Friday, July 24, 2020

អំណានបែបស្រាវជ្រាវ


មនុស្សយើង ឱ្យ​តែ​នៅ​មានជីវិត គឺ​ពិតជា​ត្រូវការ​វិជ្ជា ប្រៀប​ដូចជា​ចង្កៀង​ឥត​ប្រេង​ពុំ​បាន។ ពេលយប់ ត្រូវការ​ពន្លឺ ព្រោះ​ពន្លឺ​ជា​អ្នក​កម្ចាត់បង់​នូវ​ភាព​អន្ធ​កា។ ពន្លឺ​ចង្កៀង​ពុំ​អាច​ធ្វើ​ឱ្យ​រាត្រី​ប្រែ​ទៅជា​ពេលថ្ងៃ តែ​យ៉ាង​ហោច​ណាស់ ពន្លឺ​ដ៏​តូច​មួយ​គង់​អាច​បង្ហាញ​ការពិត​ដែល​នៅ​ក្បែរ​ខ្លួន​យើង​បាន។ ជីវិត​មនុស្សយើង ទុក្ខ​និង​សុខ​ប្រៀប​ដូចជា​រដូវប្រាំង​វស្សា ប្រៀប​ដូចជា​យប់និង​ថ្ងៃ។ ម្តងម្កាល រដូវប្រាំង​អាច​ទៅជា​មាន​ភ្លៀង​ធ្លាក់​បើកថ្ងៃ ហើយ​ចួនកាល រដូវវស្សា​ក៏​មាន​កម្តៅ​ក្តៅ​ដូច​រដូវប្រាំង​ដែរ។ បើ​យើង​ចេះ​មើល​មក​ជីវិត ក៏​មាន​លក្ខណៈ​ស្រ​ដៀង​ៗគ្នា​ដែរ ដ្បិត​ម្តង​សុខ​ម្តង​ទុក្ខ។ ពេលខ្លះ​សេចក្តី​សុខ​ជាប់​រហូត ឬពេលខ្លះ​ធ្វើល្អ​ហើយ ក៏​ជួប​ទុក្ខ​ទៀត ឥត​ទៀង​ឥត​ទាត់ មិនសូវ​ប្រាកដ​សោះ។ អំពើ​ដែល​កម្ម​មិនទាន់​ហុច​ផល​ឱ្យ ក៏​រមែង​គង់​នឹង​ហុច​ផល​ក្នុង​កាល​ខាងមុខ។ បើ​យើង​យល់​ពី​សារប្រយោជន៍​នៃ​វិជ្ជា គឺ​វិជ្ជា​នឹង​បង្ហាញ​យើង​ពី​សភាព​ពិត​នៃ​ជីវិត។ ពេលណា​យើង​មិន​យល់​ពី​ជីវិត ព្រះធម៌​ហាក់បីដូចជា​បាន​ចូលខ្លួន​មក​លួងលោម​អារម្មណ៍​យើង​រាល់ថ្ងៃ​។ កាលបើ​យើង​វិលវល់​នៅ​ទីនេះ ជាទី​ដែល​មានធម៌​លួងលោម​ចិត្ត​រហូត​បែបនេះ វា​ជា​សញ្ញា​បង្ហាញថា​យើង​កំពុង​ត្រូវការ​ការ​បបោសអង្អែល​ផ្លូវចិត្ត តែ​មិនទាន់​ជ្រាប ឬមិន​ទាន់​អាច​ទទួលយក​ការពិត​នៃ​ជីវិត​បាន​នៅឡើយ​ទេ។ ខ្ញុំ​ចង់​លើកយក​ការប្រៀបធៀប​រវាង​ធម៌​លួងលោម​ចិត្ត និង​ការ​អាន​សៀវភៅ​បែប​ស្រាវជ្រាវ​មក​ចែករំលែក។ តើ​អ្វីទៅ​ជា​អំណាន​បែប​ស្រាវជ្រាវ​?

