ខួរក្បាលមានបញ្ញារបស់ខួរក្បាល
រីឯបេះដូងគឺមានបញ្ញារបស់បេះដូង។ បើយើងនិយាយឱ្យងាយយល់
គឺខួរក្បាលទទួលយកចំណេះដឹងតាមរយៈភាពសមហេតុផល
រីឯបេះដូងទទួលបានបទពិសោធតាមរយៈការពាល់អារម្មណ៍ដោយពុំមានហេតុផល។
ចំណុចនេះ ខ្ញុំជឿថាអ្នកសរសេរយល់ច្បាស់
ពិសេសបញ្ហាខ្លះដែលទាក់ទងនឹងចិត្ត។ រីបញ្ហាខ្លះទៀត គឺទាក់ទងនឹងចំណេះដឹង។
នេះមានន័យថា “បញ្ញាដែលជាបញ្ហាចិត្តត្រូវយកចិត្តទៅដោះស្រាយ
ហើយបញ្ហាដែលជាបញ្ហាខួរក្បាល គឺត្រូវយកខួរក្បាលទៅដោះស្រាយ”។
ក្នុងការសរសេរ ខួរក្បាលនិងបេះដូង គឺវាទាក់ទងគ្នា និងជួយគ្នាទៅវិញទៅមក។
អត្ថបទនេះ អាចដាក់ចំណងជើងថា “វិធីខាបព្រលឹងបញ្ចូលក្នុងអត្ថបទ” ក៏បាន ឬ
“វិធីបញ្ចូនព្រលឹងចូលក្នុងអត្ថបទ” ក៏បានដែរ។ ខ្ញុំនឹងសាកល្បងលើកយកឧទារណ៍ជាក់ស្តែង៖
នាថ្ងៃសីល យប់ប្រហែលជាម៉ោង១២
មនុស្សម្នាក់បានគេងក្បែរខ្ញុំ។ រាត្រីដ៏ស្ងប់ស្ងាត់ ដំណេកមិនលក់
យល់សប្តិច្រើន រហូតអស់កម្លាំងពីខ្លួនរលីង។ ខ្ញុំក៏បង្គាប់ឱ្យក្រោកអង្គុយ
តែអង្គុយមិនជាប់ ចង់តែដួល ហើយពេលដាក់ក្បាលគេងម្តងៗ យល់សប្តិអាក្រក់។
ភ្នែកបើកមិនចង់រួច ទោះខ្ញុំឱ្យផ្អែកខ្លួននឹងខ្លួនខ្ញុំ
ក៏នៅតែគេងយល់សប្តិដដែល។ ក្រោយមក ខ្ញុំក៏បង្គាប់ឱ្យអង្គុយពិនិត្យខ្យល់ដង្ហើម
សាកល្បងបិទការគិត ដកដង្ហើមចេញចូលៗ ប្រហែលជាដប់នាទី។ មុនសមាធិ
រោមរបស់ខ្ញុំព្រឺសម្បុរ ព្រឺក្បាល ហើយខ្ញុំក៏ប្រាប់ថា “នៅក្បែរនេះមានវិញ្ញាណឬខ្មោច
ពីព្រោះថារោមដៃ រោមខ្លួន និងសក់របស់ខ្ញុំព្រឺសម្បុរ”។ សមាធិបាន
១០នាទី ខ្ញុំក៏សួរថា “ស្ងប់ទេ”។ ក្រោយមក
អ្នកសមាធិបានត្រឹមតែញញឹមយ៉ាងស្រស់ដាក់ខ្ញុំ។ កម្លាំងចេះតែអស់ ខ្សោយទៅៗ
ហើយខ្ញុំក៏នាំចុះមកបន្ទប់ខាងក្រោម។ ភ្នែកបិទ តែជើងចុះក្រោមជាមួយខ្ញុំ។
