Monday, December 2, 2019

ការគោរពខ្លួនឯង



មនុស្សយើងសុទ្ធតែមានតម្លៃដូចៗគ្នា មិន​ថា​តម្លៃនៃការរស់នៅ តម្លៃនៃសមត្ថភាព តម្លៃនៃការប្រឹងប្រែង និងតម្លៃពិសេសផ្សេងៗទៀត។ ប៉ុន្តែមានអ្នកខ្លះ ជាពិសេសមនុស្សដែលវង្វេងមិនស្គាល់ខ្លួនឯង គឺតែងយល់ថាខ្លួនគ្មានតម្លៃ និងជាមនុស្សឥតបានការណ៍។ ពេលខ្លួនឯងធ្វើខុសបន្តិច ក៏យល់ថាខ្លួនឯងអន់ទៅហើយ ឬពេលណាខ្លួនឯងធ្វើរឿងអស្ចារ្យបន្តិច ក៏យល់ថាខ្លួនឯងពូកែលើសអ្នកដទៃ រហូតដល់មាន​ចិត្តអំនួត។ ជីវិតដែលស្គាល់ខ្លួនឯងច្បាស់​ ត្រូវរស់នៅដោយភាពនឹងន ឧបេក្ខា ខន្តី កណ្តាលនិយម។ តើហេតុអ្វីត្រូវរស់នៅក្នុងជីវិតបែបនេះ?

មនុស្សដែលចេះគោរពខ្លួនឯង ភាគច្រើនគឺអ្នកដែលស្គាល់តម្លៃនៃខ្លួនឯង មិនរស់នៅក្រោមឥទ្ធិពលអ្នកដទៃ មិនរស់នៅប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ និងមិនធូររលុងចំពោះខ្លួនឯង។ មនុស្សគ្រប់គ្នាមានតម្លៃដូចៗគ្នា តែខុសត្រង់ថាយើងមិនទាន់ចេះឱ្យតម្លៃខ្លួនឯងប៉ុណ្ណោះ។ អ្នកខ្លះយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃដែលល្អជាងខ្លួន។ ការប្រៀបធៀបបែបនេះ គ្មានបានប្រយោជន៍អ្វី ក្រៅតែពីធ្វើឱ្យខ្លួនឯងអន់ប៉ុណ្ណោះ។ អ្នកខ្លះយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃដែលអន់ជាងខ្លួន។ ការប្រៀបធៀបបែបនេះ គ្មានបានប្រយោជន៍អ្វី ក្រៅតែពីធ្វើឱ្យខ្លួនឯងមានអំនួតប៉ុណ្ណោះ។ អ្នកខ្លះយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដែលប្រហាក់ប្រហែលខ្លួន។ ការប្រៀបធៀបបែបនេះ គ្មានបានប្រយោជន៍អ្វី ក្រៅតែពីធ្វើឱ្យខ្លួនឯងលែងប្រឹងប្រែងប៉ុណ្ណោះ។

នេះជាការប្រកាន់ខ្លួនមួយដែលយើងតែងតែហៅថា អស្មិមានះ។ អស្មិមានះជាឫសគល់នៃសេចក្តីវិនាសអន្តរាយ។ អស្មិមានះមាន ៣យ៉ាងដោយសង្ខេប៖ ១. ប្រកាន់ថាអញខ្លាំងជាងគេ គ្មានអ្នកណាដល់អញទេ រហូតធ្វើឱ្យខ្លួនឯងស្ថិតក្នុងសភាពនៃចិត្តអំនួត។ ចិត្តអំនួតធ្វើឱ្យមនុស្សមានមោទកភាពជ្រុលដាច់បង្ហៀរ រហូតដល់លែងប្រឹងប្រែង។ ២. ប្រកាន់ថាអញនិងគេ ដូចតែគ្នា រហូតធ្វើឱ្យខ្លួនឯងលែងប្រឹង។ បើលែងប្រឹង គឺពុំអាចធ្វើឱ្យយើងរីកចម្រើនបានទេ។ ៣. ប្រកាន់ថាខ្លួនអញថយថោក អាប់អន់ ទន់ខ្សោយជាងគេ មិនដល់នឹងគេ រហូតធ្វើឱ្យខ្លួនឯងអស់សង្ឃឹម លែងមានកម្លាំងចិត្តប្រឹងប្រែងទៅមុខ​​ទៀត។

មនុស្សដែលចេះគោរពខ្លួនឯង គឺមិនគិតអ៊ីចឹង​ឡើយ តែយើងត្រូវគិតថា ការប្រឹងប្រែងតក់ៗ មួយតំណក់ៗ វានឹងធ្វើឱ្យយើងរីកចម្រើនជាលំដាប់។ បុរាណខ្មែរលោកតែងពោលថា តក់ៗពេញបំពង់ សន្សឹមៗកុំបំបោល។ យើងត្រូវរស់នៅក្នុងជីវិតដែល​ចេះ​ប្រឹងប្រែង ចេះគោរពខ្លួនឯង អត់ធ្មត់ តក់ៗតែកុំតក់ក្រហល់ពេក។ បរមគ្រូខុង ជឺ ពោលថា បុគ្គលដែលគោរពខ្លួនឯង គឺមិនត្រូវធូរ​រលុង​ចំពោះ​ខ្លួនឯងពេកទេ តែត្រូវមានចិត្តទូលាយ និងស្រឡាញ់ខ្លួនឯងឱ្យត្រូវផ្លូវ។ ការស្គាល់តម្លៃខ្លួនឯង គឺនឹងធ្វើឱ្យយើងចេះឱ្យតម្លៃខ្លួនឯង។ ការឱ្យតម្លៃខ្លួន​ឯង គឺនឹងធ្វើឱ្យយើងចេះរកវិធីមិនធ្វើឱ្យជីវិតខ្លួនឯងថោកទាប។ ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី ហើយបើស្រឡាញ់ជីវិត​នេះ ឬបើយល់ថាជីវិតយើងតម្លៃ គឺត្រូវចេះប្រឹងកសាងខ្លួនឱ្យរីកចម្រើន។ អ្នកខ្ចិល អ្នកដែលមិនប្រឹង គឺស្មើនឹងមើលងាយខ្លួនឯង។ យើង​អាច​ដឹង​ថា​មនុស្សម្នាក់​ឱ្យ​តម្លៃ​ខ្លួនឯង​តិច​ឬ​ច្រើន​ ​គឺ​អាស្រ័យ​ទៅលើ​ការ​ប្រឹង​​ប្រែង​នេះឯង​៕

1 comment: