យើងបានដើរមកដល់ទីនេះ
គឺបានន័យថាយើងបានងើបចេញពីអតីតកាលហើយ ហើយយើងនៅពេលនេះ ក៏មិនមែនជាយើងកាលពីមុនទៀតដែរ ។
ពីមុនប្រហែលជាយើងបានសាងកំហុសមិនតិចទេ តែវាក៏បានបង្រៀនយើងពីហេតុផលជីវិតច្រើនហើយដែរ
។ ពេលវេលាចេះតែដើរទៅមុខ ទៅថ្ងៃក្រោយក៏មិនប្រាកដថាយើងនឹងសមបំណងរហូតទៀតដែរ
គ្រាន់តែព្យាយាមរស់ថ្ងៃនេះឱ្យល្អតាមលទ្ធភាពទៅបានហើយ ។ រឿងអាក្រក់ៗដែលធ្លាប់កើតឡើង
ពេលខ្លះយើងមិនចង់ចួបទេ ប៉ុន្ដែទោះចង់ឬមិនចង់ ជីវិតនៅតែរុញយើងទៅឆ្លងកាត់រឿងទាំងនោះ
។ រសជាតិខ្លះវាប្រៃខ្លាំង ហើយក៏ហឹរខ្លាំង តែទោះប្រៃប៉ុនណា ឬហឹរខ្លាំងប៉ុនណា
ក៏បានកន្លងផុតទៅហើយដែរ ។ ឈប់សោកសៅហើយសម្លឹងទៅមុខ ព្រោះមានមនុស្សច្រើនណាស់
ដែលកំពុងចាំមើលលទ្ធផលជីវិតរបស់យើង ។
អតីតកាលអ្នកណាក៏មាន គ្រាន់តែវាល្អ
និងមិនល្អ វាតិចឬច្រើនប៉ុណ្ណោះ !.. រឿងដែលសំខាន់គឺបច្ចុប្បន្ន និងអនាគត
ព្រោះយើងពុំអាចវិលទៅអតីតកាលវិញបានទេ រឿងខ្លះគ្មានវិធីជួសជុលឡើយ ។
ការពិតនៅចំពោះមុខទើបជារឿងសំខាន់ ។ ខ្ញុំដឹងថាការយល់ព្រមដោះលែងខ្លួនឯងពីគុកអតីតកាល
វាពិតជាលំបាក ប៉ុន្ដែការឈឺចាប់ដែលយើងកំពុងត្រាំត្រែង វាពុំប្រសើរឡើយ
សម្រាប់របត់ថ្មីនៃផ្លូវជីវិត ។ កាលពីមុន
ប្រហែលមកពីយើងពុំទាន់យល់ពីហេតុផលជីវិតច្បាស់លាស់ ទើបយើងសាងកំហុសឡើងមក
ហើយក៏ប្រហែលមកពីយើងនៅខ្ចីគំនិត ទើបបង្កើតបានអតីតកាលមួយដ៏ជូរចត់ និងគួរឱ្យសោកស្ដាយ
។ ពពកខ្មៅកាលពីថ្ងៃមុនបានរសាត់ទៅបាត់ហើយ ហើយពន្លឺព្រះអាទិត្យដែលធ្លាប់តែរះ
ក៏នៅដូចដើមដែរ ដង្ហើមយើងនៅតែមាន សំខាន់ត្រូវរស់ថ្ងៃនេះឱ្យបានល្អ
ឈប់សោកសៅនឹងរឿងដែលកន្លងហួស ព្រោះយើងមិនបានរស់នៅទីនោះទៀតទេ ៕
______
No comments:
Post a Comment