Tuesday, October 1, 2019

គ្រាន់តែស្អាតមិនទាន់គ្រប់ទេ



យើងតែងតែចង់ស្លៀកសម្លៀកបំពាក់ទាន់សម័យស្អាតៗ ដោយគ្រាន់តែបានឃើញម៉ូតស្អាតៗដែលគេតាំងបង្ហាញ ប៉ុន្ដែពេលខ្លះសម្លៀកបំពាក់នោះមិនសមនឹងរាងរៅរបស់យើងឡើយ ហើយបើយើងនៅតែបន្ដស្លៀក វានឹងធ្វើឱ្យយើងក្លាយជាអាក្រក់មើលលើសមុន ។ របស់ខ្លះដ្បិតវាស្អាត ដ្បិតវាមើលទៅគួរឱ្យចង់បាន ប៉ុន្ដែមិនប្រាកដថាវាសមនឹងយើងទេ ។ យើងចង់ស្លៀកឈុតស្អាត ទាំងដែលយើងមិនបានសម្រករាងឱ្យសមនឹងឈុត ។ យើងតែងតែចង់បានរបស់ល្អៗលម្អជីវិត ទាំងដែលពេលខ្លះយើងភ្លេចធ្វើខ្លួនឱ្យមានតម្លៃ ។ មានមនុស្សទាន់សម័យស្លៀកពាក់ស្អាតៗ ប្រើរបស់ប្រេនៗ ជិះឡានទំនើប ហ៊ឺហារ ប៉ុន្ដែពេលខ្លះពួកគេចោលសំរាមផ្ដេសផ្ដាស់ និយាយសម្ដីអសីលធម៌ ធ្វើរឿងស្មោគគ្រោក ជំពាក់លុយគេមិនសង ឬធ្វើជាមនុស្សពុំត្រឹមត្រូវ ពុំសមនឹងតម្លៃដែលគេបានសម្ញែងនោះទេ ។ ដ្បិតគ្មាននរណាល្អឥតខ្ចោះ តែយ៉ាងហោចណាស់យើងគួរតែល្អឱ្យបានលើសពី ៥០ ភាគរយឡើងទៅ ដែរ ។

យើងមិនអាចក្រោកឈរដោយគ្មានជើងជាន់ដីដ៏កខ្វក់បានទេ ដ្បិតជើងដ៏កខ្វក់ជាអ្នកទ្រខ្លួនប្រាណ ។ ងើយមើលទៅលើតែកុំភ្លេចមើលក្រោម គិតរឿងស៊ីវិល័យ ហ៊ឺហារ តែកុំភ្លេចអប់រំចរិតឱ្យថ្លៃថ្នូរផង ។ យើងមិនអាចមានតម្លៃដោយគ្រាន់តែមានរបស់ថ្លៃៗ ហើយប្រើជីវិតបែបថោកទាបបានទេ ។ មិនថាកាលៈទេសៈណាទេ ការរស់នៅដែលមានតម្លៃ ពុំគ្រាន់តែថ្លៃថ្នូរសម្បកក្រៅឡើយ សំខាន់ខាងក្នុងត្រូវតែស្អាតផងដែរ ។ ដ្បិតការរស់នៅត្រូវការសម្ញែងខ្លះ ប៉ុន្ដែបើមិនសមតម្លៃជាមនុស្សល្អទេ នោះការសម្ញែងនោះនឹងប្ដូរមកវិញនូវការសើចចំអកពីក្រោយខ្នងវិញជាមិនខាន ថាមិនត្រូវយើងអាចនឹងត្រូវគេលួចដៀលទៀតផង ។ ធ្វើមនុស្សត្រូវមានតម្លៃ ហើយដើម្បីមានតម្លៃយើងគួរតែល្អទាំងក្នុងទាំងក្រៅ ហើយដើម្បីល្អទាំងក្នុងទាំងក្រៅ យើងគួររស់នៅប្រកបដោយគុណធម៌

Cr. ប្រាជ្ញាជីវិត

No comments:

Post a Comment