Friday, November 8, 2019

ស្អាតហើយឆ្លាត



គ្មានបុគ្គលតាំងចិត្តព្យាយាមអានសៀវភៅឯណាដែលថានឹងមិនក្លាយទៅជាអ្នកឆ្លាតទេ ដ្បិតការបង្កើតកម្មនៃសេចក្តីព្យាយាមសង្វាតអាននេះ វានឹងធ្វើឱ្យបុគ្គលនោះទទួលបាននូវផលនៃចំណេះដឹងនាពេល​ខាងមុខ។ គ្មានមនុស្សមានវិជ្ជាឯណាដែលមិនគួរឱ្យស្រឡាញ់ទេ ដ្បិតចំណេះដឹងនេះ វាប្រៀបដូចជាម្សៅក្រែមលាបមុខ ផាត់ចិត្តខាងក្នុង ដុសខាត់ព្រលឹងបុគ្គលនោះឱ្យកាន់តែស្រស់សោភារកអ្វីប្រៀបផ្ទឹមពុំបាន។

ក្នុងជីវិតរស់នៅជាក់ស្តែង មិនថាស្ថិតក្នុងកាលៈទេសៈបែប​ណាទេ ខ្ញុំតែងតែពាល់ត្រូវនៃអារម្មណ៍រីករាយចេញពីការប្រឹងប្រែង។ ខ្ញុំមិនតូចចិត្តទេ បើទោះបីជា​បានផលតិចក្តី ឬបានផលច្រើនក្តី សំខាន់ បានប្រឹងដោយខ្លួនឯង។ មិនថាការប្រឹងប្រែងសាងសេចក្តីល្អ ប្រឹងប្រែងទប់ខ្លួនពីអំនួត ប្រឹងប្រែងទប់ទល់នឹងអ្នកដទៃវាយប្រហារ ប្រឹងប្រែងសិក្សារៀនសូត្រ ប្រឹងប្រែងដុសខាត់ខ្លួនឯង ឃាត់​ចិត្ត​មិន​ឱ្យ​ខ្លួន​លង់​វង្វេងនឹងសេចក្តីអាក្រក់ ជឿជាក់លើកម្មល្អនឹងបានផលល្អ ព្រមទាំងចេះអត់ធ្មត់រង់ចាំទទួលផលនៃសេចក្តីល្អដែលពុំទាន់ប្រមូលផលនៅឡើយ។

ក្នុងការរស់នៅប្រចាំថ្ងៃ ខ្ញុំតែងតែខិតខំរៀនសូត្រដោយតាំងចិត្តមាំថា អាត្មាអញពិតជាមានចិត្តចង់ក្លាយទៅជាបុគ្គលល្អ រស់នៅត្រឹមត្រូវ រក្សាចិត្តជាបុគ្គលបរិសុទ្ធដោយមានអង្គបរិសុទ្ធ ដោយកាយបរិសុទ្ធ ដោយវាចាបរិសុទ្ធ ដោយចិត្តបរិសុទ្ធ និងដោយទង្វើបរិសុទ្ធ។ ខ្ញុំមិនដឹងទេថា តើមានបុគ្គលណាខ្លះដែលបានរស់នៅពាល់ត្រូវសេចក្តីបរិសុទ្ធដែលចេញពីការសម្អាតចិត្ត មានសុចរិតភាពដ៏ថ្លាក្នុងចិត្ត និងឃើញសេចក្តីស្អាតបរិសុទ្ធនៃខ្លឹមខាងក្នុង ស្រស់ស្អាតជាងសម្បកកាយខាងក្រៅដ៏គួរឱ្យខ្ពើមរអើមនេះ។ ក្នុងកម្រិតចិត្តនេះ ខ្ញុំចេះតែមានអារម្មណ៍ខ្ពើមនូវសម្បកកាយដែលស្អាតតែខាងក្រៅ តែខាងក្នុងវិញស្មោគក្រោក រកកន្លែងដែលប្រើចក្ខុមើលឃើញថាស្អាតពុំមានសោះ។

ជីវិត​មនុស្សរស់នៅចាញ់បោកការបោកប្រាស់ និងចាញ់ភាពមាយានៃជីវិត គិតបានត្រូវខ្លះ តែពាល់មិនត្រូវកម្រិតចិត្តហួសពីថ្នាក់ប្រាជ្ញាឈ្លាវៃ។ ចុងក្រោយ គ្មានបុគ្គលណាដែលស្រស់ស្អាតជាងអ្នករៀនសូត្រចេះដឹង ដែលមានវិជ្ជាជាអាវុធកម្ទេចយកឈ្នះភាពមាយានៃជីវិតទេ។ គ្មានបុគ្គលណាដែលមានសម្រស់ស្រស់ស្អាត ជាងមនុស្សដែលបានបោសសម្អាតចិត្តរហូតដល់រួចផុតចិត្តដោយវិជ្ជានេះឡើយ។ អ្នកខ្លាំង តែងរស់នៅផ្អោបខ្លួននឹងការប្រឹងប្រែងត្រូវ។ វិញ្ញុជនតែងរស់នៅផ្អោបខ្លួននឹងគុណធម៌។ រីឯបុគ្គលអ្នកពាល់សច្ចៈក្នុងបច្ចុន្នជាតិនេះ គឺរស់នៅផ្អោបខ្លួននឹងការពិតនៃជីវិត ដោយព្រមទទួលយកការពិតដោយឥតលក្ខខណ្ឌ ដុសខាត់ព្រលឹងរហូតដល់ចិត្តភ្លឺប្រៀបដូចព្រះច័ន្ទដែលដុំពពកខ្មៅបាំងមិនជិត។ ខ្ញុំប្រើពាក្យថា ខ្ញុំក្នុងន័យពន្យល់ប៉ុណ្ណោះ៕


No comments:

Post a Comment