Saturday, July 25, 2020

ទុក្ខ



មនុស្សយើងគ្រប់គ្នា សុទ្ធតែស្រឡាញ់សេចក្ដីសុខ ខំគេចចេញពីសេចក្ដីទុក្ខទាំងអស់គ្នាហ្នឹង ។ អ្វីដែលមនុស្សទាំងឡាយខំព្យាយាមនាំគ្នាធ្វើពេញមួយជីវិត គឺការចូលទៅរកសេចក្ដីសុខ ព្យាយាមគេចចេញពីសេចក្ដីទុក្ខ  ពេលជួបសេចក្ដីទុក្ខក៏ព្យាយាមកំចាត់ចោលចេញ ឬព្យាយាមការពារមិនឲ្យកើតឡើង ។
ក្រឡេកមើលក្នុងជ្រុងនេះ ពួកយើងមានសំណាងជាងមនុស្សសម័យមុន ព្រោះបច្ចេកវិទ្យាក្នុងការកំចាត់បង់នូវសេចក្ដីទុក្ខនេះមានច្រើនឡើង ។  នៅពេលអាកាសធាតុក្ដៅ ក៏មានកង្ហារ មានម៉ាស៊ីនត្រជាក់បើកបក់ ជួយកាត់បន្ថយកម្ដៅ ពេលមានអាកាសធាតុត្រជាក់ មានម៉ាស៊ីនកម្ដៅ ទឹកក្ដៅទឹកត្រជាក់ទុកប្រើក្នុងគេហដ្ឋានយ៉ាងស្រួល  ធ្វើដំណើរទៅណាមកណា មិនចាំបាច់ដើរថ្មើរជើង ជិះរទេះគោក្របី ជិះសេះ ជិះដំរីឲ្យហត់នឿយ ព្រោះសម័យនេះគេមានរថយន្តបម្រើគ្រប់ម៉ាកគ្រប់ប្រភេទគ្របធន់ ។ សម្ភារទាំងអស់នេះបានជួយកាត់បន្ថយការលំបាក ចំណេញពេល និងមានការងាយស្រួលដល់ការរស់នៅរបស់មនុស្សយើងប្រចាំថ្ងៃ​ ។ 
មានយ៉ាងនេះក៏ដោយ ទោះបីយើងអាចគេចសេចក្ដីទុក្ខ កំចាត់បង់ ឬបន្ថយកម្លាំងសេចក្ដីទុក្ខបានច្រើនប៉ុនណា ប៉ុន្តែមានសេចក្ដីទុក្ខច្រើនយ៉ាងទៀត ដែលមនុស្សយើងមិនអាចគេចផុត យើងធ្វើបានត្រឹមតែមិនអើពើ ឬមិនជាប់ចិត្តគិតឲ្យវាកើតឡើង មិនថាមានបាន មានមាសប្រាក់ មានអំណាចបុណ្យសក្ដិ មានកិត្តិយសកេរ្តិ័ឈ្មោះល្បីល្បាញប៉ុនណា ក៏ត្រូវមកជួបសេចក្ដីទុក្ខនោះដដែល ដូចជា ខ្លួនជាមហាសេដ្ឋីមានប្រាក់វាល់លានកោដិ ក៏ត្រូវមកជួបសេចក្ដីវិនាសបាត់បង់ ដូចជាការបាត់បង់មនុស្សជាទីស្រឡាញ់ជិតស្និទ្ធ ព្រោះគ្មានអ្នកណារស់នៅទល់មេឃនោះបានទេ ទោះយ៉ាងណាគេក៏ត្រូវស្លាប់ឃ្លាតពីយើងទៅក្នុងថ្ងៃណាមួយមិនខាន ។ ពួកយើងប្រហែលស្គាល់ ទ័ចម៉ាហាល ដែលជាអនុស្សរណស្ថានដែលស្ដេចហ្សាហ៍ហ្សះហាន ជាបុគ្គលឧត្តុង្គឧត្តមកសាងឡើងដើម្បីឧទ្ទិសដល់មហេសីជាទីស្រឡាញ់ដែលបានសោយវិលាល័យ ។ នេះជាមេរៀនមួយ សម្រាប់បង្រៀនដល់ចិត្តយើងទាំងអស់គ្នាថា មិនថាមានអ្វីអស្ចារ្យប៉ុនណា ក៏មិនអាចគេចផុតពីការបាត់បង់មនុស្សជាទីស្រឡាញ់នេះបានដែរ ។
តាស្លាប់ យាយស្លាប់ អ៊ំពូមីងស្លាប់ ប្រពន្ធស្លាប់ ប្ដីស្លាប់ កូនស្លាប់ ក្មួយស្លាប ចៅស្លាប់ រឿងនេះកើតឡើងដល់មនុស្សគ្រប់គ្នា គ្រប់គ្រួសារ គ្រប់ប្រទេស គ្រប់ជាតិសាសន៍ ។ ក្រៅពីនេះ ថែមទាំងមានពាក្យរិះគន់និន្ទានិយាយថា សូម្បីមានអំណាចទល់មេឃ ក៏ត្រូវមកជួបជាមួយសេចក្ដីខកបំណង និងជួបភាពចាស់ ឈឺ ស្លាប់មិនផុត ។ នេះជាសេចក្ដីទុក្ខ ដែលគ្មានអ្នកណាមួយគេចផុត