Wednesday, April 1, 2020

ស្រឡាញ់ព្រោះអ្វី ?




មាសប្រាក់ទ្រព្យសម្បត្តិ ជារបស់កើតឡើងដោយកម្លាំងញើសឈាម ។ ប៉ុន្ដែសុភមង្គលតែមួយមុខ មិនអាចយកចំនួនលុយទៅបំពេញបានទេ ។ ការរៀបការ គឺជាការរួមដំណើរជីវិតជាមួយគ្នា មើលថែគ្នា ហើយវាអាចកើតឡើងក៏ដោយសារតែយើងស្រឡាញ់គ្នាដែរ ។ ចំនួនមាសប្រាក់ទ្រព្យសម្បត្តិ យើងអាចរកបាននៅពេលក្រោយ ។ ប៉ុន្ដែរឿងដែលយើងប្រហែលជារកមិនបាន គឺស្នេហាពិតមួយ មនុស្សល្អពិតប្រាកដម្នាក់ ។

យើងអាចដឹកដៃគ្នាតស៊ូជាមួយគ្នាបាន ក៏ដោយសារតែស្រឡាញ់គ្នា ។ ប៉ុន្ដែជំនោរសង្គមបានបង្រៀនមនុស្សខ្លះឱ្យទៅឱបរបស់ក្រៅខ្លួនទៅវិញ!! ។ ពេលខ្លះ មនុស្សល្អម្នាក់ ក៏ត្រូវគេបោះបង់ចោល ដោយសារតែហេតុផលដែលមិនសក្តិសម ។ ប៉ុន្ដែបើយើងដឹងថា វាជាស្ថានភាពលំបាកទៅហើយ ហេតុអ្វីមិនតស៊ូជាមួយគ្នាទៅ ? ជីវិតតែងតែមានពេលលំបាក ពេលស្រណុកអីចឹងហើយ សំខាន់ត្រូវអត់ធ្មត់ ហើយជួយគ្នាដោះស្រាយ ។ មិនថាយើងមិនថាគេទេ សុទ្ធតែជាមនុស្សដែលមានចន្លោះខ្វះខាត ។ ចុះបើដឹងថាម្នាក់ណាកំពុងខ្វះខាតហើយ ហេតុអ្វីមិនឆាប់ជួយបំពេញគ្នាទៅ ?

ស្នេហា មិនមែនជាសម្ភារៈប្រើប្រាស់ដែលយើងអាចយកលុយទៅទិញបានទេ ។ ប៉ុន្ដែមនុស្សក្នុងសង្គម ចង់បានតែអ្នកមាន តែមិនចង់បានទឹកចិត្តទៅវិញ! ។ ពេលខ្លះចំនួនលុយ វាធ្ងន់ជាងទម្ងន់នៃក្ដីស្រឡាញ់ទៅទៀត ។ ប៉ុន្ដែចំនួនលុយដែលយើងរកបានជាមួយគ្នាដោយកម្លាំងញើសឈាម វាមានន័យជាង វាមានតម្លៃជាងទ្រព្យសម្បត្តិស្រាប់ៗដែលមិនស្គាល់ការតស៊ូនោះឆ្ងាយណាស់ ។

បើស្រឡាញ់គ្នា កុំគិតរឿងថ្ងៃនេះអី!! ប៉ុន្ដែសូមគិតរឿងថ្ងៃក្រោយ ព្រោះអ្វីៗជុំវិញខ្លួនយើងវាអាចប្រែប្រួលបានគ្រប់ពេល ។ មុនពេលសម្រេចចិត្តរៀបការ គួរណាស់តែចំណាយពេលស្គាល់គ្នាឱ្យបានយូរបន្ដិចដែរ ព្រោះថាដៃដែលយើងត្រូវកាន់ វាអាចនឹងរបូត ឬវាអាចគង់វង្ស ក៏ដោយសារតែយើងស្គាល់ធាតុពិតរបស់គ្នាដែរ ។ អ្នកខ្លះស្រឡាញ់គេក្នុងថ្ងៃនេះ ដោយសារគេស្អាត ដោយសារគេមាន តែដល់ពេលរបស់ទាំងនោះវាប្រែប្រួលទៅ ចិត្តស្រឡាញ់ក៏ចាប់ផ្តើមរង្គោះរង្គើរ រហូតពេលខ្លះឈានដល់កម្រិតប្រេះបែកជាពីរ ។

កុំរៀបការដោយសារតែគេជាអ្នកមាន ចូររៀបការជាមួយតម្រូវការបះដូង ។ កុំរៀបការចូលក្នុងវិមាន ហើយយំក្នុងវិមាន ។ កុំរៀបការជាមួយអ្នកមានឡាន ហើយយំក្នុងឡាន ។ រៀបការជាមួយមនុស្សដែលយើងស្រឡាញ់ ទើបអាចរកឃើញសុភមង្គលយូរអង្វែងបាន ។ បើស្រឡាញ់គ្នាពិត ត្រូវព្យាយាមប្រឹងប្រែងដាំដើមសុភមង្គលមួយដើមនោះជាមួយគ្នា ។ ប្រឹងស្រោចទឹក ជ្រោយដីដាក់ជី ទើបវាចេញផ្លែផ្កា ។ គ្មាននរណាលក់សុភមង្គលឱ្យយើងទិញទេ មានតែយើងប្រឹងប្រែងសាងវាជាមួយគ្នា ។ ត្រូវចេះស្រឡាញ់គ្នា ស្មោះត្រង់នឹងគ្នា ៕

______

No comments:

Post a Comment