មនុស្សយើងប្រើប្រាស់ភាសាដើម្បីទំនាក់ទំនងគ្នា
តែពេលខ្លះភាសាគឺពុំចាំបាច់ទេ។ ក្នុងស្ថានភាពខ្លះ ភាពស្ងប់ស្ងាត់
គឺជាចម្លើយដ៏ពេញលេញបំផុត និងល្អបំផុតក្នុងការឆ្លើយតបនឹងស្ថានភាពអ្វីមួយ
ឬឆ្លើយតបទៅនឹងនរណាម្នាក់។ ក្នុងការទំនាក់ទំនង ការនិយាយមិនច្បាស់លាស់
ការនិយាយមិនអស់ន័យ គឺធ្វើឱ្យមនុស្សយល់ច្រឡំគ្នា ឬភាន់ច្រឡំក៏ថាបាន។
ខ្ញុំនឹងចែករំលែកការពិចារណាលើភាសាតក្កវិជ្ជា ឬភាសាឡូហ្ស៊ីកដែលអ្នកនយោបាយចូលចិត្តប្រើបំផុត។
ក្នុងទ្រឹស្តីកាទូតនិយាយថា “ឆ្មាពណ៌ស ឬឆ្មាពណ៌ខ្មៅ
សំខាន់ឱ្យតែចាប់កណ្តុរបាន”។ គំនិតនេះ
គឺចង់បង្ហាញថា “គ្មានមិត្ត
គ្មានសត្រូវ តែមានតែប្រយោជន៍” ដែលខ្មែរយើងតែងលើកមកនិយាយថា
“ឆ្អិនក្បាល ស៊ីក្បាល
ឆ្អិនកន្ទុយ ស៊ីកន្ទុយ”។
ខ្ញុំសុំអនុញ្ញាតយកទស្សនវិជ្ជានយោបាយមកនិយាយក្នុងបរិបទឡូហ្ស៊ីកនេះ។
នយោបាយវិទូអ៊ីតាលី ម៉ាឈែវ៉ែលី (Niccolò Machiavelli) និយាយថា “កុំទុកចិត្តសូម្បីតែមិត្តភក្តិរបស់អ្នក
ព្រោះថ្ងៃស្អែកមិត្តអាចក្លាយទៅជាសត្រូវ។
កុំនិយាយអ្វីដែលនាំឱ្យប៉ះពាល់ដល់សត្រូវរបស់អ្នក ព្រោះសត្រូវថ្ងៃនេះ
គឺអាចក្លាយទៅជាមិត្តនៅថ្ងៃស្អែក”។ សម្រាប់អ្នកឡូហ្ស៊ីក
គឺអាចបកស្រាយវាយប្រហារបានដោយថា “លក្ខណៈមនុស្សខូច
គឺមិនដែលទុកចិត្តអ្នកដទៃទេ”។ សម្តីដែលបកទៅជាន់ទ្រឹស្តីនេះ
គឺជាសម្តីបែបឡូហ្ស៊ីក
ដែលមនុស្សខ្វះការពិចារណាគ្រប់ជ្រុងជ្រោយនឹងត្រូវជាប់ផុងនៅត្រឹមនេះ។
ចំណុចនេះ យើងត្រូវសង្កត់ពាក្យ “នយោបាយ និងមនុស្សខូច”។
បើនិយាយអ៊ីចឹង គឺមានន័យថា “អ្នកនយោបាយ
គឺស្មើនឹងមនុស្សខូច ឬមនុស្សខូច ស្មើនឹងអ្នកនយោបាយ”។
តើអ្នកនយោបាយសុទ្ធតែជាមនុស្សខូចឬ? យើងអាចបកស្រាយញែកគំនិតចេញឱ្យត្រូវតាមកាលៈទេសៈថា
“តើយើងចង់និយាយពីមនុស្សធម្មតា
មនុស្សខូច ឬក៏និយាយពីអ្នកនយោបាយ?
