Tuesday, June 16, 2020

មនោគមវិជ្ជា?


ខ្ញុំ​ធ្លាប់​បាន​ចែករំលែក​អត្ថបទ​ខ្លះ​ទាក់ទង​នឹង​ទិដ្ឋ​ភាព​ខ្លះ​ៗនៃ​ការ​បែកបាក់​សង្គម ដែល​ការ​បែកបាក់​នេះ​កើតឡើង​ស្ទើរតែ​គ្រប់​វិស័យ។ មូលហេតុ​នៃ​ការ​បែកបាក់ គឺ​ដោយសារតែ​មនុស្ស​គ្មាន​សន្តិភាព​ចំពោះខ្លួន​ឯង ទាស់ទែង​ជាមួយ​ខ្លួន និង​មិន​ស្គាល់​ខ្លួនឯង។ ឃើញ​ទិដ្ឋភាព​បែបនេះ ខ្ញុំ​ចេះតែ​ដាក់​សំណួរ តើ​ត្រូវ​ធ្វើ​យ៉ាងណា ឬ How​ គ្រប់ពេលវេលា ព្រោះ​ខ្ញុំ​មាន​ជំនឿ​លើ​សំណួរ​ដែល​ខ្ញុំ​តាំងចិត្ត​សួរ​ខ្លួនឯង។ ខ្ញុំ​សង្កេតឃើញ​ចរន្ត ៤នៃ​សង្គម ដែល​នាំ​ឱ្យ​មនុស្ស​បែកបាក់​គ្នា។ ចរន្ត​ទី១ ជា​ចរន្ត​ដំបូង គឺ​ហៃអើ​និយម ចរន្ត​នេះ វា​បង្កបង្កើត​ចរិតលក្ខណៈ​សង្គម​នាំ​ឱ្យ​មនុស្ស​ក្នុង​សង្គម​មិន​ខ្វល់​ពី​អ្នកណា ខ្វល់​តែ​ពី​ខ្លួនឯង គ្រួសារ​ឯង។ ចរន្ត​ទី២ ជា​ចរន្ត​ជ្រុលនិយម ចរន្ត​នេះ​មាន​​គោលបំណង​ចង់​សើរើ​អ្នកហៃអើ ហើយ​ប្រើ​វិធី​ក្តៅ បំផុសស្មារតី​មនុស្ស​បែប​ពុះកញ្ជ្រោល​ឱ្យ​សើរើ​តាម​បែប ដៃ​ភ្លើង ជើងមាន់​។ ចរន្ត​ទី៣ ជា​ចរន្តជាប់​មនោគមវិជ្ជា ​ចរន្ត​នេះ គឺ​ព្យាយាម​បង្កើត​អត្តសញ្ញាណ​មួយ​មាន​ចរិតលក្ខណៈ​ដាច់ដោយឡែក​ពី​ចរន្ត​ដទៃ។ ចរន្ត​ទី៤ ជា​ចរន្ត​មិន​អើ​ពើនឹង​សង្គម ដែល​ខ្វល់​ត្រឹមតែ​ថា បើ​បាន​ក៏បាន​ទៅ ហើយ​បើ​មិនបាន​ក៏ហីទៅ

ចរន្ត​ទាំងនេះ គឺ​ធ្វើ​ឱ្យ​សង្គម​បែកបាក់ ធ្វើ​ឱ្យ​យុវជន​មើល​មុខ​គ្នា​មិន​ចំ និង​បង្កើត​ឱ្យ​មាន​ពហុ​និន្នាការ​ក្នុង​សាសន៍​តែមួយ។ ការ​បែកបាក់​នេះ វា​មិន​ចម្លែក​ឡើយ ដ្បិត​គ្រប់​សម័យ គ្រប់​សង្គម គឺ​តែងតែមាន​ការ​បែកបាក់​និន្នាការ ដណ្តើម​អំណាច ប្រជែង​ឥទ្ធិពល។ ក្រៅពី​ការ​បែកបាក់​សង្គម ក៏​មានការ​បែកបាក់​សាសនា​ផង​ដែរ។ សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ បញ្ហា​ទាំងនេះ​គឺជា​រឿង​ធម្មតា​ទេ។ តើ​ហេតុអ្វី​មនុស្ស​បែកបាក់​គ្នា​? បើ​ឆ្លើយ​តាម​បែប​កំប្លែង យើង​អាច​ឆ្លើយ​ថា គឺ​ដោយសារតែ​មនុស្ស​មិន​ត្រូវរ៉ូវ​គ្នា​។ ប៉ុន្តែការ​បែកបាក់​នេះ គឺ​កើតឡើង​ដោយសារតែ​ជំងឺ​មនោម​គវិជ្ជា។ មនុស្ស​រវល់​ឈ្លោះ​គ្នា​ពី​បញ្ហា​មនោគម តែ​មិន​ប្រឹង​ធ្វើ​ឱ្យ​ចេញ​លទ្ធផល។ តើ​បាន​ប្រយោជន៍អ្វី ពី​ការ​ឈ្លោះ​ទាស់ទែង​ដោយ​ឥត​សកម្មភាព​? ខ្ញុំ​សុំ​ចែករំលែក​ពី​និទាន​ដែល​និយាយ​ពី​បុរស​ពីរ​នាក់​ឈ្លោះ​គ្នា​តាម​បែប​ស្រមើស្រមៃ។ បុរស​ពីរ​នាក់​ដឹកគោ​កាត់​វាលស្រែ។ បុរស​ទី១ ឃើញ​សន្ទូង​នៅ​វាលស្រែ​ល្អ ក៏​សួរ​ទៅ​បុរស​ទី២ដោយ​ឧបមា​ថា តើ​ស្រែ​អ្នកណា អី​ក៏​សន្ទូង​ល្អ​ម៉្លេះ​? បុរស​ទី២ ឆ្លើយ​ដោយ​ឧបមា​ថា ស្រែ​អញ តើ​ឯង​មិនដឹង​ទេ​ឬ? បុរស​ទី១ និយាយ​ថា បើ​ដឹង​ថា​ស្រែ​ឯង​អ៊ីចឹង អញ​នឹង​ដឹកគោ​ឱ្យ​ស៊ី​សន្ទូង​នេះ​ខ្លះ​

បុរស​ទី២ ឆ្លើយ​ដោយ​កំហឹង​ថា សាកមើល​ទៅ​! អញ​នឹង​យក​កាំបិត​មក​កាប់​គោ​ឯង​ឱ្យ​ងាប់ បើ​ហ៊ាន​តែ​ស៊ី​ស្រូវ​ស្រែ​អញ​។ បុរស​ទី១ និយាយ​ថា អើ​! សាកមើល​ទៅ អញ​នឹង​ហៅ​មេឃុំ មេភូមិ ប៉ូលី​ស មក​ចាប់​ឯង​ដាក់គុក​។ បុរស​ទី២ ខឹង​សម្បារ​យ៉ាង​ខ្លាំង រួច​តប​ថា បើ​ខ្លាំង ឯង​សាកមើល​ទៅ​....។ ក្រោយមក បុរស​ទាំងពីរ​ខឹង​គ្នា រហូត​ដល់​ព្រលែ​ងគោ​ក្នុង​ដៃ​ចោល រួចហើយ​មក​ច្រាន​ទ្រូង​គ្នា ដាល់​គ្នា​ពេញ​វាលស្រែ។ ចៃដន្យ​មាន​អ្នក​ដាក់​ទ្រូ​ឃើញ​បុរស​ពីរ​នាក់​កំពុង​តែ​ប្រវាយ​ប្រ​តប់គ្នា ក៏​ចាប់​បំបែក ហើយ​សួរនាំ។ អ្នក​ដាក់​ទ្រូ​ដឹង​ដើម​ដឹង​ហេតុ ក៏​ហួសចិត្ត​នឹង​បុរស​ពីរ​នាក់​នេះ ឈ្លោះ​គ្នា​ដោយសារ​រឿង​ឧបមា។ តើ​រឿង​នេះ កើតឡើង​ហើយ​ឬនៅ​? ពិតជា​ហួសចិត្ត​មែន គ្រាន់តែ​ឧបមា និង​ការ​ស្រមៃ​សោះ ក៏​ឈ្លោះ​គ្នា​យក​ស្លាប់រស់​ដែរ។ នេះ​ជា​សង្គ្រាម​ពាក្យ​សម្តី តែ​មិន​មាន​សង្គ្រាម​ទង្វើ​ទេ។ ក្រោម​លេស​នៃ​ការ​រីកចម្រើន​រួម ក្រោម​លេស​នៃ​ប្រយោជន៍​រួម ក្រោម​លេស​ដើម្បី​សង្គម មនុស្ស​ខ្លះ​និយាយ​ពី​សុខដុមរមនា តែ​មាន​សកម្មភាព​បំបែកបំបាក់។ ទស្សនៈ​ខាងលើ​នេះ គឺ​ជាទស្សនៈ​ផ្ទឹម​ប្រៀបធៀប​នឹង​ជម្លោះ​បែប​មនោគមវិជ្ជា។ មនុស្ស​ដែល​រស់នៅ​ក្នុង​ជម្លោះ​ឈ្លោះ​ទាស់ទែងគ្នា បានតែ​សេចក្តី​ក្តៅក្រហាយ ប្រៀប​ដូចជា​អ្នក​ដែល​ជាប់​មនោគមវិជ្ជា គឺ​គ្មាន​សេរីភាព​គំនិត​ឡើយ។

