Tuesday, May 31, 2016

១០ វិធីដែលអ្នកមានគេគិត


រឿងសំខាន់បំផុតគឺ “បើចង់មានបាន ចូរគិតដូចអ្នកមានគេគិត” ។ សព្វថ្ងៃនេះ ប្រហែលជាគ្មានអ្នកណាមួយថា មិនចូលចិត្តលុយទេ បើអ្នកគិតថា តើត្រូវធ្វើយ៉ាងណា ទើបមានលុយទុក សាកលោមកអានតាមគោលគំនិតទាំង ១០ ខ ដែលចង់ប្រាប់អ្នកថា គ្រាន់តែប្តូរវិធីគិតឲ្យមានបែបផែនអ្នកមាន អ្នកក៏អាចសន្សំលុយបាន បើអ្នកមានដូចអ្វីដែលខ្លួនគិត ត្រឹមតែធ្វើសាកល្បងម្តងមួយៗ ក៏អាចផ្លាស់ប្តូរចំនួនលុយក្នុងបញ្ជីរបស់អ្នកបានដែរ។

គោលគំនិតទី១ ប្រយ័ត្នរឿងតូចៗដែលហៅថាការចាយវាយ

វាប្រាកដណាស់ថា មនុស្សជាច្រើន រមែងមានអារម្មណ៍ថា ត្រូវតែប្រុងប្រយ័ត្នជាពិសេស បើត្រូវការចាយវាយលុយធំដុំ តែរឿងដែលអ្នកគ្រប់គ្នាភ្លេចគិតនឹកដល់ ត្រឡប់បែរជាចាយវាយត្បិតត្បៀត ដែលយើងចាយវាយក្នុងជីវិតប្រចាំថ្ងៃថា ពេលយើងប្រមូលចូលគ្នាហើយ លុយទាំងនេះអាចធ្វើឲ្យអ្នកស្លុតចិត្តតែម្តង។ យើងប្រហែលជាគិតច្រើនទៅលើរឿងទិញសៀវភៅមួយក្បាល ដែលមានតម្លៃ២០០០០រៀល ប៉ុន្តែបើទិញកាហ្វេផឹកដែលល្បីឈ្មោះមួយកែវ ៨០០០រៀល នំនែកកំប៉ិកកំបុក៤០០០រៀល ទទួលទានការ៉ែមជាមួយមិត្តភក្ដិមួយកែវ មានតម្លៃ៨០០០ បូកសរុបទូទាត់លាត់សើយទៅអស់ ២០០០០រៀល ដូចគ្នាដដែល។ ត្រឹមតែយើងកាត់បន្ថយតម្លៃចាយវាទៅលើរបស់កំប៉ិកកំប៉ុកទាំងនេះចេញ ក៏មានលុយទុកបន្ថែមឡើងដោយបែបមិនគិតនឹកស្មានដល់អ៊ីចឹង។

គោលគំនិតទី២ មុននឹងទិញត្រូវគិតដល់អនាគត

វាច្បាស់ណាស់ថា វាងាយស្រួលណាស់ នឹងទិញឥវ៉ាន់របស់របរដែលខ្លួនចូលចិត្ត ប៉ុន្តែចុងក្រោយពេលយើងទិញរបស់បែបគ្មានព្រំដែន។ តើខ្លួនយើងផ្ទាល់ ក៏នឹងក្លាយជាមនុស្សដែលត្រូវមកអង្គុយពិបាកចិត្តថា នឹងរកចំណូលមកប៉ះប៉ូវលុយដែលបាត់បង់ទៅយ៉ាងណាទេ?  រាល់ពេលមុននឹងទិញអ្វីមួយ ត្រូវគិតដល់អនាគតរបស់យើងសិនថា បើទិញហើយ តើអនាគតយើងក្លាយទៅជាបែបណ? តើវាមានផលប៉ះពាល់អ្វីទេ?