ទោះបីយើងកាត់រឿងចាស់ ការឈឺ ការស្លាប់ចេញបានក៏ដោយ ក៏មកជួបសេចក្ដីទុក្ខច្រើនប្រការទៀត ដូចជា អស់ការងារធ្វើ ខកបំណងរឿងកូន ទ្រព្យសម្បត្តិត្រូវចោរគាស់ប្លន់ អគ្គីភ័យលេបត្របាក់ ។ ប្រសិនបើមនុស្សយើងគិតតែពីគេចសេចក្ដីទុក្ខ ឬរកផ្លូវការពារបន្ថយសេចក្ដីទុក្ខគ្រប់ពេល សូមត្រៀមចិត្តកើតទុក្ខចុះ ព្រោះថា នៅមានសេចក្ដីទុក្ខច្រើនយ៉ាងទៀត ដែលយើងត្រូវជួបគេចមិនផុត កំចាត់បង់ទៅយូរប៉ុនណាក៏មិនបានសម្រេចដែរ ។
លើកឧទាហរណ៍ងាយៗ អ្នករស់នៅក្នុងទីក្រុងធំៗ​ដូចជាទីក្រុងភ្នំពេញ ត្រូវជួបបញ្ហាកក់ស្ទះចរាចរ មិនអាចមានថ្ងៃគេចផុត រកកន្លែងចតឡានម៉ូតូពិបាក មានជនជាតិអាមេរិកាំងម្នាក់សរសេរដៀមដាមថា "​ស្លាប់ចុះគេចមិនផុតទៅហើយ តែរកទីចតឡាននេះពិបាកជាងស្លាប់ទៅទៀត" ។ គាត់ម្នាក់នេះរស់នៅក្រុងញូយ៉ក ជាទីក្រុងដែលពិបាករកកន្លែងចតឡានណាស់ ។ បញ្ហានេះមិនមែនកើតលើផ្លូវកាយទេ តែជាសេចក្ដីទុក្ខតាមផ្លូវចិត្ត ដែលមនុស្សក្នុងសម័យនេះជួបជាប្រចាំ ។ រាល់ថ្ងៃនេះសេចក្ដីទុក្ខតាមផ្លូវកាយអាចកាត់បន្ថយបានច្រើន ព្រោះមានបច្ចេកវិជ្ជាមកជួយសម្រួលបានច្រើន តែសេចក្ដីទុក្ខតាមផ្លូវចិត្តមិនបានកាត់បន្ថយឡើយ ថែមបង្កើនឡើងរឿយៗ ដូចជា រកទីសម្ចតឡានមិនបានក៏ទុក្ខ ត្រូវទាស់ទែងខ្វែងគំនិតគ្នា ឈានដល់ការចាក់កាប់សម្លាប់គ្នាក៏ឃើញឮមានច្រើន ។
មិនថាបច្ចេកវិជ្ជានេះរីកចម្រើនជឿនលឿនដល់កម្រិតណាទេ មនុស្សយើងក៏គេចមិនផុតពីការខកបំណងនេះ កាន់តែមានបាន មានមាសប្រាក់ច្រើនប៉ុនណា ចំណង់ប្រាថ្នាមិនចេះគ្រប់ក៏មានកាន់តែច្រើនឡើងប៉ុណ្ណោះ ។ ពេលណាចំណង់ប្រាថ្នានេះកាន់តែច្រើន ឱកាសមិនបានសមបំណងក៏បន្ថែមច្រើនឡើងដូចជាស្រមោលអន្ទោលតាមប្រាណ ។ អាចនិយាយបានថា ពេលមានសេចក្ដីប្រាថ្នាកើនឡើង សេចក្ដីទុក្ខក៏ច្រើនមកតាមផងដែរ ព្រោះសេចក្ដីប្រាថ្នាចង់បានជាមួយសេចក្ដីទុក្ខជាគូគ្នា សូមឲ្យគិតពិចារណាមើលផងចុះ មនុស្សយើងមិនថា នឹងគេចពីសេចក្ដីទុក្ខប៉ុនណា ក៏ត្រូវមកជួបសេចក្ដីទុក្ខមួយថ្ងៃទល់យប់ ។ តាមពិតសេចក្ដីទុក្ខតាមផ្លូវកាយ ដូចជា ការឈឺចុកចាប់សព្វថ្ងៃនេះ មានថ្នាំ និងបច្ចេកវិជ្ជាច្រើនណាស់ដែលយកមកប្រើជួយរម្ងាប់ ឬបន្ថយអាការៈឈឺចុកចាប់នោះ តែចុងក្រោយ មនុស្សយើងក៏ត្រូវមកជួបការឈឺចាប់ធ្ងន់ធ្ងរបន្តិច ថ្នាំលេបចាក់លែងត្រូវ ជាពិសេសពេលជួបសេចក្ដីឈឺចាប់ ដូចជាកើតរោគមហរីកដំណាក់កាលចុងក្រោយ ឬសូម្បីតែឈឺធ្មេញ ឈឺក្បាល ឈឺពោះ ពេលអាការៈកើតឡើងហើយ នឹងសង្ឃឹមរំពឹងលើថ្នាំតែម្យ៉ាងក៏មិនបាន វាមិនទាន់​ ព្រោះវាមានសេចក្ដីទុក្ខផ្លូវចិត្តផ្សំជាមួយ ទុក្ខនោះឈឺចាប់កាន់តែខ្លាំង ។  