អង្គុយលើតុ ហើយខ្ញុំក៏យកទឹកត្រជាក់ឱ្យញុំា។
ខ្ញុំក៏សួររកធូបថា “តើធូបនៅឯណា?” ភ្នែកបិទ
មាត់មិននិយាយតប ហើយខ្ញុំក៏សួរទៀតថា “តើធូបនៅឯណា?” ភ្នែកបិទ
រីឯដៃលើកយ៉ាងទន់ចង្អុលទៅទីតាំងធូប។ ខ្ញុំរកធូបឃើញតាមដៃដែលចង្អុល
ហើយក៏សួររកអ្វីសម្រាប់អុជធូប។ ភ្នែកបិទ ដៃចង្អុលទៅទីតាំងសម្រាប់ទុកវត្ថុសម្រាប់អុជធូប។
ខ្ញុំអុជធូបរួចហើយ ក៏នាំឡើងលើផ្ទះវិញ។ បន្តិចក្រោយមក មានកម្លាំង
ហើយក៏គេងលក់ចោលខ្ញុំបាត់។ លុះព្រឹកឡើង ខ្ញុំបានសួរនាំរឿងរ៉ាវដែលកើតឡើង
តែចម្លើយគឺអត់ដឹងអ្វីទាំងអស់។ ខ្ញុំក៏ចាប់ភ្លឹកថា “យប់មិញ
ខ្ញុំចាញ់បោកខ្មោចដែលចូលក្នុងខ្លួនម្នាក់នេះ”។
ខ្ញុំធ្លាប់តែជួបអមនុស្សនៅស្ទើរតែគ្រប់ទីកន្លែងដែលខ្ញុំទៅដល់ ទោះព្រៃ
ទោះស្រែ ទោះទីក្រុង តែមិនដែលចាញ់បោកដូចលើកនេះទេ ដ្បិតខ្ញុំនាំសមាធិ
ក៏សមាធិតាមខ្ញុំ ហើយខ្ញុំបាននិយាយប្រាប់ថា ទីនេះមានខ្មោច
ដឹងថាខ្លួនឯងជាខ្មោចដែលកំពុងបន្លំចូលរូបរាងកាយអ្នកនៅជិតខ្ញុំហើយ
តែអមនុស្សនេះនៅតែធ្វើមិនដឹងបានទៀត។ អ្វីដែលលើកឡើងនេះ
គឺពុំមែនសម្រាប់ពិចារណាទេ ព្រោះទោះយកខួរក្បាលអ្នកពូកែៗ ១០នាក់ ឬ២០នាក់
មកគិតឱ្យយល់ ក៏ពុំអាចគិតបានយល់ឡើយ
ដ្បិតទាល់តែអ្នកជួបបទពិសោធដោយផ្ទាល់។
ខ្ញុំសូមបញ្ជាក់ម្តងទៀតថា “មិនមានការពិចារណារកហេតុផលក្នុងទីនេះដាច់ខាត
ដ្បិតបើពិចារណារកហេតុផលថាសមឬមិនសម នឹងឃើញតែលទ្ធផលមួយគត់
គឺអ្នកសរសេរអត្ថបទនេះឆ្កួត [ខ្ញុំ]”។ ក្នុងភាសាសាសនា គេហៅឈ្មោះខុសៗគ្នា
តែខ្ញុំសុំនិយាយត្រឹមភាសាសាមញ្ញ និងអ្វីដែលខ្ញុំដឹងប៉ុណ្ណោះ។
តើខ្ញុំចង់ភ្ជាប់អ្វីជាមួយនឹងការសរសេរអត្ថបទ? តើអ្វីជាការខាបព្រលឹងបញ្ជូលទៅក្នុងអត្ថបទនិពន្ធ?
