ្យតែសៀវភៅ វាសុទ្ធតែល្អនោះទេ ។ សៀវភៅល្អព្យាបាលសង្គម តែសៀវភៅអាក្រក់គឺបំពុលសង្គម ។ នេះជាបញ្ហាកង្វល់ដែលអ្នកសរសេរ និងអ្នកនិពន្ធត្រូវគិតគូរប្រុងប្រយ័ត្នចំពោះសំណេររបស់ខ្លួន ។ អក្សរមួយឃ្លា និងសម្តីមួយម៉ាត់ គឺជាអ្នកឆ្លាក់ខួរក្បាលមនុស្ស

សង្គមដែលកំពុងមានជំងឺ មិនអាចយកយុវជនដែលឈឺមកព្យាបាលឱ្យជាសះស្បើយបានឡើយ។ ភាពរឹងមាំរបស់សង្គមកើតចេញពីភាពរឹងមាំរបស់យុវជន។ ទ្រព្យសម្បត្តិរបស់សង្គមជាតិ គឺជាភាពរឹងមាំរបស់យុវជន។

យុវជនដែលខ្លាំង គឺជាយុវជនដែលប្រឹង។ ការប្រឹងប្រែងរបស់យុវជន គឺត្រូវប្រឹងជួយអ្នកក្រ ប្រឹងរៀនឲ្យចេះ និងប្រឹងធ្វើជាមនុស្សដែលដើរទៅមុខជានិច្ច។ បើចង់ជួយអ្នកក្រ យើងត្រូវប្រឹងឲ្យមាន។ បើចង់ជួយអ្នកល្ងង់ យើងត្រូវប្រឹងរៀនឲ្យចេះ។

បើចង់ឲ្យសង្គមមានសីលធម៌ យើងកុំច្រឡើសបើស។ បើចង់ឲ្យសង្គមសកម្ម យើងកុំខ្ជិលច្រអូស។ បើចង់បានសង្គមអភិវឌ្ឍ យើងកុំនៅនឹងថ្កល់។ បើចង់បានសង្គមដែលមានមេដឹកនាំល្អ យើងត្រូវចូលរួមនិងតាមដានសកម្មភាពនយោបាយ។

គ្រប់ខណៈពេលនៃជីវិត គ្មាននរណាម្នាក់អាចញញឹមចេញពីចិត្តបានគ្រប់ពេលទេ ប៉ុន្តែបើយើងអាចរក្សាលំនឹង និងអាចញញឹមបានគ្រប់ពេល គឺជារឿងល្អមួយ ។ គ្រប់ជំហាននៃជីវិត មិនមែនឲ្យតែយើងហុចដៃស្នើសុំជំនួយអ្វីម្យ៉ាងពីនរណាម្នាក់ គឺយើងនឹងទទួលបានជំនួយទេ។ ប៉ុន្តែ បើយើងចេះផ្តល់ឲ្យខ្លួនឯងនូវអ្វីដែលខ្លួនឯងចង់បាន គឺជារឿងល្អជាង។ ក្នុងជីវិត ខ្ញុំធ្លាប់បានភ្លក្សរសជាតិនៃពាក្យថា ទេជាច្រើនរាប់មិនអស់។ មនុស្សម្នាក់ៗសុទ្ធតែមានទុក្ខលំបាករៀងៗខ្លួន ហើយភាពលំបាករបស់បុគ្គលម្នាក់ៗ វាគ្មានម៉ែត្រសម្រាប់វាស់ទេ

ការវាស់ពីភាពលំបាករបស់មនុស្ស ពុំមែនប្រើអារម្មណ៍ទេ តែត្រូវប្រើចំណេះដឹង។ តើវាស់ដោយប្រើចំណេះដឹងយ៉ាងដូចម្តេច?
កូនអ្នកមាន ខំប្រឹងរហូតបានលទ្ធផល១០។ កូនអ្នកក្រ ខំប្រឹងរហូតបានលទ្ធផល១០។ តើនរណាលំបាកជាង និងនរណាប្រឹងជាង? បទពិសោធការងាររបស់ខ្ញុំជាក់ស្តែង បានជួបនឹងទិដ្ឋភាពលំបាកៗស្រស់ៗ។ អ្នកខ្លះ ក្រយកតែមែនទែន លំបាករហូតដល់ងើបមុខមិនរួច។

ចរិតខ្មែរខ្លះ ឃើញអ្នកដទៃក្រហើយ បែរជាមិនចេះអាណិត តែសុខចិត្តស្អប់គ្នាទៅវិញ។ នេះមានន័យថាគេស្រឡាញ់តែអ្នកមានប៉ុណ្ណោះ។ មិនស្អប់ភាពក្រីក្រ តែបែរជាស្អប់អ្នកក្រ។ ចរិតអ្នកខ្លះទៀត ឃើញអ្នកដទៃល្ងង់ហើយ បែរជាមិនប្រឹងជួយ តែបែរជាប្រឹងបោកប្រាស់គ្នាទៅវិញ។ បោកបាន ចេះតែបោកទៅ សំខាន់ឲ្យតែបានប្រយោជន៍។ ល្ងង់ហើយ ត្រូវមនុស្សចេះដឹងទុច្ចរិតបោកប្រាស់ទៀត។ មនុស្សយើង ឲ្យតែគ្មានមនោសញ្ចេតនានៃក្តីស្រឡាញ់ទេ យើងគឺប្រៀបដូចជាឆ្កែចចកនឹងគ្នាអ៊ីចឹង។ នេះជាសង្គមដែលមនុស្សប្រឹងរស់រៀងៗខ្លួន តែមិនមែនរស់នៅជាមួយគ្នាទេ។

____________________________________

Cr. ឡាំ លីម

No comments:

Post a Comment