Friday, July 24, 2020

ការផ្សព្វផ្សាយស្នាដៃនិពន្ធ?


អត្ថបទ​នេះ គឺជា​ការចែក​រំលែក​ពី​ទិដ្ឋភាព​រវាង​ស្នាដៃ​និពន្ធ និង​ការប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជួយ​ចុះផ្សាយ​ពី​ស្នាដៃ​របស់​អ្នកនិពន្ធ។ ក្នុង​ក្របខណ្ឌ​នេះ អត្ថបទ​ចែករំលែក​មួយ​នេះ គឺ​សម្រាប់​តែ​យុវជន​វ័យ​ក្មេង​ៗដែល​នឹង​ក្លាយទៅជា​អ្នកនិពន្ធ​ក្នុងរយៈពេល ១ឆ្នាំ ឬ ២ឆ្នាំក្រោយ​ប៉ុណ្ណោះ ហើយ​មិនមែន​ជា​អត្ថបទ​សម្រាប់​មនុស្ស​ទូទៅ​ឡើយ។ ការកំណត់​ក្របខណ្ឌ​ឬព្រំដែន​នេះ គឺ​ដើម្បី​ជៀសវាង​នូវ​ការយល់​ច្រឡំ​ថា​អត្ថបទ​នេះ​សម្រាប់​ស្មេរ​ដែល​មានចំណេះ​ដឹង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬសម្រាប់​អ្នកនិពន្ធ​អាជីព។ ក្រៅពី​នេះ អត្ថបទ​នេះ​ក៏​ជា​អត្ថបទ​ចែករំលែក​ពី​វិធី​សាស្រ្ត​ជំរុញ​ការ​អាន​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែរ ជាពិសេស​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook​)។ តើ​គួរ​ធ្វើបែប​ណា ទើប​អាច​ជំរុញ​អំណាន​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​សម័យ​ឌី​ជិ​ថល​?

បើ​យើង​គ្រាន់តែ​ចង់​ចូលរួម​ចំណែក​ជំរុញ​ការ​អាន គឺ​មាន​វិធី​សាស្រ្ត​ធ្វើជា​ច្រើន​របៀប ដោយ​មិនថា​ជា​ការ​បោះពុម្ព​ស្នាដៃ​ចែក និងការ​បោះពុម្ព​ស្នាដៃ​ធ្វើអាជីវកម្ម​ ការចែកចាយ​សៀវភៅ​ឱ្យ​អ្នកអាន​ទាញ​យក​អាន​តាម​ប្រព័ន្ធ​ឌី​ជិ​ថល (eBook​/Digital book​) ការចែក​រំលែក​អត្ថបទ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ការ​និយម​បង្ហាញ​សកម្មភាព​អំណាន​ជាប់លាប់​តាមរយៈ​បណ្តាញ​សង្គម និង​ការចូលរួម​ចំណែក​ជ្រោមជ្រែង​អ្នក​ដែល​កំពុង​ធ្វើសកម្មភាព​អំណាន​ក្តី ឬបណ្ណាល័យ​ក្តី។ អ្នក​និ​ពន្ធ​ក្មេង​ៗ ឬយុវជន​ដែល​មានបំណង​ចង់​ក្លាយ​ខ្លួន​ជា​អ្នកនិពន្ធ ក៏​មាន​កាលានុវត្ត​ភាព​ច្រើន ឬឱកាស​ច្រើន​ក្នុង​ការសម្រេច​ក្តី​ប្រាថ្នា​របស់​ខ្លួន​ផង​ដែរ ដ្បិត​បើ​ពិតជា​ចង់​ធ្វើ​អ្នកនិពន្ធ​មែន។ បើ​ពិតជា​ចង់​ក្លាយ​ខ្លួន​ជា​អ្នកនិពន្ធ​មែន គឺ​យើង​ត្រូវ​រៀបចំខ្លួន មានចំណេះ​ដឹង ជា​អ្នកអាន​បែប​ស្រាវជ្រាវ និង​មានចំណេះ​ដឹង​សង្គម ហើយ​ការ​ឈោង​ចាប់​ងារ​ជា​អ្នកនិពន្ធ ស្រប​ពេល​ដែល​ខ្លួន​នៅក្មេង ពុំ​មានចំណេះ​ដឹង​គ្រប់គ្រាន់ គឺជា​បញ្ហា​ធំ​បំផុត ដែល​ប្រៀប​ដូចជា​គ្រូបង្រៀន​ដែល​គ្មាន​ចំណេះដឹង​បង្រៀន​សិស្ស​អ៊ីចឹង​ដែរ។