គោលគំនិតទី៣ កុំទិញរបស់មិនចាំបាច់ ដើម្បីសាងភាពជាប់ចិត្ត

យើងគ្រប់គ្នា សុទ្ធតែចង់បានពាក្យសរសើរពីមិត្តភក្តិ ឬអ្នកជិតខាងខ្លួន។ ពេលយើងធ្វើជាម្ចាស់លើវត្ថុអ្វីម្យ៉ាង ប៉ុន្តែយើងត្រូវដឹងពីព្រំដែនរបស់ខ្លួនឯង។ យើងគួរទិញរបស់ ព្រោះរបស់នោះមានភាពចាំបាច់ចំពោះយើងច្រើនជាងការទិញដើម្បីធ្វើឲ្យអ្នកដទៃជាប់ចិត្តលើវា។ TIP មុននឹងទិញរបស់គិតសិនថា “កុំទិញរបស់មិនមានការចាំបាច់ ដើម្បីឲ្យអ្នកដែលមិនចេះគាប់ចិត្តសូម្បីតែអ្នកខ្លួនឯង”។

គោលគំនិតទី៤ សាងទីមកទីទៅនៃការចាយវាយ

ពិភពលោករាល់ថ្ងៃនេះ មានតែរបស់របរច្រើនណាស់ ដែលព្រមឲ្យអ្នកព្រមសុខចិត្តចាយលុយ ដោយសន្សំទុកមិនកើត។ បើអ្នកមិនបានដាក់ផែនការ និងបង្កើតប្រព័ន្ធមាត្រដ្ឋានតម្លៃចាយវាយទុកទេ។ អ្នកមានគ្រប់រូបស្គាល់ច្បាស់ជាងលុយរបស់ពួកគេមកពូកន្លែងណា និងកំពុងនឹងទៅទីណាជានិច្ច។ រឿងនេះ បញ្ជីចំណូល និងចំណាយនឹងជួយអ្នកបាន។ រឿងនេះនឹងជួយឲ្យអ្នកបាត់ងើយឆ្ងល់ ព្រោះវាប្រាប់អ្នកបានជានិច្ចថា លុយមកពីណា និងលុយទៅនៅទីណា។

គោលគំនិតទី៥ ធ្វើការឲ្យបានខ្លាំង

មនុស្សជាច្រើនគិតថា វិថីជីវិតរបស់អ្នកមាន មានតែរឿងសប្បាយរីករាយគ្រប់ពេលវេលា។ ការពិតនោះ ផ្ទុយស្រលះ អ្នកមានធ្វើការងារខ្លាំងជាងមនុស្សធម្មតាទូទៅ។ យ៉ាងហោចណាស់ក្នុងកំឡុងវ័យធ្វើការងារ ប៉ុន្តែពួកគេព្យាយាមបន្ថែមចំណូលបាន ព្រោះពេលមានចំណូលបន្ថែមឡើង ពួកគេក៏អាចរក្សាសន្សំលុយមានចំនួនច្រើនឡើងបាននោះឯង។ អ្នកមានគិតថាការធ្វើធុរកិច្ចគឺការសន្សំលុយបានច្រើនជាងលុយចំណាយ ការដាក់ទុន ការដាក់គំរោងផែនការដើម្បីអនាគត និងត្រូវប្រើជំនាញដើម្បីចាប់ឱកាស និងធ្វើការឲ្យខ្លាំងជាងមនុស្សទូទៅទៀតផង។

គោលគំនិតទី៦ បែងចែកចំណែកលុយ

សូមបញ្ជាក់ម្តងទៀតថា អ្នកមានមិនបានប្រើជីវិតជ្រួលច្រានឬមិនត្រូវចាយអ្វីឡើយ ប៉ុន្តែព្រោះការបែងចែកលុយកាក់បានយ៉ាងល្អ ទើបធ្វើឲ្យពួកគេរក្សាមានបានរបស់ខ្លួនឯឯជាប់បាន។ ពួកគេចាត់ចែងរាល់ពេលដែលមានចំណូល។ ដូចនោះសាកល្បងបែងចែកចំណូលរបស់អ្នកខ្លះ ព្រោះនេះគឺជាគោលការណ៍ធានាថា ពេលមានហេតុអាសន្ន ឬហានីភ័យណាមួយកើតឡើង អ្នកមានលុយតម្កល់ទុកសម្រាប់វាស្រាប់។

គោលគំនិតទី៧ ទិញទំនិញបញ្ចុះតម្លៃ ឬតថ្លៃមុននឹងទិញ

អ្នកមានជាច្រើន ក៏ដូចជាមនុស្សធម្មតាទូទៅដែរ ពួកគេត្រូវការចាយលុយឲ្យកើតមូលតម្លៃខ្ពស់ វត្ថុដែលល្អបំផុតគឺទិញរបស់បញ្ចុះតម្លៃ ឬតថ្លៃមុននឹងទិញ។ ពួកគេគិតថា តើហេតុអ្វីត្រូវចាយវាយថ្លៃក្នុងពេលដែលមានជម្រើសល្អជាងនេះច្រើនទៀត?

