Thursday, January 16, 2020

សៀវភៅថ្លៃ?



រាល់លទ្ធផលអស្ចារ្យ វាសុទ្ធតែកើតចេញពីការតស៊ូដ៏លំបាក។ បែបនេះហើយទើបបានជាអតីតមេដឹកនាំផ្តាច់ការ អាឌុល អ៊ីត្លែរ (Adolf Hitler) មានទស្សនៈថា ជ័យជម្នះដែលគ្មានឧបសគ្គ គឺជាជ័យជម្នះធម្មតា តែជ័យជម្នះដែលជួបឧបសគ្គ គឺជាជ័យជម្នះជាប្រវត្តិសាស្រ្ត។ មនុស្សជោគជ័យពីរនាក់ មានម្នាក់ត្រូវបានពិភពលោករៀនសូត្រយកជាគំរូតាម និងម្នាក់ទៀតជោគជ័យដូចគ្នាដែរ តែបែរជាគ្មានអ្នកចាប់អារម្មណ៍ទៅវិញ។ តើមូលហេតុអ្វី? ចម្លើយ គឺដូចនឹងទស្សនៈរបស់មេដឹកនាំផ្តាច់ការអ៊ីត្លែរអ៊ីចឹង។ បើកូនអ្នកមានប្រឹងរហូតបានលទ្ធផល១០ រីកូនអ្នកក្រប្រឹងដូចគ្នាដែរ រហូតដល់បានលទ្ធផល១០ តើអ្នកណាខ្លាំងជាង, តើអ្នកណាដែលមនុស្សសាមញ្ញគួររៀនសូត្រតាម, និងតើអ្នកណាដែលអស្ចារ្យជាង? ចម្លើយ គឺដូចនឹងទស្សនៈរបស់មេដឹកនាំផ្តាច់ការអ៊ីត្លែរអ៊ីចឹង ដ្បិតអ្វីដែលអស្ចារ្យ គឺវាត្រូវអាស្រ័យទៅលើការខិតខំប្រឹងប្រែងដ៏លំបាកអស្ចារ្យ។ តើខ្ញុំនឹងប្រៀបធៀបយ៉ាងណារវាងសៀវភៅ និងទស្សនៈដែលរៀបរាប់ខាងលើ?

សៀវភៅដែលថោកបំផុត គឺជាប្រភេទសៀវភៅដែលអ្នកអានចេះ ហើយមានប្រយោជន៍អាចប្រើប្រាស់បានជាក់ស្តែង ធ្វើឱ្យជីវិតយើងសុខសប្បាយ។ លុយមិនអាចធៀបនឹងចំណេះបានទេ ពីព្រោះចំណេះជាម្តាយរបស់លុយ (ចំណេះជាអ្នកបង្កើតលុយ)។ សៀវភៅខ្លះមានតម្លៃថ្លៃកប់ពពក តែតម្លៃនៃខ្លឹមសារនៃទស្សនៈ គឺមិនថ្លៃដូចតម្លៃសៀវភៅទេ។ ទោះបីជាសៀវភៅ១ក្បាល តម្លៃ៤០០០រៀល ក៏ដោយ ឱ្យតែគ្មានខ្លឹមសារអប់រំត្រឹមត្រូវហើយ គឺស្មើនឹងគ្មានតម្លៃឡើយ។ ទោះបីជាសៀវភៅ១ក្បាល មានតម្លៃ ៤០០០០រៀល ក៏ដោយ តែបើមានខ្លឹមសារអប់រំត្រឹមត្រូវហើយ គឺសៀវភៅនេះនៅតែមានតម្លៃធូរថ្លៃ ឬថោកសមរម្យ។ នេះជាការប្រៀបធៀបរវាងតម្លៃលុយ និងតម្លៃនៃសៀវភៅ ឬតម្លៃនៃចំណេះដឹង។ ការកំណត់តម្លៃសៀវភៅថ្លៃឬថោក ពេលខ្លះក្នុងនាមយើងជាអ្នកអាន គឺត្រូវចេះសម្លឹងមើលចរិតអ្នកនិពន្ធ។ អ្នកនិពន្ធខ្លះមានចរិតជាឈ្មួញ ឬអ្នកនិពន្ធខ្លះមានចរិតជាអ្នកឱកាសនិយម។ អ្នកខ្លះបានសរសេរសៀវភៅលក់មិនអស់ចិត្ត រហូតដល់មានចិត្តបើកវគ្គបណ្តុះបណ្តាលវគ្គតែងនិពន្ធយកលុយពីអ្នកអានឆោតៗផងក៏មាន។