ក្នុង​ការងារ​ទាំងឡាយ​ណា​ដែល​ស្ថិត​ក្នុង​វិស័យ​សិក្សាធិការ ឬវិស័យ​ចំណេះដឹង​នេះ គឺ​ត្រូវការ​មនុស្ស​ដែល​មាន​សេចក្តី​ស្មោះត្រង់ មាន​សេចក្តីល្អ មាន​គំរូ​ភាពល្អ និង​មិនមែន​ជា​មនុស្ស​អាត្មានិយម។ល។ តើ​មូលហេតុ​អ្វី ទើបត្រូវ​មាន​លក្ខណៈ​សម្បត្តិ​បែបនេះ​? ការពិត គឺ​ពុំ​អាច​លាក់បាំង​ជិត​រហូត​ទេ ដ្បិត​មុនឬក្រោយ មនុស្ស​នឹង​ដឹងការ​ពិត​ជាក់ជា​មិនខាន។ មនុស្សយើង កាលបើ​ខ្លួន​គ្មាន​ចំណេះដឹង គ្មាន​វិជ្ជា ការ​គិត​នៅ​ទាប គឺ​រមែង​មាន​អ្នក​អាក្រក់​អាច​បោកប្រាស់​បាន​ក្នុង​គ្រា​ខ្លះ តែ​មិន​អាច​បោកប្រាស់​បាន​រហូត​ទេ។ តើ​មូលហេតុ​អ្វី​? អ្នកអាន បើ​អាន​សៀវភៅ​បាន​កាន់តែ​ច្រើន គឺ​ចំណេះដឹង​ក៏​កាន់តែ​កើន​ដែរ។ អ្នករៀន បើ​កាន់តែ​ប្រឹងរៀន គឺ​ចំណេះដឹង​កាន់តែ​កើន។ បើ​ចំណេះដឹង​កើន ក៏​ស្មើនឹង​មាន​ពន្លឺ​មើលឃើញ​ការពិត ជាពិសេស​ដឹង​ថា​អ្នកណា​បោក​ឬអ្នកណា​ជួយ។ ចុះបើ​អ្នកធ្វើការ​ងារ​ក្នុង​វិស័យ​ចំណេះដឹង ព្យាយាម​បំភាន់​អ្នកអាន ឬព្យាយាម​ធ្វើខ្លួន​មិន​ស្មោះត្រង់​នឹង​អ្នករៀន​ តើ​អនាគត​នឹង​មាន​លទ្ធផល​បែប​ណា​វិញ​?

កាលបើ​ដូច្នោះ​ហើយ ទើប​យើង​ដែល​ជា​អ្នក​បំពេញការងារ​ក្នុង​វិស័យ​ចំណេះដឹង ត្រូវតែ​ជា​មនុស្ស​ស្មោះត្រង់​ បើ​ធ្វើល្អ គឺ​ត្រូវ​ធ្វើល្អ​ចេញពី​ចិត្ត ដ្បិត​ពុំគួរ​យក​របាំង​សប្បុរសធម៌​មក​បិទបាំង​ចេតនា​ខាងក្នុង​របស់​ខ្លួន​ឡើយ។ មុនឬក្រោយ មនុស្ស​ល្អ​ពិត​នឹង​ត្រូវ​បាន​ទទួលស្គាល់ ហើយ​មុនឬក្រោយ មនុស្ស​សម្តែង​ធ្វើល្អ ក៏​នឹង​ត្រូវ​ទទួលស្គាល់​ដូចគ្នា​ផង​ដែរ។ នេះ​ហើយ​ជា​អំណាច​នៃ​វិជ្ជា។ អ្វី​ដែល​ខ្ញុំ​លើកឡើង​ខាងលើ​នេះ តើ​វា​ទាក់ទង​អ្វីខ្លះ​នឹង​ការ​ផ្សព្វផ្សាយ​ស្នាដៃ​និពន្ធ​? ស្នាដៃ​និពន្ធ​គួរ​មាន​ចរិតលក្ខណៈ​និង​អត្តសញ្ញា​ណមួយ​ៗ ស្រប​ទៅ​នឹង​ចំណេះដឹង និង​គោលបំណង​នៃ​អ្នកនិពន្ធ។ អ្នកអាន​អាច​វាស់​ចំណេះដឹង​អ្នកនិពន្ធ​តាមរយៈ​ការប្រៀបធៀប​ស្នាដៃ។ បើ​ស្នាដៃ​ទី១ មានខ្លឹមសារ​ល្អ ហើយ​ស្នាដៃ​ទី២ មានខ្លឹមសារ​មិនសូវ​ល្អ​ទេ គឺ​មានន័យថា អ្នកនិពន្ធ​មិនបាន​ប្រឹងប្រែង​អាន​សៀវភៅ ឬរៀនសូត្រ​បន្ថែម​ទេ ព្រោះ​បើ​អ្នកនិពន្ធ​រក្សាខ្លួន​ជា​អ្នករៀន​ជាប់​រហូត ម៉្លោះ​ស្នាដៃ​បន្ទាប់​ប្រាកដជា​ល្អ​ជាង​មុន​ហើយ​។ បើ​ស្នាដៃ​ទី១ មានខ្លឹមសារ​ល្អ ហើយ​ស្នា​ដទៃ​ទី២ មានខ្លឹមសារ​ល្អ​ជាង គឺ​មានន័យថា អ្នកនិពន្ធ​ជា​អ្នករៀន​សូត្រ ឬបាន​ស្រាវជ្រាវ​ច្រើន ព្រមទាំង​បាន​ដុសខាត់​ចំណេះដឹង​ខ្លួន​បន្ថែម​

