Wednesday, April 1, 2020

សត្រូវពិតមិត្តអវិជ្ជា



សង្គមជាក់ស្តែង គ្មានអ្នកណាខ្វល់ថាអ្នកធ្វើល្អឬធ្វើអាក្រក់ទេ តែសំខាន់គឺលទ្ធផលជាក់ស្តែង។ អ្នកខ្លះធ្វើល្អ តែលទ្ធផលមិនបានល្អ គឺស្មើនឹងមិនល្អឡើយ។ អ្នកខ្លះធ្វើអាក្រក់ តែលទ្ធផលបានផលល្អ គឺស្មើនឹងល្អ។ អ្នកខ្លះមិនធ្វើល្អ ហើយក៏មិនធ្វើអាក្រក់ដែរ តែអង្គុយចាំមើល ចាំថា ចាំសរសើរ ចាំរិះគន់ ដោយយោងទៅតាមលទ្ធផលនៃអ្នកធ្វើ។ កាលៈទេសៈសង្គម វាមិនល្អពេកទេ ហើយក៏មិនអាក្រក់ពេកដែរ តែសំខាន់គឺសិល្បៈ ឈរឱ្យចំកន្លែងសច្ចៈ រុលទៅមុខឱ្យខានតែបាន។ តើសត្រូវពិតជាអ្នកណា ហើយមិត្តអវិជ្ជាជានរណា?

សត្រូវពិត គឺជាអ្នកដែលចាំតែវាយសង្គ្រុបយើង ទោះយើងធ្វើល្អប៉ុនណា ក៏មនុស្សដែលមានចិត្តមិនមែនមិត្តមិនពេញចិត្តដែរ។ ពេលយើងឈ្នះ ឬពេលយើងខ្លាំង គឺគ្មានការសរសើរ ហើយក៏មិនអបអរសាទរដែរ។ មិនសរសើរ មិនសាទរ មិនហ៊ានវាយប្រហារ តែបានត្រឹមតែស្ងាត់មាត់។ ឱ្យតែយើងខ្លាំងហើយ គឺសត្រូវមិនហ៊ានលាន់មាត់ ឬហ៊ានតទល់ទេ តែបើឱកាសណាមួយដែលយើងខ្សោយ គឺសត្រូវនឹងវាយប្រហារភ្លាម។ បើនិយាយឱ្យអាក្រក់ស្តាប់ ទោះធ្វើជាមនុស្សល្អក៏ដោយ ឬទោះធ្វើជាមនុស្សអាក្រក់ក៏ដោយ គឺត្រូវខ្លាំងគ្រប់ពេល។

ធ្វើអ្វីក៏ដោយ បើធ្វើទៅហើយ គ្មានអ្នកស្អប់ទេ គឺមានន័យថា យើងធ្វើមិនទាន់ត្រូវនៅឡើយទេ។ ការស្អប់ស្រឡាញ់ វាតែងតែកើតឡើងចំពោះអ្នកបំពេញការងារសំខាន់ៗ តែបើគ្មានអ្នកស្អប់ ឬមានតែអ្នកស្រឡាញ់ គឺយើងត្រូវពិនិត្យឆ្លុះបញ្ចាំងខ្លួនឯងឡើងវិញ (ទាក់ទងនឹងចិត្តសាស្រ្តមនុស្សពីធម្មជាតិ)។ បើថ្ងៃណាមួយយើងខ្សោយ យើងចាញ់ យើងបរាជ័យ គឺអ្នកដែលធ្លាប់ទប់សំណើចមិនចង់សើចចំអកយើង នឹងបើកមាត់សើចភ្លាមៗ ហើយសើចដោយឥតលាក់លៀមទៀតផង។ ចំពោះមិត្តដែលអវិជ្ជា ជាប្រភេទមនុស្សដែលមិនយល់ការណ៍។ ម្តងម្កាល មិត្តអវិជ្ជានេះអាចច្រឡំវាយប្រហារគ្នាឯងផងក៏មានដែរ។

នៅលើលោកនេះ គ្មានជោគជ័យដែលអតមៈទេ ដ្បិតវាជាច្បាប់ធម្មជាតិ។ ចាញ់ផងឈ្នះផង ខ្លាំងផងខ្សោយផង គឺតែងប្តូរវេនគ្នាជានិច្ច។ ដូច្នេះ ពេលឈ្នះថ្ងៃនេះ គឺស្មើនឹងចាញ់នៅថ្ងៃក្រោយ។ ពេលមានអ្នកញញឹមសាទរ ក៏នឹងមានអ្នកសើចចំអកដែរ។ ជីវិតនេះ បើរស់នៅមិនរដោះចិត្តឱ្យ ផុតអញ ឬស្តើងអញទេ គឺមានតែទុក្ខប៉ុណ្ណោះ។ រស់នៅមានគោលការណ៍ ទោះបរាជ័យ ក៏មានតម្លៃគប្បីនឹងខ្លួនឯងដែរ។ បក្សីមានជម្រើសរើសមែកឈើទំ ប្រៀបដូចមនុស្សមានជម្រើសរស់នៅដោយមានឬគ្មានគោលការណ៍។ អ្នកដែលរស់នៅគ្មានគោលការណ៍ ភាគច្រើនធ្វើការងារអ្វីមួយ គឺមិនសូវមុតទេ ប្រៀបដូចជាបក្សីដែលហើរមិនទំសម្រាកលើមែកឈើ គឺហើរមិនបានឆ្ងាយឡើយ៕

No comments:

Post a Comment