ក្នុង​វិធី​នៃ​ការអប់រំ​ផ្លូវចិត្ត បើសិនជា​យើង​មាន​ជំនឿ​លើ​សាសនា​ណាមួយ​ហើយ គឺ​យើង​គួរតែ​ឈ្មុសឈ្មុល​សិក្សា អនុវត្ត ប្រតិបត្តិ​នូវ​គោលការណ៍​នៃ​សាសនា​ដែល​យើង​ប្រកាន់យក។ នេះ​បង្ហាញ​ឱ្យ​យើង​ឱ្យ​ឃើញថា សៀវភៅ​សាសនា​មួយ​ក្បាល គឺ​វា​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ឱ្យ​យើង​អាច​យល់ដឹង​ស៊ីជម្រៅ​ពី​សភាព​ខាងក្នុង​នៃ​ចិត្ត យល់ដឹង​ពី​ជីវិត​មនុស្ស យល់ដឹង​ពី​ទុក្ខ ដឹង​ហេតុ​នៃ​ការ​កើតទុក្ខ និង​ដឹងពី​វិធី​ស្វែងរក​សេចក្តី​សុខ​ផ្លូវចិត្ត។ សៀវភៅ​សាសនា​នី​មួយ​ៗ គឺ​សុទ្ធតែ​មានតម្លៃ​ស្នូល និង​ជាអំណោយ​ទាន​ដ៏​ពិសិដ្ឋ ពីព្រោះ​ទោះ​យើង​ដើរតាម​មាគ៌ា​ណាក៏ដោយ ក៏​គង់​នឹង​ទៅដល់ទីឋាន​ដែល​បាន​សុខ​ដែរ។ ឧទាហរណ៍ បើ​យើង​ចង់​ខ្លាំង​ខាង​ការគ្រប់គ្រង​ខ្លួនឯង មានសតិ​ដឹង មិន​វង្វេង​ខ្លួនឯង មានក​រុ​ណា​ធម៌ និង​ធ្វើ​ឱ្យ​ចិត្ត​មានអំណាច ដែល​ពុំ​អាច​មាន​អ្វី​មក​ដឹកនាំ​បាន ឬមក​ញុំ​ញី​បាន គឺ​ត្រូវ​នឹកគិត​ដល់​ព្រះពុទ្ធ​សាសនា។ បើ​ចង់​មានអំណាច​ក្រៅ​ខ្លួន ចេះ​ហៅ​ខ្មោច​ហៅ​ព្រាយ ចេះ​គ្រប់គ្រង​ចិត្ត​អ្នកដទៃ ឬពឹង​អ្វី​ដែល​នៅ​ក្រៅ​ខ្លួន គឺ​ត្រូវ​នឹកគិត​ដល់​សាសនា​ព្រាហ្មណ៍។ វិជ្ជា​គ្រប់គ្រង​អំណាច​ក្រៅ​ខ្លួននេះ​ជា​វិជ្ជា​បាប ព្រោះ​អាច​បង្ក​កម្ម នាំ​ជំពាក់​កម្ម ធ្វើបាប​សត្វលោក។ អ៊ីចឹង​ហើយ ទើប​សាសនាព្រះពុទ្ធ​ហាមប្រាម​មិន​ឱ្យ​រៀន​វិជ្ជា​ទាំងនេះ ដ្បិត​បង្កើត​កម្ម នាំ​ជាប់ចំណង រវល់​សង​គ្នា​ចុះ​សង​គ្នា​ឡើង រហូតដល់​មាន​ពៀរ​វេ​រា​រមិន​ងាយ​ចប់។ តើ​អំណាន​បែប​ណា​ហៅថា​ស្រាវជ្រាវ​? អត្ថបទ​នេះ​អាច​ដាក់​ចំណងជើង​ថា អាន​ឱ្យ​ដូច​អ្នក​សរសេរ​ ក៏បាន ឬ អំណាន​បែប​ស្រាវជ្រាវ​ ក៏បាន​ដែរ ពីព្រោះ​អ្នក​សរសេរ​ភាគច្រើន គឺ​ត្រូវតែ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ ប្រៀបធៀប​គោលការណ៍ ពិចារណា​គំនិត គិត​បង្កើត​គំនិត​ថ្មី សំយោគ​លៃ​ឱ្យ​ត្រូវ​បរិបទ​​ឬកាលៈទេសៈ​សង្គម។