ហេតុអ្វី​មាន​ខួរក្បាល​ហើយ មាន​សមត្ថភាព​ពិចារណា​ដូច​មនុស្សដទៃ​ដែរ តែចាំបាច់​អ្វី​យក​មនោគមវិជ្ជា​មក​ពាក់​? មាន​ពាក្យទំនឹម​ឥណ្ឌា​បុរាណ​ថា តើមាន​ប្រយោជន៍អ្វី​ដែល​ត្រូវ​យក​ស្បែកជើង​ឱ្យ​សត្វ​ពស់​ពាក់ ដើម្បី​ពន្លឿន​ដំណើរ​? សត្វ​ពស់​អាច​ធ្វើដំណើរ​លឿន​គ្រប់គ្រាន់​តាម​លក្ខណៈ​ធម្មជាតិ ហើយក៏​ពុំ​ត្រូវការ​ស្បែកជើង​អ្វី​ដែរ ប្រៀប​ដូចជា​សមត្ថភាព​ខួរក្បាល​មនុស្សយើង គឺ​អាច​ពិចារណា​ចាក់ធ្លុះ​សច្ចភាព​ដូចគ្នា​/ខុសគ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ។ អ្នកប្រាជ្ញ​ចិត្ត​វិញ្ញាណ​ចិន ឡៅ ជឺ មាន​ទស្សនៈ​ថា គ្មានអ្វី​ដែល​ទន់​ជាង​ទឹក ហើយក៏​គ្មានអ្វី​ដែល​ខ្លាំង​ជាង​ទឹក​ដែរ ដ្បិត​ទឹក​គ្មាន​ទម្រង់ អាច​បត់បែន​បាន​គ្រប់​ស្ថានភាព។ តើ​អ្វី​ជា​ខ្លឹមសារ​របស់​ឡៅ ជឺ​? ទឹក​គ្មាន​ទម្រង់ រី​ឯមនុស្ស​គួរតែ​រស់នៅ​មាន​សេរីភាព​ផ្លូវ​គំនិត​ឥតព្រំដែន ដោយ​កុំ​យក​មនោគមវិជ្ជា​មក​បំពាក់​ឱ្យ​ខ្លួនឯង។ អ្នក​ដែល​ជាប់ទ្រុង​មនោគម​វិជ្ជា គឺ​ប្រៀប​ដូចជា​ដុំ​ថ្ម​ដែល​មាន​ទំហំ មាន​ទម្រង់​...។ យុវជន​គួរ​ព្រលែ​ងខ្លួន​ឱ្យ​មានគំនិត​ទូលាយ ឈាន​ទៅ​រក​ការសិក្សា​រៀនសូត្រ ឈ្វេងយល់ និង​កុំ​ជាប់ទ្រុង​មនោគមវិជ្ជា​សាសនា​ក្តី ឬន​យោ​បាយ​ក្តី ជាពិសេស​ត្រូវ​ធ្វើជា​ម្ចាស់​ដឹកនាំ​ខ្លួនឯង។ ចូរ​មាន​សទ្ធា​លើ​សន្តិភាព មាន​សទ្ធា​លើ​ប្រយោជន៍​រួម មាន​សទ្ធា​លើ​សេចក្តី​ស្រឡាញ់ មាន​សទ្ធា​លើស​កម្ម​ភាព​ប្រព្រឹត្ត​ល្អ​ជាក់ស្តែង មាន​សទ្ធា​លើ​កា​រួបរួម​...នេះ​ហើយ​ជា​សាមគ្គី​សង្គម។ សទ្ធា​ក្នុង​ទីនេះ គឺ​ខ្ញុំ​ចង់​សំដៅលើ​ជំនឿ​តាម​ហេតុផល​ខួរក្បាល ទំនុកចិត្ត​តាមរយៈ​បេះដូង​ខ្លួនឯង និង​ដាក់ចិត្ត​ដាក់​កាយ​ប្រព្រឹត្ត​រឿង​មានប្រយោជន៍​ចំពោះខ្លួន​ឯង គ្រួសារ និង​សង្គម​៕

--------------------------------------
Cr. Lam Lim

No comments:

Post a Comment