អត្ថបទនេះ
ខ្ញុំសរសេរឡើងមានគោលបំណងចង់លើកស្ទួយសមាធិ ហើយការលើកស្ទួយនេះ
ក៏ពុំមានដោយសារតែខ្ញុំជាអ្នកសមាធិ ឬពុំមែនដោយសារតែខ្ញុំចូលចិត្តសមាធិ
ឬក៏ពុំមែនដោយសារតែខ្ញុំចង់ឱ្យអ្នកណាម្នាក់សមាធិដែរ។
ប៉ុន្តែខ្ញុំយល់ថាការបដិបត្តិសមាធិ គឺអាចជួយមនុស្សបានយ៉ាងច្រើនឥតគណនា ជាពិសេសបញ្ហាផ្លូវចិត្ត
និងសន្តិភាពផ្លូវចិត្ត។ មិនថាក្នុងផ្នែកណា ឬក្នុងវិស័យអ្វីក៏ដោយ
អ្នកដែលបំពេញកិច្ចការប្រកបដោយចិត្តសមាធិ ឬមនុស្សដែលជាអ្នកបដិបត្តិសមាធិជាប្រចាំ
គឺច្រើនតែជាបុគ្គលគួរឱ្យគោរព ចេះយល់ទុក្ខធុរៈអ្នកដទៃ មានមេត្តាធម៌ខ្ពស់
ចេះផ្សាយសេចក្តីល្អដល់សត្វដទៃ។ អ្វីដែលពិសេសបំផុត
គឺបុគ្គលបែបនេះជាអ្នកមានបានគ្រប់គ្រាន់ក្នុងការរស់នៅ (Inner Rich)។ សេចក្តីមានបាននេះ វាប្រៀបដូចនឹងសេចក្តីសុខខាងក្នុងខ្លួនបុគ្គល
ដែលពុំមានខ្វះអ្វីសោះ បើទោះបីជាមិនមានទ្រព្យសម្បត្តិច្រើនហូរហៀរក៏ដោយ។
ផ្ទុយទៅវិញ ចំពោះអ្នកខ្លះ អាចមានលុយច្រើន អាចមានចំណេះដឹងខ្ពស់
អាចមានសមិទ្ធផលក្នុងជីវិតរស់នៅ ឬមានអ្វីៗយ៉ាងច្រើន តែចិត្តដែលសុខ
គឺអាចមានតិច។ អ្នកខ្លះមានចំណេះដឹង ក៏កើតចិត្តអំនួត មានមោកនភាព
មើលងាយដោយពុំឱ្យតម្លៃអ្នកដទៃ។
អ្នកមានសមិទ្ធផលក្នុងកម្ម ឬទង្វើណាមួយរបស់ខ្លួន
ក៏មានមោកនភាពជ្រុលនឹងលទ្ធផលរបស់ខ្លួន។
អ្នកដែលមានសេរីភាពក្នុងចិត្តពិតប្រាកដ
គឺជាអ្នករួចរដោះពីចំណងនៃចំណេះដឹង, រួចរដោះពីការជាប់ជំពាក់នឹងមោកនភាពនៃទង្វើដែលខ្លួនបានធ្វើ
(ទោះជាប្រយោជន៍រួម ឬប្រយោជន៍បុគ្គល), ផុតស្រឡះចិត្តពីសេចក្តីល្អដែលខ្លួនបានសាង
ហើយមានត្រឹមតែចិត្តដឹងថា “សត្វលោកឬមនុស្សយើង
គឺមានកម្មជាអ្នកតាក់តែងខ្លួន។ មានគំនិតជាអ្នកតាក់តែងកម្មឬទង្វើ។
មានចិត្តជាប្រធាននៃធម៌ទាំងឡាយ ឬចិត្តជាអ្នកដឹកនាំគំនិត។
គំនិតដឹកនាំសកម្មភាព។ សកម្មភាពដឹកនាំលទ្ធផល
ហើយលទ្ធផលដឹកនាំគុណភាពនៃជីវិត”។
តើអ្នកនិពន្ធគួរជាអ្នកសមាធិ ឬយ៉ាងណា? តើសមាធិអាចនឹងជួយអ្វីខ្លះក្នុងអត្ថបទនិពន្ធ
ឬសំណេរនៃអ្នកនិពន្ធ? ការសិក្សាក្នុងពិភពចិត្ត
គឺពុំមាននៅក្នុងមេរៀនទស្សនវិជ្ជា ឬបើមាន