មុននឹង​ដល់​អំណាន​បែប​ស្រាវជ្រាវ គឺ​យើង​ត្រូវ​ឈ្វេងយល់​ពី​ចរិតលក្ខណៈ​សៀវភៅ​ជាមុន​សិន។ បើ​យើង​ចង់​​​មាន​ចំណេះ​ផ្នែក​យុទ្ធ​សាស្រ្ត គឺ​យើង​ត្រូវ​ដឹង​ថា តើ​បណ្តុំ​សៀវភៅ​ណា ដែល​ចាត់ទុកជា​សៀវភៅ​យុទ្ធ​សាស្រ្ត​? តើ​បុគ្គល​ណាខ្លះ​ដែល​ជា​អ្នក​យុទ្ធ​សាស្រ្ត​ល្បីល្បាញ​? តើ​អ្នក​យុទ្ធ​សាស្រ្ត​ប្រទេស​ណាខ្លះ​ដែល​យើង​គួរ​សិក្សា​រៀនសូត្រ​តាម​? ការ​ដឹងពី​បញ្ហា​ចរិត​សៀវភៅ គឺ​ខ្ញុំ​ពុំ​សំដៅ​តែ​សៀវភៅ​យុទ្ធ​សាស្រ្ត​ដែល​នឹង​លើក​ជា​ឧទារ​ណ៍​បង្ហាញ​​​​ខាង​ក្រោម​នេះ​ទេ តែ​​សំដៅ​​ក្នុង​ន័យ​ទូទៅ គ្រប់​ប្រភេទ​ចំណេះដឹង ដោយ​មិនថា​ចំណេះដឹង​ទស្សនវិជ្ជា សង្គមវិជ្ជា ប្រវត្តិវិជ្ជា នយោបាយ សាសនា សេដ្ឋកិច្ច ភាពជា​អ្ន​កដឹ​នាំ គ្រប់គ្រង​...។ ខ្ញុំ​សុំ​ណែនាំ​អ្នកប្រាជ្ញ​យុទ្ធសាស្ត្រ​បុរាណ​ដ៏​ល្បីល្បាញ៣រូប ដែល​គំនិត​បុគ្គល​ទាំងនេះ​ត្រូវ​បាន​យក​មក​បកស្រាយ បំបែក​ទស្សនៈ និង​សិក្សា​រៀនសូត្រ​សម្រាប់​អ្នក​ជំ​នាន់​ក្រោយ​ៗ។ ទីមួយ គឺ​អ្នកប្រាជ្ញ​ឥណ្ឌា ចា​ណក្យ ដែល​ជា​រាជគ្រូ។ សៀវភៅ​របស់ ចា​ណក្យ គឺ ចា​ណក្យ​នីតិ ឬជា​ភាសាអង់គ្លេស Chanakya Niti​ និង​សៀវភៅ​សំខាន់​របស់​ចា​ណក្យ​មួយ​ក្បាល​ទៀត​ស្តី​ពី​ការដឹកនាំ​ប្រទេស គឺ Arthaśāstra​។ ចំណែក​នៅ​ចិន គឺ​មាន​អ្នក​យុទ្ធ​សាស្រ្ត​សង្គ្រាម ស៊ុន ជឺ (Sun Tzu​) ដែល​មាន​សៀវភៅ សិល្ប​សង្គ្រាម ឬ Art of War​។ តាម​ឯកសារ​ស្រាវជ្រាវ​ខ្លះ​បាន​បង្ហាញថា​សៀវភៅ​នេះ គឺ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ខ្លាំង​ជាមួយនឹង​គំនិត​ដែល​មាននៅ​ក្នុង​សៀវភៅ​របស់​អ្នកប្រាជ្ញ​ចិត្ត​វិញ្ញាណ ឡៅ ជឺ (Lao Tzu​) គឺ​គម្ពីរ​តៅ​តេ​ជីង (Toa Te Ching​)។ ក្រៅពី​នេះ អ្នកអាន​អាច​សាកល្បង​ឈ្វេងយល់​ពី​សៀវភៅ អំពី​សង្គ្រាម ឬ On War​ ដែល​និពន្ធដោយ​ឧត្តមសេនីយ៍​ទោ​ជា​តិ​ព្រុស្ស៊ី ខាល់ វុន ខ្លោ​វសឺ​វិ​តស៍ (Carl von Clausewitz​)។ តើមាន​ប្រយោជន៍អ្វី​ខ្លះ​លើ​ការ​អាន​សៀវភៅ​តាម​វិ​ធី​សាស្រ្ត​អាន​សៀវភៅ​បែបនេះ​?