តើស្រូបរបៀបយ៉ាងម៉េចវិញ? ដោយសារតែពិភពលោកមានចំណេះដឹងច្រើន
មានព័ត៌មានច្រើន មិនថាក្នុងវិស័យវិទ្យាសាស្រ្ត ទស្សនវិជ្ជា ឬសាសនាទេ
តែចំណេះដឹងទាំងឡាយគឺត្រូវបានកំណត់យកត្រឹម “ការប្រើការណ៍កើត
បានផល អនុវត្តបាន និងនាំប្រយោជន៍រួម”។
តើអ្វីជាការបញ្ចូលព្រលឹងទៅក្នុងអត្ថបទនិពន្ធ? ការបញ្ចូលព្រលឹងទៅក្នុងអត្ថបទនិពន្ធ
គឺអាចជាព្រលឹងអ្នកសរសេរ ឬដែលយើងហៅថាអត្តចរិតអ្នកសរសរ ចេតនាអ្នកសរសេរ
និងអត្តសញ្ញាណអ្នកសរសេរ។ ចរិតអ្នកសរសេរបែបណា
អត្ថបទក៏នឹងទោរទៅរកចំណុចនោះដែរ ពោលគឺ “ក្នុងខ្លឹមសារនៃអត្ថបទ
បើយើងជាមនុស្សបែបណា យើងក៏នឹងចាប់យកគំនិតសរសេរអត្ថបទបែបនោះដែរ”។
អ៊ីចឹងហើយ
ទើបយើងឃើញចរិតអ្នកសរសេរអត្ថបទនយោបាយក្នុងសង្គម ឬអ្នកនយោបាយមានទំនោរ
តែងតែសរសេររកហេតុផលគាំទ្រនូវអ្វីដែលខ្លួនចង់ឱ្យត្រូវ
និងរកហេតុផលវាយប្រហារនូវអ្វីដែលខ្លួនចង់ឱ្យខុស។ ពាក្យថា “ចង់ឱ្យ” នេះ
គឺខ្ញុំសំដៅទៅលើព្រលឹងអ្នកសរសេរ ទំនោរអ្នកសរសេរ ឧត្តមគតិអ្នកសរសេរ
ដែលខ្លួនចង់សរសេរ។ វាមិនចម្លែកទេត្រង់ចំណុចនេះ ដ្បិតចំណេះដឹង ឬទស្សនៈ
មានចំណុចប្រឆាំងគ្នាច្រើន ហើយអ្វីដែលត្រូវមានខ្លាំងបំផុត
គឺចំណេះតក្កវិជ្ជា។ នេះហើយជាការបញ្ជូលព្រលឹង
ឬអត្តសញ្ញាណអ្នកនិពន្ធទៅក្នុងសំណេរ។
តើអ្វីជាការបញ្ចូលព្រលឹងក្នុងអត្ថបទនិពន្ធក្នុងន័យផ្សេងទៀត? យើងឃើញអ្នកខ្លះដើរតាមមាគ៌ាព្រះ ឬមាគ៌ាសាសនាណាមួយយ៉ាងខ្ជាប់ខ្ជួន
ហើយអ្វីដែលគេទទួលបានក្នុងជីវិត គឺព្រះជាអ្នកប្រទានឱ្យ។
សេចក្តីសុខផ្លូវចិត្តដែលសាសនិកខ្លះទទួលបាន គឺភាគច្រើនបានមកពីសាសនា
ព្រោះជម្រៅនៃការសិក្សាខាងសាសនាជ្រៅជាងខាងលោកសម្ភារៈ ឬសម្ភារនិយម (materialism
world) ជាពិសេសសភាពនៃចិត្ត។
អ្នកដឹកនាំកំពូលៗភាគច្រើនសុទ្ធតែមានសាសនា
ហើយប្រគល់ខ្លួនឱ្យសាសនាដែលខ្លួនប្រតិបត្តិតាម។ ចំណេះដឹងខួរក្បាល
គឺជាចំណេះដឹងដែលមានព្រំដែន បើធៀបនឹងចំណេះដឹងនៃចិត្ត។
លំហូរគំនិតដែលចេញពីចិត្ត គឺគ្មានព្រំដែនឡើយ។
ខ្ញុំមិនដឹងត្រូវបកស្រាយភាសាបែបណា
