Tuesday, June 16, 2020

ល្បែងតក្កវិជ្ជា?


អត្ថបទ​នេះ ខ្ញុំ​នឹង​សាកល្បង​ពិចារណា​អំពី​ការពិចារណា ឬអាច​ប្រើ​ចំណងជើង​ថា ការពិត​ក្នុង​ការពិត​។ ជីវិត​មិនមែន​រស់នៅ​ត្រឹមតែ​លេងល្បែង​ប្រាជ្ញាឈ្លាស​វៃ​ទេ តែ​វា​មាន​អ្វី​ផ្សេង​លើស​ពីនេះ។ ក្នុង​សង្គម ការ​សម្លាប់​ប្រាជ្ញាមនុស្ស គឺ​សម្លាប់​នៅត្រង់​សមត្ថភាព​វែកញែក​ហេតុផល​បែប​តក្កវិជ្ជា។ ខ្ញុំ​លើកឡើង​បែបនេះ គឺ​ពុំមែន​ចង់​បដិសេធ​ចំណេះដឹង​បែប​តក្កវិជ្ជា​ទេ តែ​មាន​ចំណុច​ស្ទើរតែ​ពាក់កណ្តាល​នៃ​មនុស្ស គឺមនុស្សស្លាប់រស់​នៅនឹង​តក្កវិជ្ជា​នេះ។ ការណ៍​នេះ គឺ​ប្រៀប​ដូចជា​ជីវិត ដែល​មិនមែន​ល្អ​តែ​ខួរក្បាល ហៅថា​ល្អ​ទេ តែ​ត្រូវ​បូក​នឹង​ចិត្ត​ដែល​ល្អ​ដែរ។ អ្នកនយោបាយ​ចូលចិត្ត​ប្រើប្រាស់​ភាសា​តក្កវិជ្ជា​នេះ​ចំពោះ​យុវជន ហើយ​អ្នក​ដែល​ងាយ​ជឿ​ជាងគេ គឺ​មនុស្ស​ដែល​ខ្វះ​ចំណេះ ឬបើ​អ្នកខ្លះ​មានចំណេះ​មិន​ស្ថិត​ក្នុង​ថ្នាក់​ពិសោធ​ទេ ក៏​ងាយ​នឹង​ជឿស្លុង​ដែរ។ តើ​អ្វី​ជា​ល្បែង​តក្កវិជ្ជា​ក្នុង​សង្គម​?

