មនុស្សជាសត្វដែលពូកែសន្មត
ដ្បិតការសន្មតនេះ គឺដោយសារតែសមត្ថភាពខួរក្បាល។ ក្រៅពីពូកែសន្មតហើយ
គឺមនុស្សពូកែវិនិច្ឆ័យទៀត។ អ៊ីចឹងហើយ
ទើបបានជាអ្នកត្រាស់ដឹងនិយាយស្តីតិច និយាយអ្វីដែលមានប្រយោជន៍
និយាយអ្វីដែលគួរនិយាយ ព្រោះថាបើនិយាយច្រើនពេក....គឺមនុស្សនឹងវិនិច្ឆ័យទៅតាមសមត្ថភាពនៃចំណេះដឹងនិងបទពិសោធរបស់ខ្លួន។
សច្ចភាព ឬការពិតខ្លះ វានៅហួសពីថ្នាក់ហេតុ (the state of beyond knowledge/beyond
logic) ជាពិសេសនៅហួសផុតពីថ្នាក់តក្កវិជ្ជា។
ខ្ញុំបានស្តាប់ការបកស្រាយគោលការណ៍ក្នុងសាសនាខ្លះ
ហើយក៏ចាប់បានចំណុចតក្កវិជ្ជា និងភាពត្រឹមត្រូវផ្នែកសម្បកជាច្រើន
ដែលនាំឱ្យអ្នកស្តាប់អាចទទួលយកបាន។
សំណួរដែលខ្ញុំតែងតែសួរទៅចំពោះខ្លួនឯង “បើពុទ្ធសាសនិកថា
សាសនាព្រះពុទ្ធជាសាសនាត្រឹមត្រូវល្អឥតខ្ចោះ, ចុះសាសនាដទៃ
ជាសាសនាមិនសូវត្រូវ ឬត្រូវមិនដល់សាសនាព្រះពុទ្ធ? បើគ្រីស្តសាសនិកថា
គ្រីស្តសាសនាជាសាសនាដ៏ត្រឹមត្រូវឥតខ្ចោះ, ចុះសាសនាដទៃ
ជាសាសនាមិនសូវត្រូវ ឬត្រូវមិនដល់គ្រីស្តសាសនា? បើអ៊ីស្លាមសាសនាថា
សាសនាអ៊ីស្លាមជាសាសនាដ៏ត្រឹមត្រូវឥតខ្ចោះ, ចុះសាសនាដទៃ
ជាសាសនាមិនសូវត្រូវ ឬត្រូវមិនដល់អ៊ីស្លាមសាសនា? [...]” ។
គោលបំណងរបស់ខ្ញុំមិនមែនិយាយពីសាសនាទេ
តែខ្ញុំចង់បង្ហាញពីការបកស្រាយទស្សនៈប៉ុណ្ណោះ។
មនុស្សភាគច្រើនជាប់នៅត្រង់សភាព “តក្កៈ” ច្រើនជាងសច្ចៈ។
មនុស្សខ្លះឈ្លោះគ្នាដោយសារតែ “ត្រូវខុស”។ បើយកបញ្ហា “ត្រូវខុស” មកវែកញែកក្នុងលទ្ធិសាសនា
តើសាសនាណាត្រូវ សាសនាណាខុស (?)។ មកដល់ពេលនេះ
សាសនាខ្លះបែកបាក់និកាយច្រើន តើមកពីមូលហេតុអ្វី? សូមកុំបកស្រាយ
ព្រោះខ្ញុំឥតនិយាយពីសាសនាទេ។
យើងម្នាក់ៗចេះតែចូលចិត្តយកកំពស់ខ្លួនឯងមកវាស់កំពស់មេឃ។ នេះមានន័យថា “មេឃខ្ពស់