បើចង់រៀនតែងនិពន្ធ គួរណាតែទៅរៀនពីសាលាដែលមានជំនាញ ឬពីសមាគមណាមួយដែលបើកវគ្គបណ្តុះបណ្តាលត្រឹមត្រូវ រៀនមានក្បួនត្រឹមត្រូវ រៀនពីអ្នកជំនាញដែលមានទាំងភាពចាស់ទុំ មានទាំងបទពិសោធ។ ស្មេរក្មេងៗខ្លះ មានចំណេះសរសេរដោយគ្មានក្បួនត្រឹមត្រូវទេ។ ខ្ញុំបែងចែកអ្នកសរសេរដែលមានក្បួនសរសេរ និងស្មេរដែលមានគំនិតច្រើនសរសេរ (ទស្សនៈ)។ ក្បួនត្រូវទៅរៀនឱ្យត្រឹមត្រូវ រីឯគំនិតត្រូវប្រឹងអាន និងប្រឹងស្រាវជ្រាវ។ ពេលណាយើងអានច្រើន ឬស្រាវជ្រាវច្រើន គឺយើងក៏អាចយល់ពីបរិបទសំណេរដែរ។ ការសរសេរសៀវភៅ គឺត្រូវការមនុស្សដែលមានភាព ចាស់ចិត្តចាស់គំនិត។ ចាស់គំនិត គឺមានចំណេះដឹងត្រឹមត្រូវ ឬជាមនុស្សដែលពូកែស្រាវជ្រាវ យល់បរិបទសង្គមវិជ្ជា មានបទពិសោធក្នុងការងារច្រើន...។ ចាស់ចិត្ត គឺមានចិត្តជាអ្នកមិនរំជើបរំជួលក្នុងផ្លូវលោក។ អ្នកចាស់ទុំបែបនេះ គឺមិនមែនសរសេរសៀវភៅដើម្បីឱ្យអ្នកណាម្នាក់ថាខ្លួនពូកែ ឬខ្លួនមានចំណេះដឹងទេ តែសរសេរ គឺដោយសារតែមានចេតនាណាមួយ ដែលមិនមែនជាកិត្តិយស មុខមាត់ ភាពល្បីល្បាញ។ បើអ្នកណាដែលសរសេរក្នុងចេតនាចង់បានលក្ខខណ្ឌដូចខាងលើហើយ គួរកុំសរសេរល្អជាង។

នៅក្មេងត្រូវប្រឹងរៀន ប្រឹងប្រមូលបទពិសោធ ពីព្រោះខ្ញុំសូមនិយាយម្តងហើយម្តងទៀតថា មិនមែនឱ្យតែចំណេះដឹង គឺសុទ្ធតែល្អទាំងអស់ទេ ហើយការសាបព្រោះចំណេះដឹងខុសដល់សង្គម វានឹងបង្កចលាចល មនុស្សប្រែទៅជាគិតខុស...។ តើអ្នកអានមើលចរិតអ្នកនិពន្ធយ៉ាងដូចម្តេច? សង្គមយើងមិនទាន់ចេះឱ្យតម្លៃមនុស្សនៅឡើយទេ។ តាមរយៈបទពិសោធក្នុងត្រកូលកសិកររបស់ខ្ញុំ ពេលខ្លះជីវិតខ្ញុំឱនលំទោនហួសហេតុ រហូតដល់អ្នកខ្លះជាន់ផងក៏មាន។ ដល់ពេលខ្ញុំប្រឹងប្រែងបានលទ្ធផល អ្នកខ្លះនៅតែមើលងាយ ឬបើមានអ្នកខ្លះទៀត លែងមើលងាយខ្ញុំទៀតហើយក៏ដោយ តែមិនមើលងាយ មិនមែនមានន័យថា គោរពឱ្យតម្លៃក្នុងនាមជាមនុស្សដូចគ្នា ទេ។ ផ្ទុយទៅវិញ អ្នកដែលមិនទាន់ស្គាល់តម្លៃមនុស្ស គឺគ្រាន់តែញញើតខ្ញុំខ្លះប៉ុណ្ណោះ។ លក្ខខណ្ឌនៃការញញើតនេះ បើមានឱកាស គឺគេនឹងវាយហើយ តែខ្ញុំមានទស្សនៈថា បើស្អប់ខ្ពើមខ្ញុំ ក៏ស្អប់ទៅចុះ ពីព្រោះវាជាសិទ្ធិបុគ្គល តែហាមរឿងម្យ៉ាង គឺកុំមកធ្វើជាអ្នកយកជើងរាទឹកនៅលើទូករបស់ខ្ញុំ។ នេះហើយដែលខ្ញុំហៅថា មនុស្សមិនចេះគោរពឱ្យតម្លៃគ្នា។ សង្គមបែបនេះពិបាករស់នៅបន្តិច ហើយបើចង់រស់នៅបាន លុះត្រាតែយើងខ្លាំងបន្តិច (ល្អតែម្យ៉ាងមិនគ្រប់គ្រាន់ទេ តែត្រូវខ្លាំងទៀត)។