បើយើងមិនញែកចេញទេ គឺនឹងច្រឡំ
ដោយមិនដឹងថាបកស្រាយក្នុងកាលៈទេសៈណា ហើយស្តាប់ទៅ ត្រឹមត្រូវបែបឡូហ្ស៊ីក។
ជម្លោះ វាតែងកើតពីកន្លែងនេះ ជាពិសេសអ្នករំជើបរំជួលនឹងទស្សនៈ ឬគំនិត
ដែលតែងតែយល់ថាខ្លួនឯងឆ្លាតជាងអ្នកដទៃ។ ខ្ញុំនិយាយម្តងហើយម្តងទៀតថា “ការបកស្រាយគំនិត
ការបង្ហាញទស្សនៈ គឺដាច់ខាតត្រូវដាក់លក្ខណៈឱ្យគំនិតថា “តើយើងចង់បកស្រាយត្រឹមព្រំដែនណា? ព្រំដែននយោបាយ?
ព្រំដែនសាសនា? ព្រំដែនយុទ្ធសាស្រ្ត?
ព្រំដែនប្រថុជ្ជន? ហើយសូមកុំយកប្រធានបទមួយឆ្លងចូលប្រធានបទមួយឱ្យសោះ
ព្រោះការបកស្រាយឆ្លងប្រធានបទបែបនេះ គឺតែងបង្កជម្លោះ”។
នេះជាបញ្ហានៃការប្រើប្រាស់ភាសា។ និយាយឱ្យច្បាស់លាស់ក្នុងព្រំដែនណាមួយ
ដ្បិតគំនិតត្រូវឬខុស វាត្រូវនៅលើកត្តាកាលៈទេសៈ
និងកត្តាពេលវេលាទៅមុខទៀត។ ឧទាហរណ៍ កុមារីឈ្មោះណាភា មានបងប្អូន៣នាក់
ហើយណាភា គឺជាកូនពៅ។ ពីរឆ្នាំក្រោយមក ណាភាលែងក្លាយទៅជាកូនពៅទៀតហើយ
ពីព្រោះម្តាយឪពុកណាភាមានកូនថែមម្នាក់ទៀត។
នេះហើយជាចំណុចប្រែប្រួលទៅតាមស្ថានភាព និងកាលៈទេសៈ ជាពិសេសកត្តាពេលវេលា។
គំនិតត្រូវឬខុស វាប្រែប្រួលទៅតាមលក្ខខណ្ឌបែបនេះ។
ការនិយាយស្តី ការបកស្រាយគំនិត
ក៏អ៊ីចឹងដែរ គឺត្រូវដឹងថាខ្លួនចង់បកស្រាយក្នុងលក្ខខណ្ឌណា បរិបទណា
និងកាលៈទេសៈណា ដ្បិតបើមិនយល់លក្ខខណ្ឌទេ មិនយល់បរិបទទេ
មិនយល់កាលៈទេសៈទេ គឺនឹងបកស្រាយខុស នាំការជជែកបែបទាស់ទែង។ ភាសា
និងកាលៈទេសៈប្រើប្រាស់ភាសា គឺសំខាន់ក្នុងការជជែកគ្នា
ជាពិសេសការវែកញ៉ែកទ្រឹស្តី ឬគំនិតក្នុងថ្នាក់ខ្ពស់។ ក្នុងភាពយន្តសាមកុក
ខ្ញុំសង្កេតឃើញចរិតស៊ឺម៉ាអ៊ី ដែលចេះសួរបញ្ជាក់កូនចៅ
ឬឱ្យកូនចៅនិយាយអ្វីដែលខ្លួនបានប្រាប់ “ប្រាប់មកខ្លួនវិញ”។
វិធីសាស្រ្តនេះ គឺដើម្បីច្បាស់លាស់ថាសារ ឬភាសាដែលខ្លួននិយាយចេញទៅហើយ
កូនចៅដែលជាអ្នកស្តាប់អាចទទួលបាន ដោយពុំមានការបំប្លែងទៅអត្ថន័យផ្សេង។
ជាធម្មតា មនុស្សយើង បើយល់ពីចិត្តខាងក្នុងគ្នាហើយ
គឺពុំចាំបាច់និយាយអ្វីច្រើនទេ ដ្បិតការយល់ចិត្តគ្នានេះ
វាស្មើនឹងយល់គ្រប់បែបយ៉ាង។ ភាសានេះជាភាសាស្ងប់ស្ងាត់ ដែលអាចយល់ពីគ្នាបានដោយពុំចាំបាច់បន្លឺសំឡេង។
មនុស្សរស់នៅក្នុងសង្គម គឺត្រូវការភាសា តែព្រះគ្មានភាសាទេ។
នៅពេលមនុស្សអធិដ្ឋាន ឬបួងសួង គឺមិនប្រើភាសាទេ។ ព្រះយេស៊ូមានបន្ទូលថា “ពេលណាអ្នកអធិដ្ឋាន
ចូរកុំធ្វើដូចមនុស្សមានពុតដែលចូលចិត្តឈរអធិដ្ឋាននៅក្នុងសាលាប្រជុំ
[...] ដើម្បីឱ្យគេមើលឃើញឡើយ។ [...] ពេលណាអ្នកអធិដ្ឋាន
ចូរចូលទៅក្នុងបន្ទប់បិទទ្វារ
ហើយអធិដ្ឋានដល់ព្រះវរបិតារបស់អ្នក...ក្នុងទីស្ងាត់កំបាំង។ [...]