តែយើងម្នាក់ៗយកកម្ពស់ខ្លួនឯងមកវាស់មេឃ”។ កម្ពស់យើងត្រឹមណា
មេឃក៏កំពស់ត្រឹមហ្នឹងដែរ។ នេះជាការវិនិច្ឆ័យរបស់យើងតាមរយៈព្រំដែននៃចំណេះដឹង
ជាពិសេសចំណេះដឹងតក្កវិជ្ជា។ អ្នកមិនដែលជួបខ្មោច ថា “គ្មានខ្មោច” តែអ្នកធ្លាប់ជួបខ្មោច
ថា “មានខ្មោច”។
រីឯចំពោះបុគ្គលខ្លះទៀតយល់ថា “មានឬមិនមាន តើមានប្រយោជន៍អ្វី?” តើបានអ្វីជាប្រយោជន៍ពីការដឹងថាមាន
ឬដឹងថាមិនមាន?” បុគ្គលដែលថា
“មាន” ក៏ប្រឹងឈ្លោះជាមួយនឹងបុគ្គលដែលថា
“មិនមាន” ហើយបុគ្គលថា
“មិនមាន” ក៏ប្រឹងឈ្លោះនឹងបុគ្គលដែលថា
“មាន”។ មាន ឬមិនមាន
គឺសុទ្ធតែត្រូវការរកភាពសមហេតុផលមកពន្យល់គ្នាឱ្យយល់។
បញ្ហានេះមិនខុសពីរឿងនិទានដំរី
និងមនុស្សខ្វាក់ពីកំណើតដែលមានរៀបរាប់ក្នុងទ្រឹស្តីពុទ្ធសាសនា
(ត្រៃបិដក)។ ការបង្រៀននេះក៏មានរៀបរាប់ក្នុងនិកាយសូហ្វី (Sufism) ដែលរឿងនេះដំណាលពីមនុស្សភ្នែកភ្លឺ ដែលមិនធ្លាប់ស្គាល់ដំរីពីមុន
ត្រូវបានគេនាំចូលបន្ទប់ងងឹតឈឹង ហើយឱ្យស្ទាបដំរី។
តើដំរីដែលអ្នកខ្លះថាដូចបង្គោលឈើ (ស្ទាបប៉ះចំជើងដំរី), ដូចជញ្ជាំង (ស្ទាបប៉ះចំខ្លួនដំរី)...តើពិតដែរ ឬទេ? ក្រៅតែពីការប្រើចំណេះដឹងបែបសន្មត វិនិច្ឆ័យ ឬពេលខ្លះទៀតស្មានយក
ក៏មានអ្នកខ្លះយល់ទ្រឹស្តីតែពាក់កណ្តាលផងដែរ។ ចំណុចនេះ
ខ្ញុំនឹងយកនិទានក្នុងគម្ពីរដ៏ចំណាស់នៃសាសនាហិណ្ឌូ គឺគម្ពីរ វេទាន្ត
[វេទន្តរំ - Vedanta] ដែលជាទីបំផុតនៃវេទ។
បរិស័ទម្នាក់ត្រូវបានគេមើលឃើញថាលួចសេពសុរាដែលជាសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម
ឬបំពេញតណ្ហាខាងរូបរាងកាយ។ បន្ទាប់មក
អាចារ្យសាសនាបានដាស់តឿនកុំឱ្យប្រព្រឹត្តទង្វើផ្ទុយនឹងគម្ពីរបែបនេះ។
បរិស័ទដែលសេពសុរាក៏បានយកខគម្ពីរមកបង្ហាញអាចារ្យថា “លោកអាចារ្យ!