អ្នកអាន​បែប​ស្រាវជ្រាវ ត្រូវ​ចេះ​ចាត់​ក្រុម​សៀវភៅ​ដោយឡែក​ពីគ្នា ហើយ​កុំ​ច្របល់​សៀវភៅ​ចូលគ្នា ក្នុង​កាលៈទេសៈ​ដែល​យើង​មិនទាន់​យល់​ខ្លឹមសារ​ខាងក្នុង ឬគោលបំណង​នៃ​ចំណាត់ថ្នាក់​សៀវភៅ។ យើង​ពុំគួរ​យក​សៀវភៅ​នយោបាយ​មក​លាយ​ឡំ​នឹង​សៀវភៅ​សាសនា​ទេ ហើយ​ត្រូវ​ចែក​ឱ្យ​ដាច់​ចរិតលក្ខណៈ​គំនិត​នយោបាយ​និង​គំនិត​សាសនា។ បើ​យើង​មិន​បែងចែក​ឱ្យ​ដាច់​ទេ គឺ​យើង​នឹង​វង្វេង​ក្នុង​ទស្សនៈ ឬគំនិត។ ឧទាហរណ៍ សាសនា​និយាយ​ពី​ការថែទាំ​ចិត្ត តែ​នយោបាយ​និយាយ​ពី​ការថែទាំ​កាយ។ សាសនា​និយាយ​ពី​ស្ងប់ តែ​នយោបាយ​និយាយ​ពី​ល្បិច​ឈ្នះ។ សាសនា​និយាយ​ពី​សន្តិភាព ឈ្នះ​ខ្លួនឯង តែ​នយោបាយ​និយាយ​ពី​ខ្លាំង ទើប​ឈ្នះ​អ្នកដទៃ។ សាសនា​និយាយ​ពីក​រុ​ណា​ធម៌ តែ​នយោបាយ​និយាយ​ពី​មហិច្ឆតា។ សាសនា​និយាយ​អំពី​ការ​មិន​បៀតបៀន​សត្វលោក​ដទៃ តែ​នយោបាយ​និយាយ​ពី​ការ​វាតទី មិនថា​អំណាច ឥទ្ធិពល ទឹកដី​...។ សាសនា​និយាយ​ពី​ការ​រួបរួម​គ្នា​ដោយ​មិន​បំផ្លាញ​គ្នា តែ​នយោបាយ​គឺ​ធ្វើសង្គ្រាម​ដើម្បី​រំលត់​សង្គ្រាម ឬនិយាយ​ម្យ៉ាងទៀត​ថា ចង់បាន​សន្តិភាព ទាល់តែ​ធ្វើសង្គ្រាម​។ ចរិត​ពិត​នៃ​អ្នកសាសនា គឺ​កម្រ​ប្រ​ទូ​ស្ត តែ​បើ​ប្រ​ទូស្ត ព្រោះ​មាន​ចរិត​នយោបាយ​លាយឡំ​ក្នុង​ចេតនា​សម្រេច​គោលដៅ​នយោបាយ។ បុគ្គល​ពុំ​អាច​ស្ងប់ចិត្ត​ខាងក្នុង​បាន ក្នុង​ប្រទេស​ដែល​មាន​សង្គ្រាម​ឡើយ។ បុគ្គល​ពុំ​អាច​ឈាន​ដល់​ការ​ត្រាស់​ដឹង ដោយ​ពុំ​មាន​រូបរាងកាយ​ឡើយ។ ខ្ញុំ​ចង់​សង្កត់​ឱ្យ​ធ្ងន់​ថា អ្នកប្រាជ្ញ​ដេក​ពុំ​លក់​ឡើយ ក្នុង​សម័យកាល​ប្រទេស​មាន​សង្គ្រាម ប្រៀប​ដូចជា​នាគ​ដេក [ជូ​កឺ​លៀង​] ត្រូវតែ​ចុះពី​ភ្នំ​​មក​បង្រួម​ទឹកដី និង​ស្វែងរក​សន្តិភាព​ឱ្យ​ប្រទេសជាតិ​ [ទោះ​មិន​ត្រូវ​កាលៈ​ទេសៈ​ក៏​ដោយ]

