ជីវិតរបស់មនុស្សយើង
រមែងតែងតែមាននូវបញ្ហាជារឿយៗ បន្តិចរឿងនេះ បន្តិចរឿងនោះ
ដោយច្រើនគឺបញ្ហាតាមផ្លូវចិត្តហ្នឹងឯង បើយើងមិនមានធម៌សម្រាប់ ដោះស្រាយទេ
វារមែងមានការលំបាកតានតឹងក្នុងចិត្តជាពិតប្រាកដ
ហើយវាអាចគ្របសង្កត់ចិត្តបានយូរទៀតផង។ ប្រៀបបីដូចអ្នកបើករថយន្តទៅផ្លូវឆ្ងាយ
បើមិនមាននូវគ្រឿងឧបករណ៍សម្រាប់ជួសជុល កែខៃនៅពេលរថយន្តខូច ឬធ្លាយកង់ទេនោះ
លុះដល់រថយន្តខូច ឬធ្លាយកង់ ក៏រមែងមានការលំបាកច្រើនក្នុងដំណើរផ្លូវ
ប៉ុន្តែបើយើងមាននូវគ្រឿងបន្លាស់និង មាននូវឧបករណ៍ផ្សេងៗ
ដែលទុកសម្រាប់ប្រើប្រាស់នៅពេលដែលរថយន្តមានបញ្ហាអ្វីណាមួយនោះ
យើងក៏កក់ក្ដៅក្នុងចិត្ត ហើយប្រសិនបើរថយន្តមាននូវបញ្ហាពិតមែនដូចជាធ្លាយកង់ជាដើម
យើងក៏មិនមានទុក្ខលំបាកអ្វីពេកនោះដែរ ព្រោះយើងអាចដោះស្រាយបាន សេចក្ដីនេះយ៉ាងណា
ក្នុងជីវិតរបស់យើងម្នាក់ៗ គឺដូចគ្នា បើយើង មិនមាននូវធម៌ជាគ្រឿងសម្រាប់
កក់ក្ដៅក្នុងចិត្តទេ ដល់ពេលមានបញ្ហាកើតឡើង
ក៏ជាទុក្ខក្រៀមក្រំលំបាកលំបិនក្នុងចិត្តក្រៃលែង។ យើងបានសិក្សាព្រះធម៌
តាមរយៈនៃការអានសៀវភៅ និងតាមរយៈនៃការស្ដាប់
នាំឱ្យកើតការយល់ដឹងក្នុងរឿងពិតទាំងឡាយរបស់ជីវិត យើងក៏បានធូរចិត្តស្រាកស្បើយពីការតានតឹងចង្អៀតចង្អល់
សេចក្ដី កង្វល់ក្នុងបញ្ហាជីវិតពិតជាដោះស្រាយបាន។ រឿងរ៉ាវផ្សេងៗក្នុងជីវិត
ជាវិបត្តិ ជាឧបសគ្គ វានៅតែកើតមានជាធម្មតា
ប៉ុន្តែវាមិនមានពិសក្ដៅជ្រាបចូលទៅក្នុងចិត្តឡើយ ព្រោះមានធម៌នៅក្នុងចិត្តរបស់យើង
ដែលថាមានធម៌ គឺ មានការយល់ដឹង នូវសេចក្ដី ពិតរបស់ជីវិត។
ការសិក្សាព្រះធម៌
វាមានប្រយោជន៍នៅត្រង់ការយល់ដឹងនូវសេចក្ដីពិតរបស់ជីវិតហ្នឹងឯង
ព្រោះមានការយល់ដឹងនេះហើយ ទើបយើង មានសេចក្ដីស្ងប់រម្ងាប់ ចំពោះមុខនៃឧបសគ្គ
ចំពោះមុខនៃវិបត្តិផ្សេងៗក្នុងជីវិត។ ចិត្តស្ងប់ រម្ងាប់ធើ្វឱ្យយើងរឹងរឹតតែឆ្លាត
តែបើចិត្តខឹងក្រោធវិញ វារមែងធើ្វឱ្យយើងទៅជាមនុស្សល្ងង់មួយរំពេច។
ពុទ្ធបរិស័ទទាំងឡាយ បានពេញចិត្តក្នុងការសិក្សាស្ដាប់នូវព្រះធម៌ជាប្រចាំ
ព្រោះបានស្ងប់ចិត្តសមគួរទៅតាមការយល់ដឹង។ រឹងរឹតតែយល់ដឹង
ប្រយោជន៍គឺសេចក្ដីស្ងប់ចិត្តក៏រឹងរឹតតែចម្រើន
ដូច្នេះទើបពុទ្ធបរិស័ទមិនធុញទ្រាន់នឹងការក្រេបរសរបស់ព្រះធម៌ឡើយ។
