Friday, January 17, 2020

ត្រូវយល់អ្វីខ្លះមុនអានសៀវភៅសាសនា?



សាសនា គឺជាអាហារផ្លូវចិត្តរបស់មនុស្ស ប្រៀបដូចជានយោបាយ គឺជាអាហារផ្លូវកាយរបស់ប្រជាជនក្នុងសង្គម។ មនុស្សខ្លះនិយាយថាខ្លួនគ្មានសាសនាទេ។ អ្នកខ្លះទៀតមានជំនឿលើសាសនានេះ ឬសាសនានោះ។ នៅលើលោកនេះ គ្មាននរណាម្នាក់ដែលអាចរស់នៅបានដោយឥតសាសនាទេ ដ្បិតសាសនាមានន័យថា សេចក្តីល្អក្នុងចិត្ត។ អ្នកដែលគ្មានសេចក្តីល្អនៅក្នុងចិត្ត បើទោះបីជាមានសាសនា ក៏ហៅថាគ្មានដែរ។ ឱ្យតែមនុស្សបាត់បង់មនោសញ្ចេតនានៃសេចក្តីល្អហើយ គឺមនុស្សយើងនឹងក្លាយទៅជាឆ្កែចចកចំពោះមនុស្សដូចគ្នាភ្លាម។ ក្នុងពិភពលោក ខ្ញុំអាចនិយាយបានថា ចំនួនមនុស្សមានច្រើនប៉ុនណា មានចំនួននិកាយសាសនា ក៏មានចំនួនច្រើនយ៉ាងនោះដែរ។ ហេតុអ្វីក្នុងនាមជាយើងជាអ្នកអានត្រូវយល់ដឹងពីរឿងសាសនា?

នៅក្នុងគម្ពីរបុរាណ វេទាន្ត - Vedanta” របស់ឥណ្ឌាដែលគម្ពីរនេះជាស្នូលនៃសាសនា បានលើកឡើងពីទំនាស់សាសនាក្នុងនាមជាសាសនិក (អ្នកកាន់សាសនា) ថា បើព្រះពុទ្ធ ព្រះវិស្ណុ ព្រះអាឡោះ ព្រះយេស៊ូ និងព្រះធំៗដែលបានបង្កើតសាសនា អង្គុយជជែកគ្នាក្នុងបន្ទប់មួយអំពីបញ្ហាសន្តិភាព គឺយើងនឹងមិនឃើញទំនាស់ទាស់ទែងគ្នាឡើយប៉ុន្តែបើឱ្យមេសាសនាធំៗ ឬមេនិកាយសាសនាធំៗដែលជាមនុស្ស មកអង្គុយជជែកគ្នាពីគោលជំនឿសាសនា គឺបុគ្គលជាមេសាសនានឹងអាចឈ្លោះទាស់ទែងគ្នា ប្រកាន់បក្សពួកចំពោះគ្នា និងបែកបាក់សាមគ្គីជាមិនខាន នេះជាឥរិយបថរបស់មនុស្សជាតិ។ ដូច្នេះហើយ ទើបបានជាស្ទើរតែគ្រប់សាសនា មានការបែកបាក់និកាយ មិនថាជាសាសនាព្រះពុទ្ធ ក៏មានការបែកបាក់ទាស់ទែងគ្នាដែរ (ហីនយាន និងមហាយាន)។ ការបែកបាក់និកាយ គឺស្មើនឹងបំបែកអំណាចដែលគ្មានការអនុញ្ញាតិពីព្រះក្នុងសាសនាធំៗឡើយ។ ចិត្តមនុស្សខុសពីចិត្តព្រះ

នេះជាមូលហេតុដែលយើងជាអ្នកអានសៀវភៅសាសនាត្រូវតែយល់ និងជាពិសេសអំណានសៀវភៅសាសនាក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ ចង់យល់ដឹងពីទស្សនៈ ឬគោលជំនឿដែលសាសនានីមួយៗប្រតិបត្តិ។ ជាទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា គ្រប់សាសនាទាំងអស់សុទ្ធតែមានលក្ខណៈគោលជំនឿពិសេសៗដោយឡែកពីគ្នា។ ចំពោះអ្នកខ្លះយល់ថា សាសនានេះល្អជាងសាសនានោះ ឬសាសនានោះល្អជាងសាសនានេះ។ ការយល់បែបនេះមិនខុស ក៏មិនត្រឹមត្រូវដែរ។ គ្មានសាសនាណាដែលក្តោបយកសច្ចភាពតែម្នាក់ឯងបានទេ។ តួយ៉ាងដូចជាព្រះពុទ្ធសាសនារកឃើញច្បាប់កម្មផល ច្បាប់ហេតុផល....។ រីចំពោះសាសនាគ្រិស្ទរកឃើញច្បាប់នៃសេចក្តីស្រឡាញ់។ មានសាសនាជាច្រើនផ្សេងៗទៀតបានរកឃើញច្បាប់សច្ចភាពផ្សេងៗដែលមាននៅក្នុងធម្មជាតិដោយឡែកពីគ្នា។ ច្បាប់ទាំងនេះ គឺជាសុទ្ធតែជាសច្ចភាពដែលមានក្នុងធម្មជាតិ។ តើសច្ចភាពក្នុងន័យនេះ ខ្ញុំចង់សំដៅទៅលើអ្វី?

