លក្ខណៈរបស់មនុស្សស្រឡាញ់ផ្កា
ភាគច្រើនចិត្តល្អ ។ លក្ខណៈរបស់មនុស្សស្រឡាញ់ធម្មជាតិ ភាគច្រើនមានមេត្តាធម៌ ។ លក្ខណៈរបស់មនុស្សស្រឡាញ់ការប្រឹងប្រែង
ភាគច្រើនមានអនាគតល្អ ។ លក្ខណៈរបស់មនុស្សចូលចិត្តប្រជែង ភាគច្រើនគឺអាត្មានិយម ។
លក្ខណៈមនុស្សចូលចិត្តពាក្យសរសើរ ភាគច្រើនជាមនុស្សជោរ ។ លក្ខណៈរបស់មនុស្សចូលចិត្តហ៊ឺហារដាច់បង្ហៀរ
ភាគច្រើនជាមនុស្សក្រីក្របំផុត ។ លក្ខណៈរបស់មនុស្សចិត្តល្អ
ភាគច្រើនគឺទទួលបានការទុកចិត្ត និងក្ដីស្រឡាញ់ពីមជ្ឈដ្ឋានដែលគេកំពុងរស់នៅ ។
ចរិតយើងបែបណាលទ្ធផលជីវិតយើង គឺបែបហ្នឹង
ពេលខ្លះចំណូលចិត្តបន្ដិចបន្តួចវាក៏អាចកំណត់ពីអនាគតយើងបានដែរ ។
បើយើងចូលចិត្តដើរជាមួយជនពាល មិនយូរមិនឆាប់យើងនឹងក្លាយជាជនពាល ។
បើយើងចូលចិត្តដើរជាមួយអ្នកសិក្សា
មិនយូរមិនឆាប់យើងនឹងមានការយល់ដឹងពីហេតុផលមួយចំនួននៃលក្ខខណ្ឌជីវិត ។
បើយើងចូលចិត្តដើរជាមួយអ្នកប្រមឹកអួទីនួ មិនយូរមិនឆាប់យើងនឹងក្លាយជាជនប្រមឹកអួទីនួ
បាត់បង់ទាំងសតិ បាត់ទាំងសុខភាព ។ បើយើងចូលចិត្តដើរជាមួយអ្នកងប់ងុលនឹងល្បែងស៊ីសង
មិនយូរមិនឆាប់យើងនឹងរលាយទ្រព្យ បាត់ទាំងញាតិ អាស្រូវទាំងកេរ្តិ៍ ។
គប់ស្រា
យើងនឹងក្លាយជាមិត្តរបស់អ្នកផឹកស្រា ។ គប់បណ្ឌិត យើងនឹងមានមិត្តជាវិញ្ញូជន ។
គប់ជនពាល យើងនឹងក្លាយជាសំរាមសង្គម ។ គប់សភាវៈបែបណា ជីវិតគឺបែបហ្នឹង ។
មនុស្សជាច្រើនបានបន្ទោសព្រហ្មលិខិត
នៅពេលដែលពួកគេជួបវាសនាមិនល្អ ។ ប៉ុន្ដែមនុស្សឆ្លាត តែងឈ្វេងយល់ពីវាសនាមិនល្អ
នៅពេលពួកគេចួបវាសនាមិនល្អ ។ មេទ័ពចាញ់សង្គ្រាម តែងប្រឹងប្រែងស្វែងយល់ពីសង្គ្រាម
ដើម្បីប្រសិទ្ធភាពនៃការដឹកនាំទ័ពបន្ដទៀត ។ មនុស្សបរាជ័យតែងប្រឹងសឈ្វេងយល់ពីការបរាជ័យ
ដើម្បីបន្ដដំណើរជីវិតទៅមុខទៀត ។ ជីវិតមានតែប៉ុណ្ណឹង!..
ហើយនេះក៏ជាហេតុផលដែលព្រះពុទ្ធបានផ្ដល់ឱវាទ ឱ្យយើងអប់រំខ្លួនជាមួយការមិនប្រហែសធ្វេស
។ មាគ៌ានៃការ មិនប្រហែសធ្វេស គឺការតាំងសតិរលឹកដឹងជានិច្ច ។ ការរលឹកដឹងជានិច្ចថា បើទង្វើនោះមិនត្រូវ
គឺត្រូវតែឈប់ ។ ការរលឹកដឹងថាសភាវៈណាមិនត្រឹមត្រូវ គឺត្រូវជៀសឲ្យឆ្ងាយ ។ ការរលឹកដឹងថាឥរិយាបថបែបណាគួរប្រតិបត្តិ
ដើម្បីឱ្យជីវិតបានប្រសើរ និងឥរិយាបថបែបណា គួរជៀសឲ្យឆ្ងាយ ។
បើចង់បានសួនផ្កាល្អលើផ្លូវជីវិត ជាដំបូងយើងត្រូវកែប្រែខ្លួនទៅតាមមាគ៌ានៃចរិយាធម៌ជាមុនសិន
៕
_____
No comments:
Post a Comment