Friday, November 8, 2019

សុចរិតភាព



សេចក្តីសុចរិតរបស់បុគ្គលម្នាក់ៗ មើលដោយភ្នែកពុំឃើញនោះទេ តែអាចយល់បានដោយអរូបីយ ប្រៀបដូចជាក្លិនផ្កាម្លិះ បើទោះបីជានៅក្នុងទឹក ក៏នៅតែជះក្លិនពិដោក្រអូបឆ្ងុយឈ្ងប់ចេញពីពែងដែរ។ បុគ្គលជាអ្នកសាងនូវកម្មអ្វី មិនថាជាសាងល្អ ឬសាងអាក្រក់ទេ គឺតែងមានខ្លួនឯងជាអ្នកដឹងច្បាស់។ រីចំណែកឯសុចរិតភាពដែលមានក្នុងចិត្តបុគ្គលម្នាក់ៗ វាក៏អ៊ីចឹងដែរ។ ល្អឬអាក្រក់ គឺខ្លួនឯងដឹងជាងនរណាៗទាំងអស់។

ក្នុងទ្រឹស្តីពុទ្ធនិយមបានឱ្យនិយមន័យសេចក្តីសុចរិតនេះថាជា ការប្រព្រឹត្តល្អ និងសេចក្តីប្រព្រឹត្តដែលជាហេតុនាំឱ្យបុគ្គលទៅជាមនុស្សល្អដោយកាយ (កាយសុចរិត) ដោយវាចា (វចីសុចរិត) និងដោយចិត្ត (មនោសុចរិត)។ ការបកស្រាយនេះ គឺស្ថិតក្នុងខ្លឹមសារសាសនា ដែលមានលក្ខណៈខុសគ្នាបន្តិចពីខ្លឹមសារខាងអាណាចក្រ។ ក្នុងរឿងសាសនា ដែលជាន័យអរូបីយ ឱ្យតែមនុស្សមានមនោមិនល្អ ឬមានចិត្តមិនល្អ ឬមានចិត្តគិតអាក្រក់ គឺចាត់ទុកថាមានទោសចិត្តសាស្រ្តរួចទៅហើយ បើទោះបីជាទង្វើតាមរយៈសម្តីក្តី ឬទង្វើមតាមរយៈកាយក្តី មិនទាន់បានប្រាកដឡើងក៏ដោយ។

ផ្ទុយទៅវិញ ក្នុងន័យសង្គម ក្នុងន័យរូបីយ ជាពិសេសក្នុងខ្លឹមសារនីតិសាស្រ្ត ឬច្បាប់សង្គមបានកំណត់ថា ចិត្តដែលត្រឹមតែគិតអាក្រក់ តែកាយមិនទាន់បានប្រព្រឹត្តនៅឡើយ គឺចាត់ទុកថាគ្មានទោសពៃទេ។ និយាយដោយងាយយល់គឺ គ្មានទោសទេ បើគ្មានបទល្មើសទេ។ បើទោះបីជាយ៉ាងណាក៏ដោយ សុចរិតភាពដែលមានក្នុងខ្លួនបុគ្គលម្នាក់ៗ វានៅតែសំខាន់ជាងទង្វើខាងក្រៅ។ មនុស្សគិតអាក្រក់ មានមនោមិនល្អ បើទោះបីជាមិនបានប្រព្រឹត្ត ក៏ចាត់ទុកថាអាក្រក់រួចទៅហើយ។ មនុស្សគិតល្អ ធ្វើល្អ គឺចាត់ទុកថាសុចរិតពិតប្រាកដ។ ម្យ៉ាងមនោដែលអាក្រក់ កាលបើវាមានច្រើនឡើងៗ ផ្តុំគ្នាបានច្រើន មុននិងក្រោយនាថ្ងៃណាមួយ គង់នឹងស្តែងចេញតាមរយៈសកម្មភាពប្រព្រឹត្តចេញក្រៅជាមិនខាន។ ហេតុអ្វីខ្ញុំនិយាយអំពីសុចរិតភាព?