មានព្រះពុទ្ធក្តី ឬគ្មានព្រះពុទ្ធក្តី ច្បាប់កម្មផល ឬច្បាប់ហេតុផល គឺនៅតែមាននៅក្នុងធម្មជាតិ។ មានព្រះយេស៊ូក្តី ឬគ្មានព្រះយេស៊ូក្តី ក៏ច្បាប់នៃសេចក្តីស្រឡាញ់នៅតែមាននៅក្នុងធម្មជាតិ និងដំណើរការក្នុងធម្មជាតិជាប្រក្រតី។ លើសពីនេះមាន មានកាលីឡេ (Galileo Galilei) ក្តី ឬគ្មានកាលីឡេក្តី ក៏ព្រះផែនដីនៅតែវិលជុំវិញព្រះអាទិត្យ។ មានអៃសាក់ ញូវតុន (Isaac Newton) ក្តី ឬគ្មានអៃសាក់ ញូវតុនក្តី ក៏ច្បាប់ទំនាញផែនដីនៅតែមាន។ មានសាសនា និងអ្នកប្រាជ្ញវិទ្យាសាស្រ្តជាច្រើនទៀតដែលបានរកឃើញ (មិនមែនបង្កើត) ច្បាប់ធម្មជាតិ ដែលហៅថា សច្ចភាពដែលគ្មានបុគ្គលណាម្នាក់អាចឱបក្រសោបយកម្នាក់ឯងបានឡើយ។ បើយើងមានជំនឿលើសាសនាណាមួយ គឺសូមធ្វើជាមនុស្សដែលជីកអណ្តូងសាសនារបស់ខ្លួនឱ្យបានជ្រៅនិងចេញទឹកអាចបរិភោគបាន (ប្រតិបត្តិ)។ នេះមានន័យថា អ្នកខ្លះរៀនទ្រឹស្តីសាសនាខ្លះបានតិចតួច ក៏កើតចិត្តប្រមាថលើសាសនាដទៃ។ នេះមានន័យថាយើងរៀនបានតិច តែចូលចិត្តប្រមាថ។ អ្នកដែលសិក្សាបានច្រើន តែងមិនប្រមាថទេ រីឯអ្នកដែលប្រមាថ គឺច្រើនតែបុគ្គលអវិជ្ជាក្នុងរឿងណាមួយ (ទោះបីជាទស្សនវិទូក៏ដោយ)។ តើទស្សនវិទូណាដែលប្រមាថថាគ្មានអត្ថិភាពរបស់ព្រះ?

ទស្សនវិទូអាល្លឺម៉ង់ ហ្វ្រីឌ្រិច និហ្សឺ (Friedrich Nietzsche) បានសួរទៅសម្តេចប៉ាបក្នុងវិហារថា បើសិនជាមានព្រះជាម្ចាស់ពិតមែន សូមឱ្យព្រះរបស់អ្នកធ្វើអភិនិហារឱ្យនាឡិកានៅលើជញ្ជាំងនេះឈប់ដើរ នេះជាការប្រមាថរបស់និហ្សឺទៅលើអត្ថិភាពរបស់ព្រះក្នុងសាសនាគ្រិស្ទ។ នេះជាពិភពទស្សវិជ្ជាដែលទស្សនវិទូខ្លះជាបុគ្គលស្ថិតក្នុងពិភពគំនិត ដែលពាល់មិនដល់ពិភពចិត្ត ពិភពព្រលឹងក្នុងកាយ និងពិភពអរូបិយ។ ខ្ញុំប្រើពាក្យអរូបិយ គឺចង់មានន័យថា អ្វីៗដែលមិនអាចមើលឃើញដោយភ្នែក។ អ្វីដែលភ្នែកមើលមិនឃើញ គឺជាពិភពព្រលឹង ឬពិភពចិត្ត។ ទ្រឹស្តីពុទ្ធនិយមបកស្រាយបានល្អបំផុតស្តីពីធាតុនាម (វិញ្ញាណ) និងរូប (កាយ)។ ពិភពវិញ្ញាណគ្មានសាសនាណាជាអ្នកបង្កើតទេ តែវាសច្ចភាពដែលមានក្នុងធម្មជាតិ។ ខ្ញុំចាត់ទុកខ្លួនឯងជាមនុស្សម្នាក់ដែលរស់នៅជាមួយនិងពិភពគំនិតនេះច្រើន តែខ្ញុំក៏បានដើរហួសផុតពិភពគំនិតនេះ រហូតដល់ពិភពអរូបិយដែរ។ ចំណេះដឹងទាំងនេះ ទោះបីមានអ្នកខ្លះរៀនបានខ្ពស់ សញ្ញាបត្រច្រើន ក៏មិនប្រាកដថានឹងបានជួបដោយផ្ទាល់ដែរ។ អ្នកខ្លះវិញ លុះដល់ស្លាប់ទៅវិញ ក៏គ្មានសូម្បីតែឱកាសបានពាល់សច្ចភាពដែលភ្នែកមើលមិនឃើញនេះដែរ។

