Wednesday, January 15, 2020

សៀវភៅបេះដូងឬសៀវភៅខួរក្បាល?



សៀវភៅខ្លះនិពន្ធឡើងសម្រាប់ប្រភេទអ្នកអានដែលប្រើបេះដូង ហើយសៀវភៅខ្លះទៀតនិពន្ធឡើងសម្រាប់ប្រភេទអ្នកអានដែលប្រើខួរក្បាល

ខួរក្បាល មានគតិបណ្ឌិតរបស់ខួរក្បាល ហើយបេះដូង មានគតិបណ្ឌិតរបស់បេះដូង។ តើអ្វីទៅជាគតិបណ្ឌិតរបស់ខួរក្បាល ហើយអ្វីទៅជាគតិបណ្ឌិតរបស់បេះដូង? គតិបណ្ឌិតរបស់ខួរក្បាល គឺចាស់គំនិត (ខួរក្បាលមានចំណេះដឹង) ហើយគតិបណ្ឌិតរបស់បេះដូង គឺចាស់ចិត្ត (បេះដូងមានការលត់ដំ)។ ខ្មែរយើងនិយាយថា ចាស់ចិត្ត ចាស់គំនិត

បេះដូងមានលក្ខណៈអស្ចារ្យជាងខួរក្បាលនៅត្រង់ថា បេះដូងអាចពាល់ត្រូវនូវអារម្មណ៍គ្រប់បែបយ៉ាង។ អារម្មណ៍ល្អ ដោយសារមានខួរក្បាលគិតល្អ តែអារម្មណ៍នឹងវក់វី នៅពេលខួរក្បាលវក់វី។ ក្នុងអត្ថិភាពជាមនុស្សនៅលើផែនដីនេះ គ្មានបុគ្គលណាម្នាក់ឆ្កួតវង្វេងដោយសារតែខ្លួនមានចំណេះដឹងច្រើននោះទេ តែមនុស្សភាគច្រើនឆ្កួតវង្វេងដោយសារតែគ្រប់គ្រងបេះដូងខ្លួនឯងមិនបាន។

សុភាសិតខ្មែរពោលថា កម្ជិលអៀនប្រៀន បួសហើយមិនរៀន បន្ទោសថាខ្លៅ។ យុវជនដែលចង់ដើរទៅមុខលឿនជាងអ្នកដទៃ និងចង់ខ្លាំងជាងអ្នកដទៃ ត្រូវអានសៀវភៅដែលអាចផ្តល់ចំណេះដឹងដល់ខួរក្បាលឱ្យច្រើន។ ពេលដែលមានចំណេះដឹងជ្រៅជ្រះ យើងនឹងយល់ច្បាស់ថា តាមពិតការរស់ដោយបញ្ញា និងរស់ដោយមានគោលការណ៍ គឺមានតម្លៃជាអមតៈ

ផ្ទុយទៅវិញ ក្នុងស្ថានភាពជាយុវវ័យ បើយើងបណ្តោយឱ្យបេះដូងគ្រប់គ្រងខ្លួនប្រាណបានទាំងស្រុង គឺមានន័យថាយើងជាមនុស្សដែលរវល់ចងរវល់ស្រាយ។ ពាក្យថា រវល់ចងរវល់ស្រាយនៅទីនេះ ខ្ញុំចង់មានន័យថាចិត្តយើងវក់វីនឹងរឿងទុក្ខ រឿងសោក រឿងសប្បាយ និងមានអារម្មណ៍រវើរវាយ ដែលវានឹងធ្វើឱ្យយើងគ្មានពេលរៀនសូត្ររហូតដល់ដើរថយក្រោយ ឬដើរយឺត ឬដើរមិនទៅមុខ។

យុវជនដែលចេះគ្រប់គ្រងចិត្តខ្លួនឯងបានទាំងខ្លួននៅវ័យក្មេង គឺជាមនុស្សអស្ចារ្យខ្លាំងបំផុត។ យុវជនបែបនេះហៅថា មនុស្សចាស់ទុំ។ មនុស្សចាស់ទុំមានន័យថា ពុំរំជើបរំជួលនឹងរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងចំពោះខ្លួនឡើយ។ បើខ្លួនមានចំណេះដឹង ក៏គ្មានចិត្តអំនួតដែរ។ បើខ្លួនចាញ់ប្រៀបអ្នកដទៃ ក៏ពុំអស់សង្ឃឹមដែរ។ បើខ្លួនជោគជ័យ ក៏ពុំដាច់បង្ហៀរដែរ។ ចិត្តនឹងន ចិត្តមានជំហរ ចិត្តស្ងប់ ចិត្តដែលអត់ធ្មត់ ចិត្តដែលប្រឹងប្រែងដើរទៅមុខជាមួយនឹងបុព្វហេតុនៃជីវិតត្រឹមត្រូវ៕

“There is a wisdom of the head, and a wisdom of the heart.” – Charles Dickens

____
Cr. ប្រតិទិនទស្សនៈ ២២២ថ្ងៃ

No comments:

Post a Comment