សេចក្ដីទុក្ខគឺជាចំណែកមួយរបស់ជីវិតដែលមនុស្សយើងគេចមិនផុត ដូចក្នុងបទសូធ្យមន្តកិច្ចវត្តប្រចាំថ្ងៃមានឃ្លាមួយនិយាយថា "យើងទាំងឡាយជាបុគ្គលត្រូវសេចក្ដីទុក្ខស្ទាបស្ទង់វាស់ហើយ មានសេចក្ដីទុក្ខនៅខាងមុខហើយ" ទោះបីពេលនេះ យើងមានអារម្មណ៍ថាសុខសប្បាយក៏ដោយ តែនោះព្រោះមានសេចក្ដីទុក្ខនៅមិនទាន់សំដែងខ្លួនឡើង វាកំពុងរកឱកាសសំដែងខ្លួនគ្រប់ពេលវេលា ដូចជា ការអង្គុយនៅរៀងយូរបន្តិច ក៏មានអារម្មណ៍ឈឺរមេះចុករោយស្ពឹកស្រពុនភ្លាម ក្នុងខណៈពេលដែលយើងមានសុខភាពល្អធម្មតា ។ ​សូមកុំគិតថា មិនមានសេចក្ដីឈឺចាប់ មែនទែនទៅ ការឈឺចាប់នៅជាមួយយើងគ្រប់ពេលវេលា យើងភ្លេចខ្លួនក្នុងពេលណា វាក៏ចេញមុខមកដល់ភ្លាមក្នុងពេលនោះ ។ ក្នុងដំណើរដូចគ្នានេះដែរ ភាពចាស់ជរាក៏នៅជាមួយយើងគ្រប់ពេលវេលា​ ទោះបីពេលនេះយើងនៅវ័យក្មេង កម្លាំងពលំមាំមួន តែតាមការពិត ភាពជរានេះធ្វើការងាររបស់វាគ្រប់ពេលវេលា មួយថ្ងៃបន្តិចម្ដងៗ ភ្លេចខ្លួនតែបន្តិច ក៏ឃើញស្បែកសរសៃរវាម ស្បែកជ្រិញជ្រួយារធ្លាក់ សក់ក្បាលស្កូវព្រោងសក្បុស កម្លាំងពលំខ្សោយឡើងៗ ។ សេចក្ដីស្លាប់ក៏ដូចគ្នា ហ៊ានតែភ្លេចខ្លួនពេលណាភ្លាម គ្រាន់តែឈានចុះពីលើកាំជណ្ដើរផ្ទះ មិនបានប្រយ័ត្នធ្លាក់ដាំក្បាលចុះមកបុកដីស្លាប់មួយរំពេច សភាពបែបនេះ វាកើតឡើងជាមួយយើងគ្រប់ពេលវេលាបានទាំងអស់ ។
 

ព្រះសម្មាសម្ពុទ្ធវិជិតមារទ្រង់ត្រាស់សំដែងថា "ភាពចាស់ជរាមាននៅក្នុងភាពកម្លោះក្រមុំ ភាពឈឺចាប់មាននៅក្នុងភាពមិនមានរោគ សេចក្ដីស្លាប់ក៏មាននៅក្នុងជីវិត" ។ វាមិនបានញែកចេញពីគ្នាឡើយ ដូចម្សិលមិញ ពួកយើងបានរៀបចំផ្កាបានយ៉ាងស្អាត ទាំងដែលមានអ្នកខ្លះយកមែកឈើស្ងួតឈើងាប់មករៀបចំចាក់ដោត សបញ្ជាក់ឲ្យឃើញថា រឿងមិនស្អាតនោះ ក៏មានភាពស្អាតនៅក្នុងនោះ ផ្ទុយមកវិញ រឿងដែលថាស្អាត ក៏វាមិនស្អាតបង្កប់នៅក្នុងនោះដូចគ្នា។ យើងមើលឃើញច្បាស់ក្រឡែត ពេលផ្កាស្រស់ទុកចោលទៅមិនប៉ុន្មានថ្ងៃ ភាពស្វិតស្រពោនក៏ប្រាកដឡើង ត្រូវនឹងព្រះពុទ្ធតម្រាស់សំដែងទុកនោះឯង ។
សេចក្ដីសុខរបស់មនុស្សយើងក៏ដូចគ្នា មានសេចក្ដីទុក្ខពួនសម្ងំលាក់ខ្លួនគ្រប់ពេលវេលា ដូចអ្វីដែលបានពោលហើយថា  សេចក្ដីទុក្ខ ជារឿងដែលយើងគេចមិនផុត ទើបយើងត្រូវរៀនដឹងចេះរស់នៅជាមួយវាឲ្យបាន
ដូចយ៉ាង ពេលនេះយើងជួបភាពអាកាសធាតុក្ដៅ យើងត្រូវចេះរៀនរស់នៅជាមួយវាឲ្យបានដោយគ្មានទុក្ខកង្វល់ តែក្ដៅកាយតែមិនក្ដៅចិត្ត ទុក្ខផ្លូវកាយតែមិនកើតទុក្ខតាមផ្លូវចិត្ត បែបនេះយើងធ្វើបាន តែបើធ្វើមិនបាន ក៏មានតែភាពតប់ប្រម៉ល់មួមៅក្ដៅក្រហាយចិត្តកើតឡើង ព្រោះយើងមិនអាចបង្គាប់បញ្ជា​ ឬគ្រប់គ្រងអាកាសធាតុនោះតាមចិត្តយើងបាន សូម្បីរាងកាយរបស់យើង យើងនៅបង្គាប់បញ្ជាឃុំគ្រងខ្លួនឯងមិនឲ្យក្ដៅ​មិនឲ្យឈឺមិនបានផង។
