Wednesday, April 8, 2020

ដើម្បីអ្នក



ស្រឡាញ់អ្នកខ្ញុំចង់ឱ្យអ្នកក្លាហាន រឹងមាំ ហើយអាចរស់នៅបានល្អប្រសើរ ។ ស្រឡាញ់អ្នក ខ្ញុំចង់ឃើញអ្នកមានក្ដីសុខ មានស្នាមញញឹម និងជឿជាក់លើខ្លួនឯង ។ ស្រឡាញ់អ្នក ខ្ញុំឱ្យអ្នកអាចធ្វើជាមនុស្សដែលមានថាមពលជីវិតគ្រប់គ្រាន់ ។ ស្រឡាញ់អ្នក រឿងដែលខ្ញុំខ្លាចបំផុតគឺអ្នកទន់ខ្សោយ ។ ខ្ញុំមិនខ្លាចអ្នកចាកចោលខ្ញុំពេលដែលអ្នករឹងមាំទេ ព្រោះក្ដីស្រឡាញ់ដែលខ្ញុំឱ្យអ្នក គឺដើម្បីតែអ្នក ។ ស្រឡាញ់អ្នក ទើបចង់ឃើញអ្នកបានល្អ ឃើញអ្នកបានប្រសើរ ។ ហើយប្រសិនបើថ្ងៃណាមួយអ្នកជ្រើសរើសនៅឆ្ងាយពីខ្ញុំព្រោះតែអ្នករឹងមាំ ខ្ញុំនឹងគោរពការសម្រេចចិត្ត ហើយខ្ញុំក៏អាចទុកចិត្តថា " អ្នកអាចរស់នៅបានល្អប្រសើរដោយខ្លួនឯងបាន "

រឿងរ៉ាវទៅថ្ងៃខាងមុខ គ្មានអ្នកណាស្មានដឹងទេ ថានឹងប្រែប្រួលទៅជាយ៉ាងណា ។ មិនប្រាកដទេថាដង្ហើមខ្ញុំនឹងដាច់បាត់នៅពេលណា ហើយក៏មិនប្រាកដថាខ្ញុំអាចនឹងនៅជិតអ្នករហូតពេញមួយជីវិត ។ ប៉ុន្ដែភាពរឹងមាំ និងថាមពលជីវិតដែលអ្នកទទួលបាន វានឹងនៅជាមួយអ្នករហូត វានឹងអាចមើលថែអ្នកជំនួសខ្ញុំបាន ។ សួរថាខ្ញុំស្រឡាញ់អ្នកទេ ? តាមពិតខ្ញុំស្រឡាញ់អ្នកខ្លាំងបំផុត ។ សួរថាតើខ្ញុំខ្លាចបាត់បង់អ្នកទេ ? នេះក៏ជារឿងដែលខ្ញុំខ្លាចបំផុតដែរ តែខ្ញុំពិតជាមិនដឹងឡើយ ថាថ្ងៃក្រោយអ្នកនឹងបាត់បង់ខ្ញុំ ឬខ្ញុំបាត់បង់អ្នក ។ ប៉ុន្ដែបើការចាកចេញអាចឱ្យអ្នកមានក្ដីសុខជាងនេះ ខ្ញុំនឹងគោរពការសម្រេចចិត្តរបស់អ្នក ទោះបីជាខ្ញុំដឹងថាខ្លួនឯងត្រូវឈឺចាប់ក៏ដោយ ខ្ញុំក៏អាចញញឹមពេលដែលឃើញអ្នករីករាយ ព្រោះក្ដីស្រឡាញ់មិនអាចបង្ខំបានទេ ។ អ្វីដែលខ្ញុំអាចធ្វើបាន គឺដើម្បីអ្នក ស្រឡាញ់អ្នកទើបចង់ឱ្យអ្នកញញឹម និងរស់នៅបានល្អប្រសើរ
_________
Cr. Sun Veasna

No comments:

Post a Comment