គោលគំនិតទី៨ យកលុយសន្សំទៅធ្វើវិនិយោគដោយភាពឈ្លាសវៃ

មានមនុស្សជាច្រើនមិនយកលុយដែលសន្សំទុកទៅធ្វើវិនិយោគទេ ព្រោះគិតថា វាមានចំនួនតិចតួច ប៉ុន្តែកុំភ្លេចថាលុយបន្តិចបន្តួច តែពេលសន្សំឲ្យច្រើនឡើង ក៏ក្លាយជាលុយធំដុំបាន និយាយឲ្យស្រួលស្តាប់ទៅ បើអ្នកយកលុយដែលបានសន្សំទុកទៅបណ្ដាក់ទុន វានឹងធ្វើលុយដែលសន្សំទុករបស់អ្នកនោះរីកដុះដាល រហូតដល់អ្នកចម្លែកចិត្តតែម្តង។ ដូចពាក្យចាស់លោកពោលទុកថា “មានប្រាក់មួយសេនពឹងពាក់ផ្សែផ្សំឲ្យគ្រប់មួយកាក់” និងពេលអ្នកបណ្ដាក់ទុនឲ្យត្រូវទី អ្នកពិតជាសមតាមប្រាថ្នា ប៉ុន្តែរឿងទាំងអស់នេះ សុទ្ធតែត្រូវអាស្រ័យលើបទពិសោធ និងការសាកល្បងខុសខ្លះត្រូវខ្លះ ហើយអ្នកនឹងរកឃើញថា ការសន្សំលុយឲ្យពូនគរ វារំភើបចិត្តជាងការចាយលុយដោយភាពខ្ជះខ្ជាយទៀតផង។  

គោលគំនិតទី៩ ចេះរៀនមូលដ្ឋានគ្រឹះបង្កើនលុយលានៗ

មនុស្សជាទូទៅគិតសន្សំលុយក្រោយពីកាច់ចំណូលបានរួចរៀបរយហើយ ប៉ុន្តែអ្នកមានគិតគេផ្ទុយមកវិញ វិធីគិតបែបនេះ គេហៅថា រូបមន្តសាងលុយលានៗ។ វិធីសាស្ត្រចាប់ផ្តើមពេលអ្នកមានចំណូលបានប៉ុនណាក៏ដោយ ឲ្យអ្នកកាច់ឬដកហូតលុយមួយចំនួនដែលជាក់លាក់ដើម្បីបរិចាគទៅលើសង្គមវិញ និងដកលុយមួយចំនួនទៀតដើម្បីយកទៅបណ្តាក់ទុនសម្រាប់គោលដៅក្នុងពេលអនាគតរបស់អ្នក ដែលសល់ពីនោះ អ្នកទុកប្រើប្រាស់ចាយវាយរបស់អ្នក។ TIP ប្រសិនបើចង់មាន ចាំទុកណាថា “ចូរប្រើលុយដែលសល់ពីការសន្សំ មិនមែនសន្សំក្រោយពីចាយវាយទេ”។

គោលគំនិតទី១០ បិទរន្ធលេច

អ្នកមានគេមិនចាយវាយទៅលើរបស់របរមិនចាំបាច់ទេ។ ពួកគេជៀសវាងតម្លៃតាមទំនៀម និងតម្លៃចាយវាយដែលមិនចាំបាច់យ៉ាងច្រើន ព្រោះតម្លៃទម្លាប់តូចៗក៏អាចក្លាយជារឿងធំបាន ប្រសិនបើយើងមិនមានការប្រុងប្រយ័ត្នទេនោះ។ អ្នកចាំទុកណាថា “រន្ធលេចតូចៗក៏អាចធ្វើឲ្យទូកធំលិចបានដែរ”។