មានរឿងរ៉ាវប្រវត្តិរបស់លោក គូដេនរិមបូហ្សេ បុគ្គលដែលមានវាសនាកម្មដូចគ្នានឹងជនជាតិទីបេច្រើននាក់ទៀត ក្រោយពីចិនដាក់កង់ទ័ពត្រួតត្រាទីបេ កាលពី ៦០ ឆ្នាំកន្លងទៅហើយ ។ ទាហានចិនត្រូវការឲ្យលោកបោះបង់ចោលព្រះពុទ្ធសាសនា  ហើយបែរមកកាន់របបផ្ដាច់ការ តែលោកជំទាស់ ទើបលោកត្រូវគេឃុំឃាំង និងធ្វើទារុណកម្មយ៉ាងវេទនា អស់រយៈកាល ២០ ឆ្នាំ ។ ពេលលោកទទួលបានសិរីភាពវិញ លោកបានបង្ខំខ្លួនឆ្លងដែន ដើម្បីសុំសិទ្ធិជ្រកកោនផ្នែកខាងនយោបាយក្នុងប្រទេសឥណ្ឌា ។
ករណីនេះ ធ្លាប់មានគេសួរលោកថា ពេលដែលគេឃុំឃាំងលោកក្នុងទីបេនោះ តើលោកខ្លាចអ្វីបំផុត?​ លោកបែរមិននិយាយអំពីការធ្វើបាបរបស់ទាហានចិន លោកនិយាយថា លោកខ្លាចថា នឹងខឹងសម្បារស្អប់ខ្ពើមមនុស្សដែលធ្វើបាបលោក សម្រាប់ពុទ្ធសាសនិកជន ។ សេចក្ដីក្រោធខឹងនោះគួរឲ្យខ្លាចបំផុត ព្រោះអាចរុញច្រានយើងឲ្យធ្វើបាបដោយការប្រទូសរ៉ាយអ្នកដទៃ ។ បុគ្គលណាធ្វើបាបយើង បុគ្គលនោះក៏ត្រូវមកទទួលកម្មរបស់គេ តែប្រសិនបើយើងធ្វើបាបអ្នកដទៃ បាបនោះនឹងតាមជាប់យើងវិញ ហើយត្រូវមកលស់ផលកម្មនោះមិនដឹងពេលណាចប់ ។ បុគ្គលណាធ្វើបាបយើង វាមិនអាក្រក់ស្មើនឹងយើងទៅធ្វើបាបអ្នកដទៃនោះទេ ។
តាមពិត លោកគូដេនធ្លាប់មានហេតុផលច្រើនជាងនេះ លោកសញ្ជឹងគិតថា ពេលដែលទាហានចិនធ្វើទារុណកម្មលោកៗ ទទួលរងទុក្ខតែតាមផ្លូវកាយ តែពេលណាដែលលោកមានអារម្មណ៍ខឹងមនុស្សដែលធ្វើបាបលោកៗ មិនត្រឹមតែទទួលរង់ទុក្ខតាមផ្លូវកាយប៉ុណ្ណឹងទេ ថែមទាំងមានទុក្ខតាមផ្លូវចិត្តមួយទៀត ដោយសេចក្ដីខឹងក្រោធនោះមកដុតកំឡោចចិត្តលោក ។ ទុក្ខកាយអាចនៅទ្រាំបាន តែទុក្ខផ្លូវចិត្ត សាងភាពទុក្ខវេទនាឈឺចាប់ខ្លាំងណាស់ នោះឯងគឺរឿងដែលលោកមិនចង់ឲ្យកើតមានឡើង ។
លោកគូដេនមានបំណងចង់ប្រាប់ថា ទាហានចិននោះ អាចធ្វើបានដោយច្រើន គ្រាន់តែធ្វើបាបរាងកាយរបស់លោក តែធ្វើឲ្យចិត្តលោកកើតទុក្ខមិនបាន ប៉ុន្តែនៅពេលណាដែលលោកបណ្ដោយឲ្យចិត្តខឹងនោះគ្រប់សង្កត់ចិត្ត សេចក្ដីទុក្ខតាមផ្លូវចិត្តនោះក៏កើតមានឡើង ដូចនោះ រឿងដែលលោកខិតខំព្យាយាមធ្វើ គឺរក្សាចិត្តមិនឲ្យខឹងមនុស្សដែលមកធ្វើបាបរូបលោក ។