ពុទ្ធបរិស័ទបានយល់ដឹងអំពីជីវិត គឺ ពុទ្ធបរិស័ទមានការចម្រើនទៅដោយគុណធម៌ ព្រោះគុណធម៌
គឺមេត្តា ករុណាក្ដី សេចក្ដីសន្ដោសក្ដី សេចក្ដីព្យាយាមក្ដី សីលក្ដី សមាធិក្ដី
ខន្តីសេចក្ដីអន់ធន់ក្ដី ជាដើមនេះ រមែងកើតឡើងចម្រើនក្នុងចិត្ត ដោយអាស្រ័យការយល់ដឹង
អំពីសេចក្ដីពិតរបស់ជីវិតហ្នឹងឯង។ ដើម្បីជាប្រយោជន៍ធំទូលំទូលាយ
សូមពុទ្ធបរិស័ទកុំទៅវត្តតែម្នាក់ឯង កុំសិក្សាស្វែងយល់តែម្នាក់ឯង
ត្រូវដឹកនាំត្រូវបបួលមិត្តសម្លាញ់ និងអ្នកដទៃផ្សេងទៀត ឱ្យបានចូលមករកផ្លូវត្រូវ
ផ្លូវប្រពៃផង គឺជាការជួយសង្រ្គេាះដល់មិត្តសម្លាញ់ និងអ្នកដទៃផ្សេងទៀតនោះ
ដោយការសង្រ្គោះផ្លូវចិត្តផ្លូវវិញ្ញាណ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា (សព្វទានំ
ធម្មទានំ ជិនាតិ) ការឱ្យទានធម៌ រមែងឈ្នះការឱ្យទានទាំងពួង
ការឱ្យរបស់ដទៃនោះជារឿងខាងក្រៅតែការឱ្យនូវព្រះធម៌ជាទាន ជារឿងខាងក្នុង។
របស់ដទៃជាប្រយោជន៍ដល់រាងកាយ តែព្រះធម៌ជាប្រយោជន៍ដល់ចិត្ត
របស់ណាដែលជាប្រយោជន៍ដល់ចិត្តជារបស់ដែលយើងគួរឱ្យ គួរចែក ជាចាំបាច់បំផុត ឬថា
គួរនាំគេឱ្យមកទទួលដឹងក្នុងរឿងដែលគេគួរយល់ដឹង ឱ្យគេបានដឹងបានយល់
នៅក្នុងគោលធម៌ព្រះពុទ្ធសាសនា ដើម្បីបានដោះស្រាយក្នុងបញ្ហាជីវិតរបស់គេ។
បើយើងបានឃើញមិត្តរបស់យើងមាននូវសេចក្ដីទុក្ខ មាននូវសេចក្ដីក្ដៅក្រហាយចិត្តយើងក៏ទៅបបួលគេចូលវត្ត
ដូចជាថ្ងៃឧបោសថសីលជាដើមយើងក៏ទៅបបួលគេមក
ឱ្យគេបានមកអង្គុយស្ងប់ចិត្តខ្លះឱ្យគេបានស្ដាប់ បានរៀនដឹងរឿងរបស់ជីវិត
ឱ្យគេបានយល់ដឹងការពិត
គេក៏បានធូរថយនូវសេចក្ដីទុក្ខក្ដៅក្រហាយចិត្តទៅតាមភាពភ្លឺស្វាងរបស់គេ។
ការជួយមិត្តសម្លាញ់ក្នុងសភាពបែបនេះ ជាការជួយដ៏ពិតប្រាកដ ជាការជួយយ៉ាងថាវរៈមាំមួន
ធើ្វឱ្យមិត្តសម្លាញ់បាននូវវត្ថុដ៏ពិសិដ្ឋឋិតថេរនៅក្នុងចិត្តរបស់គេ អស់កាល
ជានិច្ចរហូតតទៅ ដូច្នេះការជួយមិត្តភក្តិ តាមផ្លូវព្រះពុទ្ធសាសនា
គឺជាការងារដែលគួរធ្វើ។ ការសាងគុណធម៌ឱ្យចម្រើនក្នុងចិត្តរបស់ខ្លួនផង
ជួយឱ្យអ្នកដទៃបាននូវគុណធម៌ប្រចាំចិត្តផង
នេះគឺជាប្រយោជន៍ដ៏មានខ្លឹមសារក្នុងជីវិតរបស់មនុស្សយើង។
…………………………….
ខ្លឹមសារគួរយល់ដឹង
Cr. ប៊ុត សាវង្ស
No comments:
Post a Comment