ការស្រឡាញ់ វាធ្វើឱ្យយើងចេះលះបង់។
បើចិត្តស្រឡាញ់ជាតិមានទំហំធំប៉ុនណា នោះការស្រឡាញ់សៀវភៅ ក៏មានទំហំធំប៉ុណ្ណោះដែរ។
ស្រឡាញ់ជាតិតិចពេក ការអានសៀវភៅនឹងឆាប់ហត់នឿយ។ បើស្មេរសរសេរសៀវភៅក្រាស់ៗ
គឺនឹងធ្វើឱ្យអ្នកអានត្រូវអានសៀវភៅក្រាស់ៗដែរ។
ស្មេរម្នាក់ៗតែងប្រឹងប្រែងរាប់ឆ្នាំទម្រាំបានសៀវភៅមួយក្បាលៗ រីឯអ្នកអាន
អានមិនដល់រាប់ឆ្នាំទេ ក៏អាចចប់ដែរ។ ហេតុអ្វីខ្ញុំសរសេរសៀវភៅក្រាស់ៗ? ពេលខ្ញុំមានពេលទំនេរ
ឬថ្ងៃសីល ខ្ញុំតែងតែចំណាយ ពេលវេលាទៅប្រាសាទអង្គរវត្ត។
ខ្ញុំចេះតែសម្លឹងមើលពីទឹកដៃនិងស្នាដៃដែលបុព្វបុរសខ្មែរបានបន្សល់ទុក។
រូបចម្លាក់ខ្លះ ឬអប្សរាខ្លះ ញញឹម ខ្លះមានទឹកមុខមាំ។ មិនថានៅត្រង់កន្លែងណាទេ
គឺសុទ្ធតែមានចម្លាក់ បើទោះបីជាកន្លែងនោះខ្ពស់ទាប
ចង្អៀតទូលាយ....ដែលពិបាកឱ្យជាងឆ្លាក់អាចឆ្លាក់បានក៏ដោយ
ក៏ខ្ញុំនៅតែឃើញរូបចម្លាក់រចនាយ៉ាងស្រស់ស្អាតស្ទើរតែគ្រប់ទីកន្លែង។ អត្ថន័យនេះ
គឺចង់បង្ហាញអំពីចិត្តអំណត់អត់ធ្មត់នៃដូនតាខ្មែរ
ដែលព្យាយាមមិនខ្លាចនឿយហត់ក្នុងកិច្ចដែលខ្លួនត្រូវទទួលខុសត្រូវ។
បើខ្មែរបាត់បង់ចរិតជាមនុស្សសកម្មលើការប្រឹងប្រែង និងគ្មានចរិតជាអ្នកអត់ធ្មត់ទេ
គឺយើងនឹងមិនអាចជោគជ័យឡើយ។
ដល់ឆ្លុះបញ្ចាំងមកបទពិសោធជីវិតជាក់ស្តែងរបស់ខ្ញុំវិញ
ខ្ញុំឱ្យតម្លៃខ្លាំងទៅលើការតស៊ូប្រឹងប្រែង ចិត្តអំណត់អត់ធ្មត់ក្នុងការងារ
មិនរអ៊ូថាក្តៅរងា បើទោះបីស្ថិតក្នុងកាលៈទេសៈមេឃភ្លៀង ឬបើកថ្ងៃក៏ដោយ។
ការតស៊ូប្រឹងប្រែង និងចិត្តអំណត់នេះហើយ ទើបធ្វើឱ្យមានខ្ញុំនៅថ្ងៃនេះ។
ខ្ញុំហ៊ាននិយាយថា “បើខ្ញុំមិនបានប្រឹងប្រែងទេ
ម៉្លោះប្រហែលជាគ្មានខ្ញុំនៅថ្ងៃនេះទេ ឬសូម្បីតែជីវិតក៏រក្សាមិនបានផង។
ជីវិតលំបាកខ្លាំងណាស់ តែវាមិនឈ្នះការប្រឹងទេ”។
តើវាពិតជាធ្ងន់ធ្ងរដល់ថ្នាក់នេះមែនដែរ ឬទេ? ជីវិតដែលគ្មានការប្រឹងប្រែង
គឺនឹងត្រូវស្លាប់ទាំងរស់។ ជីវិតដែលរស់នៅដោយពុំបានប្រឹងប្រែងដោយខ្លួនឯង
គឺជាជោគជ័យដែលគ្មានតម្លៃសោះ។ ការងារខ្លះយើងធ្វើបានជោគជ័យ
តែវាពុំមែនជាជោគជ័យដែលយកញើសឈាមទៅប្តូរ តើយើងនឹងមានអារម្មណ៍បែបណា? ការងារខ្លះ ប្រឹងយ៉ាងលំបាក តែលទ្ធផលបានតិចតួច តើយើងនឹងមានអារម្មណ៍បែបណា?
