Tuesday, June 16, 2020

សៀវភៅនិងចិត្តរួចរដោះ


កាលបើ​យើង​ជា​អ្នក​សិក្សា​រៀនសូត្រ​ដំ​បូងៗ យើង​តែងតែ​យល់ថា ចំណេះដឹង គឺ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ជីវិត​ តែ​ដល់ពេលណា​យើង​ចូល​ជ្រៅ​បន្តិច គឺ​យើង​នឹង​លែងឱ្យ​តម្លៃ​ចំណេះដឹង​ទៀតហើយ។ អត្ថបទ​បទ​នេះ គំនិត​នេះ ទស្សនៈ​នេះ ខ្ញុំ​មិន​គួរ​សរសេរ​ចែករំលែក​ទេ ដ្បិត​វា​អាច​នាំ​ឱ្យ​យុវ​ជនក្មេងៗ​កើត​ចិត្ត​អំនួត ឬពើងទ្រូង​...។ សម្រាប់​បុគ្គល​ដែល​ចង់​រួច​រដោះ​ចិត្ត ឬចង់ឱ្យ​ចិត្ត​មាន​ឥស្សរៈ គឺ​ចំណេះដឹង​គ្រាន់តែ​ជា​ស្ពាន គ្រាន់តែ​ជា​ទូក គ្រាន់តែ​ជា​មាគ៌ា​សម្រាប់​ចម្លង​ប៉ុណ្ណោះ តែ​មិនមែន​ជាគោល​ដៅ​ឡើយ។ អ៊ីចឹង​ហើយ ទើប​យើង​ចេះ​ឮនូវ​ភាសា​ចិត្ត​វិញ្ញាណ​មួយ​ដែល​ថា គ្រាន់តែ​ដក​មាគ៌ា​ចេញ គឺ​យើង​នឹង​ដល់ចិត្ត​សន្តិភាព​របស់​ខ្លួនឯង​។ អត្ថន័យ​នេះ គឺ​ចង់​ប្រាប់​យើង​ថា គ្រាន់តែ​ដក​ការ​គិតចេញ ដក​ចំណេះ​ចេញ គឺ​យើង​នឹង​បាន​សន្តិភាព​ផ្លូវចិត្ត​។ បើ​យើង​ចាត់ទុក​ចំណេះដឹង គឺជា​ទូក​វិញ ចូរ​យើង​ចុះពី​ទូក ហើយ​ដើរ​ឡើងគោក។ ពេល​ចុះពី​លើ​ទូក ហើយ​ឡើងលើ​គោក គឺ​យើង​នឹង​ដល់ត្រើយ។ ក្នុង​កម្រិត​ថ្នាក់​ពិសោធ​ចិត្ត​នេះ មាន​មនុស្ស​ដែល​ដល់ត្រើយ​ជាច្រើន តែ​មិន​ចុះពី​លើ​ទូក។ ទូក​នៅ​លើទឹក វា​អណ្តែត​ចុះ​អណ្តែត​ឡើង ប្រៀប​ដូច​គំនិត​ដែល​មាន​លក្ខណៈ​ដូច​សត្វ​ស្វា រប៉ិល​រប៉ុច ពិ​បា​កគ្រប់គ្រង។

ការ​ជាប់ជំពាក់​នឹង​ទូក​បែបនេះ គឺ​ប្រៀប​ដូចជា​មាន​បុគ្គល​ចេះដឹង​ជាច្រើន​ដែល​មិន​អាច​រក​សេចក្តី​សុខ​ឱ្យ​ខ្លួនឯង​បាន ព្រោះតែ​មិន​បោះបង់​ចំណេះ​ចោល (មិន​ចុះពី​ទូក ឡើងលើ​គោក​)។ ភាសា​ទាំងនេះ​ប្រហែលជា​ពិបាក​យល់​បន្តិច ដ្បិត​វា​ជា​ភាសា​ចិត្ត​វិញ្ញាណ ដែល​មិនមែន​អ្នក​ទស្សនវិជ្ជា​យល់​បានទេ។ និយាយ​ដោយ​ខ្លី ភាសា​ត្រាស់​ដឹង