ការស្គាល់ខ្លួនឯង ៖
តើយើងអាចស្គាល់ខ្លួនឯងដោយវិធីណា? បញ្ហាដ៏ធំរបស់មនុស្សគឺការស្គាល់ខ្លួនឯង ។
មានមនុស្សជាច្រើនតែងអះអាងថាស្គាល់ខ្លួនឯង
តែក្នុងសភាពពិតជាក់ស្តែងវាជាការកុហកខ្លួនឯងទៅវិញ ។
ការស្គាល់ខ្លួនឯងវាត្រូវតែឆ្លើយតបបានទៅលើកត្តាពីរគឺ កត្តាអត្តនោម័តិ
ដែលឆ្លុះបញ្ចាំងតាមរយៈការគិតរបស់ខ្លួនឯង និងកត្តាសត្យានុម័តិ
ដែលឆ្លុះបញ្ចាំងតាមរយៈមនុស្សជុំវិញនិងសភាពពិតជាក់ស្តែង ៖
១) កត្តាអត្តនោម័តិ
គឺការវិនិច្ឆ័យអំពីខ្លួនឯងដោយខ្លួនឯង ពិចារណាទៅលើ ៖
ក) អារម្មណ៍ ៖
តើកិច្ចការអ្វីខ្លះដែលយើងមានអារម្មណ៍ចង់ធ្វើឱ្យបានល្អបំផុត? ធ្វើដោយមិនចេះធុញទ្រាន់
មិនថាជាពេលណាក៏ដោយ យើងហ៊ានលះបង់គ្រប់យ៉ាងដើម្បីរបស់នោះ ។
ខ) តើយើងមានការគិតដូចម្តេច? តើយើងឱ្យតម្លៃទៅលើអ្វីខ្ពស់បំផុត?
គ) សមត្ថភាព ៖
តើយើងមានសមត្ថភាពធ្វើកិច្ចការនោះក្នុងកម្រិតណា? តើយើងបានខិតខំអភិវឌ្ឍសមត្ថភាពនេះកម្រិតណា?
បើប្រៀបធៀបនឹងអ្នកខ្លាំងលើផ្នែកនេះតើយើងនៅក្នុងកម្រិតណា? តើយើងមានរំពឹងថាអាចអភិវឌ្ឍដល់កម្រិតកំពូលឬយ៉ាងណា?
ឃ) លទ្ធផលដែលបានទទួល ៖
តើលទ្ធផលដែលយើងទទួលបានមកវាជួយឱ្យជីវិតយើងបានប្រសើរដែរឬទេ? ឬមួយបានត្រឹមតែល្អមើល
តែមិនល្អស៊ី?
២) កត្តាសត្យានុម័តិ ៖
ត្រូវឆ្លុះបញ្ចាំងមើលខ្លួនឯងតាមរយៈការឆ្លើយតបពីមនុស្សជុំវិញនិងសភាពពិតជាក់ស្តែង
អំពីអារម្មណ៍ ទស្សនៈ សមត្ថភាព និងលទ្ធផល
ថាតើវាសមស្របទៅតាមអ្វីដែលយើងវិនិច្ឆ័យខ្លួនឯង ឬមួយវាខុសឆ្ងាយតិចច្រើនកម្រិតណា?
ប្រសិនបើករណី ១ និងករណី ២ វាប្រហាក់ប្រហែលគ្នា នោះគឺជារឿងល្អ
តែបើវាខុសគ្នាឆ្ងាយពេក យើងគួរដាក់ចិត្តទទួលស្គាល់ការពិត ។ សូមកុំចង់ធ្វើចេះតែម្នាក់ឯង, ការមិនទទួលស្គាល់ការពិតវាគ្មានផលល្អដល់ខ្លួនឡើយ
។ មនុស្សដើរផ្លូវខុសគឺជារឿងធម្មតា តែការដើរផ្លូវខុសហើយមិនព្រមទទួលស្គាល់ថាខុស
នោះគឺជារឿងគួរឱ្យសង្វេគ គ្មានអ្វីអាចស្រោចស្រង់បានទេ ។
-----------------------------
Cr. Kim Chana
រូបភាព៖ហ្វេសប៊ុក
No comments:
Post a Comment