ខ្ញុំ​សុំ​និទាន​ពី​រឿង អត្ថិភាព​ព្រះ​ ដើម្បី​ពន្យល់​អ្នក​ដែល​ជឿ​ថា​មាន​អត្ថ​ភាព​ព្រះ និង​អ្នក​ដែល​ជឿ​ថា​គ្មាន​អត្ថិភាព​របស់​ព្រះ។ មនុស្ស​មិន​ជឿ​ព្រះ​ម្នាក់ សួរ​ថា តើ​អ្នកណា​បង្កើត​ពិភពលោក និង​អ្វី​ៗទាំងអស់​? អ្នកសាសនា​ម្នាក់​ឆ្លើយ​ថា ព្រះ​ជា​អ្នកបង្កើត​អ្វី​ទាំងអស់​។ បន្ទាប់មក សំណួរ​សួរ​បន្ត​ថា ចុះ​តើ​អ្នកណា​បង្កើត​ព្រះ​?។ សំណួរ​នេះ គឺ​មានការ​បកស្រាយ​តាម​បែប​តក្កវិជ្ជា​បែបនេះ។ អ្នកសាសនា​ម្នាក់​សួរ​វិញ​ថា កាល​នៅជា​កុមារ តើ​អ្នក​ធ្លាប់ទៅ​អាមេរិក កូរ៉េ ជប៉ុន អាល្លឺម៉ង់ អ៊ីតាលី​...ទេ​? មនុស្ស​មិន​ជឿ​ព្រះ​ឆ្លើយតប​ថា កាលពី​តូច ខ្ញុំ​មិនធ្លាប់​ធ្វើដំណើរ​ទៅ​អាម៉េរិក ជប៉ុន កូរ៉េ អ៊ីតាលី អាល្លឺម៉ង់​ទេ [...]។ អ្នកសាសនា​សួរ​បន្ត បើ​អ្នក​មិនដែល​ធ្វើដំណើរ​ទៅ​អាម៉េរិក ជប៉ុន កូរ៉េ អ៊ីតាលី អាល្លឺម៉ង់​ទេ [...] ចុះ​តើ​ហេតុអ្វី​អ្នក​ហ៊ាន​អះអាង​ថា​មាន​ប្រទេស​ទាំងនេះ​ក្នុង​ពិភពលោក​? ដូចគ្នា​ដែរ អ្នក​មិនដែល​ជួប​ព្រះ ចុះ​ហេតុអ្វី​អ្នក​ហ៊ាន​អះអាង​ថា​គ្មាន​ព្រះ​? នេះ​ជា​ការ​បង្ហាញ​ទឡ្ហីករណ៍​តាម​បែប​តក្កវិជ្ជា។ មាន​ព្រះ​មែន​ឬមិន​មែន ពិបាក​នឹង​រក​ហេ​តុផល​បែប​តក្កវិជ្ជា​មក​ពន្យល់ ពីព្រោះ​ក្នុង​លោក​យើង​នេះ វា​មានរឿង​ខ្លះ​ដែល​យើង​អាច​ដឹង​ពេលក្រោយ រឿង​ខ្លះទៀត ទោះ​ក្នុង​អនាគត ឬដល់​យើង​ស្លាប់​ទៅ​ហើយ ក៏​យើង​នឹង​មិន​អាច​ដឹង​ដាច់ខាត។

បើ​យក​ហេតុផល ឬចំណេះ​តក្កវិជ្ជា​មក​ស្រាយ​អ្វី​ដែល​រូ​បីយ គឺ​មិន​អាច​ដាច់ខាត តែ​មនុស្ស​បាន​ត្រឹមតែ​ប្រតិដ្ឋ​ទៅតាម​ការស្រមើស្រមៃ​ប៉ុណ្ណោះ។ ឧទាហរណ៍ អ្នកខ្លះ​អាច​ប្រើប្រាស់​ខួរក្បាល​បង្កើត​រូបរាង​ព្រះ​នៅ​លើ​អាកាស តាម​រយៈ​បណ្តុំ​នៃ​ពពក ដោយ​មើលឃើញ​ពពក​ថា​ជា​រូប​នេះ ឬរូប​នោះ​ទៅតាម​អ្វី​ដែល​ខ្លួន​ចង់បាន។ មាន​និទាន​មួយទៀត​អំពី បុរស​បី​នាក់ និង​ទឹកហូរ​។ បុរស​បី​នាក់​ឃើញ​ទឹកហូរ​ពីលើ​ភ្នំ ហើយក៏​នាំគ្នា​សួរ​គ្នា​ទៅវិញទៅមក​ថា តើ​ទឹក​នេះ​កើតចេញមកពី​ណា​? បុរស​ទី១ និយាយ​ថា ទឹក​នេះ​មាន​ប្រភព​ចេញពី​ថ្ម ព្រោះ​វា​ហូរ​លើ​ថ្ម ហើយ​ខ្លះ​ចេញពី​រន្ធ​ថ្ម​។ បុរស​ទី២ និយាយ​ថា ទឹក​នេះ គឺ​ចេញ​មក​ពី​ញើស​មនុស្ស​ដ៏​ធំប៉ុន​ភ្នំ​មួយ។ សាក​គិត​មើល​! ពេល​យើង​បែកញើស គឺ​មាន​ទឹក​ញើស​ចេញពី​ខ្លួន​យើង។ អ៊ីចឹង​ក៏​មានន័យ​ដែរ​ថា ទឹក​នេះ​មាន​ប្រភព​ចេញពី​មនុស្ស​ដ៏​ធំប៉ុន​ភ្នំ​ម្នាក់​។ បុរស​ទី៣ និយាយ​ថា ទឹក​នេះ​ចេញពី​ភ្នំ ព្រោះ​វា​ហូរចេញ​ពី​ភ្នំ​។ ការពិត គឺ​ការពិត​ត្រឹម​ថ្នាក់​ស្មា​នយ​កៗ ជាពិសេស​ជឿ​ស្លាប់រស់​តាម​ការ​សន្មត​បែប​តក្កវិជ្ជា។ ការពិត​ខ្លះ វា​អត់មាន​ហេតុផល​ទេ។ ពិត​គឺ​ពិត ហើយ​មិន​ពិត​គឺ​មិន​ពិត។ អ្វី​ដែល​យើង​គ្មាន​បទ​ពិសោធ គឺ​ត្រូវ​ចេះ​សង្កេត​ឱ្យ​ច្បាស់លាស់ ជាពិសេស​ក្នុង​កិច្ច​រៀនសូត្រ មិនថា​ក្នុង​ការ​ស្តាប់ ការ​អាន ឬស្តាប់​សម្តី​របស់​អ្នកណា​ទេ។