អ្នកគ្រាន់តែនាំយកគោលគំនិតទាំង ១០ ខមកសម្រួលប្រើឲ្យសក្តិសមជាមួយជីវិតរបស់អ្នក ត្រឹមនេះយើងក៏អាចនឹងយល់ចូលចិត្តបានថា ការសាងភាពជាអ្នកមានបាន វាចាប់ផ្តើមបានពីវិធីគិតងាយៗដោយការផ្លាស់ប្តូរគំនិត និងពេលអ្នកគិតបែបអ្នកមានហើយ។ ថ្នាក់ជាបន្តគឺសាកល្បងធ្វើតាមឲ្យបាគ្រប់ចំណុច រួចហើយមនុស្សអ្នកមានជាបន្តគឺអ្នកខ្លួនឯង។

ប្រភព៖ aommoney
ប្រែ. លឿង ចាន់


១៩ គន្លឹះ សាងស្នេហ៍រួមគ្នាមិនចេះបែក


១. កុំកែប្រែគេ តែត្រូវកែប្រែខ្លួនឯង ទោះជាយ៉ាងណាក៏ដោយ បើគេធ្វើអ្វីៗឲ្យអ្នកមិនចូលចិត្តរឿងដែលមិនអាចទទួលយកបានពិតនោះ សាកល្បងបា្រប់គេនូវរឿងនោះឲ្យគេស្តាប់ ប៉ុន្តែពុំមែនប្រើសម្លេងស្រែកកំហកកំហែងដោយមិនសមរម្យទៅលើគេនោះទេ។

២. ពេលខ្លះអ្នកចាំបាច់អនុវត្តទៅតាមច្បាប់របស់មនុស្សដែលអ្នកស្រលាញ់ខ្លះ មិនគួរធ្វើអ្វីៗតាមតែចិត្តខ្លួនឯងទេ កុំភ្លេចឲ្យសោះថា អ្នកកំពុងប្រើជីវិតនៅរួមគ្នា មិនមែនជាជីវិតនៅលីវតទៅទៀតឡើយ។

៣. សម្រួលចិត្តខ្លួនឯងជាថ្មី មិនថាអ្នកជាមនុស្សតូចតាចប៉ុនណាទេ ប្រសិនបើត្រូវរស់នៅជាមួយអ្នកណាម្នាក់ អ្នកត្រូវកែប្រែទស្សនគតិ គំនិត និងស្វែងរកសេចក្ដីសុខដូចដើម មកក្នុងបែបលក្ខណៈដែលមនុស្សពីរនាក់ធ្វើរួមគ្នាបាន ហើយអ្នកនឹងដឹងថា ជីវិតនៅមានរឿងរ៉ាវសប្បាយៗឲ្យកើបកូយយកទៅព្រមគ្នាមានច្រើនយ៉ាងទៀត។

៤. ប៉ុន្តែសូមរំលឹកទុកថា អ្នកជាមនុស្សគ្រប់គ្រងជីវិតរបស់ខ្លួនឯង ស្នេហានឹងស្រស់បំព្រង ឬរុះរោយស្វិតស្រពោន ឬក៏ធ្វើគេឈ្លក់លង់វង្វេង វាស្ថិតនៅលើខ្លួនអ្នកហ្នឹងឯង ថាគួរព្យាយាមធ្វើខ្លួនយ៉ាងណាសិចស៊ី ឬក៏តាមធម្មតាៗ។

៥. ជជែករឿងដែលល្អខ្លះអាក្រក់ខ្លះបា្រប់ដល់គ្នានិងគ្នាស្តាប់។

៦. ពេលខ្លះក៏ត្រូវធ្វើជាអាជ្ញាធរ រក្សារឿងបង្កជម្លោះវិវាទរវាងគ្នានិងគ្នា។

៧. និយាយឲ្យតិច ប៉ុន្តែធ្វើឲ្យច្រើន ដែលសំដៅដល់ការព្យាយាមសម្តែងពីសេចក្ដីស្រលាញ់ចំពោះគេ ដូចជាថើបគេញឹកញាប់ឬបញ្ជូនក្រសែភ្នែកញាក់ព្រឹមៗដាក់រកគ្នា។

