Monday, April 6, 2020

ធ្វើជាបង្អែក



មនុស្សដែលហុចទឹកឱ្យអ្នកដទៃផឹក ខណៈពេលដែលគេកំពុងតែហេវហត់ គឺជាមនុស្សស្អាតបំផុត ។ មនុស្សដែលស្ម័គ្រចិត្តធ្វើជាថ្នាំមួយគ្រាប់ ព្យាបាលជំងឺទឹកចិត្តដល់នរណាម្នាក់ គេគឺជាទេវតា ។ មនុស្សដែលហុចដៃឱ្យនរណាម្នាក់តោង ខណៈពេលដែលគេកំពុងលង់ទឹក គឺគេជាព្រះសង្គ្រោះ ។ ភាពស្រស់ស្អាតនៃជីវិត គឺសុចរិត ។ ភាពស្រស់ស្អាតរបស់មនុស្សម្នាក់ គឺសេចក្ដីល្អដែលគេបានសាង ។

ការបានជួយសង្គ្រោះអ្នកដទៃ វាជាសម្រស់ដ៏ស្រស់ស្អាតមួយរបស់យើងដែរ ។ ប្រសិនបើអាចធ្វើជាទឹក សូមធ្វើជាទឹកស្អាតដែលនរណាៗក៏អាចផឹកបាន ។ ប្រសិនបើអាចធ្វើជាផ្កា សូមធ្វើជាផ្កាដែលគ្មានជាតិពុល ដែលនរណាក៏ចង់នៅក្បែរ ចង់ថែរក្សា ។ ប្រសិនបើអាចធ្វើជាដើមឈើ សូមធ្វើជាដើមឈើដែលអាចផ្ដល់ម្លប់ដល់អ្នកដទៃ ។ ប្រសិនបើអាចធ្វើជាមនុស្ស សូមធ្វើជាមនុស្សស្អាតដែលមានសន្ដិភាព និងក្ដីស្រឡាញ់ជុំវិញខ្លួន ។ ប្រសិនបើធ្វើជាមនុស្សស្អាត សូមស្អាតដោយទឹកចិត្ត ។ ប្រសិនបើធ្វើជាមនុស្សស្អាតទឹកចិត្ត សូមជួយសង្គ្រោះអ្នកដទៃ

ដ្បិតមានរឿងខ្លះយើងមិនអាចធ្វើបាន ឬវាលើសលទ្ធភាព ប៉ុន្ដែប្រសិនបើអាចធ្វើយើងគួរតែធ្វើ ។ មនុស្សគ្រប់គ្នារស់នៅលើផែនដីនេះ គឺដើម្បីតែធ្វើដំណើរទៅមុខប៉ុណ្ណោះ រយៈចម្ងាយដែលយើងបានដើរ វាបានចាយអស់ទៅជារៀងរហូតហើយ ហើយ រយៈចម្ងាយដែលនៅសេសសល់ វាអាចនឹងមិនច្រើនប៉ុន្មានទេ យើងក៏មិនអាចឱបភាពអាត្មានិយម សោះកក្រោះទៅជាមួយដែរ ។

វិថីជីវិតដ៏ស្រស់ស្អាត គឺជាផ្លូវដែលពោរពេញដោយផ្ការីក ដែលមានក្លិនក្រអូបបរិសុទ្ធ ។ ឆាកជីវិតដ៏ស្រស់ស្អាត គឺជាការរស់នៅពោរពេញដោយក្ដីមេត្តា ស្នាមញញឹម និងក្ដីស្រឡាញ់ ហើយដើម្បីទទួលបានវា ជាដំបូងយើងគួរតែធ្វើជាមនុស្សល្អម្នាក់ជាមុនសិន ។ ទីបញ្ចប់នៃដំណើរមួយនេះ វាគឺជាសមិទ្ធផលដែលយើងបានបង្កើត អាចមានរឿងរីករាករាយច្រើនប៉ុនណា អាចមានរឿងស្ដាយក្រោយច្រើនប៉ុនណា នោះត្រូវមើលលើការប្រើជីវិតរបស់យើង ថាតើយើងបានធ្វើអ្វីខ្លះ

_________________________________

Cr. SunVeasna

No comments:

Post a Comment