ភាសា​រួច​រដោះ ម៉េច​នឹង​អ្នក​ធម្មតា​អាច​យល់​បាន ប្រៀប​ដូចជា​ភាសា​គរ តើ​ធ្វើ​យ៉ាងណា មនុស្ស​ធម្មតា​អាច​យល់​បាន​! តើ​សៀវភៅ​មានប្រយោជន៍​ទេ​សម្រាប់​អ្នក​ចង់​រួច​រដោះ​ចិត្ត​? សំណួរ​នេះ គឺ​មិន​គួរ​សួរ​ឡើយ ដ្បិត​គ្មាន​ចម្លើយ​ជាក់លាក់។ បើ​ឆ្លើយ​ថា សៀវភៅ​មានប្រយោជន៍ គឺ​វា​នឹង​ធ្វើ​ឱ្យ​មនុស្ស​ជាប់ជំពាក់​នឹង​សៀវភៅ​។ ប៉ុន្តែបើ​ឆ្លើយ​ថា សៀវភៅ​គ្មាន​ប្រយោជន៍​ទេ ក៏​ធ្វើ​ឱ្យ​មនុស្ស​មើលងាយ​ចំណេះដឹង មិន​ប្រឹង​អាន​សៀវភៅ​។ តើ​យើង​អាច​នឹង​ឆ្លង​សមុទ្រ​ម្តេច​បាន បើ​គ្មាន​ទូក​? តើ​យើង​អាច​នឹង​រួច​រដោះ​ចិត្ត​ម្តេច​បាន បើ​គ្មាន​ចំណេះដឹង​? តើ​យើង​អាច​មានចំណេះ​ដឹង​ម្តេច​បាន បើ​មិន​ប្រឹង​អាន​សៀវភៅ​? សម្រាប់​បុគ្គល​ដែល​យល់​ពី​ចំណុច​នេះ​ក្នុង​ថ្នា​ក់​ទ្រឹ​ស្តី គឺ​នឹង​ឆ្លើយ​ថា អ្នកអាន​សៀវភៅ​ច្រើន គឺ​កំពុងតែ​ជាប់​ក្នុង​ប្រព័ន្ធ​គំនិត ហើយ​មិន​គួរ​អាន​សៀវភៅ​ច្រើន​ទេ ដ្បិត​ជីវិត គឺ​ត្រូវ​មានចិត្ត​ឥស្សរៈ ឬសេរីភាព​ផ្លូវចិត្ត​

ការយល់​បែបនេះ គឺ​ត្រូវហើយ តែ​មិន​ត្រូវ​ទាំងស្រុង​ឡើយ ហើយ​បើ​ខុស គឺ​ខុស​តែ​កាលៈទេសៈ​ប៉ុណ្ណោះ (ស្នូល​ទស្សនៈ​មិន​ខុស​ទេ​)។ មនុស្សម្នាក់​នឹង​ត្រូវ​ពស់​ចឹក​ស្លាប់ បើ​គ្មាន​ចំណេះដឹង​ថា ពស់​ជា​សត្វ​មានពិស អាច​ចឹក​មនុស្ស​ស្លាប់​បាន​មនុស្សម្នាក់​អាច​មាន​សេចក្តី​មេត្តាករុណា​ឥតព្រំដែន រហូតដល់​នាំទុក្ខ​ដល់​ខ្លួន តែបើ​គ្មាន​បញ្ញា គ្មាន​ចំណេះដឹង​ទេ គឺ​មិន​ខុសពី​មនុស្ស​ខ្វាក់​ឡើយ។ ជា​ដំណើរ​តាម​ដំណាក់កាល គឺ​រៀន រៀន​ឱ្យ​ចេះ ចេះ​យក​ទៅ​ប្រើ ប្រើ​ឱ្យ​បានផល ផល​ឱ្យ​បាន​ល្អ ប្រៀប​ដូចជា​អ្នក​សម្រុក​ទៅ​រក​បញ្ញា​តាម​មាគ៌ា​ព្រះពុទ្ធ​សាសនា គឺ​ត្រូវ​ឈាន​ដើរចូល​ការ​មាន​សីល (ដំណើរ​ដែល​ត្រូវ​ធ្វើ​ដំបូង​)។ បន្ទាប់មក​ទើប​សមាធិ​តាម​ក្រោយ ហើយ​ចុងក្រោយ គឺ​បញ្ញា។ មាន​បញ្ញា​ត្រឹមត្រូវ មានចំណេះ​ដឹង​ត្រឹមត្រូវ ទើប​ឈាន​លដល់​វិមុត្តចិត្ត ដែល​ជា​ចិត្ត​ដែល​ផុត​ស្រលះ​សេចក្តី​សៅហ្មង។ នេះ​ជា​ដំណើរ​មួយ​ជំ​ហាន​ម្តង​ៗ ដែល​មិន​អាច​រំលង ឬរៀន​លោតរំលង​បាន​ឡើយ។ សៀវភៅ​ដែល​យើង​អាន គ្រូ​ដែល​បង្រៀន​យើង គឺជា​ផ្លូវ គឺជា​មធ្យោបាយ​ប៉ុណ្ណោះ។ ចំណេះដឹង​ទាំងឡាយ​ដែល​យើង​ចេះ បើ​ចេះ​ហើយ​មិន​ប្រើ​ទេ គឺ​ដូច​មិនបាន​រៀន​អ៊ីចឹង។ ចំណេះដឹង​សម្រាប់​ធ្វើ​ឱ្យ​ចិត្ត​មាន​ឥស្សរៈ គឺ​ត្រូវ​រៀន​ពី​របៀប​ឃ្វាល​ចិត្ត របៀប​រក្សា​ចិត្ត និង​បង្វឹក​ចិត្ត​ឱ្យ​យល់​ពី​ធម្មជាតិ​តាម​សភាព​ពិត​របស់​វា (ពស់មានពិស​, ខ្លា​តែង​កំណាច​, ភ្លើង​តែង​ក្តៅ​, យប់​តែង​ងងឹត​, មនុស្ស​អវិជ្ជា​តែង​មាន​អស្មិមានះ​ច្រើន​, មនុស្ស​គ្មាន​ចំណេះដឹង​ចិត្ត​វិញ្ញាណ​តែង​អំ​ណួ​តខ្លះ​...នេះ​ជាស​ភាព​ធម្មជាតិ​នៃ​ជីវិត​លើ​ផែនដី​)

សម្រាប់​អ្នក​ដែល​មានចិត្ត​រួច​រដោះ សៀវភៅ​គឺជា​របស់​ស្លាប់ ងាប់ក្រឡា ដែល​គ្មាន​វិញ្ញាណ មិន​អាច​កម្រើក​បាន។ អ្នក​ដែល​អាច​ធ្វើ​ឱ្យ​សៀវភៅ​មានព្រលឹង ឬមានវិញ្ញាណ​អាច​រស់​បាន គឺ​ត្រូវ​បញ្ជូ​លព្រ​លឹង​ខ្លួនឯង។ ឧទាហរណ៍ មាន​អ្នកខ្លះ​បាន​វាយតម្លៃ​សៀវភៅ​របស់​នយោបាយ​វិទូ​អ៊ីតាលី ម៉ា​ឈី​វ៉ែ​លី (Niccolò Machiavelli​) ថា​ធម្មតាៗ សាមញ្ញៗ ដ្បិត​វា​គ្រាន់តែ​ជា​សំណេរ​របស់​អ្នក​ជាប់ទោស​​នយោបាយ​និរ​ទ្ទេស​ខ្លួន​​ម្នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ​សៀវភៅ​ដែល​មាន​ចំណងជើង​ថា សម្តេច ឬ The Prince​ បាន​​ក្លាយទៅជា​​សៀវភៅ​ដ៏មានតម្លៃ​សម្រាប់​អ្នក​គិត​នយោបាយ (Political Thinkers) គឺ​ដោយសារតែ​មាន​អ្នកបកស្រាយ​ឱ្យ​អស្ចារ្យ បញ្ចេញបញ្ចូល​គំនិត​ខ្លួន​របស់​អ្នកបកស្រាយ ឬអ្នកអាន។ ការ​បញ្ចេញបញ្ចូល​នេះ វា​តែង​អាស្រ័យ​ទៅលើ​សមត្ថភាព​ខួរក្បាល​របស់​អ្នកអាន ដ្បិត​បើ​សិន​ជា​​ព្រំដែន​ចំណេះដឹង​អ្នកអាន​ពូកែ គឺ​ការ​បកស្រាយ​ក៏​មិនធម្មតា​ដែរ។ សូម្បីតែ​ការ​បកស្រាយ​ទស្សនៈ គម្ពីរ​សាសនា ឬគោល​គំ​និ​តធំៗ​ក៏​អ៊ីចឹង​ដែរ។ អ្នកបកស្រាយ​ខ្លាំង នាំ​ឱ្យ​គំនិត​អស្ចារ្យ តែបើ​ថ្ងៃណាមួយ យើង​មានឱកាស​បាន​ជួបនឹង​ម្ចាស់​ស្នាដៃ​ផ្ទាល់ គឺ​យើង​នឹង​វាយតម្លៃ​ថា ម្ចាស់​ស្នាដៃ​ គឺ​មិន​ខុសពី​អ្នកអាន ឬមនុស្ស​ធម្មតា​ទេ​។ គំនិត​នេះ​សម្រាប់​ពិចារណា​ប៉ុណ្ណោះ។ អ៊ីចឹង​ហើយ ទើប​អ្នករៀន​សូត្រ​ភាគច្រើន គឺ​ដាច់ខាត​ត្រូវ​មាន​គ្រូ​រស់ ដែល​អ្នកខ្លះ​ហៅថា Master​ ឬមានន័យថា គ្រូធំ​។ តើ​អ្នកណា​ជា​គ្រូធំ ឬតើ​គ្រូធំ​មាន​លក្ខណៈ​បែប​ណា​? ខ្ញុំ​សុំ​ចែករំលែក​និយាយ​ពី​អ្នកប្រាជ្ញ​ចិន ឡៅ ជឺ (Lao Tzu​) និង ខុង ជឺ (Confucius​)? តើ​រវាង ឡៅ ជឺ និង ខុង ជឺ មាន​លក្ខណៈ​ខុសគ្នា​យ៉ាងណា​? ខុង ជឺ គឺជា​អ្នកប្រាជ្ញ​ដែល​ជាប់នឹង​ទ្រុង​វប្បធម៌ ទ្រុង​គំនិត ទ្រុង​ប្រពៃណី ទ្រុង​ច្បាប់ទម្លាប់​...។ ខុង ជឺ គឺជា​បុគ្គល​ដែល​ពូកែ​គិត តែ​គ្រាន់តែ​ពូកែ​ប្រើ​ខួរក្បាល​គិត​ប៉ុណ្ណោះ (Just only THINKER​)

មាន​តំណាល​ថា៖ គ្រាមួយ ខុង ជឺ បានដឹង​ថា ឡៅ ជឺ នៅក្នុង​ល្អាង​ភ្នំ។ ខុង ជឺ ប្រាប់​សិស្សរបស់​ខ្លួន​ថា សូម​ចាំ​នៅ​ខាងក្រៅ ខ្ញុំ​នឹង​ចូល​ទៅ​ជួប ឡៅ ជឺ​។ សិស្ស​សួរ​ថា តើ​ហេតុអ្វី​? ខុង ជឺ ឆ្លើយ​ថា អ្នក​មិន​អាច​យល់​បានទេ​! ខ្ញុំ​នឹង​ប្រាប់​ពី​ហេតុផល​ក្រោយ​ចេញ​​ពី​ល្អាង​ភ្នំ​។ ខុង ជឺ បានឃើញ ឡៅ ជឺ អង្គុយ​យ៉ាង​ស្ងប់ស្ងាត់ ដោយ​មិន​បាន​អញ្ចើញ ខុង ជឺ ឱ្យ​អង្គុយ​ផង តែ​ឡៅ ជឺ ត្រឹមតែ​មើល​មុខ ខុង ជឺ ដោយ​មិន​និយាយ​ស្តី​អ្វី​ទាំងអស់។ ខុង ជឺ ឆ្ងល់ ហើយក៏​សួរ​ថា តើ​ហេតុអ្វី​អ្នក​មិន​និយាយ​ស្តី​រក​ខ្ញុំ​? ឡៅ ជឺ ឆ្លើយ​ថា ខ្ញុំ​បាន​និយាយ តែ​អ្នក​មិន​អាច​ឮសំឡេង​ដ៏​ស្ងប់ស្ងាត់​របស់ខ្ញុំ។ ខ្ញុំ​ចង់​ដឹង​ថា​តើ​ទស្សនវិទូ​ដូច​លោក ចេះ​ស្តាប់​ភាសា​ស្ងប់ស្ងាត់​ទេ។ ទាល់​តែ​ឮសំឡេង ឬទាល់តែ​មាន​ភាសា ទើប​អ្នក​អាច​យល់​បាន។ ទាល់តែ​មាន​អ្នក​ប្រាប់​ឱ្យ​អង្គុយ ទើប​អ្នក​អាច​អង្គុយ​បាន​។ ល្អាង​នេះ​មិនមែន​ជា​កម្មសិទ្ធិ​របស់ខ្ញុំ​ទេ ហើយ​ពេល​ខ្ញុំ​មកដល់​ទីនេះ ក៏​គ្មាន​អ្នកណា​ប្រាប់​ឱ្យ​ខ្ញុំ​អង្គុយ​ដែរ។ គ្មានអ្វី​ជា​កម្មសិទ្ធិ​របស់ខ្ញុំ​ទេ​។ ខុង ជឺ ស្តាប់​ហើយក៏​គាំងនិយាយ​មិន​ចេញ។ ក្រោយមក ឡៅ ជឺ បន្ត​ទៀត​ថា មនុស្ស​ប្រៀប​ដូចជា​ដើមឈើ​អ៊ីចឹង គ្មាន​ទាប​គ្មាន​ខ្ពស់ គ្មាន​អន់​គ្មាន​អស្ចារ្យ​ឡើយ​...។ ភ្លាម​ៗ ខុង ជឺ បាន​សុំ​អភ័យទោស​ឡៅ ជឺ រួចហើយ​ក៏​ចាកចេញ​ពី​ល្អាង។ ក្រោយមក ខុង ជឺ បាន​ដើរចេញ​ពីល្អាង ហើយ​សិស្ស​ទាំងឡាយ​សួរ​ថា តើ ឡៅ ជឺ យ៉ាងម៉េច​? ខុង ជឺ តប​ទៅ​សិស្ស​ថា កុំមក​ក្បែរ​មនុស្ស​បែបនេះ ដ្បិត​បុគ្គល​បែបនេះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក។ អ្នក​អាច​ជួយសង្គ្រោះ​ជីវិត​ខ្លួនឯង​បាន បើ​ទោះបីជា​អ្នក​បាន​ដើរ​ប្រទះ​ជួប​សត្វ​ខ្លា ឬបាន​ដើរ​ប្រទះ​ជួប​សត្វ​តោ តែបើ​ជួប​បុគ្គល​ម្នាក់​នេះ គឺ​គ្រោះ​ថ្នាក់​​ខ្លាំង​ណាស់។ ឡៅ ជឺ ប្រៀប​ដូចជា​សត្វ​នាគ ហើយ​ជា​សត្វ​នាគ​ដែល​មាន​ស្លាប​អាច​ហោះហើរ​លើ​អាកាស​បាន។ បើ​ជួប សូម​គេច​ចេញ​ឱ្យ​ឆ្ងាយ​

ឡៅ ជឺ សង្កត់​ត្រង់ថា [...] ទាល់តែ​មាន​អ្នក​ប្រាប់​ឱ្យ​អង្គុយ ទើប​អ្នក​អាច​អង្គុយ​បាន​ ដែល​មានន័យថា​មនុស្ស​ទូទៅ តែងតែ​ជាប់ទ្រុង តែ​បុគ្គល​រួច​រដោះ​តែង​មាន​សេរីភាព​ផ្លូវចិត្ត មិន​ជាប់​ក្នុង​គំនិត​បុគ្គល​ណា មិន​ជាប់​ក្នុង​វប្បធម៌​សង្គម​ណា។ បុគ្គល​ដែល​រួច​រដោះ​ចិត្តជា​ច្រើន (មាន​ទស្សនវិទូ​ខ្លះ​ក៏បាន​រួច​រដោះ​ចិត្ត​ដែរ ដូចជា​សូ​ក្រាត​...) បាន​ប្រកាស​ខ្លួន​ជា​មនុស្ស​របស់​ពិភពលោក តែ​មិនមែន​ជា​មនុស្ស​របស់​ជាតិ​ណា ជា​មនុស្ស​របស់​ក្រិក ជា​មនុស្ស​របស់​អាម៉េរិក ជា​មនុស្ស​របស់​ជនជាតិ​ណា​ទេ។ តំណាល​ដែល​បាន​លើកឡើង​នេះ ខ្ញុំ​គ្រាន់តែ​ចង់​បង្ហាញ​ពី​បុគ្គល​ពីរ​នាក់ ដែល​ម្នាក់​រួច​រដោះ និង​ម្នាក់ទៀត​ជាប់​ក្នុង​ទ្រុង​គំនិត។ អ្នកអាន​ធម្មតា គឺ​អាច​នឹង​មាន​អារម្មណ៍​ស្មុគស្មាញ​បន្តិច តែបើ​អាន​មិន​យល់​ទេ ក៏​ពុំ​មាន​បញ្ហា​អ្វី​ដែរ។ ខ្ញុំ​ចង់ឱ្យ​បងប្អូន​អ្នកអាន​សាកល្បង​សង្កេត​បន្តិចទៀត។ មនុស្ស​ដែល​ពូ​កែៗ​ទាំងអស់ គឺ​សុទ្ធតែ​មានចិត្ត​រួច​រដោះ ហើយ​ចិត្ត​ដែល​រួច​រដោះ​នេះ ទោះ​យើង​ចង់​សម្រេច​អ្វី​ក៏បាន​ដែរ តួយ៉ាងដូចជា​មហា​ត្មៈ គន្ធី (Mahatma Gandhi​), អ្នក​ទាមទារ​សិទ្ធិមនុស្ស ម៉ា​ទីន លូ​ធ័រ​ឃីង (Martin Luther King​, Jr​.), និង​អ្នកប្រាជ្ញ​ឥណ្ឌា​សម័យ​ស្តេច​អា​ឡិច​សង់​ឌឺ​ក្រង់ (Alexander the Great​) ឈ្លាន គឺ​ចាន់​ណា​ខ្យា (Chanakya​)។ អត្ថបទ​នេះ ខ្ញុំ​មិនដឹង​ថា​តើ​អ្នកណា​អាច​យល់​ភាសា​នេះ​បានទេ ពីព្រោះ​ខ្ញុំ​ពិបាក​នឹង​សរសេរ​ឱ្យ​ងាយស្រួល​យល់ ជាពិសេស​ឱ្យ​តែ​អត្ថបទ​ដែល​ទាក់ទង​នឹង​ចិត្ត​វិញ្ញាណ (Spirituality​) ពីព្រោះ​ភាសា​ខ្លះ​និយាយ​ហើយ គឺ​គ្មាន​អ្នក​យល់​ទេ។ តាមរយៈ​អំណាន សូម​ឱ្យ​យុវជន​ខ្មែរ​រួចផុត​ពី​ការ​ជាប់ជំពាក់​នឹង​កលមាយា​នៃ​ចិត្ត ហើយ​កសាងខ្លួន​ឯង​ឱ្យ​ក្លាយទៅជា​ធនធាន​សង្គម​ដ៏​ល្អ បង្កើត​ប្រយោជន៍​ដល់​សង្គម។ រឹងមាំ ចេះ​តបត​នឹង​អ្វី​ដែល​មិន​ត្រឹមត្រូវ។ គំនិត​ខ្លះ មិន​អាច​ពន្យល់​ជា​ពាក្យពេចន៍ ឬភាសា ឬបញ្ញា​របស់​ខួរក្បាល តែ​យើង​អាច​យល់​បាន​ដោយចិត្ត​ដែល​គ្មាន​ជាប់​ទាក់ទង​នឹង​តក្កវិជ្ជា​៕

----------------------------------------------

No comments:

Post a Comment