លោកនិយាយបន្ថែមទៀតថា បុគ្គលណាធ្វើបាបយើងប៉ុនណា យើងមិនបានកើតទុក្ខ ប្រសិនបើចិត្តយើងមិនព្រមសហការណ៍ជាមួយ គេហៅថា ទះដៃម្ខាងមិនឮទេ ។  យ៉ាងណាក៏ដោយ មនុស្សភាគច្រើនពេលណាមានទុក្ខតាមផ្លូវិត្ត ច្រើនតែមានចិត្តបន្ទោសរឿងខាងក្រៅ ដូចជា មិត្តរួមការងារ ចៅហ្វាយនាយ បុគ្គលិក ចារាចរកក់ណែន​ បន្ទោសមេឃដី អាកាសធាតុ សេដ្ឋកិច្ច ។ តែភ្លេចគិតឈឹងថា ចិត្តយើងខ្លួនឯងដែលមានចំណែកក្នុងរឿងទាំងអស់ហ្នឹងយ៉ាងច្រើន ដូចជា បណ្ដោយឲ្យភាពតប់ប្រម៉ល់​ ខឹងក្រោធ ថ្នាំងថ្នាក់ អន់ចិត្តឲ្យមករំខានដល់ចិត្ត ។
រឿងខាងក្រៅទាំងអស់ហ្នឹង ធ្វើបានដោយច្រើនត្រឹមតែដាក់សម្ពាធរាងកាយ មកបំបែបបំបាក់មនុស្សជាទីស្រឡាញ់ និងមកពង្រាត់វត្ថុជាទីហួងហែងពីយើងទៅ ធ្វើការងាររាំងស្ទះ តែមិនអាចធ្វើឲ្យចិត្តយើងកើតទុក្ខបាន វាធ្វើបានត្រឹមតែបបួលនាំ ឬជន្លឲ្យចិត្តយើងទាស់ សោកសៅ មួហ្មង ខ្វល់ខ្វាយ ប៉ុន្តែយើងមិនទទួល "ពាក្យបបួលនាំ" របស់វាក៏បាន ។ នោះចង់និយាយថា ចិត្តនឹងកើតទុក្ខ ឬមិន វាអាស្រ័យលើចិត្តយើង រឿងខាងក្រៅ យើងមិនអាចគ្រប់គ្រងវាបាន តែចិត្តយើងជារឿងដែលយើងអាចធ្វើបានច្រើនជាង ។ តាមពិតទៅ ចិត្តក៏ជារឿងមួយដែលយើងពិបាកគ្រប់គ្រងដូចគ្នា តែយើងអាចតាមមើលរក្សាចិត្តនេះបានច្រើនជាងរឿងនៅខាងក្រៅខ្លួន ។
ដូចនោះ ពេលណាដែលចិត្តមានសេចក្ដីទុក្ខ ជំនួសឲ្យការទាមទារ ឬព្យាយាមបង្គាប់បញ្ជាឲ្យរឿងខាងក្រៅប្រព្រឹត្តទៅតាមចិត្តយើង មិនល្អជាងឬប្រសិនបើយើងបែរមកចាត់ការជាមួយចិត្តយើង ចាប់ផ្ដើមដោយការរំពឹងរឿងផ្សេងៗតាមសភាវៈពិត ព្រមទទួលយកគ្រប់យ៉ាងពេលណាដែលវាកើតឡើង និងមានសតិរលឹកដឹងទាន់អារម្មណ៍អកុសលផ្សេងៗ ដែលបានកើតឡើង ពេលមានអ្វីមកប៉ះពាល់ត្រូវ ឬពេលមានហេតុការណ៍អាក្រក់កើតឡើង ។
អ្នកណាធ្វើអ្វីយើង មិនអាក្រក់ដូចចិត្តដែលដាក់ខុសទេ ប្រសិនបើដាក់ចិត្តត្រូវហើយ មិនមានអ្វីក៏មិនអាចយកមកញាត់សេចក្ដីទុក្ខ ឬលួចសេចក្ដីសុខទៅពីយើងបានដែរ
ពេលយើងខឹងគេ មានមនុស្សមកប្រាប់យើងឲ្យលើកទោស យើងត្រឡប់ជាមិនលើកទោសឲ្យ ថែមទាំងជេរស្ដីថាឲ្យមនុស្សណែនាំនោះថែមទៀត ដូចជា ពោលបង្កាច់បង្ខូចថាគេជាមនុស្សបក្សពួកតែមួយ ទើបគេមកណែនាំដូចនេះ ។ ក្នុងពេលសេចក្ដីខឹងធ្វើឲ្យខ្លួនស៊ីមិនបានដេកមិនលក់ ធ្វើឲ្យច្រួលច្រាលឡើង ចុះហេតុអ្វីយើងមិនព្រមលែងវាចោលទៅ ចុះហេតុអ្វីយើងមិនចេះព្យាបាលចិត្តហ្នឹងចេញដោយការឲ្យអភ័យទៅ ប្រហែលជាមានន័យថា យើងមានចិត្តស្រឡាញ់សេចក្ដីក្រោធ យើងហួងហែងសេចក្ដីក្រោធ មានគេមកណែនាំឲ្យឈប់ ឲ្យដាក់ចុះមិនព្រម បែរជាជេរស្ដីអ្នកមកណែនាំនោះ ឃើញមែនទេថា អ្នកណាប្រាប់ថា ស្រឡាញ់ខ្លួនឯង តាមពិតយល់ មិនមែនស្រឡាញ់ខ្លួនឯងទេ បែរមកបន្ថែមធ្វើ បាបខ្លួនឯងជាប្រចាំ អាចក្នុងន័យមិនធ្វើបាបរាងកាយខ្លួនឯង តែចូលចិត្តធ្វើបាបចិត្តខ្លួនឯង ឬរកសេចក្ដីទុក្ខមកដាក់បន្ថែមចិត្តខ្លួនឯងជារឿយៗ ។ ពេលនេះមានមនុស្សកំពុងកាន់អានសៀវភៅនេះ កំពុងសញ្ជឹងគិតពិចារណាសំណេររបស់ស្មេរនេះ តែចិត្តអាចវិលទៅនឹកឃើញមនុស្សដែលខ្លួនយើងខឹង មនុស្សដែលជេរប្រមាទ ឬធ្វើបាបយើង ។ ការធ្វើដូចនោះ មិនខុសអីពីយកភ្លើងមកដុតរោលចិត្តខ្លួនឯងទេ ។
