Wednesday, January 15, 2020

ក្ដីសុខនៅឯណា ?



មានមនុស្សជាច្រើនបានព្យាយាមបន់ស្រន់សុំសេចក្ដីសុខ ទាំងដែលខ្លួនឯងពុំមែនជាមនុស្សល្អ ។ មានមនុស្សជាច្រើនបានព្យាយាមដណ្ដើមរបស់អ្នកដទៃចងគំនុំខឹងស្អប់ជាមួយគេ ដើម្បីបំពេញក្ដីសុខខ្លួនឯង ។ មានមនុស្សជាច្រើនបានបង្ករជម្លោះជាមួយអ្នកដទៃ ដើម្បីក្ដីសុខខ្លួនឯង ។ មានមនុស្សជាច្រើនបានកុហកបោកប្រាស់អ្នកដទៃ ដើម្បីសេចក្ដីសុខខ្លួនឯង ។

ការព្យាយាមបំផ្លាញអ្នកដទៃ គឺជាការចងកម្ម ។ មនុស្សបើកាលណាចងកម្ម ចងសត្រូវច្រើន ទោះទេវតាប្រាំបីទិស ក៏មិនអាចជួយបានដែរ ។សេចក្ដីសុខដែលយើងទទួលបាន វាពុំមែនបានមកពីការបន់ស្រន់នោះទេ គឺវាបានមកពីទង្វើរបស់យើង ។ ប្រសិនបើយើងជាមនុស្សមានទឹកចិត្តល្អប្រសើរ នោះយើងនឹងបានក្ដីសុខ ប៉ុន្ដែប្រសិនបើយើងជាមនុស្សមិនសូវល្អ ទោះបន់ស្រន់ដល់ស្លាប់ ក៏ជីវិតគ្មានក្ដីសុខដែរ ។ ទេវតាមិនកាន់ជើងមនុស្សអាក្រក់ទេ តែទេវតានឹងផ្ដល់ក្ដីសុខដល់មនុស្សល្អដោយមិនចាំបាច់បន់ស្រន់

តាមពិតក្ដីសុខមិននៅឆ្ងាយពីយើងទេ វានៅជិតៗយើងរាល់ថ្ងៃ ហើយសេចក្ដីសុខនោះ គឺសុចរិត និងឥរិយាបថល្អប្រសើរដែលយើងមាន ។ ចូរបង្កើតក្ដីសុខដោយខ្លួនឯង កុំព្យាយាមទាមទារវាពីអ្នកដទៃ គ្មាននរណាម្នាក់មានក្ដីសុខសម្រាប់ផ្ដល់ឱ្យយើងទេ គឺមានតែយើងខ្លួនឯងស្វែងរកវាដោយខ្លួនឯងប៉ុណ្ណោះ ៕

__________________

Cr. ប្រាជ្ញាជីវិត

No comments:

Post a Comment