ស្រដៀងគ្នាដែរ ក្នុងនាមយើងជាអ្នកអាន បើយើងមិនស្គាល់ចរិតខាងក្នុងរបស់អ្នកនិពន្ធឬស្មេរទេ គឺយើងមិនដឹងថានរណាជានរណាឱ្យពិតប្រាកដទេ។ តើអ្វីជាចរិតអ្នកនិពន្ធ ឬស្មេរ? ក្នុងស្ថានភាពជាក់ស្តែង អ្នកនិពន្ធខ្លះចែករំលែកអត្ថបទសៀវភៅទាំងស្រុងទៅតាមបណ្តាញសង្គមស្ទើររាល់ថ្ងៃ។ អត្ថបទសៀវភៅ បើយកមកលក់ដូរ ឬប្រើប្រាស់កសាងទីផ្សារឌីជីថលឱ្យក្រុមហ៊ុនពាណិជ្ជកម្ម (Digital Marketing) គឺអាចទទួលបានចំណូលជាលុយជាក់ស្តែង។ អ្នកនិពន្ធបែបនេះ អាចហៅថាជា អ្នកនិពន្ធក៏បាន ឬមិនបាច់ហៅថាអ្នកនិពន្ធក៏បានដែរ ឬអាចហៅថាអ្នកចែករំលែកក៏បានដែរ។ អ្នកនិពន្ធបែបនេះ ទោះបីយើងយល់ថាជាមនុស្សមានតម្លៃ ឬគ្មានតម្លៃ ក៏បុគ្គលប្រភេទនេះស្គាល់ខ្លួនឯងរួចទៅហើយ។ អ្នកនិពន្ធខ្លះទៀតមិនអាចនឹងចែករំលែកអត្ថបទដែលខ្លួនសរសេរឱ្យអ្នកអានអានដោយឥតគិតថ្លៃបានទេ ដ្បិតទង្វើបែបនេះ គឺស្មើនឹងអត្តឃាត (សម្លាប់ខ្លួនឯងក្នុងនាមជាស្មេរ)។ ជាទូទៅ មិនថាប្រទេសណាទេ គ្មានអ្នកនិពន្ធណាម្នាក់ដែលសុខចិត្តយកសៀវភៅដែលខ្លួនប្រឹងប្រែងសរសេរដោយលំបាក មកចែករំលែកឱ្យមនុស្សអានដោយឥតគិតថ្លៃទេ ឬទោះបីជាខ្លួនជាមហាសេដ្ឋីមានលុយរាប់លាន ក៏មិនអាចធ្វើចរិតបែបនេះបានដែរ។

