Wednesday, January 15, 2020

សាំងមួយលីត​ #ជីវិតមនុស្សម្នាក់



យប់ម្សិលមិញ​ ចេញពីចាក់កុនគណបក្សវិញម៉ោងប្រហែល១១យប់ខ្ញុំបើកឡានត្រឡប់មកផ្ទះវិញ​ មកដល់ភូមិពារា​ម ឃុំពារាម​ ទឹកដីស្រុកបាទី​ ឃើញប្ដីប្រពន្ធពីរនាក់​ ប្រពន្ធដេកដួលលើកណ្ដាលផ្លូវលំ​ ​ចំណែកប្ដីស្រែកយំឱបប្រពន្ធ ខ្ញុំឃើញគាត់ដំបូងស្មានតែគាត់ទើបតែដួលម៉ូតូភ្លាមៗ​ ព្រោះឃើញដេកដួលលើផ្លូវនិងអត់មានអ្នកណាមួយក្នុងភូមិនេះចេញមកមើលសោះ​ ខ្ញុំឈប់ឡានមើលគាត់ស្រាប់តែគាត់ស្រែកយំសំពះខ្ញុំឲ្យជួយប្រពន្ធគាត់ផង​ ហើយគាត់បន្តថាប្រពន្ធគាត់ឈឺធ្ងន់ជាជំងឺបេះដូង​ គាត់ដឹកប្រពន្ធទៅពេទ្យតែម៉ូតូអស់សាំង​រលត់ទៅមុខលែងរួច​ ហើយគាត់រត់ទៅដាស់ម្ចាស់ផ្ទះលក់ចាបហួយដែលមានលក់សាំងផង​ ស្រាប់តែគេមិនចេញលក់ឲ្យគាត់សោះ​ ខ្ញុំស្ដាប់គាត់មិនទាន់ទាំងចប់ត្រង់ចំណុចនេះផងអារម្មណ៍រុញរា ខ្ញុំឲ្យទៅស្រែកដាស់ហៅអ្នកលក់ហ្នឹងភ្លាមៗ​ ខ្ញុំស្រែកអស់ពីពោះ​ ​គោះរបងដែកផ្ទះផង​ស្រែកផង​ សំឡេងស្រែកនិងគោះក៏ខ្លាំង​ ចំណែកសំឡេងឆ្កែព្រុះរំពងពេញភូមិក៏រឹតតែខ្លាំង​ តែនៅអ្នកម្ចាស់ផ្ទះនេះមិនចេញមកសោះ​ ខ្ញុំស្រែកហៅទាំងអ្នកភូមិក្បែរហ្នឹងដែលមានផ្ទះជាប់គ្នាចាក់ស្រេះ​តែសូម្បីតែម្នាក់ដែលចេញមកមើលក៏គ្មានដែរ​ ខ្ញុំស្រែកអស់ចិត្ត ខ្ញុំវិលមកសួរប្ដីគាត់វិញថាពូអស់សាំងហើយស្រែកហៅគេប៉ុន្មាននាទីហើយ​ គាត់ថាប្រហែលមួយម៉ោងជាងហើយ​ ខ្ញុំឮហើយថែមទាំងឃើញបែបហ្នឹងផ្ទាល់ភ្នែក​ ខ្ញុំទប់អារម្មណ៍ជាមួយម្ចាស់ផ្ទះហ្នឹង​ ជាមួយអ្នកភូមិហ្នឹងអត់ចង់បានសោះ​ ម៉េ​ចក៏មនុស្សនេះម៉េចអ្នកភូមិនេះអាត្មានិយមម្លេះ​ ម៉េចក៏ដាច់ចិត្តទុកឲ្យមនុស្សម្នាក់ឲ្យដេកស្លាប់​ ដែលគ្រាន់តែសាំងមួយលីតយើងអាចសង្គ្រោះគាត់បានសោះ​ ម៉េចមិនចេញមកមើលជួយរកមធ្យោបាយជួយគាត់ផងទៅ​ ខ្ញុំរើឥវ៉ាន​ទំលាក់ដើម្បីដឹកគាត់ទៅពេទ្យ និង​រកអ្វីបូមសាំងឡានខ្ញុំចាក់ម៉ូតូគាត់អត់បានសោះតែប្ដីគាត់ស្រែកយំមកថាក្មួយអើយមិនបាច់ទេព្រោះប្រពន្ធគាត់ផុតតាំងពីក្មួយអត់ទាន់មកដល់ម្លេះ។​ ខ្ញុំមើលមុខគាត់ចំម្ដងទៀតទើបខ្ញុំស្គាល់ថាគាត់ជាអ្នកលក់បង្អែមនៅមុខសាលា​អតីតវិទ្យាល័យខ្ញុំរៀនគឺសាលា១មិថុនា​ ប្ដីឈ្មោះម៉ោង​ ប្រពន្ធឈ្មោះសាវឿន(អត់សូវច្បាស់ឈ្មោះប្រពន្ធ)ហើយគាត់ជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិចាស់ឆ្នាំ​ រស់នៅក្នុងភូមិក្រាំងក្រចាំ​ង ឃុំពារាម​ស្រុកបាទី​ ខេត្តតាកែវ។​ខ្ញុំក៏លើកសពប្រពន្ធគាត់ដាក់លើឡានទីកូដឹកកុនពណ៌ក្រហមរបស់ខ្ញុំ​ ដើម្បីដឹកគាត់ទាំងពីរនាក់មកផ្ទះគាត់វិញទាំងអារម្មណ៍មិនអស់ចិត្តនឹងផ្ទះលក់សាំងនិងអ្នកភូមិហ្នឹងសោះមួយម៉ោងជាងនៃការស្រែកដង្ហើយហៅឲ្យគេជួយប្រពន្ធ​ អត់មានអ្នកណាម្នាក់យកសំឡេងដែលចូលក្នុងត្រចៀក​រុញឲ្យចូលក្នុងបេះដូង​ ច្រានខ្លួនឲ្យចេញមកមើលគាត់សោះ៕

រូពភាពហ្វេសបុក

No comments:

Post a Comment