Thursday, January 16, 2020

ចរិតមនុស្សនិងសៀវភៅ



ជាធម្មតា មនុស្សមានចរិតបែបណា គឺប្រាកដជាចូលចិត្តអានប្រភេទសៀវភៅបែបហ្នឹង។ អ្នកដែលចូលចិត្តមនោសញ្ចេតនា គឺនឹងផ្អៀងពេលវេលាអានសៀវភៅមនោសញ្ចេតនាច្រើនជាងសៀវភៅណាៗផ្សេងទៀត។ មនុស្សដែលមានចរិតជាពាណិជ្ជករ គឺនឹងប្រើប្រាស់ពេលវេលាអានសៀវភៅទាក់ទងនឹងពាណិជ្ជកម្មច្រើនជាងសៀវភៅណាៗផ្សេងទៀត។ មនុស្សដែលចូលចិត្តទស្សនវិជ្ជា គឺប្រាកដជាផ្អៀងពេលវេលាអានសៀវភៅទស្សនវិជ្ជាច្រើនជាងសៀវភៅណាៗផ្សេងទៀត។ល។ នេះជារឿងធម្មតាទេ។ តាមពិតទៅ វាគ្មានអ្វីខុសឆ្គងឡើយ ដែលយើងជាពាណិជ្ជករ គឺត្រូវអានសៀវភៅពាណិជ្ជកម្មឱ្យច្រើន...។ ប៉ុន្តែការសៀវភៅបែបនេះ វាជាសៀវភៅកម្រិតជំនាញបច្ចេកទេស។

ការអានសៀវភៅថ្នាក់កម្រិតទូទៅ គឺមានន័យថា យើងប្រើពេលវេលាសិក្សារៀនសូត្រអ្វីដែលថ្មីៗសម្រាប់ការរស់នៅជាប្រចាំប្រៀបដូចជាមនុស្សខ្លះ ទោះបីមានអ្វីៗគ្រប់យ៉ាងក្នុងជីវិតហើយក៏ដោយ តែនៅតែចំណាយពេលវេលាទៅវត្ត។ អ្នកខ្លះពេលពិបាកចិត្ត ក៏ទៅចាប់អានសៀវភៅលើកទឹកចិត្ត។ អ្នកខ្លះ ពេលជួបបញ្ហាអ្វីមួយ ក៏ទៅរកដំណោះស្រាយបញ្ហាពីសៀវភៅ។ ការអនុវត្តបែបនេះ វាគ្មានអ្វីទាស់ខុសទេ តែវាខុសនឹងទស្សនៈ ការពារប្រសើរជាងព្យាបាល។ មនុស្សដែលឆ្លាតក្នុងការរស់នៅ គឺតែងតែអានជានិច្ច អានសៀវភៅដែលត្រូវអាន និងគ្មានឡើយទម្លាប់ជួបបញ្ហា រត់រកសៀវភៅ។ អ្នកខ្លះរត់មិនទាន់ដល់កន្លែងដំណោះស្រាយបញ្ហាផង ក៏អាចដាច់ខ្យល់ស្លាប់នៅនឹងកន្លែងក៏មាន។ តើនេះជាមូលហេតុអ្វី? មូលហេតុ គឺមិនចេះត្រៀមខ្លួនទុកជាមុន។

អ្នកអានដែលស្គាល់ខ្លួនឯង គឺនឹងអានសៀវភៅដែលចាំបាច់ត្រូវតែអាន អានសៀវភៅដែលទាក់ទងនឹងជីវិតភាពរស់របស់ខ្លួនឱ្យច្រើន។ មានសៀវភៅខ្លះ គឺសម្រាប់អ្នកអានគ្រប់ប្រភេទ ជាពិសេសសៀវភៅសាសនា សៀវភៅលើកទឹកចិត្ត សៀវភៅភាពជាអ្នកដឹកនាំ សៀវភៅគ្រប់គ្រងលុយ សៀវភៅទស្សនវិជ្ជា។ សៀវភៅទាំងនេះ គឺមនុស្សយើងត្រូវតែអានជាប្រចាំ ពីព្រោះសាសនាជួយផ្លូវចិត្តមនុស្ស, សៀវភៅលើកទឹកចិត្តធ្វើឱ្យមនុស្សចេះញញឹម, សៀវភៅភាពជាអ្នកដឹកនាំធ្វើឱ្យមនុស្សចេះដឹកនាំខ្លួនឬអ្នកដទៃ, សៀវភៅគ្រប់គ្រងលុយធ្វើឱ្យចេះចាយវាយលុយកាក់ដោយត្រឹមត្រូវ, សៀវភៅទស្សនវិជ្ជាជាអាហារគំនិត។ អំណានជាផ្នែកមួយចិញ្ចឹមជីវិត។ យើងនឹងស្លាប់ភ្លាម ឱ្យតែយើងអវិជ្ជាតែមួយខណៈតូច។ ចំណេះដឹង គឺជាដំណោះស្រាយនៃជីវិត។ ជីវិត គឺជាចំណង រីឯចំណេះ គឺជាដំណោះស្រាយ

ខ្ញុំពេញចិត្តទស្សនៈមួយរបស់អ្នកប្រាជ្ញក្រិកបុរាណ សូក្រាត ដែលនិយាយថា ចូរប្រើប្រាស់ពេលវេលាអ្នកដើម្បីអភិវឌ្ឃខ្លួនតារមយៈសំណេររបស់អ្នកដទៃ [...]។ ការអានសៀវភៅ គឺជាការដុសខាត់ព្រលឹងដែលធ្វើឱ្យយើងមិនវង្វេង ចេះរស់នៅ មិនស្មុគស្មាញ និងមានជីវិតស្រស់ថ្លា។ សរុបមកវិញ ចូរយើងអានសៀវភៅដែលទាក់ទងនឹងចំណេះដឹងរស់នៅសិន ឱ្យខ្លួនឯងរឹងមាំតាមរយៈគំនិតសិន ទើបក្រោយមកអានសៀវភៅផ្សេងៗទៀត។ យើងត្រូវដឹងអ្វីត្រូវធ្វើមុន អ្វីត្រូវធ្វើក្រោយ អ្វីអាចពន្យាពេលបាន និងអ្វីដែលមិនគួរពន្យាពេល។ ចំណេះដឹងអំពីការរស់នៅ គឺស្ថិតនៅនឹងសៀវភៅគំនិត។ ចំណេះដឹងអំពីផ្លូវចិត្ត គឺស្ថិតនៅនឹងសៀវភៅសាសនា។ ជីវិតគឺជាដំណើរនៃការរៀនសូត្ររហូត។ រៀននៅសាលា ១២ឆ្នាំ បូកនឹងឧត្តមសិក្សា២ឆ្នាំ ឬ៤ឆ្នាំ ឬ៦ឆ្នាំ ឬ៨ឆ្នាំ ឬ១០ឆ្នាំ គឺជាការរៀនសូត្រតិចណាស់។ ដូច្នេះយើងត្រូវរៀនសូត្ររហូតតាមរយៈជីវិត តាមរយៈអំណាន តាមរយៈអ្វីផ្សេងៗទៀត។ ខួរក្បាលមានចំណេះដឹង (ហ្វឹកហាត់គិត) ចិត្តរឹងមាំ (ដុសខាត់ចិត្តតាមរយៈការរៀនសូត្រពីសៀវភៅសាសនា) រាងកាយសុខភាពល្អ (ហាត់ប្រាណជាប្រចាំ) គឺជាលំអដ៏សមគួរនៃការរស់នៅ
_____


No comments:

Post a Comment