ក៏មានត្រឹមថ្នាក់ប្រើប្រាស់គំនិត
ឬចំណេះដឹងតក្កវិជ្ជាសម្រាប់ពិចារណាពិសោធប៉ុណ្ណោះ។
គំនិតនៅក្រោមចិត្ត ដូចនឹងទ្រឹស្តីពុទ្ធនិយមដែលលើកឡើងថា “ធម៌ទាំងឡាយមានចិត្តជាប្រធាន”។ ចំណេះដឹង
គឺមានចិត្តជាអ្នកឃុំគ្រង។ ជាបទពិសោធរបស់ខ្ញុំ
ពេលណាគំនិតឬទស្សនៈមានក្នុងខួរក្បាលច្រើនពេក
គឺយើងអាចនឹងពិបាកគ្រប់គ្រងខ្លួនឯង ជាពិសេសចំណេះដឹងខ្លះ
វានាំយើងឱ្យវង្វេង ដ្បិតមិនដឹងថាមួយណាពិត ឬមិនដឹងថាមួយណាក្លែងក្លាយ
ដែលប្រៀបដូចជាមនុស្សប្រែកាយ មានរូបរាងស្រដៀងគ្នាបំផុត
រហូតឱ្យយើងពិបាកកំណត់ថា “អ្នកណាពិត ឬអ្នកណាក្លែងក្លាយ បន្លំខ្លួន”។
ដោយលក្ខខណ្ឌនេះហើយ
ទើបក្នុងសាសនាតម្រូវឱ្យយើងប្រកាន់ជំនឿតែលើសាសនាមួយគត់
ដ្បិតបើប្រកាន់មួយណាច្បាស់លាស់ហើយ ក៏ចូរប្រតិបត្តិឱ្យជាប់លាប់តែមួយគត់
ជៀសវាងការហត់នឿយ ឬវង្វេងខ្លួន។ ចំពោះអ្នកចិត្តវិញ្ញាណ
(ដែលមិនមែនសំដៅលើអ្នកសាសនាក្នុងនិកាយណាមួយ) គឺដឹងច្បាស់ថា “គ្រប់សាសនាទាំងអស់
តែងតែមានចំណុចជាតម្លៃស្នូលឬបេះដូង
ដូចជាសាសនាខ្លះសង្កត់តម្លៃស្នូលនៅត្រង់សេចក្តីស្រឡាញ់ និងការលះបង់ (love and sacrifice), សាសនាខ្លះសង្កត់តម្លៃស្នូលនៅត្រង់ចិត្តវិញ្ញាណ (the value
of spiritual wisdom), សាសនាខ្លះសង្កត់តម្លៃត្រង់ភាពជាបងប្អូន
(brotherhood and equality), សាសនាខ្លះសង្កត់តម្លៃស្នូលនៅត្រង់ករុណាធម៌
និងសតិដឹង (compassion and mindfulness), សាសនាខ្លះសង្កត់តម្លៃស្នូលនៅត្រង់ភាពតែមួយរវាងមនុស្សនិងអធិធម្មជាតិ...”។
គ្រប់សាសនាទាំងអស់សុទ្ធតែឱ្យតម្លៃលើការសមាធិ។ តើចិត្តឃុំគ្រងចំណេះដឹងតាមរបៀបណា? ចិត្តមនុស្សល្អ
គឺនឹងប្រើចំណេះដឹងក្នុងផ្លូវល្អ តែចិត្តមនុស្សអាក្រក់វិញ
គឺនឹងប្រើចំណេះដឹងក្នុងផ្លូវអាក្រក់។
អ្នកនិពន្ធអត្ថបទបែបនយោបាយដែលមានទំនោរ គឺសរសេរអត្ថបទនយោបាយក្នុងន័យ “ល ៣” យ៉ាង៖
លទី១ គឺលាប, លទី២ គឺលាង, និងលទី៣
គឺលាក់។ <លាប> គឺសំដៅដល់ការលាបពណ៌វាយប្រហារតាមបែបតក្កវិជ្ជា
សមហេតុផល មានទឡ្ហីករណ៍ ជាល្បិចស្វាលេងប៉ាហ៊ី។ <លាង>
គឺលុបលាង ឬលាងព័ត៌មាន ឬគំនិតពីពិតទៅក្លែងក្លាយ
ឬពីក្លែងក្លាយទៅជាការពិតវិញ។ <លាក់> គឺព្យាយាមលាក់លៀមការពិតក្នុងទំនោរនយោបាយ បំភាន់គំនិតអ្នកអាន
ឬបង្វែរដានមហាជនជាដើម។
ចេតនាក្នុងទំនោរចិត្តទាំងនេះ
គឺគ្មានអ្វីផ្សេង ក្រៅតែពីបម្រើផលប្រយោជន៍នយោបាយឡើយ។
នេះជាឧទាហរណ៍នៃការប្រើប្រាស់ចំណេះដឹងដែលមានប្រភពចេញពីចេតនាចិត្តជាអ្នកគ្រប់គ្រង។
គោលដៅនៃចំណេះដឹង គឺដើម្បីបំផ្លាញតណ្ហា បោះចោលនូវសេចក្តីអាក្រក់
និងប្រយុទ្ធនឹងបិសាចដែលមានក្នុងខ្លួនមនុស្សម្នាក់ៗ។ ចំណេះដឹង
ក្រៅតែពីយើងអាចប្រៀបធៀបបានដូចនឹងពន្លឺ ឬភ្លើងទៀន ឬចង្កៀង, យើងក៏អាចប្រៀបធៀបចំណេះដឹងដូចជាភ្លើងដុតកម្ទេចសេចក្តីអាក្រក់
ជាពិសេសតណ្ហាដែលមានក្នុងខ្លួនមនុស្សម្នាក់ៗ។ លើសពីនេះ
យើងអាចប្រៀបធៀបចំណេះដឹងទៅនឹងទូក
ដែលយើងត្រូវការតែពេលកំពុងឆ្លងសមុទ្រប៉ុណ្ណោះ
ដ្បិតដល់ពេលណាដែលយើងបានឆ្លងសមុទ្រផុតដល់ត្រើយហើយ
យើងក៏លែងត្រូវការចំណេះដឹងទៀតដែរ (មិនជាប់ជំពាក់)។
យើងត្រូវការភ្លើងសម្រាប់ដុតកម្ទេចតណ្ហាមនុស្ស
ហើយពេលណាភ្លើងបានដុតតណ្ហាមនុស្សឆេះអស់ហើយ
គឺយើងពុំត្រូវការភ្លើងទៀតទេ។ និយាយដោយខ្លី ដើម្បីឆ្លងទៅពិភពចិត្ត
គឺយើងត្រូវការចំណេះដឹងតក្កវិជ្ជា ឬភាពសមហេតុផលដើម្បីធ្វើឱ្យមនុស្សមានជំនឿ។
ការធ្វើឱ្យមនុស្សជឿនេះ គឺជារឿងដ៏កម្របំផុតក្នុងកិច្ចការពន្យល់មនុស្ស។
អ៊ីចឹងហើយ ទើបស្ទើរតែគ្រប់សាសនាបានប្រើប្រាស់រឿងនិទាន ឬល្បើក
ឬពាក្យពេចន៍ពីសាសនាផ្សេងៗខ្លះដើម្បីបកស្រាយពន្យល់អ្នកស្តាប់។
អ្នកបដិបត្តិធម៌ដោយគ្មានបរិយត្តិធម៌ គឺប្រៀបដូចជាមនុស្សខ្វាក់ស្ទាបដំរី
ឬមនុស្សស្ទាបដំរីក្នុងទីងងឹត។ ក្នុងចំណោមបរិយត្តិធម៌ ៣ប្រភេទ
ដែលព្រះពុទ្ធសម្តែង គឺមានបរិយត្តិទី១ ដែលប្រៀបដូចនឹងអាសិរពិសកាច
(អលគទ្ទូបមបរិយត្តិ )។
ចំណេះដឹងដែលយើងរៀនមិនត្រឹមត្រូវ
ក៏នាំផលមិនត្រឹមត្រូវ ប្រៀបដូចបុរសចាប់ពស់វែកត្រង់ខ្លួន
ហើយពស់វែកក៏ចឹកអវយវៈណាមួយរបស់បុរសរហូតដល់ស្លាប់ជីវិត។
តើអ្នកនិពន្ធត្រូវមានសមាធិបែបណា? ចិត្តលត់ដំដោយអាយុដែលបានរស់នៅលើផែនដីបានយូរក្តី
ឬដោយសារតែការប្រឡូកក្នុងជីវិតបានច្រើនក្តី (ទង្វើច្រើនឬកម្មច្រើន)