ហេតុអ្វី​ខ្ញុំ​សរសេរ​ចែករំលែក​ពី​បញ្ហា​នេះ។ ការ​ឈ្លោះ​ទាស់ទែងគ្នា គឺ​ឈ្លោះ​នឹង​សម្តី​ភាគច្រើន ខឹង​គ្នា​ព្រោះ​សម្តី​ភាគច្រើន ស្អប់គ្នា​ព្រោះ​សម្តី​ភាគច្រើន មើល​មុខ​គ្នាមិនចំព្រោះ​សម្តី​ភាគច្រើន។ សម្តី គឺជា​បុព្វហេតុ​ធ្វើ​ឱ្យ​មនុស្ស​ទាស់ចិត្ត ជា​ពិ​សេ​សម្តី​អសុរោះ។ កុំ​បង្កើត​ទម្លាប់​និយាយ​ស្តី​អសុរោះ ហើយ​រកហេតុផល​ការពារ​ខ្លួន។ ក្រៅពី​នេះ គឺ​ការ​យក​ទស្សនៈ​ត្រូវ​ក្នុង​កាលៈទេសៈ​មួយ មក​ធៀប​ដើម្បី​បង្កើត​កំហុស​លើ​ទស្សនៈ​ដទៃទៀត។ ការ​យកគំនិត ឬទស្សនៈ​ណាមួយ​មក​ដាក់​ខុសកន្លែង គឺ​បង្កើត​តែ​រឿង​ទាស់ទែង ខុសត្រូវ ស្អប់​ស្រឡាញ់​គ្នា​ប៉ុណ្ណោះ។ ឧទាហរណ៍ អ្នកនយោបាយ​និយាយ​ថា យើង​មិន​ត្រូវ​ស្ងៀមស្ងាត់​នឹង​ទង្វើ​អយុត្តិធម៌​...។ រី​ឯទស្សនៈ​អ្នកសាសនា គឺ​ផ្សេង ដ្បិត​សាសនា​ត្រូវការ​ស្ងប់ស្ងាត់។ សម័យកាល​ខ្លះ ក្នុង​ស្ថានភាព​សង្គម​ប្របូក​ប្រប​ល់ តួនាទី​អ្នកសាសនា​សំខាន់ ដូចជា​អ្នកប្រាជ្ញ​ឥណ្ឌា​បុរាណ ចា​ណា​ខ្យា ដែល​ដើរតួ​នាទី​ជា​អ្នក​ទាម​ទា​រស​រី​ភាព​ពី​អាណានិគម​នៃ​ស្តេច​អា​ឡិច​សង់​ឌឺ​ក្រង់ (Alexander the great​)។ ចំពោះ​រឿង​មនុស្ស​ត្រង់​ពេក ក៏​អ៊ីចឹង​ដែរ​, អ្នកប្រាជ្ញ​ចិន​ម្នាក់​ធ្លាប់​ប្រាប់​សិស្សរបស់​ខ្លួន កុំឱ្យ​ស្មោះត្រង់​ពេក ដ្បិត​បើ​ត្រង់​ពេក គឺ​នឹង​ត្រូវ​អ្នកកាន់អំណាច​ផ្តាច់​ការ​ចាត់ការ​មុន ប្រៀប​ដូចជា​ដើមឈើ​ដែល​ត្រង់​ពេក ត្រូវ​អ្នក​កាប់​ឈើ​កាប់​ផ្ដួលមុន​អ៊ីចឹង

