Wednesday, January 15, 2020

រស់តាមរបៀបយើង



មនុស្សដែលទុកប្រអប់មាត់អ្នកដទៃជារបស់សំខាន់ គេនឹងបាត់បង់សេរីភាពខ្លួនឯងមនុស្សដែលទុកការយល់ឃើញរបស់អ្នកដទៃមកលើខ្លួនឯងជារបស់សំខាន់ គឺជាមនុស្សដែលរត់តាមបបូរមាត់អ្នកដទៃ ។ ដរាបណាយើងនៅតែមិនស្គាល់ខ្លួនឯង យើងនៅតែរស់ក្នុងផ្នត់គំនិតអ្នកដទៃរហូត រត់បបូរមាត់គេរហូត ។

ជីវិតគឺជារបស់យើង យើងចង់ធ្វើអីជាសិទ្ធិយើង កុំឱ្យតែប៉ះពាល់ប្រយោជន៍អ្នកដទៃ វាគ្រប់គ្រាន់ពេកហើយសម្រាប់ភាពជាមនុស្សល្អម្នាក់ ។ ការយកចិត្តទុកដាក់ ការខ្វល់ខ្វាយពីការគិតរបស់អ្នកដទៃច្រើនពេក វាបានត្រឹមតែធ្វើឱ្យយើងហត់នឿយឥតអំពើទៅវិញទេ ។

វាពិតជាល្អណាស់ ការដែលយើងចេះស្ដាប់អ្នកដទៃ ហើយវារឹតតែល្អបំផុតនៅពេលនរណាម្នាក់និយាយចង់ឱ្យយើងល្អ ប៉ុន្ដែរាល់សម្ដីដែលយើងរើសយកមកគិត យើងត្រូវចេះថ្លឹងថ្លែង ដ្បិតសម្ដីខ្លះគឺចង់តែប៉ែងជើងរបស់យើងប៉ុណ្ណោះ ។

ស្គាល់ខ្លួនឯងឱ្យច្បាស់ ថាយើងជាមនុស្សបែបណា ។ ប្រើការគិតឱ្យបានត្រឹមត្រូវ ថាសម្ដីបែបណាដែលគួរតែរើសយក ហើយសម្ដីបែបណាដែលគួរតែបំភ្លេចចោល ។ នៅពេលដែលយើងស្គាល់ខ្លួនឯងច្បាស់ នោះយើងនឹងលែងវង្វេងនឹងការយល់ឃើញរបស់អ្នកដទៃទៀតហើយ ។ កុំរស់ក្នុងប្រអប់មាត់គេ ចូររស់ក្នុងសេរីភាពខ្លួនឯង ។ កុំខ្វល់ពីការវាយតម្លៃ ចូររស់ក្នុងរង្វង់នៃភាពត្រឹមត្រូវ ៕

_____________________

Cr. ប្រាជ្ញាជីវិត


No comments:

Post a Comment