ក្នុងស្ថានភាពខ្លះទៀត សៀវភៅមួយក្បាលមានតម្លៃដូចគ្នា តែមានកម្រាស់ខុសគ្នា ទំហំសៀវភៅខុសគ្នា និងចំនួនទំព័រខុសគ្នា។ សៀវភៅខ្លះក្រាស់ តែថោក។ សៀវភៅខ្លះស្តើង តែថ្លៃ។ ទំហំសៀវភៅ កម្រាស់សៀវភៅ ចំនួនទំព័រសៀវភៅ ក៏អាចច្នៃបន្លំធ្វើពាណិជ្ជកម្មបានដែរ។ នេះបើតាមបទពិសោធរបស់ខ្ញុំ ក្នុងនាមជាអ្នកមានបទពិសោធរចនាក្របសៀវភៅ រចនាទំព័រសៀវភៅ (រចនាអត្ថបទសៀវភៅ)។ ដោយសារចំណេះដឹងទាំងនេះ ទើបខ្ញុំមើលឃើញទិដ្ឋភាពដែលយើងអាចរៀនសូត្របាន។ ខ្ញុំនិយាយរឿងបែបនេះ គឺគ្មានបំណងចង់ស្តីបន្ទោស រិះគន់ ឬបន្តុះបង្អាប់បុគ្គលណាម្នាក់ទេ តែខ្ញុំគ្រាន់តែចង់ជូនជាគំនិតដល់អ្នកអាន ឬចង់ជួយគិតឱ្យសព្វដល់អ្នកអានយើងខ្លះដែលខ្វះនូវសមត្ថភាពវាយតម្លៃស្ថានភាពប៉ុណ្ណោះ។ ត្រឡប់មករឿងតម្លៃសៀវភៅថ្លៃថោកវិញ, តាមរយៈគំនិតខាងលើនេះ ខ្ញុំសង្ឃឹមថាបងប្អូនអ្នកអាននឹងយល់ច្បាស់អំពីរឿងតម្លៃថ្លៃថោកនៃសៀវភៅ។ តើត្រូវដោះស្រាយបែបណា បើគ្មានលុយទិញសៀវភៅអានទេ? ខ្ញុំសូមប្រើពាក្យថា បើគ្មានលុយទិញសៀវភៅអានទេ គឺត្រូវរកផ្លូវចេញ ដ្បិតកុំងាប់ក្រឡាដោយសារតែហេតុផលតូចបែបនេះ។ បើយើងមិនរកផ្លូវចេញទេ គឺយើងនឹងជាប់ទ្រុងអវិជ្ជាពេញមួយជីវិត។ តើរកផ្លូវចេញដោយរបៀបណា?

នៅក្នុងសៀវភៅ អំណានជាអំណាចខ្ញុំបានរំលេចនូវឃ្លាមួយថា បើយើងដាក់ជី ស្រោចទឹក យុវនិពន្ធមានឆន្ទៈពិតប្រាកដក្នុងជំនាន់នេះ គឺស្មើនឹងដាំដើមអ្នកនិពន្ធអាជីពឱ្យចេញជាផ្លែផ្កាសម្រាប់១០ ទៅ២០ឆ្នាំក្រោយ។ ទស្សនៈនេះ ជាទស្សនៈដែលមានទស្សនវិស័យវែងឆ្ងាយ ដោយមិនមែនសម្លឹងមើលតែបញ្ហាលំបាកៗថ្ងៃនេះទេ។ ជីវិតក៏អ៊ីចឹងដែរ គឺយើងត្រូវមើលឱ្យបានឆ្ងាយ និងត្រូវរស់នៅឱ្យហួសពីការត្រឹមតែរស់នៅ។ យើងមិនមែនត្រូវការស្មេរដែលសរសេរធម្មតាៗទេ តែត្រូវការស្មេរដែលមានឆន្ទៈ មិនផ្អៀងទៅខាងណា ជាពិសេសសំណេរទស្សនៈសង្គម ឬជាពិសេសប្រវត្តិសាស្រ្ត។ ក្នុងនាមជាយុវជនត្រូវចេះសម្លឹងមើលថា តើ ១០ ឬ ២០ឆ្នាំក្រោយ ស្មេររូបណា ឬមនុស្សបែបណាដែលនឹងសរសរប្រវត្តិពិតឱ្យកូនខ្ញុំ ឬចៅខ្ញុំ ឬចៅទួត ចៅលួត ចៅលាខ្ញុំអាន?” មូលហេតុនេះហើយ ដែលយើងជាយុវជនត្រូវស្រោចទឹកដាក់ជីយុវជនដូចគ្នា ជាពិសេសអ្នកមានសមត្ថភាព ចិត្តមោះមុត និងឆន្ទៈមិនជាប់ក្នុងទ្រុងអគិតធម៌ទាំង៤។ ខ្ញុំបានរំលេចទស្សនៈមួយទៀតនៅក្នុងទំព័រចុងក្រោយនៃសៀវភៅ ប្រតិទិនទស្សនៈ ២២២ថ្ងៃដែលថា បើបងប្អូនអានសៀវភៅនេះចប់ហើយ [ប្រតិទិនទស្សនៈ ២២២ថ្ងៃ] គួរណាតែជូនសៀវភៅនេះឱ្យមិត្តភក្តិ ឬមនុស្សស្និទ្ធស្នាលខ្ចីអានបន្ត។ លុយពិបាករក តែចំណេះដឹង វាក៏មិនងាយស្រួលរកប៉ុន្មានដែរ។ លុយ ៣ ឬ៤ ម៉ឺនរៀលជាង វាមិនច្រើនប៉ុន្មានទេ តែវាច្រើនខ្លាំងណាស់សម្រាប់អ្នកដែលគ្នាក្រខ្សត់

