Thursday, April 2, 2020

ចំណេះដឹងមិនមែនជាល្បែង



មានផ្នត់ទម្លាប់ដ៏ឆោតល្ងង់មួយរបស់អ្នករៀនសូត្រ គឺមិនព្រមយកចំណេះដឹងដែលទទួលបានពីការប្រឹងប្រែងសិក្សារៀនសូត្រទៅប្រើប្រាស់ជាប្រយោជន៍ ឬក៏អនុវត្តឱ្យកើតជាទម្លាប់នោះទេ ។ ប៉ុន្តែ បែរជាយកចំណេះដឹងដែលទទួលបាននោះ ទៅធ្វើជាល្បែងល្បងប្រាជ្ញាទៅវិញ ។ ខ្ញុំហ៊ាននិយាយថា គេយកចំណេះដឹងទៅធ្វើជាល្បែង ពីព្រោះខ្ញុំបានឃើញមនុស្សមួយចំនួនធំ ពិសេសយុវជន តែងតែយកចំណេះដឹងដែលខ្លួនទទួលបានតាមរយៈការសិក្សារៀនសូត្រ និង ស្រាវជ្រាវ ទៅធ្វើជាល្បែងល្បងប្រាជ្ញា ច្រើនជាងយកវាទៅប្រើប្រាស់ ។

ចំណេះដឹងមិនខុសពីអាវុធនោះទេ ប្រសិនបើវាមិនត្រូវបានគេយកទៅប្រើប្រាស់ គឺស្មើនឹងឥតតម្លៃ ។ សូមកុំយល់ច្រឡំថា ការចូលចិត្តចោទសួររបស់ពួកអ្នកប្រាជ្ញ ថាជាការល្បងប្រាជ្ញាគ្នាឱ្យសោះ ពីព្រោះពួកគេគ្មានគំនិតចង់ផ្ចាញ់ផ្ចាលនឹងអ្នកណាម្នាក់ឡើយ ។ បានន័យថា ការសួរសំណួររបស់ពួកគេ មានចេតនាសំដៅដល់ការរកឱ្យឃើញចម្លើយថ្មី ដើម្បីយកទៅដោះស្រាយបញ្ហាជីវិតរបស់មនុស្ស ។ ព្រះសមណគោត្តម ទ្រង់មានចម្ងល់អំពីសេចក្តីទុក្ខនៅក្នុងជីវិតរបស់មនុស្ស ព្រោះតែចម្ងល់មួយនេះ ទើបធ្វើឱ្យទ្រង់អាចត្រាស់ដឹងក្លាយជាព្រះពុទ្ធ និង បានបន្សល់ទុកនូវមាគ៌ា ដែលអាចដឹកនាំមនុស្សឆ្ពោះទៅរកការរួចរដោះ ។

ប្រសិនបើយើងប្រឹងប្រែងសិក្សារៀនសូត្រ គ្រាន់តែដើម្បីបានលេងល្បែងជាមួយនឹងចំណេះដឹង នោះក្នុងមួយជីវិតនេះ យើងនឹងគ្មានឱកាសបានក្រេបរសជាតិពិតប្រាកដរបស់វាឡើយ ។ ចំណេះដឹងមិនខុសពីអាវុធ ដោយវាមានប្រយោជន៍ ឬឥតប្រយោជន៍ គឺអាស្រ័យទាំងស្រុងលើអ្នកប្រើប្រាស់ ។ បើអ្នកយកចំណេះដឹងទៅប្រើប្រាស់ ក្នុងចេតនាបំប៉ោងភាពអាត្មានិយម ដោយគ្រាន់តែចង់បង្ហាញអ្នកផងទាំងឡាយថា អ្នកជាមនុស្សចេះដឹង នោះមានន័យថា អ្នកកំពុងតែដើរតាមមាគ៌ារបស់មនុស្សល្ងង់ប៉ុណ្ណោះ ។

តាមធម្មតា មនុស្សល្ងង់តែងតែយល់ឃើញថា ខ្លួនឯងចេះលើសគេ ហើយតែងតែឈ្នានីសនឹងចំណេះរបស់អ្នកដទៃ ។ ចំណែកអ្នកចេះតែងតែមានអារម្មណ៍ថា ខ្លួនឯងនៅល្ងង់ណាស់ ទើបត្រូវខំរៀនបន្ថែម ។ ចំណេះដឹងក្នុងលោក ច្រើនតែនិយាយអំពីការអនុវត្ត ប៉ុន្តែ ដោយអវិជ្ជាមនុស្សយើងចូលចិត្តយកវាមកធ្វើជាល្បែងកម្សាន្តខាងប្រាជ្ញាទៅវិញ ដូចជាព្រះពុទ្ធ ទ្រង់តែងតែទូន្មានទៅបរិស័ទអំពីការបដិបត្តិ ដើម្បីរួចផុតចាកអំពីសេចក្តីទុក្ខ ។ ប៉ុន្តែ ជាក់ស្តែងយើងនៅតែឃើញមានមនុស្សសូត្រទ្រឹស្តីរបស់ទ្រង់ ដោយពុំមានសញ្ញាណាមួយបង្ហាញថា គេបានរួចរដោះបន្តិចសោះឡើយ ។ បញ្ហា គឺនៅត្រង់ថា គេបានយកការចេះដឹងនោះទៅធ្វើជាល្បែង ដោយពុំបានបដិបត្តិ ។
____

No comments:

Post a Comment