ទើបងាយយល់ទេ តែខ្ញុំសុំនិយាយតាមរបៀបរបស់ខ្ញុំ។ វិញ្ញាណ
ឬព្រលឹងមានទិន្នន័យរាប់ពាន់រាប់លានឆ្នាំ
តែគ្រាន់តែមិនមានសម្បករូបប៉ុណ្ណោះ។ ក្នុងខ្លួនមនុស្សយើង
គឺមានអំណាចដែលហួសផុតពីប្រាជ្ញឈ្លាសវៃថ្នាក់ខួរក្បាល នោះគឺអំណាចចិត្ត។
បទពិសោធសរសេររបស់ខ្ញុំ ខ្ញុំតែងតែរស់នៅក្នុងសភាពស្ងប់ស្ងាត់
ឬសមាធិជាប់ជាប្រចាំ។ ចំណេះដឹងខ្លះ ខ្ញុំពិតជាទៅមិនដល់ នឹកមិនឃើញ
តែពេលខ្លះខ្ញុំបោះចំណេះដឹងដែលធ្លាប់ចេះចោលទាំងអស់
ហើយទទេដោយគំនិតខាងក្នុង។ ក្រៅពីនេះ គឺរកកន្លែងស្ងប់ស្ងាត់
ឬប្រើប្រាស់ពេលវេលាសមាធិពេលយប់ស្ងាត់។ ពេលអង្គុយ ឬស្ថិតនៅកន្លែងស្ងាត់
មានគំនិតជាច្រើនផុសចេញមកតាមរយៈលំហូរចិត្ត ហើយគំនិតទាំងនោះ
គឺជាគំនិតដែលខួរក្បាលគិតមិនទាន់ដល់ ឬនឹកមិនទាន់ឃើញ។ កាលៈទេសៈបែបនេះ
យើងរង់ចាំតែកត់ទិន្នន័យ ឬផ្ទេរលំហូរគំនិតចូលក្នុងខួរក្បាល
ឬរកអ្វីមកកត់ចំណាំប៉ុណ្ណោះ។ របៀបចុងក្រោយនេះ ស្ទើរតែអាចនិយាយបានថា “ហៅព្រលឹងដូនតា
ឬព្រលឹងគ្រូអាចារ្យមកសណ្ធិត” តែគ្រោះបន្តិចសម្រាប់មនុស្សដែលគ្មានសីល
ឬពុំមែនជាអ្នកបដិបត្តិសមាធិជាប្រចាំ។
មានសំនួរ គឺនឹងមានចម្លើយ
ហើយជាចម្លើយដ៏ចម្លែកដែលចេញពីភាពស្ងប់ស្ងាត់។ បើតាមពិតទៅ
ខ្ញុំមិនគួរលើកចំណុចនេះចែករំលែកទេ
ដ្បិតវាអាចធ្វើឱ្យមនុស្សដែលកំពុងងប់ងុល កាន់តែងប់ងុល។
អំណាចដែលខ្លាំងបំផុត គឺអំណាចក្នុងខ្លួនមនុស្សម្នាក់ៗ។
សម្រាប់អ្នកដែលចង់សរសេរទាក់ទងនឹងគំនិត គឺត្រូវរកគំនិតពីក្រៅខ្លួនដែរ
តែយកគំនិតពីខាងណាក៏ដោយ ក៏ត្រូវគ្រប់គ្រងខ្លួនឯងឱ្យបានដែរ
ព្រោះបើគ្រប់គ្រងខ្លួនឯងមិនបានទេ គឺនាំគ្រោះដល់ខ្លួន។
គំនិតដែលចេញពីលំហូរចិត្តនេះ គឺពុំមែនជាគំនិតខ្ញុំឡើយ។ និយាយដោយខ្លី
ការបញ្ជូលព្រលឹងក្នុងអត្ថបទនេះ គឺវាមានជម្រៅជ្រៅជាងនេះឆ្ងាយ
តែខ្ញុំរៀបរាប់មិនចេញ។ អត្ថបទនេះពុំមែនសម្រាប់ពិចារណា
ហើយក៏ពុំមានសម្រាប់ពិសោធដែរ តែអ្នកអានត្រឹមតែដឹង គឺគ្រប់គ្រាន់ហើយ៕
No comments:
Post a Comment