សូមមើលនេះ គម្ពីរចែងថា <ចូរសេពសុរា ហើយត្រេកត្រអាលនឹងសុរា [...]>។
តើហេតុអ្វីមិនអាចសេពសុរាបាន បើនេះជាការចែងរបស់គម្ពីរ មិនខុសផង?” លោកអាចារ្យក៏បានបន្លឺ
“តើលោកបានអានខគម្ពីរដល់ចប់ហើយ
ឬនៅ? ខគម្ពីរចែងបន្តថា <[...] បើសិនជាអ្នកចង់បំផ្លាញខ្លួនឯង>។ ខគម្ពីរពេញលេញ គឺសរសេរថា <ចូរសេពសុរា
ហើយត្រេកត្រអាលនឹងសុរា បើសិនជាអ្នកចង់បំផ្លាញខ្លួនអ្នក>។ ភាពសមហេតុផល ជាពិសេសភាសាតក្កវិជ្ជា
គឺមិនគួរយកមកប្រើដើម្បីបំភាន់ការពិតទេ”។
បើស្តាប់តែម្ខាង
ដោយលុបខ្លឹមសារម្ខាងចោល គឺសមហេតុផលបំផុត ហើយបុរសប្រមឹកដែលល្មើសនឹងការបង្រៀននៃសាសនា
ក៏គ្មានកំហុសអ្វីដែរ ព្រោះគម្ពីរចែងអ៊ីចឹងមែន។
ប៉ុន្តែបើអានគម្ពីរឱ្យពេញលេញ
គឺបុរសប្រមឹកបានបកស្រាយគម្ពីរក្នុងន័យបម្រើតែតណ្ហាខ្លួនឯងប៉ុណ្ណោះ
ជាពិសេសគឺបានលម្អៀងមកខាងខ្លួនឯង។ ការគិត ការនិយាយ និងការអនុវត្តសេចក្តីពិតតែពាក់កណ្តាល
គឺជារឿងគ្រោះថ្នាក់បំផុត។ និទាននេះ
វាក៏បានបង្ហាញពីអំណាចនៃតក្កវិជ្ជាផងដែរ ដែលមានមនុស្សជាច្រើនងប់ងល់
និងជឿជាក់ថាខ្លួនឯងត្រឹមត្រូវ១០០% (ពីព្រោះតែចេះត្រឹមតែម្ខាង
ដឹងត្រឹមតែម្ខាង...)។ អំណាចនៃតក្កវិជ្ជានេះហើយ
ទើបបង្កើតទៅជាមនោគមវិជ្ជារហូតដល់អ្នកខ្លះស្លាប់រស់នឹងសេចក្តីប្រកាន់
ការយល់ឃើញរបស់ខ្លួន ប្រកាន់ថាគ្រូអញត្រូវ អញត្រូវ។ល។
ដោយសារតែបញ្ហានេះហើយ ទើបខ្ញុំព្យាយាមសរសេរអត្ថបទមិនសូវខ្លី
ពីព្រោះខ្ញុំខ្លាចសមត្ថភាពវិនិច្ឆ័យរបស់អ្នកអានខ្ពស់ជាងសេចក្តីពិត។
និយាយខ្លីៗ យល់ច្រឡំច្រើន សន្មតច្រើន តែនិយាយវែងៗច្រើនពេក
សរសេរច្រើនពេក មនុស្សខ្ជិលអាន។ ដោយសេចក្តីខ្ជិល
និងគ្មានសេចក្តីព្យាយាមនេះហើយ ទើបអ្នកខ្លះជាប់ផុងក្នុងមនោគមវិជ្ជា
ឈ្លោះគ្នា និងទើសទាល់មិនសមស្រប។ អ្នកដែលជាប់នៅក្នុងទ្រុងមាសនៃគំនិត
គឺពុំមានសេរីភាពដូចអ្នកដែលរស់នៅក្នុងព្រៃគំនិតដ៏ល្វឹងល្វើយឡើយ។
ប្រឹងធ្វើឱ្យបានផល ហើយជាផលប្រយោជន៍រួម។
កាត់បន្ថយការឈ្លោះប្រកែកឥតប្រយោជន៍ ហើយត្រូវឬខុស ឱ្យប្រាកដក្នុង “ការអនុវត្តទ្រឹស្តីជាក់ស្តែង” ចុះ!!
good
ReplyDelete