លទ្ធផលល្អក្តី ឬមិនល្អក្តី គឺវាមានតម្លៃ ដ្បិតនៅពេលណាដែលយើងបានប្រឹងដោយខ្លួនឯង។
ចូរធ្វើជាមនុស្សដែលតែងតែមានមោទកភាពលើគ្រប់ការងារដែលយើងបានធ្វើ។
ការងារដែលធ្វើឱ្យយើងមានមោទកភាព គឺសុទ្ធតែកើតចេញពីការប្រឹងប្រែងទាំងអស់។
ក្នុងកាលៈទេសៈដ៏លំបាកនៃជីវិត ខ្ញុំយល់ថា
វាគឺជាឱកាសមួយដែលអាចឱ្យយើងសាកល្បងសមត្ថភាពខ្លួនឯង។ សុរិយាចេញយាត្រានាពេលថ្ងៃ។
ចន្ទ្រា បើគ្មានវត្តមានរាត្រីទេ ក៏គ្មានអ្នកណាស្គាល់តម្លៃនៃពន្លឺដែរ
ប្រៀបដូចជាជីវិតមនុស្សយើងម្នាក់ៗ បើគ្មានការលំបាកទេ
តើយើងអាចបញ្ចេញសមត្ថភាពម្តេចបានទៅ។ មនុស្សខ្លាំង ឬខ្សោយពិតប្រាកដ
យើងនឹងសម្គាល់បានច្បាស់នៅពេលជួបបញ្ហាលំបាកៗ ប្រៀបដូចជាយើងសម្គាល់ចន្ទ្រាពេលរាត្រីស្ងាត់អ៊ីចឹង។
ត្រលប់មកប្រធានបទសៀវភៅវិញ តើយើងប្រឹងអានដែរឬទេ? អ្នកខ្លះយល់ថាខ្ញុំមិនយល់ពីសិល្បៈ
រៀបចំសៀវភៅគ្មានសិល្បៈ។ ឃ្លាដែលនិយាយថា “មិនយល់ពីសិល្បៈ” នេះ
គឺចង់ឱ្យខ្ញុំធ្វើអ្វីដែលងាយស្រួល សរសេរសៀវភៅងាយៗ រកវិធីឱ្យអ្នកអានចង់អាន
មានចំណាប់អារម្មណ៍អាន។ល។ អ្វីក៏ដោយ គឺត្រូវធ្វើដោយបុព្វហេតុច្បាស់
តែមិនមែនធ្វើដោយសារតែ “ចង់ ឬមិនចង់ ឬធ្វើតាមអារម្មណ៍ល្អអាក្រក់” ទេ។
បើក្នុងសង្គមយើង រកមនុស្សដែលចង់ចេះចង់ដឹង អ្នកខ្លាំងខាងរៀន ខ្លាំងខាងអានមិនបានផង
តើសង្គមរំពឹងអ្វីទៀតទៅថ្ងៃមុខ។ សូមកុំធ្វើជាមនុស្សដែលចេះចង់បាន តែមិនចង់ប្រឹង។
កុំធ្វើជាមនុស្សដែលមានត្រឹមតែឆន្ទៈចង់ជួយសង្គម តែគ្មានសមត្ថភាពជួយ។ ការងារសំខាន់ៗ
និងការងារចាំបាច់ជាច្រើននាពេលខាងមុខ វាលំបាកជាងការអានសៀភៅ ៤០០ ទៅ៥០០ទំព័រទៅទៀត៕
No comments:
Post a Comment