នេះជាទស្សនៈស្នូលជាមូលដ្ឋានក្នុងជម្រៅសាសនាដ៏ច្រើន ដែលយើងគួរមានគ្រឹះ មុននឹងអានសៀវភៅសាសនា។ សាសនាខ្លះ ប្រៀបដូចជាមនោគមវិជ្ជាពង្វក់មនុស្សឱ្យស្ថិតក្នុងជំនឿងងឹតងងុល និងប្រើប្រាស់តឹកតាងហេតុផលតក្កវិជ្ជានាំបញ្ញាមនុស្សស្លាប់ផងក៏មាន។ ជំនឿសម្លាប់បញ្ញា។ កាលណាគេនិយាយពីពាក្យថា ជំនឿគឺមានន័យថាការជឿក្នុងថ្នាក់ប្រាជ្ញាឈ្លាសវៃខួរក្បាល ឬជាភាសាអង់គ្លេសថា “Believe”។ ពាក្យថា “Believe” នេះ គឺជាជំនឿដែលសំដៅទៅលើការជឿអ្វីមួយដោយយោងទៅតាមថ្នាក់ហេតុផល។ Believe វាខុសពី “Touch” ហើយពាក្យនេះប្រែថា ពាល់ក្នុងថ្នាក់អារម្មណ៍ ឬចិត្តដែលនិយាយអំពីការពាល់ក្នុងកម្រិតចិត្ត។ សូមពិចារណាសម្ព័ន្ធនេះ “Head -> Believe -> Logic (ខួរក្បាលតែងរស់នៅក្នុងពិភពហេតុផល ឬតក្កវិជ្ជា)និង “Heart -> Touch -> Trust (បេះដូងតែងរស់នៅក្នុងពិភពនៃថ្នាក់ពាល់ចិត្ត ឬមិនស្ថិតក្នុងថ្នាក់ហេតុផលទេ)។ រឿងខ្លះ វាត្រូវ តែគ្មានហេតុផលទេ ឬរឿងខ្លះ វាពិត តែគ្មានហេតុបញ្ចាក់ថាពិតទេ។ ចំណែករឿងខ្លះវិញ វាពិតក្នុងថ្នាក់ហេតុផល តែបេះដូងមិនពាល់ ឬបេះដូងមិនយល់ទេ។ ឧទាហរណ៍ សេចក្តីស្រឡាញ់គ្មានហេតុទេ។ អ្នកខ្លះសួរទៅមិត្តខ្លួនថា ហេតុអ្វីស្រឡាញ់បុរសម្នាក់នេះ ដ្បិតបុរសនេះក្រ ល្ងង់ ហើយមិនឆ្លាត មិនស្អាតផង!បើបេះដូងស្រឡាញ់ហើយ ត្រូវឆ្លើយយ៉ាងណា?

នេះជាភាពខុសគ្នារវាងខួរក្បាល និងបេះដូង។ បើយើងអាចយល់ពីអ្វីដែលខ្ញុំលើកឡើងខាងលើ គឺស្មើនឹងយល់ពីចិត្តនិងកាយ។ ប្រទេសមួយយកសាសនាណាមួយជាគោលការណ៍ ឬជាសាសនារបស់រដ្ឋ គឺដោយសារជាប់ទាក់ទងនឹងស្ថានភាពភូមិ ប្រជាសាស្រ្ត នយោបាយ ប្រពៃណី ចរិតលក្ខណៈនៃប្រជាជន និងផ្នត់គំនិតសង្គម។ គ្រប់សាសនាទាំងអស់ គឺមានលក្ខណៈល្អពិសេសដោយឡែកៗពីគ្នា។ អំណានសៀវភៅសាសនា ត្រូវអានដោយប្រុងប្រយ័ត្នបំផុត! សូមសន្តិភាពផ្លូវចិត្ត ដោយជៀសឱ្យផុតពីគំនិតស្អប់ស្រឡាញ់។ ស្ងប់ល្អជាងសុខ។ សុខល្អជាងទុក្ខ។ ទុក្ខផងសុខផង គឺជាជីវិតមនុស្សដែលមានធាតុព្រះក្នុងខ្លួនតិច (God-man)។ ចិត្តរបស់ព្រះ គ្មានសេចក្តីសុខឯណា ស្មើនឹងសេចក្តីស្ងប់ទេ
____

No comments:

Post a Comment