អង្គុយសប្បាយៗជំនួសនូវការមានសេចក្ដីសុខ បែរទៅនឹកដល់ហេតុការណ៍អាក្រក់ដែលកន្លងមក នឹកឃើញមនុស្សដែលគៀបសង្កត់សង្កិនយើង មនុស្សក្បត់យើង ដូចជាការដាស់ឡើងនូវសេចក្ដីក្រោធខឹងឲ្យងើបឡើង មិនខុសពីយកកាំបិតចុងស្រួចមកចាក់ឆ្កៀលបេះដូង ឬយកភ្លើងមកដុតរោលចិត្តខ្លួនឯងឡើយ ។
ចូរស្រឡាញ់ខ្លួនឲ្យបានច្រើនបន្តិច ឬស្រឡាញ់ខ្លួនឯងឲ្យច្រើនឡើងជាងមុន ដោយការមើលថែរក្សាចិត្តរបស់ខ្លួន ជាពិសេសរក្សាចិត្តឲ្យមានសតិ ប្រសិនបើមិនមានសតិទេ យើងក៏អត់ធ្វើបាបចិត្តឯងមិនបាន ទៅឆក់យកកាំបិតមកចាក់ចិត្ត ឬឆក់យកភ្លើងឱស ឬខ្យូងភ្លើងក្រហមងាំងមកដុតកំឡោចចិត្ត ឬមិនចឹងទេ ស្រវាចាប់បានដុំថ្មធំមកសង្កត់លើចិត្ត ដោយការនឹកហួងហែងក្នុងរឿងដែលនៅមិនទាន់មកដល់ ដូចជា នឹកដល់ថ្ងៃដែលទៅពិនិត្យសុខភាព នឹកដល់ថ្ងៃដែលខ្លួនត្រូវទៅដោះបំណុល ឬថ្ងៃដែលកូនចៅត្រូវប្រឡងចូលរៀនមហាវិទ្យាល័យ ទោះបីថ្ងៃនោះមិនទាន់មកដល់ក៏ដោយ តែយើងខ្វល់គិតអំពីវាឡើងអំពល់ចិត្ត ដល់ហូបចុកលែងបាន សម្រាន្តលែងលក់ ។ ការធ្វើបែបនេះ ដូចរកសេចក្ដីទុក្ខមកដាក់ខ្លួន ហើយធ្វើបែបនេះបានដោយសារភ្លេចខ្លួន មនុស្សយើងមិនធ្វើបាបខ្លួនឯងទេ ដរាបណាមិនភ្លេចខ្លួន ពេលដល់ភ្លេចខ្លួនហើយ អាចធ្វើអ្វីបានទាំងអស់ ដូចជា ពេលខឹងខ្លាំង ក៏យកក្បាលមកបុកជញ្ជាំង យកដៃដាល់កញ្ចក់ ឬយ៉ាងហោចណាស់ ក៏ពន្លិចខ្លួនឋិតនៅក្នុងភាពកង្វល់ សេចក្ដីសោក សៅហ្មង សេចក្ដីក្រោធ​ដោយការគិតអំពីអតីតកាលកន្លងទៅ ឬនឹកដល់ថ្ងៃអនាគតដែលមិនទាន់មកដល់ វាមកដល់ពិតឬអត់ក៏មិនទាន់ដឹង  ចេះតែពីគិតគ្មានហេតុគ្មានផល គិតតែពីគូសរូបភាពខាងអវិជ្ជមាន វិប្បលាប កង្វល់ ឬស្ត្រេស ។ ប្រសិនបើយើងស្រឡាញ់ខ្លួនពិតមែន យើងចេះរក្សាចិត្ត មិនឲ្យអារម្មណ៍ទាំងនោះមកចាក់ដោត មកដុតរោលចិត្តខ្លួនបានឡើយ ។
ក្នុងន័យនេះ មានរឿងដំណាលមួយថា មានស្ត្រីម្នាក់ក្រោកពីព្រឹកព្រលឹម នាងក្រោកឡើងមកធ្វើលំហាត់ប្រាណក្នុងបន្ទប់ដេក ខណៈដែលកំពុងហាត់ប្រាណនោះ ចោលភ្នែកទៅតាមមាត់បង្អួច ឃើញស្នួរហាលខោអាវរបស់ផ្ទះអ្នកជិតខាង ទើបនិយាយជាមួយប្ដីដែលកំពុងដេកថា "បងមើលចុះ ផ្ទះមួយនោះ បោកគក់សម្លៀកបំពាក់អត់ស្អាតសោះ កម្រាលពូកគគ្រិច មានស្នាមប្រឡាក់ប្រតាក ផ្ទះក៏មាន តែហេតុអ្វីមិនបោកគក់ឲ្យស្អាត"  