មនុស្សយើងសុទ្ធតែមានតម្លៃដូចៗគ្នា
មិនថាតម្លៃនៃការរស់នៅ តម្លៃនៃសមត្ថភាព តម្លៃនៃការប្រឹងប្រែង
និងតម្លៃពិសេសផ្សេងៗទៀត។ ប៉ុន្តែមានអ្នកខ្លះ
ជាពិសេសមនុស្សដែលវង្វេងមិនស្គាល់ខ្លួនឯង គឺតែងយល់ថាខ្លួនគ្មានតម្លៃ
និងជាមនុស្សឥតបានការណ៍។ ពេលខ្លួនឯងធ្វើខុសបន្តិច ក៏យល់ថាខ្លួនឯងអន់ទៅហើយ
ឬពេលណាខ្លួនឯងធ្វើរឿងអស្ចារ្យបន្តិច ក៏យល់ថាខ្លួនឯងពូកែលើសអ្នកដទៃ
រហូតដល់មានចិត្តអំនួត។ ជីវិតដែលស្គាល់ខ្លួនឯងច្បាស់ ត្រូវរស់នៅដោយភាពនឹងន
ឧបេក្ខា ខន្តី កណ្តាលនិយម។ តើហេតុអ្វីត្រូវរស់នៅក្នុងជីវិតបែបនេះ?
មនុស្សដែលចេះគោរពខ្លួនឯង
ភាគច្រើនគឺអ្នកដែលស្គាល់តម្លៃនៃខ្លួនឯង មិនរស់នៅក្រោមឥទ្ធិពលអ្នកដទៃ
មិនរស់នៅប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ និងមិនធូររលុងចំពោះខ្លួនឯង។
មនុស្សគ្រប់គ្នាមានតម្លៃដូចៗគ្នា
តែខុសត្រង់ថាយើងមិនទាន់ចេះឱ្យតម្លៃខ្លួនឯងប៉ុណ្ណោះ។
អ្នកខ្លះយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃដែលល្អជាងខ្លួន។ ការប្រៀបធៀបបែបនេះ
គ្មានបានប្រយោជន៍អ្វី ក្រៅតែពីធ្វើឱ្យខ្លួនឯងអន់ប៉ុណ្ណោះ។
អ្នកខ្លះយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃដែលអន់ជាងខ្លួន។ ការប្រៀបធៀបបែបនេះ
គ្មានបានប្រយោជន៍អ្វី ក្រៅតែពីធ្វើឱ្យខ្លួនឯងមានអំនួតប៉ុណ្ណោះ។
អ្នកខ្លះយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដែលប្រហាក់ប្រហែលខ្លួន។ ការប្រៀបធៀបបែបនេះ
គ្មានបានប្រយោជន៍អ្វី ក្រៅតែពីធ្វើឱ្យខ្លួនឯងលែងប្រឹងប្រែងប៉ុណ្ណោះ។
នេះជាការប្រកាន់ខ្លួនមួយដែលយើងតែងតែហៅថា
“អស្មិមានះ”។ អស្មិមានះជាឫសគល់នៃសេចក្តីវិនាសអន្តរាយ។
អស្មិមានះមាន ៣យ៉ាងដោយសង្ខេប៖ ១. ប្រកាន់ថាអញខ្លាំងជាងគេ គ្មានអ្នកណាដល់អញទេ
រហូតធ្វើឱ្យខ្លួនឯងស្ថិតក្នុងសភាពនៃចិត្តអំនួត។
ចិត្តអំនួតធ្វើឱ្យមនុស្សមានមោទកភាពជ្រុលដាច់បង្ហៀរ រហូតដល់លែងប្រឹងប្រែង។ ២.
ប្រកាន់ថាអញនិងគេ ដូចតែគ្នា រហូតធ្វើឱ្យខ្លួនឯងលែងប្រឹង។ បើលែងប្រឹង
គឺពុំអាចធ្វើឱ្យយើងរីកចម្រើនបានទេ។ ៣. ប្រកាន់ថាខ្លួនអញថយថោក អាប់អន់
ទន់ខ្សោយជាងគេ មិនដល់នឹងគេ រហូតធ្វើឱ្យខ្លួនឯងអស់សង្ឃឹម
លែងមានកម្លាំងចិត្តប្រឹងប្រែងទៅមុខទៀត។
មនុស្សដែលចេះគោរពខ្លួនឯង
គឺមិនគិតអ៊ីចឹងឡើយ តែយើងត្រូវគិតថា “ការប្រឹងប្រែងតក់ៗ
មួយតំណក់ៗ វានឹងធ្វើឱ្យយើងរីកចម្រើនជាលំដាប់”។
បុរាណខ្មែរលោកតែងពោលថា “តក់ៗពេញបំពង់ សន្សឹមៗកុំបំបោល”។
យើងត្រូវរស់នៅក្នុងជីវិតដែលចេះប្រឹងប្រែង ចេះគោរពខ្លួនឯង អត់ធ្មត់
តក់ៗតែកុំតក់ក្រហល់ពេក។ បរមគ្រូខុង ជឺ ពោលថា “បុគ្គលដែលគោរពខ្លួនឯង
គឺមិនត្រូវធូររលុងចំពោះខ្លួនឯងពេកទេ តែត្រូវមានចិត្តទូលាយ
និងស្រឡាញ់ខ្លួនឯងឱ្យត្រូវផ្លូវ”។ ការស្គាល់តម្លៃខ្លួនឯង
គឺនឹងធ្វើឱ្យយើងចេះឱ្យតម្លៃខ្លួនឯង។ ការឱ្យតម្លៃខ្លួនឯង
គឺនឹងធ្វើឱ្យយើងចេះរកវិធីមិនធ្វើឱ្យជីវិតខ្លួនឯងថោកទាប។ ស្រឡាញ់ខ្លួន
ឱ្យស្ងួនចំណី ហើយបើស្រឡាញ់ជីវិតនេះ ឬបើយល់ថាជីវិតយើងនេះមានតម្លៃ
គឺត្រូវចេះប្រឹងកសាងខ្លួនឱ្យរីកចម្រើន។ អ្នកខ្ចិល អ្នកដែលមិនប្រឹង
គឺស្មើនឹងមើលងាយខ្លួនឯង។
យើងអាចដឹងថាមនុស្សម្នាក់ឱ្យតម្លៃខ្លួនឯងតិចឬច្រើន
គឺអាស្រ័យទៅលើការប្រឹងប្រែងនេះឯង៕
good
ReplyDeletegood
ReplyDelete