ខ្ញុំបែងចែកសុចរិតជា ២ប្រភេទធំៗ ដោយមួយជាសុចរិតភាពបុគ្គល និងមួយទៀតជាសុចរិតភាពអង្គភាព ឬសុចរិតភាពសង្គម ឬសុចរិតភាពក្រុមនិងបក្ស។ ក្នុងស្ថានភាពសង្គមបែកបាក់ មនុស្សមើលគ្នាមិនស្គាល់ ដោយយល់ថា ឱ្យតែអ្នកឈរនៅក្បែរបុគ្គលមិនល្អ ឬបក្សមិនល្អ គឺសុទ្ធតែអាក្រក់។ បុគ្គលដែលឈរនៅក្បែរក្រុមល្អ ឬមនុស្សល្អ គឺសុទ្ធតែហៅថាល្អ។ ការយល់បែបនេះ វាមិនត្រឹមត្រូវឡើយ ពីព្រោះដោយហេតុបច្ច័យថាយើងមិនទាន់ចេះបែងចែកបុគ្គលដែលមានសុចរិតភាពក្នុងខ្លួន និងបុគ្គលដែលគ្មានសុចរិតភាពក្នុងខ្លួន។ ក្នុងល្អមានអាក្រក់ ក្នុងអាក្រក់មានល្អ។ ចូរកុំវាយតម្លៃមនុស្សដោយប្រើទ្រឹស្តី ត្រីមួយត្រក បើស្អុយ គឺត្រូវតែស្អុយទាំងអស់។ ទឹកមួយទន្លេ ទឹកពីរទន្លេ គឺពុំអាចធ្វើឱ្យសមុទ្រសាបបានឡើយ ប្រៀបដូចជាមនុស្សអាក្រក់ក្នុងក្រុមទាំងមូល ពុំអាចធ្វើឱ្យអ្នកល្អខ្លះក្លាយទៅជាងអាក្រក់ទាំងអស់ឡើយ។ ហេតុអ្វីខ្ញុំនិយាយអំពីសុចរិតភាព?

មូលហេតុដែលខ្ញុំយាយអំពីរឿងនេះ គឺដោយសារតែមានមនុស្សជាច្រើនបានវាយតម្លៃអ្នកដទៃខុស ជាពិសេសកិច្ចការងារធ្វើឱ្យសង្គមសាមគ្គី។ ក្នុងក្រុមស្របមានមនុស្សល្អត្រឹមត្រូវពិតប្រាកដច្រើន ហើយក្នុងក្រុមជំទាស់ក៏មានមនុស្សមិនល្អត្រឹមត្រូវមិនតិចដែរ។ ខ្ញុំសង្កេតឃើញអ្នកខ្លះ ស្អប់មិនរើសមុខឬមានន័យថាឱ្យតែបុគ្គលណាដែលរាប់អានខាងក្រុមមិនល្អ គឺត្រូវចាត់ទុកថាអាក្រក់ ឬជាសត្រូវ។ ចូរកុំធ្វើជាមនុស្សដែលមិនស្គាល់មុខមិត្ត និងមិនស្គាល់មុខសត្រូវ។ មិត្តល្អខ្លះអាចនៅក្រុមមួយផ្សេងពីយើង រីឯមិត្តខ្លះអាចនៅជាមួយយើង ឬពេលខ្លះសត្រូវក៏នៅជាមួយយើងក៏មាន។ បើយើងចេះយល់បែបនេះ យើងនឹងចេះមើលឃើញសេចក្តីល្អដែលនៅខាងក្នុងរបស់មនុស្ស ជាជាងវាយតម្លៃសម្បកខាងក្រៅតាមរយៈហ្វូង ឬក្រុម ឬបក្ស។ មនុស្សខ្លះនៅក្នុងក្រុមពុករលួយ គឺមិនប្រាកដថាបុគ្គលនោះជាមនុស្សពុករលួយតាមក្រុមទេ។ មនុស្សខ្លះនៅក្រុមល្អ តែមិនប្រាកដថាបុគ្គលនោះល្អតាមក្រុមនោះដែរ។ ចូរយើងរៀនសង្កេតមើលមនុស្សពីខាងក្នុងវិញ។ សង្គមខ្លះវាយតម្លៃមើលមនុស្សតាមរយៈទ្រឹស្តី ត្រីមួយត្រកស្អុយទាំងអស់។ យុវជនត្រូវតែជាមនុស្សដែលចេះមើល ចេះសម្គាល់មិត្តនិងសម្គាល់សត្រូវ​ឱ្យ​ច្បាស់៕



No comments:

Post a Comment