កុំពោលពាក្យឥតប្រយោជន៍ផ្ទួនៗ”។
សន្តិភាពកើតឡើង
នៅពេលណាមនុស្សទម្លាក់ភាសាចោល
ហើយព្យាយាមស្វែងយល់ពីចិត្តខាងក្នុងរបស់គ្នា។ តក្កវិជ្ជា
គឺជាភាសានៃពិភពមនុស្សលោក។ ភាសារបស់ព្រះ គឺជាភាសានៃក្តីស្រឡាញ់។
តើយើងដែលធ្លាប់ចោទមនុស្សល្អ “ដែលយើងដឹងជម្រៅចិត្តដ៏ល្អខាងក្នុងរបស់គេហើយ” ថាគេជាមនុស្សអាក្រក់ទេ?
លក្ខខណ្ឌដែលមនុស្សល្អមានកំហុស
គឺខុសព្រោះតែខ្វះចំណេះដឹងប៉ុណ្ណោះ។ ខ្វះចំណេះដឹង
វាធ្វើឱ្យមនុស្សល្អធ្វើខុសដោយអចេតនា។ ខ្ញុំនឹងនិទានរឿងក្មេងប្រុស ៣នាក់
ដែលប្រើភាសាខុសគ្នា ហើយបង្កជម្លោះទាស់ទែងគ្នាដោយសារតែគ្មានចំណេះដឹងខាងភាសា។
មានក្មេងប្រុស ៣នាក់ជាមិត្តនឹងគ្នា ហើយមកពីសាសនាខុសៗគ្នា។ វេលាថ្ងៃមួយ
ក្មេងទាំង៣នាក់ បានបបួលគ្នាទៅផ្សារទិញផ្ទាំងគំនូរ។ មុននឹងនាំគ្នាទៅផ្សារ
ក្មេងៗទាំងបីនាក់បានប្រជុំពិភាក្សាគ្នាថា “តើនឹងទិញគំនូរអ្វី?” ក្មេងទី១
និយាយថា “យើងមានប្រាក់តិច
ហើយខ្ញុំគិតថាយើងគួរតែទិញគំនូររូប <ព្រះអាទិត្យ>”។ ក្មេងទី២
លើកឡើងដោយមិនពេញចិត្តថា “ទេ ទេ!! ខ្ញុំចង់ទិញគំនូររូប <សុរិយា>
ជាង”។ ក្មេងទី៣ មិនយល់ថាពាក្យ <ព្រះអាទិត្យ>
មិនយល់ពាក្យ <សុរិយា> ក៏បានប្រាប់ពីចេតនាខ្លួនទៅកាន់គូកនទាំងពីរថា “សម្លាញ់ទាំងពីរ
ខ្ញុំចង់ទិញគំនូររូប <Sun>
ជាង”។ ម្នាក់ៗចង់ទិញគំនូរព្រះអាទិត្យដូចគ្នា
តែដោយហេតុបញ្ហានៃភាសា ក៏ទាស់ទែងគ្នាបន្តិច។ សុរិយា ព្រះអាទិត្យ ឬ Sun គឺតែមួយទេ
ហើយចុះក្មេងៗទាំងនេះឈ្លោះគ្នាព្រោះអ្វី។ និទាននេះ
ខ្ញុំគ្រាន់តែលើកយកបង្ហាញពីទំនាស់ពាក្យសម្តីរវាងក្មេងៗទាំង៣នាក់
ដែលមិនយល់ពីភាសាគ្នាប៉ុណ្ណោះ។
ក្នុងសាសនាក៏មានទំនាស់នេះដែរ
គឺទំនាស់ព្រោះសម្តី ដែលបង្កឡើងដោយភាសាអំពី “សច្ចភាព”។ អ្វីៗ
គឺតែមួយ ដូចគ្នា ឬស្រដៀងគ្នា តែយើងបង្កជម្លោះដោយសារតែមិនដឹងពីប្រភពដើម។
ក្មេងៗ មិនទាន់បានទៅដល់ផ្សារទេ ក៏ឈ្លោះគ្នា រីឯជម្លោះក្នុងសង្គមយើង