ខ្ញុំគ្មានចំណេះដឹងវិភាគសេដ្ឋកិច្ចទេ តែខ្ញុំដឹងប្រភពប្រាក់ចំណូលពីការងារដែលយុវជនភាគច្រើនកំពុងតែប្រកប។ ដូច្នេះ វាមិនងាយស្រួលប៉ុន្មានទេ សម្រាប់ការចំណាយលើសៀវភៅដែលមានតម្លៃថ្លៃៗ។ ចុងក្រោយ ចូររកវិធីដោះស្រាយ។ អ្នកនិពន្ធណាដែលចូលចិត្តចែករំលែក ចូរអានអត្ថបទរបស់អ្នកនិពន្ធនោះ [របៀបរៀនសូត្រដោយមិនចំណាយលុយច្រើន]។ ដំណោះស្រាយចុងក្រោយ គឺត្រូវចេះចូលលុយគ្នាទិញ បើយើងពិតជាចង់ជួយគាំទ្រមែន។ ឬចេះហាមាត់សុំខ្ចីមិត្តភក្តិដទៃអាន បើយើងពិតជាចង់អានមែន (បើខ្ចីហើយ ត្រូវទុំផង កុំខ្ចីសៀវភៅគេមកទុករាប់ខែរាប់ឆ្នាំ ដោយមិនអាន។ ទង្វើរបៀបនេះ ជាទង្វើមនុស្សមិនទៅមុខ គ្មានទំនួលខុសត្រូវ)។ មានរបៀបជាច្រើនទៀតដើម្បីមានឱកាសអាន តែសំខាន់ចង់អាន ឬចង់ពិតប្រាកដឬអត់? ត្រូវចាំថា មិនដែលមានថ្លុកឯណាមករកក្របីទេ តែមានតែក្របីទៅវិញទេ ដែលត្រូវធ្វើដំណើរទៅរកថ្លុក ព្រះអាទិត្យតែងតែរះពេលព្រឹកជានិច្ច ទោះមាន់រងាវ ឬមិនរងាវក៏ដោយ។ បើព្រះអាទិត្យរះរាល់ពេលព្រឹកដោយឥតលក្ខខណ្ឌបែបនេះ ទោះផ្កាចេញមកទទួលពន្លឺ ឬអត់ វាក៏ជារឿងរបស់ផ្កាដែរ។ ចេញ ឬមិនចេញ គឺជាជម្រើសរបស់ផ្កា រីចំពោះជីវិតក៏អ៊ីចឹងដែរ ប្រឹងប្រែង ឬបណ្តោយខ្លួន វាជាជម្រើសជីវិតរបស់បុគ្គលម្នាក់ៗ។ សូមឱ្យកម្លាំងនៃឆន្ទៈ បង្រៀនយើងឱ្យចេះតស៊ូ ចេះប្រឹងប្រែង និងចេះអត់ធ្មត់នឹងរឿងលំបាកៗ។ តើយើងយល់ពីអ្វីដែលខ្ញុំចង់មានន័យទេ?

_____

No comments:

Post a Comment