យើង​ជា​អ្នកអាន អាច​វាស់វែង​ចំណេះដឹង​អ្នកនិពន្ធ​តាមរយៈ​ស្នាដៃ​ទី​ទី១និង​ស្នាដៃ​ទី២ ឬស្នាដៃ​ទី២និង​ស្នាដៃ​ទី៣ ហើយ​ភាគច្រើន​នៃ​អ្នកនិពន្ធ​ដែល​សរសេរ​អត្ថបទ​កាន់តែ​ល្អ គឺ​ដោយសារតែ​ការរៀនសូត្រ​បន្ថែម​បាន​ច្រើន ឬអាន​បាន​ច្រើន ឬគិតពិចារណា​បាន​ច្រើន ឬស្រាវជ្រាវ​បាន​ច្រើន​នេះឯង។ ចំណុច​នេះ អ្នកអាន​ត្រូវ​ចេះ​តាមដាន ចេះ​សង្កេត ចេះ​វាយតម្លៃ និង​ចេះ​ដាក់​ពិន្ទុ​ឱ្យ​ដោយខ្លួនឯង។ តើ​អ្វី​ជា​គុណ​តម្លៃ​អ្នកនិពន្ធ ក្រោយ​អ្នកអាន​ជាវ​ស្នាដៃ​សម្រាប់​អាន​ហើយ​? ជា​បទ​ពិសោធ​ដែល​ខ្ញុំ​ឆ្លងកាត់​ ជា​ការសង្កេត​ក្នុង​ន័យ​ចរន្ត​សំណេរ​បច្ចុប្បន្ន និង​ជាពិសេស​ក្នុងនាម​ជា​អ្នកអាន​សកម្ម​ម្នាក់​ ខ្ញុំ​មើលឃើញ​ថា ស្នាដៃ​និពន្ធ​ដែល​មាន​កម្លាំង​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​ខ្លាំង គឺ​ស្ថិត​ជាប់​ក្នុង​លក្ខខណ្ឌ ២យ៉ាង​។ លក្ខ​ខណ្ឌទី១ បើ​យើង​មាន​ប្រពន្ធ​ផ្សព្វផ្សាយ​ជួយ​រុញ​ស្នាដៃ​ឱ្យ​បានដឹង​ដល់​អ្នកអាន​កាន់តែ​ច្រើន កត្តា​នៃ​ការ​លក់​ស្នាដៃ ក៏អាច​មាន​ចំនួន​ច្រើន​ដែរ។ ប៉ុន្តែ​ចំនួន​នេះ គឺ​នឹង​ត្រូវ​ជាប់​គាំង​វិញ ក្រោយពី​អ្នកអាន​មួយចំនួន​បាន​អាន​ស្នាដៃ​និពន្ធ​ហើយ ហើយក៏​បានឃើញ​ថា​ស្នាដៃ​ពុំ​មានខ្លឹមសារ​ល្អ គួរ​ចាប់ចិត្ត ឬពុំ​បាន​ផ្តល់​ប្រយោជន៍​ជា​ចំណេះដឹង​ដល់​អ្នកអាន​ដែល​បាន​ចំណាយ​ថវិកា​ទិញ​អាន។ ករណីនេះ បើ​យើង​ផ្សាយ​ស្នាដៃ​ខ្លួនឯង​កាន់តែ​ច្រើន ប្រព័ន្ធ​ផ្សព្វផ្សាយ​ជួយ​រុញ​ផលិតផល​ឱ្យ​បានដឹង​ដល់​អ្នកអាន​កាន់តែ​ខ្លាំង គឺ​ស្មើនឹង​ការផ្សាយ​សារ​អវិជ្ជមាន​ដល់​អ្នកអាន​កាន់តែ​ច្រើន។