ឬជម្លោះក្នុងថ្នាក់ទ្រឹស្តី ក៏អ៊ីចឹងដែរ ដ្បិតយើងចេះតែឈ្លោះទាស់ទែងគ្នា
ខណៈពេលដែលយើងមិនព្យាយាមសង្កេត
ឬជាពិសេសមិនព្យាយាមធ្វើសកម្មភាពជាក់ស្តែងសិនទេ។ បើក្មេងៗបានទៅដល់ផ្សារ
ម៉្លោះក្មេងៗទាំង៣នាក់ នឹងមានឱកាសបានយកដៃចង្អុលប្រាប់គ្នាថា “នេះជាគំនូររូបព្រះអាទិត្យដែលខ្ញុំចង់, នេះជាគំនូររូបសូរិយាដែលខ្ញុំចង់បាន,
នេះជាគំនូររូប Sun ដែលខ្ញុំចង់បាន”។
ចុងក្រោយក្មេងៗនឹងទទួលស្គាល់ថា “ខ្លួនទាំង៣នាក់ ឆោតដូចគ្នា
ដ្បិតអ្វីដែលខ្លួននិយាយថាចង់បាន គឺចង់បានរបស់តែមួយ
តែខុសតែភាសាប្រើប្រាស់ប៉ុណ្ណោះ ទើបធ្វើឱ្យទាស់ទែងគ្នា”។
សូមយុវជនពិចារណាពីបញ្ហានេះឱ្យមែនទែន កុំអាងខ្លួនពូកែទ្រឹស្តី
ពូកែបកស្រាយគំនិត ពូកែនិយាយស្តី
និយាយយកតែត្រូវឥតខ្មាសចិត្តខាងក្នុងខ្លួនឯង។
ខ្លឹមសារនៃអត្ថបទនេះទាំងមូល
ខ្ញុំចង់ឱ្យពិចារណានូវពាក្យសម្តីបុគ្គលដែលនាំយើងឱ្យឈ្លោះគ្នាឡើងវិញថា
“តើគេប្រើភាសាឡូហ្ស៊ីកនេះកម្រិតណា?, តើយើងបានអនុវត្តអ្វីដែលយើងត្រឹមតែគិតថាត្រូវឱ្យក្លាយទៅជាសកម្មភាពហើយ
ឬនៅ?, តើយើងជាមនុស្សទ្រឹស្តីនិយម ឬជាក់ស្តែងនិយម?,
តើយើងយល់ដឹងគ្រប់ផ្នែកនៃគំនិត ទ្រឹស្តី
និងបរិបទគ្រប់កាលៈទេសៈទេ? បើយល់ដឹងត្រឹមតែមួយជ្រុង
សូមទុកឱកាសឱ្យខ្លួនឯងរៀនសូត្របន្ថែមសិន ចាំនិយាយ?...”។
បើឱ្យជ្រើសរើសរវាងទ្រឹស្តី និងសកម្មភាព
គឺយើងគួរជ្រើសរើយកការធ្វើសកម្មភាពជាក់ស្តែង។ ខុសត្រូវខ្លះយ៉ាងណា
ចូរឱ្យខុសនឹងការធ្វើចុះ តែកុំទាស់គ្នានឹងការឈ្លោះ។ ប្រឹងប្រែងរៀន
ប្រឹងប្រែងអាន ប្រឹងប្រែងធ្វើសកម្មភាពជាក់ស្តែង!!
ពាក្យពេចន៍ខ្លះក្នុងអត្ថបទនេះអាចអានមិនយល់ ឬអាចយល់ក្នុងន័យផ្សេង
ព្រោះខ្ញុំបានបញ្ចូលលក្ខខណ្ឌនាំឱ្យស្មុគស្មាញច្រើន
និងគ្រឿងផ្សំចិត្តដែលក្នុងនោះក៏បូកបញ្ជូលទាំងភាសាចិត្តវិញ្ញាណផងដែរ៕
No comments:
Post a Comment