Thursday, July 30, 2020

ឆាប់គិតគូរ


ឆាប់គិតគូរពីចំណុច៣សំខាន់ ដែលយុវជនយើងចាំបាច់ចាប់ផ្តើមគិតគូរឱ្យបានឆាប់ ដើម្បីឱ្យខ្លួនជៀសផុតពីភាពលំបាកពេលអនាគត:

 

១. ចំណេះដឹងទាក់ទងនឹងរឿងលុយកាក់


_ ត្រូវចេះបែងចែកឱ្យដាច់រវាងបំណុលនិងទ្រព្យសម្បត្តិ មិនត្រូវចេះតែខ្ជីលុយគេដើម្បីបង្អួតភាពហឺហារ តែត្រូវប្រើការដើម្បីភាពចាំបាច់បំផុត ។

_ រៀនសន្សំជាបណ្តើរៗ មិនចាយវាយតាមអារម្មណ៍ ទោះយើងមិនមានលុយច្រើនតែវានឹងបង្កើតជាទម្លាប់ សម្រាប់ពេលដែលមានលុយច្រើនជាងនេះ ។

_ យកលុយមកវិនិយោគខ្លួនឯងជាមុន ដោយការរៀនសូត្រ និងបង្កើតពេលវេលា ហើយពេលមានសមត្ថភាពជាងមុន ក៏យើងអាចរកបានប្រាក់ច្រើនជាងមុន ។

_ រៀនធ្វើបញ្ជីចំណូលចំណាយ រៀនចេះគណនាខ្លះៗលើរបៀបគិតប្រាក់ដែលជួបរាល់ថ្ងៃ ហើយដាក់គោលដៅថា ថ្ងៃមុខលុយនឹងធ្វើការឱ្យយើង ពុំនោះទេយើងមុខតែធ្វើការដើម្បីលុយហើយ ។

 

២. ការគ្រប់គ្រងពេលវេលា


_ ពេលវេលាមានតម្លៃស្មើនឹងជីវិត លុយកាក់យើងរកបានឥតកំណត់តែពេលវេលាគឺមិនដូចនោះទេ ។

_ រៀបផែនការនូវកិច្ចការប្រចាំថ្ងៃ ហើយពិនិត្យមើលថាវានឹងជួយឱ្យយើងបន្ថែមគុណតម្លៃរបស់យើង និងមានបានដោះស្រាយកិច្ចការសំខាន់ៗអ្វីខ្លះ?

_ យើងត្រូវកាត់បន្ថយការចំណាយពេលមិនចាំបាច់ដូចជា អង្គុយជុំគ្នាផឹក ឬលេងហ្គេមច្រើនពេក តែមកធ្វើរឿងសំខាន់ៗវិញ ។

_ ឧស្សាហ៍រកវិធីបង្កើនធ្វើឱ្យយើងអាចដោះស្រាយរឿងមួយដែលល្អជាងមុន ដោយចំណាយពេលតិចជាងមុន ។

_ រៀនប្រើប្រាស់ពេលវេលារបស់អ្នកដទៃមកជួយ ព្រោះការងារធំមួយមិនអាចធ្វើបានដោយយើងម្នាក់បាននោះទេ ធ្វើបែបនេះគឺយើងត្រូវហ្វឹកហាត់ខ្លួនដើម្បីក្លាយជាអ្នកដឹកនាំមួយរូប ។

 

៣. ភាពជាអ្នកដឹកនាំ


_ ម្នាក់ៗត្រូវចាប់ផ្តើមឈ្វេងយល់សិល្បៈនៃការដឹកនាំ ទោះបីជាខ្លួនមិនមានដំណែងក៏ដោយព្រោះវានឹងបណ្តុះនិស្ស័យយើងបានខ្លះៗ

_ ការងារវិស័យណា បច្ចេកវិទ្យាទំនើបយ៉ាងណាក៏ដោយក៏ត្រូវការអ្នកដឹកនាំដែរ

_ ក្នុងសង្គមត្រូវការអ្នកដឹកនាំ ក្រុមហ៊ុន អង្គភាព ជំនួញរបស់យើង គ្រួសាររបស់យើង ជាពិសេសខ្លួនយើងផងដែរ សុទ្ធតែត្រូវការការដឹកនាំល្អ ដូចនេះឈប់សុញសាញ ឈប់រអ៊ូថា ខ្វះអ្នកដឹកនាំល្អទៀត ហើយខំធ្វើខ្លួនជាអ្នកដឹកនាំវិញទៅមើល ។

 

មានកិច្ចការច្រើនទៀតផងដែរ ដែលត្រូវការការចូលរួមពីយុវជនពេញកម្លាំងមិនអាចខ្វះបាន ។ យុវជនត្រូវចាប់ផ្តើមធ្វើឱ្យកាន់តែលឿន ហើយត្រូវធ្វើជាបន្តបន្ទាប់ ចេញពីខ្លួនឯងជាមុន ។ បើយុវជនយើងរវល់តែស្រវឹង ក្រីក្រជំពាក់បំណុលគេជុំទិស តើមានពេលឯណាដើម្បីអភិវឌ្ឍនោះ? ប្រសិនយើងកែប្រែថ្ងៃនេះជំនាន់ក្រោយនឹងប្រសើរជាងជំនាន់យើង ៕

 

Cr. leanghong


No comments:

Post a Comment