យើងមិនពិបាកទេ
បើសិនជាចង់ដឹងអំពីបញ្ហានៃការធ្លាក់ចុះផ្នែកតម្លៃសីលធម៌ក្នុងសង្គម ។
ក្នុងចំណោមអ្នករត់ម៉ូតូឌុប នៅតាមតូបកាហ្វេឆុងក្នុងស្រោមជើង ឬ នៅក្នុងផ្សារលក់ត្រី
ក៏មានអ្នកនិយាយអំពីរឿងនេះដែរ ។ ប្រសិនបើយើងចង់ដឹង
គេនឹងនិយាយប្រាប់យើងតាំងពីផ្នែកទទួលខុសត្រូវខ្ពស់បំផុត
រហូតដល់អ្នកតូចតាចនៅក្នុងសង្គម ដោយគេនឹងបង្ហាញអំពីបញ្ហានានា
ដែលទទួលរងឥទ្ធិពលពីការធ្លាក់ចុះនេះ ។
តើយើងអាចដឹងពីការធ្លាក់ចុះនៃតម្លៃសីលធម៌ដោយវិធីណា
បើអ្នកវិទ្យាសាស្ត្រមិនទាន់មានសមត្ថភាពបង្កើតឧបករណ៍សម្រាប់វាស់វែងវាផង? បើតាមលោក
ស៊ីវ ខេរ៉ា (Shiv Khera) នៅពេលដែលខ្នាតគំរូនៃសីលធម៌ពុំមានដូច្នេះ
មានជម្រើសពីរសម្រាប់យើងដើម្បីធ្វើការជ្រើសរើស ។ ទី១
គឺយើងត្រូវបង្កើនការខិតខំប្រឹងប្រែងដើម្បីចួបនូវកម្រិតខ្នាតគំរូថ្នាក់ខ្ពស់នៃសីលធម៌
។ ទី២ យើងទម្លាក់ ឬ បន្ទាបនូវតម្លៃសីលធម៌របស់ខ្លួនចុះ ។
ជ្រើសរើសបែបណា គឺយើងជាអ្នកសម្រេចចិត្តដោយខ្លួនឯង ។
ជាធម្មតាយើងច្រើនតែចួបជុំគ្នា
គ្រាន់តែដើម្បីនិយាយអំពីបញ្ហានានានៅក្នុងសង្គម
ដែលលទ្ធផលរបស់វាបានត្រឹមតែធ្វើឱ្យឆន្ទៈរបស់យើងចុះស្គមប៉ុណ្ណោះ ។ ដើម្បីដឹងពីបញ្ហានៅក្នុងសង្គមមិនជាលំបាកទេ
តែការស្វែងរកដំណោះស្រាយ ទើបជារឿងលំបាកពិតប្រាកដ ។ បើចង់ឱ្យសង្គមមួយមានបញ្ហា
គឺជាការងាយណាស់ តែបើចង់ឱ្យសង្គមមានសណ្តាប់ធ្នាប់
ទាមទារឱ្យមានការគិតគូរថ្នាក់ខ្ពស់បំផុត ។
ជំងឺពេលដែលនៅតូច
យើងពិបាកសម្គាល់ថាជាជំងឺអ្វី តែនៅពេលវាធំ យើងនឹងដឹងបានដោយងាយ ។ នៅក្នុងសង្គម
ប្រសិនបើនរណាក៏អាចមើលឃើញពីបញ្ហា វាមិនខុសពីមនុស្សម្នាក់ដែលឈឺធ្ងន់ និង
ដែលនរណាក៏អាចដឹងថាវាជាជំងឺអ្វី ។ ដូច្នេះ ឥរិយាបថដែលយើងគួរផ្លាស់ប្តូរ
គឺប្តូរពីការនិយាយតែបញ្ហា មកជាការពិភាក្សាស្វែងរកដំណោះស្រាយ និង
រៀនធ្វើការងាររួមគ្នា ។ ឥរិយាបថខ្លះ មិនត្រឹមតែពុំបានដោះស្រាយបញ្ហានៅក្នុងសង្គមទេ
វាមានតែភាពធ្ងន់ធ្ងរជាងមុនទៅទៀត ។
ជាយុវជនម្នាក់ យើងគួរតែសួរខ្លួនឯងថា
តើខ្ញុំកំពុងតែនៅក្នុងផ្នែកនៃដំណោះស្រាយ ឬ ផ្នែកនៃបញ្ហាក្នុងសង្គម? បើជាផ្នែកនៃបញ្ហា
គឺត្រូវបង្កើនការខិតខំប្រឹងប្រែងដើម្បីស្រោចស្រង់ខ្លួនឯងជាប្រញាប់ ។ បើចង់ជួយសង្គម
ក៏ត្រូវចេះជួយខ្លួនឯងដែរ ។ បើតម្លៃសីលធម៌នៅក្នុងសង្គមធ្លាក់ចុះ
យើងត្រូវធ្វើខ្លួនឯងឱ្យក្លាយជាមនុស្សមានសីលធម៌ ។ បើសង្គមខ្វះធនធានមនុស្ស
ត្រូវខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ ។ សង្គមអាចលូតលាស់ទៅបាន
អាស្រ័យដោយយុវជនជាសសរទ្រូងនេះឯង ។
____
No comments:
Post a Comment