Thursday, December 5, 2019

ឆ្កួតជើងក្រាន



មនុស្សណាក៏ដោយ ឱ្យតែមានចរិតជាអ្នកល្បែង តែងតែចាញ់។ ពាក្យចាស់បុរាណលោកប្រដៅថា “[...] ឆ្កួតបី ឆ្កួតមួយនឹងស្រី ឆ្កួតមួយនឹងស្រា ឆ្កួតមួយនឹងល្បែង សម្រាប់យុវវ័យ ឆ្កួតនឹងប្រុស អស់ព្រហ្មចារីយ៍, ឆ្កួតនឹងស្រី ខ្លីវិជ្ជា, ឆ្កួតនឹងល្បែង តែងវិនាស។ អំពើពាលាទាំងនេះ ចាស់លោកថា ឆ្កួតជើងក្រាន

មនុស្សធម្មតា បើឆ្កួតវង្វេងនឹងរឿងទាំងអស់នេះ បើស្លាប់ ស្លាប់តែម្នាក់ឯងទេ។ ប៉ុន្តែចំពោះមេដឹកនាំវិញ បើឆ្កួតជើងក្រាននេះហើយ គឺតែងនាំទុក្ខវេទនាដល់ប្រជារាស្រ្តមួយនគរ។ មេដឹកនាំ បើបណ្តោយខ្លួនឱ្យដូចមហាជនធម្មតាពុំបានឡើយ ដ្បិតវាសនាសង្គមទាំងមូលស្ថិតនៅក្នុងដៃខ្លួន។

តាមប្រវត្តិសាស្រ្ត មានមេដឹកនាំខ្លះឆ្កួតយសពេក រហូតដល់ភ្លេចគិតប្រយោជន៍រួម, មានមេដឹកនាំខ្លះ ឆ្កួតស្រី រហូតដល់វង្វេងស្មារតី លែងគិតប្រយោជន៍រាស្រ្ត, មានមេដឹកនាំខ្លះ ឆ្កួតនឹងល្បែង រហូតដល់ជិតអស់សង្គម, មានមេដឹកនាំខ្លះទៀត ឆ្កួតនឹងអំណាច រហូតដល់លែងគិតប្រយោជន៍រាស្រ្ត។ល។ ទ្រឹស្តីយុទ្ធសាស្រ្តលើកឡើងថា កុំដើរចូលក្នុងសមរភូមិដែលសត្រូវបានរៀបចំទុក។ នៅក្នុងទេវកថារឿង មហាភារតៈយើងបានឃើញបញ្ហានៃការបាត់បង់នគរ (ភ្នាល់ដាក់នគរ និងភ្នាល់ដាក់ស្រី) ដោយសារទី១ គឺស្រី និងទី២ គឺល្បែង...។ មេដឹកនាំពិតប្រាកដ កុំថាឡើយដល់លេងល្បែង ឬសូម្បីតែរបាំរាំរែក ក៏ពុំអាចយកភ្នែកមើលបានឡើយ៕

___
Cr. ប្រតិទិនទស្សនៈ ២២២ថ្ងៃត្រង់ជំពូក៣, ទំព័រទី២៨៥ - ២៨៦
រូបភាព៖ www.google.com

No comments:

Post a Comment