ប្ដីស្ដាប់ហើយក៏មិននិយាយអ្វីទាំងអស់ ។ ថ្ងៃបន្ទាប់មកទៀត នាងរអ៊ូដូចដើម ។ ដល់ថ្ងៃទី៣ ក្រោកឡើងហើយ ធ្វើកិច្ចការហ្នឹងដូចដើម ចោលភ្នែកទៅតាមមាត់បង្អួច ស្រាប់តែគ្រានេះ នាងចម្លែកចិត្តថា ហេតុអ្វីខោអាវរបស់ផ្ទះអ្នកជិតខាងនោះស្អាត ទើបសួរប្ដីខ្លួនថា "បងទៅប្រាប់ម្ចាស់ផ្ទះនោះឬថាបោកគក់ខោអាវមិនស្អាត?" ប្ដីនាងតបថា  "អត់ទេ បងមិនបានទៅប្រាប់ម្ចាស់ផ្ទះហ្នឹងទេ បងគ្រាន់តែជូតកញ្ចក់បង្អួចផ្ទះរបស់យើងឲ្យស្អាតប៉ុណ្ណឹងឯង" ។
ប្រពន្ធរអ៊ូថា សម្លៀកបំពាក់របស់ផ្ទះអ្នកជិតខាងមិនស្អាត តែតាមពិតមិនមែនសោះ វាកើតបែបនេះ​ព្រោះពីកញ្ចក់ផ្ទះរបស់ខ្លួនឯងទៅវិញដែលមិនស្អាត ។ រឿងនេះ ចង់អប់រំយើងថា   ពេលយើងមើលឃើញថាគេមានបញ្ហា តាមពិតបញ្ហាអាចនៅត្រង់ខ្លួនយើងក៏ថាបាន រឿងនេះមិនមែនក្រើនរំលឹកឲ្យយើងព្យាយាមសម្អាតកញ្ចក់ផ្ទះរបស់យើងទេ តែរឿងនេះកើនរំលឹកឲ្យយើងមើលថែកញ្ចក់ក្នុងចិត្តរបស់យើង ឲ្យស្អាតល្អជានិច្ច ប្រសិនបើវាមិនស្អាត គឺឃើញអ្នកដទៃមានបញ្ហាមិនចេះអស់មិនចេះហើយ ។ ពេលចិត្តស្ថិតនៅក្នុងផ្នែកអវិជ្ជមាន យើងមើលឃើញអ្នកដទៃមានអវិជ្ជមានទាំងអស់ប្រាកដ ។ ជួនកាលអ្នកដទៃដែលនៅជុំវិញខ្លួនយើង ដូចជា ចៅហ្វាយនាយ បុគ្គលិក ប្ដី  ប្រពន្ធ ក៏មានចំណែកខាងបង្កបញ្ហាដែរ តែចិត្តអវិជ្ជមានរបស់យើង កាន់តែធ្វើឲ្យអ្នកដទៃមានភាពអវិជ្ជមាន មើលមិនឃើញខាងវិជ្ជមានឡើយ ។
ក្រៅពីពិភពនៅជុំវិញខ្លួន អាស្រ័យនៅលើចិត្តរបស់យើង សុខឬទុក្ខ ក៏អាស្រ័យលើចិត្តរបស់យើងដូចគ្នា ជួបហេតុការណ៍អ្វីមិនធ្វើឲ្យយើងកើតទុក្ខ ប្រសិនបើចិត្តយើងមិនរួមដៃជាមួយ ។​ ព្រះដ៏មានបុណ្យ​ទ្រង់ត្រាស់ ប្រកាសំដែងថា "កាលណាដៃមិនមានរបួស បុគ្គលនឹងចាប់ត្រូវថ្នាំពិសក៏បានន ថ្នាំពិសនោះមិនអាចបង្កឲ្យកើតគ្រោះថ្នាក់ទេ តែប្រសិនបើដៃមានរបួសវិញ ប៉ះត្រូវថ្នាំពិសពេលណា កើតគ្រោះភ័យនៅពេលនោះភ្លាម" ។ ចិត្តរបស់យើងក៏ដូចគ្នា ប្រសិនបើចិត្តនេះមានរបួស សូម្បីតែរឿងតូចតាចមកប៉ះត្រូវ ក៏ឈឺ ។ ពេលដៃមានរបួស សូម្បីតែចុងស្មៅ​មកប៉ះត្រូវ ក៏យើងមានអារម្មណ៍ថាឈឺដែរ ។
ការពិត ពេលមានគេមកជេរស្ដីជេរប្រមាថកាតទានលើយើង ប្រសិនបើយើងមិនយកចិត្តទុកដាក់ទៅទទួលយក ក៏មិនឈឺ ក៏មិនតូចចិត្ត ឧទាហរណ៍ថា យើងដើរលេងក្នុងចំការដូង មានស្វាមួយក្បាលរប៉ិលរប៉ូចក្រវែងផ្លែដូងមកលើយើង ប្រសិនបើយើងឃើញ ​តើយើងយកខ្លួនទៅរងផ្លែដូងហ្នឹងទេ ? មនុស្សដែលមានស្មារតីខ្ពស់ ក៏ត្រូវព្យាយាមរត់គេចពីផ្លែដូងនោះ តែពេលមានមនុស្សបាចសាចពាក្យសម្ដីជេរប្រមាថដាក់យើង ហេតុអ្វីយើងមិនគេចចេញ? ហេតុអ្វីយើងយកចិត្តទៅទទួលពាក្យទាំងនោះ ?
