Wednesday, December 4, 2019

អានចំណេញឬអានខាត?



អ្នកចំណាយលុយលើសៀវភៅដែលចំណេញ គឺទិញមកហើយ ត្រូវតែអាន។ អ្នកដែលចំណេញពេលវេលាលើការអានសៀវភៅ គឺអានហើយ ត្រូវតែចេះ។ អ្នកដែលចំណេញលើចំណេះពីសៀវភៅ គឺចេះហើយ ត្រូវតែយកមកអនុវត្តជាក់ស្តែង។ អ្នកដែលចំណេញលើការអនុវត្តជាក់ស្តែង គឺអនុវត្តហើយ ត្រូវតែទទួលបានលទ្ធផលល្អ។ អ្នកដែលល្អពិតប្រាកដ គឺទទួលជោគជ័យ តែគ្មានចិត្តអំនួត។ ចុះខាងអ្នកណាដែលជាអ្នកខាតលើការអានសៀវភៅ?

អ្នកទិញសៀវភៅ ហើយមិនអាន គឺជាការខាតបង់លើការវិនិយោគលុយ។ អ្នកអានហើយមិនយល់ គឺជាការខាតបង់ពេលវេលា។ អ្នកយល់ហើយ តែមិនព្រមធ្វើតាមអ្វីដែលត្រូវធ្វើ គឺជាការខាតបង់គំនិតល្អ។ អ្នកដែលធ្វើហើយ តែមិនបានផលល្អ គឺជាការខាតបង់សកម្មភាព។ អ្នកធ្វើបានល្អហើយ តែមានចិត្តអំនួត គឺជាការខាតបង់ចរិតលក្ខណៈល្អ។ បើបាត់បង់ចរិតលក្ខណៈល្អហើយ គឺស្មើនឹងការខាតបង់អ្វីៗស្ទើរតែទាំងអស់នៃជីវិត។

កូនអ្នកមានខ្លះ អានសៀវភៅតាមតែចិត្តចង់ និងតាមតែការចូលចិត្ត។ អ៊ីចឹងហើយ ទើបបានជាកូនអ្នកមានខ្លះចាស់ហើយ តែនៅតែក្មេងខ្ចី។ កូនអ្នកមានខ្លះ អានសៀវភៅរកតែសប្បាយៗ មិនខ្វល់ខ្វាយអ្វីៗទាំងអស់។ អ៊ីចឹងហើយ ទើបបានជាកូនអ្នកមានខ្លះ ខ្វះរសជាតិជីវិត ស្គាល់ត្រឹមតែសុខៗរហូត។ ការរស់នៅក្នុងជីវិតជាមនុស្សនេះ ការបានភ្លក្សគ្រប់រសជាតិនៃជីវិត គឺជារឿងដ៏សំខាន់មានន័យបំផុត។ កូនអ្នកក្រ គឺត្រូវបែងចែកឱ្យដាច់រវាងសៀវភៅដែលខ្លួនចូលចិត្ត និងសៀវភៅដែលខ្លួនត្រូវតែអាន។ តើយើងមានលុយប៉ុន្មានដើម្បីទិញសៀវភៅដែលខ្លួនចូលចិត្ត? លុយតិច ចំណាយឱ្យត្រូវ គឺនឹងទទួលផលច្រើន ប្រៀបដូចជាអ្នករៀនតិច តែចេះច្រើន។

ខ្ញុំលើកឡើងបែបនេះ គឺសម្រាប់តែស្ថានភាពកូន​អ្នក​ស្រែ​កសិករប៉ុណ្ណោះ។ សម្រាប់អ្នកមានលុយច្រើន ជីវភាព​ខ្ពស់ បើ​ចង់រស់នៅបែបណាក៏បានដែរ។ ប៉ុន្តែសម្រាប់កូនអ្នកស្រែ បើបណ្តែតបណ្តោយខ្លួនឱ្យដូចកូនអ្នកមាន គឺប្រាកដជាធ្លាក់ជ្រោះហើយ។ ពាក្យខ្មែរពោលប្រដៅទុកថា ឃើញដំរីជុះ កុំជុះតាមដំរី។ កុំ​អាន​សៀវភៅ​តាមតែ​ចិត្ត​ចង់​ ​តាមតែ​តណ្ហា​ ​តែ​ត្រូវ​អាន​សៀវភៅ​ណា​​ដែល​ត្រូវ​អាន​ ​មានប្រយោជន៍​ត្រូវ​អាន​ ​ដ្បិត​លុយ១ម៉ឺន​​រៀល​ ​ឬ២ម៉ឺន​រៀល​ ​ឬ៤ម៉ឺន​​រៀល ​គឺ​មិនមែន​តិច​ទេ​ ​ហើយក៏​មិន​ច្រើន​ប៉ុន្មាន​ដែរ​ ​តែ​សំខាន់​មើល​មក​ស្ថានភាព​ជីវភាព​គ្រួសារ​ខ្លួនឯង​ឱ្យ​បាន​ច្បាស់​ថា ​តើ​គ្រួសារ​ខ្ញុំ​ឬ​ខ្ញុំ​ ​គឺជា​អ្នកមាន​ ​ឬ​អ្នកក្រ​៕

No comments:

Post a Comment