ឬដោយការសិក្សារៀនសូត្រក្តី ឬដោយសារតែការសមាធិក្តី
គឺធ្វើឱ្យមនុស្សឆាប់ចាស់ទុំលឿន។ អ្នកដែលរស់លើផែនដីនេះបានយូរ
ឬអ្នកអាយុច្រើនដែលធ្វើសកម្មភាពក្នុងជីវិតបានតិច ឬបើបានប្រឡូកជាក់ស្តែងក្នុងជីវិតតិច
គឺកម្រនឹងមានចិត្តចាស់ទុំ។ អ្នកដែលមានចំណេះដឹងច្រើន រៀនសូត្របានច្រើន
ឬមានចំណេះដឹងពេញខ្លួន តែបើមិនមានវិជ្ជាសមាធិ
ឬពុំបានបដិបត្តិសមាធិជាប្រចាំទេ
ក៏ចិត្តនេះត្រឹមតែជាចិត្តថ្នាក់បរិយត្តិដែលអាងទ្រឹស្តី ឬអាងប្រាជ្ញាឈ្លាសវៃថ្នាក់ខួរក្បាលប៉ុណ្ណោះ។
ចិត្តបែបនេះ គឺពុំមែនជាចិត្តចាស់ទុំពិតប្រាកដទេ ព្រោះចិត្តនេះ
វាសង្កត់ដោយសារតែចំណេះដឹង។ ឧទាហរណ៍
អ្នកមានចំណេះដឹងច្រើនពុំងាយខឹងផ្តេសផ្តាសឡើយ ហើយការពុំងាយខឹងនេះទៀតសោត
ក៏ពុំមែនចិត្តខាងក្នុងមិនខឹងពីធម្មជាតិដែរ តែខួរក្បាលឯណោះទៅវិញទេ
ដែលសង្កត់ចិត្តថា “កុំខឹង កុំខឹង... ទប់
ទប់... អត់ធ្មត់ អត់ធ្មត់... ខាំមាត់ ខាំមាត់.... សង្កត់ចិត្ត សង្កត់ចិត្ត...”។
ចំណេះដឹងអាចសង្កត់ចិត្តកុំឱ្យខឹង
តែចិត្តមិនអាចប្រយុទ្ធឈ្នះនឹងលោកធម៌នៃជីវិតឡើយ។ រីឯចំណេះអ្នកដែលដល់ថ្នាក់ពិសោធជាក់ស្តែងវិញ
គឺខុសគ្នាត្រង់ថា “បើថាមិនខឹង
គឺមិនខឹងហើយ ព្រោះជាចិត្តចាស់ទុំ យល់ដឹងពីសភាពពិតនៃធម្មជាតិ”។
ខ្ញុំបានជួបប្រទះអត្ថបទមួយពីលទ្ធិសាសនាមួយដែលនិយាយពីសិល្បៈនៃការសរសេរ
ដែលស្របនឹងអ្វីដែលខ្ញុំធ្លាប់ធ្វើដោយខ្លួនឯងកន្លងមក។
ប៉ុន្តែខ្ញុំពុំបានចែករំលែកពីមុន
ព្រោះរកទស្សនៈស្រដៀងសម្រាប់ផ្ទៀងផ្ទាត់ពុំមាន។
តើមានទំនាក់ទំនងគ្នាបែបណារវាងសំណេរ
និងអ្នកសរសេរដែលមានសមាធិក្នុងខ្លួន? ខ្ញុំនឹងសាកល្បងរៀបរាប់ខ្លះៗទុកជាការពិចារណាអំពីលំដាប់៣
ក្នុងការសរសេររបស់អ្នកនិពន្ធ។ លំដាប់ទី១ គឺបញ្ជូលគំនិត ឬស្វែងរកចំណេះដឹង
ឬស្រាវជ្រាវប្រមែប្រមូលប្រភពគំនិតពីគ្រប់ទិសទី។ លំដាប់ទី២
ក្រោយពីប្រមូលគំនិតបានច្រើនហើយ
គឺត្រូវព្យាយាមគិតត្រិះពិចារណាដោយផ្ទិតផ្ទង់ គិតឱ្យអស់ពីលទ្ធភាពតាមដែលអាចទៅរួច
រួចហើយសរសេរនូវគំនិតដែលខ្លួនវិភាគគិតឃើញ។ លំដាប់ទី៣