ជា​ទ្រឹ​ស្តី និង​ការអនុវត្ត​សាកល សេចក្តី​ស្មោះត្រង់ គឺ​នៅតែ​មាន​ក្នុង​ខ្លួន​បុគ្គល​ម្នា​ក់ៗ តែបើ​ស្ថិត​ក្នុង​សម័យ​ផ្តាច់​ការ អ្នកប្រាជ្ញ​បង្រៀន​ឱ្យ​កុំ​ត្រង់​ពេក (តែ​ក្នុង​កាលៈទេសៈ​រក្សា​ជីវិត​ប៉ុណ្ណោះ តែ​មិនមែន​គ្រប់​ស្ថានភាព​ទេ​)។ បើ​អ្នកណា​ត្រង់ ក៏​គួរ​សរសើរ តែបើ​អ្នកណា​មិនសូវ​ត្រង់​ទេ ក៏អាច​ព្រោះ​ស្ថានភាព​បង្ខំ​ខ្លះ​ដែរ។ ចំណុច​នេះ គឺ​វា​ទាក់ទង​នឹង​ស្ថានភាព និង​កាលៈទេសៈ​ជាក់ស្តែង​ប៉ុណ្ណោះ។ បើ​បកស្រាយ​ឱ្យ​ខុស គឺ​វា​គង់តែ​ខុស តែបើ​ស្រាយ​ឱ្យ​ត្រូវ គឺ​វា​គង់តែ​ត្រូវ ដ្បិត​សំខាន់​អ្នកណា​ពូកែ​ហេតុផល និង​មានចំណេះ​ដឹង​តក្កវិជ្ជា​ច្រើនជាង។ អ្វី​ដែល​បង្ហាញ​ខាងលើ គឺ​គ្រាន់តែ​ចង់​ចែករំលែក​ពី​ល្បែង​តក្កវិជ្ជា​ប៉ុណ្ណោះ។ អត្ថបទ​ខាងលើ ខ្ញុំ​បកស្រាយ​មិនសូវ​ល្អ តែ​វា​ជាផ្នែក​មួយ​សម្រាប់​ឱ្យ​យុវជន​រៀន​គិត រៀន​ពិចារណា ជាពិសេស​កុំ​ជាប់​ខ្លួន​ចាញ់បោក​អ្នក​ពូកែ​តក្កវិជ្ជា។ ចំណេះដឹង​តក្កវិជ្ជា​នេះ បើ​ប្រើ​ដើម្បី​ប្រយោជន៍​រួម​គឺ​ល្អ តែបើ​ប្រើ​ដើម្បី​ប្រយោជន៍​ខ្លួន គឺ​អាច​ដើរ​បោកប្រាស់​មនុស្ស​បាន​ពាក់កណ្តាល​ធំ ជាពិសេស​បោកប្រាស់​អ្នក​ចេះ​ល្មម​ៗ។ បើ​បំបែក​តែ​គំនិត​តក្កវិជ្ជា​បាន គឺ​យើង​នឹង​លែង​ចាញ់បោក​អ្នកណា​ទៀតហើយ។ ចូរ​ព្រលែ​ងខ្លួន ហើយ​កុំ​ជាប់នឹង​មនោគមវិជ្ជា ឬនិន្នាការ​ដែល​មិន​នាំ​ប្រយោជន៍​រួម​៕

------------------------------------------------

No comments:

Post a Comment