មានអ្នកខ្លះចេះដឹងបន្ដិច
ក៏មានចរិតតួឯក ។ មានអ្នកខ្លះទៀត ចេះភាសាបរទេសបន្ដិច លែងខ្វល់ភាសាជាតិ ។
មានអ្នកខ្លះ ខ្ពស់មុខខ្ពស់មាត់បន្ដិច ក៏មើលលែងឃើញតម្លៃអ្នកដទៃ ។
ហើយមានមនុស្សច្រើនទៀត គ្រាន់តែបានល្បីបន្ដិច ក៏តែងតាំងខ្លួនឯងជាមនុស្សអស្ចារ្យ ។
មានបញ្ញវន្ដជាច្រើនបានដុះរាលដាលក្នុងសង្គម
ហើយបញ្ញវន្ដមួយចំនួនតែងនិយាយមិនដាច់ពីមាត់ថា " ខំដើម្បីសង្គម "
តែជាក់ស្ដែងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ។ មានអ្នកស្នេហាជាតិជាច្រើន ដែលប្រាប់ថាស្រឡាញ់មាតុភូមិ
តែជាក់ស្ដែងធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ។ មានមនុស្សពូកែទ្រឹស្ដីជាច្រើន
បញ្ចេញមតិពីវិបត្តិសង្គម តែជាក់ស្ដែងគ្មានការអនុវត្ត ។ ហើយរឿងមួយដែលរឹតតែគួរឲ្យស្អប់ទៀតនោះ
គឺអ្នករៀនសូត្រដែលតាំងខ្លួនឯងជាមនុស្សមានឧត្តមគតិខ្ពង់ខ្ពស់
តែគ្មានស្មារតីរួបរួមពិតប្រាកដ ។ ព្រោះតែជនទាំងនោះ ជាអ្នកស្នេហាសង្គមក្លែងក្លាយ ។
ខ្ញុំធ្លាប់ដាក់ខ្លួនទាប
ដើម្បីស្គាល់មនុស្សក្នុងសង្គម តែមនុស្សវិជ្ជមានមួយចំនួនដែលខ្ញុំបានស្គាល់
យូរៗក៏ក្លាយជាមនុស្សប្រយោជន៍និយម ឬមនុស្សមុខមាត់និយមទៅវិញ ។
ប្រហែលជាមកពីខ្ញុំបន្ទាបខ្លួនពេក ទើបខ្ញុំក្លាយជាមនុស្សគ្មានតម្លៃ ។
ហើយក៏ប្រហែលជាគេវាយឫកពេក ទើបតម្លៃរបស់គេត្រូវធ្លាក់ចុះ ក្នុងក្រសែភ្នែកខ្ញុំ ។
អាចមកពីខ្ញុំឲ្យតម្លៃគេពេក ទើបគេហ៊ានតម្កើងឫក ។ អាចមកពីគេមានចរិតតួឯកខ្លាំងពេក
ទើបធ្វើឲ្យសម្បជញ្ញៈរបស់គេមើលមិនឃើញតម្លៃអ្នកដទៃ ។
អាចមកពីគេគិតថាខ្ញុំជាមនុស្សងាយស្រួល ទើបគេមិនយល់ពីតម្លៃរបស់ខ្ញុំ ។
អាចមកពីខ្ញុំមិនមែនបក្ខពួកគេ ទើបគេចាត់ទុកខ្ញុំជាមនុស្សល្ងើ
កខ្វក់មិនគួរឲ្យចាប់អារម្មណ៍ ឬមានមោទកភាពលើខ្លួនឯងជ្រុលពេក ទើបខួរក្បលរបស់គេ
ត្រូវបំពាក់មកុដតួឯក ។ គិតៗទៅ មនុស្សយើងស្រឡាញ់ពាក្យលើកតម្កើងជាងឧត្ដមគិត ។
គិតៗទៅមនុស្សមានគំនិតអាត្មានិយមជាងប្រយោជន៍រួម ។
គិតៗទៅមនុស្សស្រឡាញ់ប្រយោជន៍ផ្ទាល់ខ្លួន ជាងស្មារតីសាមគ្គី ។
ចរិតអញនិយម
វាជ្រាបចូលសម្បជញ្ញៈមនុស្សខួរស្រាលមួយចំនូន ។ ហើយវាក៏បានក្លាយជាវប្បធម៌អញនិយម ។
អ្នកខ្លះឲ្យតែអញល្បី ឲ្យតែអញបានប្រយោជន៍ ឲ្យតែអញខ្ពង់ខ្ពស់ ឲ្យតែអញបានសុខ
ឬឲ្យតែអញលើសគេ អញមិនខ្វល់អ្នកណាទាំងអស់ ។ ប្រសិនបើលុបបំបាត់ជំងឺអញមិនបានទេ
នោះជាតិនិងសង្គម គ្មានថ្ងៃស្គាល់ភាពរួបរួមពិតប្រាកដឡើយ ៕
____________________________
ខ្ញុំប្រើពាក្យ
"មួយចំនួន" ពុំសំដៅលើមនុស្សគ្រប់គ្នានោះទេ ។
Cr. Sun
Veasna
No comments:
Post a Comment