ពេលណាសរសេរអស់ពីលទ្ធភាពហើយ ក៏ឈប់សរសេរ
ហើយបង្វែរខ្លួនបង្វែរចិត្តមកសម្រាកលំហែអារម្មណ៍ បន្ទូរចិត្តឱ្យទទេ
គ្មានកង្វល់ គ្មានសម្ពាធ។ ការសម្រាកនេះ គឺដាច់ខាតកុំគិតអ្វីថែមទៀតទាំងអស់។
រក្សាចិត្តឱ្យស្ងប់ស្ងាត់ ហើយទទេដោយគំនិត។ វិធីសាស្រ្តសរសេរបែបនេះ
វាស្រដៀងនឹងបច្ចេកទេសមាធិមួយប្រភេទ
ដែលតម្រូវឱ្យអ្នកសមាធិស្រែកឱ្យខ្លាំងបញ្ចេញសេចក្តីខ្វល់ខ្វាយ
ឬសេចក្តីឈឺចាប់ ឬភាពតានតឹងរបស់ខ្លួនតាមរបៀបផ្សេងៗ
ធ្វើយ៉ាងណាឱ្យធូរអារម្មណ៍ដែលតានតឹងខាងក្នុង។ របៀបនេះ
ជារបៀបមួយនៃការបញ្ចេញអារម្មណ៍អាក្រក់ចោល។
ក្រោយពីការស្រែកអស់ចិត្តអស់ចង់ហើយ
ក៏ចាប់ផ្តើមចូលដំណាក់កាលស្ងប់ស្ងាត់ ឬស្ងប់ឈឹង លែងនិយាយលែងស្តី
មិនខ្វាយខ្វល់នឹងបរិយាកាសខាងក្រៅ តែស្ងប់ស្ងាត់ ដកដង្ហើមមួយៗ
បន្ទូរចិត្ត លំហែរកាយ (សម្រាកចិត្តសម្រាកកាយ)។ នៅក្នុងន័យសមាធិបែបនេះ
គឺដោយសារតែមនុស្សទទួលបានភាពល្អក់កករពីពិភពខាងក្រៅច្រើនពេក ទើបការស្រែក
វាប្រៀបដូចជាការបញ្ចេញចោលនូវអ្វីៗដែលល្អក់កករខាងក្នុងចិត្ត
និងចុងក្រោយគឺចូលដំណាក់ស្ងប់ឈឹង មិននិយាយស្តី មិនប្រតិកម្ម...។
ក្នុងការសរសេរក៏អ៊ីចឹងដែរ
ដ្បិតអ្នកសរសេរត្រូវចេះកាត់ចោលនូវអ្វីដែលមិនល្អក្នុងពាក្យពេចន៍នៃសំណេរ
ហើយទុកតែអ្វីដែលល្អ និងមានប្រយោជន៍។ តាមបទពិសោធ ខ្ញុំមើលឃើញថា “មិនមែនចំណេះដឹងខួរក្បាលតែម្យ៉ាងទេ
ដែលអាចដោះស្រាយបញ្ហារបស់ចិត្តបាន តែវាត្រូវការការពិសោធជាក់ស្តែង
និងធ្វើជាក់ស្តែងតែម្តង”។
អ្នកនិពន្ធត្រូវមុជជ្រៅទៅក្នុងជម្រៅចិត្តអ្នកអានតាមរយៈការសមាធិប្រើប្រាស់ថាមពលចិត្ត។
វិធីសរសេរបែបនេះ ជាពិសេសសំណេរជាមួយនឹងសមាធិ
គឺអាចនាំអ្នកនិពន្ធខ្ជាក់ពាក្យពេចន៍មកមានទម្ងន់ ជាពិសេសមានព្រលឹង។
នេះជាការចែករំលែកប៉ុណ្ណោះ ជាពិសេសការចែករំលែកនេះ
វាស្ថិតត្រឹមក្របខណ្ឌនៃបទពិសោធរបស់ខ្ញុំផ្ទាល់ប៉ុណ្ណោះ។
បើយើងមានចំណេះដឹងជាក់ស្តែង យើងសមជាគ្រូបង្រៀន
ហើយបើយើងមានទាំងគំរូភាពល្អថែមទៀត
យើងសមជាអ្នកបណ្តុះមនុស្សរុញចរន្តសង្គមឱ្យរីកចម្រើនទៅមុខតាមរយៈសកម្មភាពជាក់ស្តែង៕
No comments:
Post a Comment