ជា​ធម្មតា បើ​សៀវភៅ​មានខ្លឹមសារ​ល្អ មានប្រយោជន៍​ជា​ចំណេះដឹង​ដល់​អ្នកអាន គឺ​អ្នកអាន​ម្នាក់​ស្មើនឹង​អ្នក​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ។ ខ្ញុំ​ជឿជាក់​ថា ធម្មជាតិ​មនុស្ស ជាពិសេស​មនុស្ស​ដែល​មាន​សេចក្តី​ស្រឡាញ់ គឺ​តែង​ចេះ​ចែករំលែក​នូវ​អ្វី​ដែល​ខ្លួន​យល់ថា​ល្អ​ទៅកាន់​អ្នកដទៃ។ អ្នកអាន​ក៏​មាន​លក្ខណៈ​ដូច្នោះ​ដែរ​ លក្ខខណ្ឌ​ទី២ បើ​ស្នាដៃ​ល្អ ហើយ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ល្បី​ជួយ​ជំរុញ​ដំណឹង​ដល់​អ្នកអាន គឺ​ស្មើនឹង​ផ្ញើ​សារ​វិជ្ជមាន ហើយ​អ្នកអាន​ក៏​នឹង​ជួយ​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ដែរ។ ប៉ុន្តែ​ក្នុងករណី​មួយទៀត បើ​សៀវភៅ​ល្អ តែ​ខ្វះ​ការ​ផ្សព្វផ្សាយ​ឱ្យ​ទូលាយ ក៏​ពិបាក​នឹង​រុញ​ស្នាដៃ​ឱ្យ​អ្នកអាន​បាន​ស្គាល់​ដែរ។ និយាយ​ដោយខ្លីទៅ មាន​សៀវភៅ​ល្អ តែបើ​គ្មាន​ការ​ផ្សព្វផ្សាយ​ឱ្យ​ទូលាយ​ទេ គឺជា​ចំណុចខ្សោយ​ដ៏​ធំ​មួយ។ រី​ឯការ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូលាយ​ជួយ​ជំរុញ មាន​វិសាលភាព​ធំ តែបើ​ផលិតផល​សៀវភៅ​មិនល្អ​ទេ គឺ​អ្នកនិពន្ធ​អាច​ទទួល​បានការ​គាំទ្រ​តែ​គ្រាដំបូង​ប៉ុណ្ណោះ ជាពិសេស​ក្នុង​គ្រាដែល​អ្នកអាន​មិនដឹង​ថា​ក្នុង​ខ្លឹមសារ​នៃ​ស្នាដៃ​មាន​អត្ថន័យ​យ៉ាងណា។ លុះដល់​មួយ​រយៈ​ក្រោយមក ស្នាដៃ​នឹង​ត្រូវ​ទុកចោល​ដដែល ឬលែង​មានការ​គាំទ្រ​រហូត​ផងក៏​មាន​។

ដូច្នេះ ការ​ពង្រឹងគុណភាព​ស្នាដៃ​ជា​ការ​ដ៏​សំខាន់​បំផុត​សម្រាប់​អ្នកនិពន្ធ។ អ្វី​ដែល​ល្អ អ្នកដទៃ​អាច​កម្រ​ដឹង តែបើ​ដឹង​ហើយ គឺ​ដឹង​ក្នុង​ន័យ​ល្អ ហើយ​បន្ត​ជា​អត​មៈ។ អ្នកនិពន្ធ គឺជា​អ្នក​យកចិត្ត​ទុកដាក់​លើ​គុណភាព​នៃ​ស្នាដៃ​របស់​ខ្លួន​មួយ​ៗ រី​ឯស្មេរ​គឺជា​អ្នក​ចេញ​ស្នាដៃ​ពីរបី​ខែ​មួយ​ក្បាល ឬមួយ​ឆ្នាំ​អាច​ចេញ​ស្នាដៃ​ពីរបី​ចំណងជើង។ ស្មេរ​អាច​សរសេរ​សំណេរ​មួយថ្ងៃ​បាន​ពីរបី​អត្ថបទ តែ​អ្នកនិពន្ធ​គឺជា​អ្នក​សរសេរ​អត្ថបទ​មួយ តែ​ចំណាយពេល​វេលា​ពីរបី​ថ្ងៃ ឬរហូតដល់​ពីរបី​ឆ្នាំ​ផង​ក៏​មាន។ គំនិត​នេះ​មិន​អត្តនោម័តិ​ទេ តែ​សម្រាប់​ពិចារណា។ អត្ថ​នេះ​ជា​អត្ថបទ​សម្រាប់​ពិចារណា​ដែល​មានប្រយោជន៍​ទាំង​សម្រាប់​អ្នក​ដែល​ចង់​ក្លាយ​ខ្លួន​ជា​អ្នកនិពន្ធ​ផង និង​មានប្រយោជន៍​សម្រាប់​អ្នកអាន​ទូទៅ​ផង​ដែរ​៕

No comments:

Post a Comment