បើ​យើង​ជា​អ្នកអាន​ចែក​មិន​ដាច់ស្រេច​រវាង​ចរិត​សៀវភៅ​នយោបាយ និង​ចរិត​សៀវភៅ​សាសនា​ទេ ឬយក​ចរិត​អ្នកនយោបាយ​មក​ឡាយ​ឡំ​នឹង​ចរិត​អ្នកសាសនា គឺ​នឹង​បង្កជម្លោះ​ជា​ពុំខាន។ ការ​អាន​សៀវភៅ​តាមវិធី​ស្រាវជ្រាវ​បែបនេះ គឺ​វា​នាំ​អ្នកអាន​ឱ្យ​យល់​ពី​ខ្លឹមសារ​ដើម​នៃ​សៀវភៅ។ មនុស្ស១០ ចិត្ត១០ ឬមនុស្ស១០ មានចិត្ត១០០ផង​ក៏​មាន។ គំនិត​ដើម​តែមួយ មិនដឹង​មាន​មនុស្ស​គិ​តខុស​ៗគ្នា​ប៉ុន្មាន​នាក់​ទេ។ អ៊ីចឹង​ហើយ ការ​អាន​សៀវភៅ​បែប​ស្រាវជ្រាវ គឺ​វា​អាច​ជួយ​យើង​ឱ្យ​យល់​ពី​គោលការណ៍​នៃ​សៀវភៅ​ យល់​ពី​ចរិត​ម្ចាស់​ស្នាដៃ​ដើម​ ដឹងពី​ការ​បកស្រាយ​គំនិត​របស់​អ្នកចេះដឹង​ជំ​នាន់​ក្រោយ​ៗ ហើយ​យើង​ក៏អាច​មានគំនិត​អ្វី​ផ្សេង​គិត​ឱ្យ​ខុសពី​អ្នកដទៃ សំខាន់​ឱ្យ​គិត​បាន​ល្អ គិត​បាន​ត្រូវ​ស្ថានភាព និង​អាច​ប្រើ​ការណ៍​បាន។ ចំណុច​មួយ​ដែល​អ្នកអាន​បែប​ស្រាវជ្រាវ​ត្រូវ​ប្រុងប្រយ័ត្ន គឺ​ប្រយ័ត្ន​លើ​ការ​បកស្រាយ ឬការយល់​អត្ថន័យ​ខុសពី​ខ្លឹមសារ​ដើម។ គ្រប់​សៀវភៅ​ដែល​មានខ្លឹមសារ​ដើម ឬជា​ស្នាដៃ​ដើម​ទាំងអស់ សុទ្ធតែ​មាន​សៀវភៅ​សម្រាប់​បកស្រាយ​ឱ្យ​អ្នកអាន ឬអ្នក​សិក្សា អាច​ងាយ​យល់​ដូចជាព្រះ​ត្រៃបិដក មាន​ព្រះអដ្ឋកថា ដីកា​, គម្ពីរប៊ីប​មាន​សៀវភៅ​សម្រាប់​អធិប្បាយ​ខគម្ពីរ​, គម្ពីរ​ភគវទ្គី​តា មានការ​អធិប្បាយ​ពាក្យពេចន៍​, អ៊ី​ស្លាម​ក៏​ដូចគ្នា​ដែរ។ ដើម្បី​ឱ្យ​យើង​អាច​ពិចារណា​បាន​កាន់តែ​ច្រើន គឺ​យើង​គួរតែ​មាន​ឯកសារ​ទាក់ទង​នៅ​ក្បែរ​ខ្លួន​ច្រើន។ អត្ថបទ​នេះ​សម្រាប់​ពិចារណា ហើយក៏​ពុំ​មាន​លក្ខណៈ​ពេញលេញ​ដែរ។ វា​គ្រាន់តែ​ជា​ពន្លឺ​តូច​មួយ ឬប្រៀប​បាន​នឹង​កម្ទេចភ្លើង​តូច ដ្បិត​បើ​ដាក់លើ​ស្លឹកឈើ​ងាប់ វា​នឹង​ដុត​កម្ទេច​ព្រៃ​ទាំងមូល​បាន​៕

No comments:

Post a Comment