ត្រង់ចំណុចនេះ លោកឪឆា សុភត្តោ មានថេរដីកាថា ពេលមានមនុស្សជេរប្រមាថយើងជាឆ្កែជាឆ្មា មុននឹងខឹងក្ដៅក្រហាយ ឲ្យយើងស្ទាបមើលត្រង់គូថសិន ថាខ្លួនយើងមានដុះកន្ទុយចេញមកឬអត់ ប្រសិនបើមិនមានកន្ទុយដុះចេញមកទេ កុំខឹងក្ដៅក្រហាយជាមួយគេ ។ ប្រសិនបើយើងខឹងក្ដៅគេ សបញ្ជាក់ឲ្យឃើញថា យើងព្រមទទួលថា យើងជាសត្វដែលគេជេរប្រមាថហ្នឹងឯង ។
ប្រសិនបើស្វាចោលផ្លែដូងហ្នឹងដាក់យើង ជំនួសឲ្យការគេចចេញ បែរជាយកខ្លួនទៅរង ទៅឈឺ បើយ៉ាងនេះ តើគួរបន្ទោសអ្នកណា? ពាក្យជេរប្រមាថបោះពួយសំដៅមករកយើង ប្រសិនបើយើងគេចចេញ មិនយកចិត្តទៅរងទទួល យើងក៏មិនបានកើតទុក្ខ ​។ ពាក្យជេរប្រមាថនោះ ដូចជាសំបុត្រ​មួយច្បាប់ ប្រសិនបើយកទៅដាក់ក្នុងប្រអប់សំបុត្រប្រៃសណីយ៍ហើយគ្មានអ្នកមកយកទៅ  ចុងក្រោយសំបុត្រនោះនឹងវិលមករកអ្នកយកទៅផ្ញើនោះវិញមិនខាន យ៉ាងណាមិញ ពាក្យជេរប្រមាថ ក៏ដូច្នេះដែរ ប្រសិនបើយើងមិនមករងទទួលទេ វានឹងវិលទៅរកអ្នកជេរប្រមាថយើងនោះវិញ ដូចនោះ យើងកុំទៅរងទទួលយកមកចាក់ដោតចិត្តយើងធ្វើអ្វី ។
ព្រះគ្រូជយសារោ ធ្លាប់មានថេរដីកាថា "លោកនេះមិនមានអ្វី មិនមានមនុស្សណា នឹងមកបង្គាប់បញ្ជាឲ្យយើងកើតទុក្ខបានទេ មានតែរឿងដែលនាំឲ្យយើងកើតទុក្ខ នាំឲ្យយើងពេញចិត្ត នាំឲ្យយើងមិនពេញចិត្ត វាមកអញ្ជើញ យើងនឹងទទួលឬមិនទទួល វាជារឿងរបស់យើង គេមកបង្គាប់យើងមិនបាន" ។ ពេលមានអ្វីនាំឲ្យយើងកើតទុក្ខ យើងអាចមានជម្រើសបានថា យើងនឹងទទួលពាក្យបបួលនាំឬអត់ យើងមិនទទួលក៏បាន វាជាសិទ្ធិរបស់យើង ។ ដូចនេះ ទើបអាចនិយាយបានថា មនុស្សយើងកើតទុក្ខដោយសារចិត្តយើងទៅទទួលពាក្យបបួលនាំរបស់គេ ឬមានចំណែករួមសហការជាមួយគេ ។ ការឈឺចាប់ ក៏ដូចគ្នា ជំងឺរោគា អាចធ្វើឲ្យរាងកាយយើងទទួលការឈឺចាប់ពិតមែន តែត្រង់ចិត្តកើតទុក្ខជាមួយ ព្រោះចិត្តផ្សំគំនិតជាមួយការឈឺហ្នឹងដែរ ៕


-----------------------------------
អត្ថបទនេះប្រែសម្រួលចេញពីសៀវភៅ ធម្មៈឈ្នះទុក្ខ សូមអភ័យទោសដល់ម្ចាស់និពន្ធផងដែលបានយកអត្ថបទមកចុះផ្សាយមិនបានសុំការអនុញាត តែមិនព្រមឬយ៉ាងណា​ក៏សូមផ្ញើជាសារមកកាន់ប្រអប់ខាងក្រោមនេះបាន ។

No comments:

Post a Comment