៨. ស្រលាញ់ក្នុងភាពកង្វះខាតរបស់មនុស្សដែលយើងស្រលាញ់។

៩. ធ្វើចិត្តឲ្យបានថា ប្រុសៗមិនចូលចិត្ត(រឿងតូចតាចរបស់ប្រពន្ធ)ទេ ដូចៗគ្នា។

១០. ផ្ទុយមកវិញ ប្រុសៗនឹងផ្សេងគ្នាក្នុងរឿងយកចិត្តទុកដាក់ប្រពន្ធ។

១១. កុំទៅខ្វល់ជាមួយរឿងស្មាញស្មុកច្រើនពេក ដូចជា គូខ្លះសូម្បីតែថ្នាំដុសធ្មេញក៏ប្រើផលិតផលពីរផ្សេងគ្នាដែរ  ទើបសំណើរវិធីសម្របសម្រួលបញ្ហាទិញវាម្តងពីរ មកពីក្រុមហ៊ុននោះទេ មិនចាំបាច់បារម្ភថា គួរទិញផលិតផលណាល្អ បើទិញដែលយើងចូលចិត្តហើយ តិចលគេមិនចូលចិត្ត អូយ!! លំអិតល្អន់ពេកហើយ។

១២. បើចាំបាច់មានឮមាត់ឮកដាក់គ្នា ឲ្យជម្រើសឈ្លោះក្នុងរឿងដែលឈ្លាសវៃបន្តិច កុំភ្លេចថា គំនិតមនុស្សផ្សេងៗគ្នា មិនមែនបានន័យថា យើងមិនស្រលាញ់គ្នានោះទេ។

១៣. ទន្ទេញឲ្យជាប់ថា មានច្រកចេញសម្រាប់ចំណុចទាស់ទាំងពួងជានិច្ច។

១៤. ហាត់ប្រើការយល់ចិត្តជាស្ពានមេត្រីផ្សះផ្សាគ្នា

១៥. ចង់បានសេចក្ដីស្រលាញ់យូរអង្វែង គួរអនុវត្តចំពោះគ្នាដោយការផ្តល់កិត្តិយស និងភាពទន់ភ្លន់។

១៦. កុំច្របុកច្របល់ថា ជីវិតគូដូចជាការអាប់ដែត ព្រោះមានអ្វីច្រើនយ៉ាងទៀត ដែលអ្នកត្រូវពុះពារឧបសគ្គរួមគ្នាទៀត។

១៧. ប្រសិនបើមានបញ្ហាជីវិតគូគួរជួយគ្នាដោះស្រាយ ជាពិសេសបញ្ហាធំៗកុំសម្រេចចិត្តអារកាត់តែម្នាក់ឯង។

១៨. ឈប់ចង្អុលបញ្ជាក្នុងរឿងនេះរឿងនោះ ធ្វើជាស្តេចម៉ែឲ្យសោះ។

១៩. ផ្អែមល្ហែមដាក់រកគ្នារឿយៗដូចជា កុំភ្លេចខ្សិបពាក្យដ៏សែនរ៉ូម៉ាទិចដាក់ច្រចៀកឲ្យគេស្តាប់ ដឹកដៃគ្នាពេលណាឆ្លងថ្នល់ ឬសូម្បីតែប្រាប់គេថា តើគេឈ្នះចិត្តអ្នកបានយ៉ាងដូចម្តេចដែរ?

ប្រភព៖ WINNE.WS

សូមទោសដែលបងមើលរំលងអូន


ស្នេហាវ័យក្មេងមួយដែលក្រោយស្គាល់គ្នារយៈពេលមិនដល់មួយឆ្នាំផង ក៏រៀបការ ដោយខាងប្រុសអាយុ 21 ឆ្នាំខាងស្រី17 ឆ្នាំ។ ដោយសារតែរៀនមិនទាន់ចប់ខាងប្រុសបានបន្តរៀនថ្នាក់បិញ្ញាប័ត្រ នឹងធ្វើការបណ្ដើរប៉ុន្តែប្រាក់ខែដែរទទួលបាន មិនបានបំពេញ គ្រប់នៅតំរូវការប្រព្ធនឹងកូនពីរឡើយ នាងជាប្រពន្ធក៏មិនដែលបានទិញសំលៀកបំពាក់ថ្មីសំរាប់ខ្លួនដែរ ពីមួយឆ្នាំទៅមួយឆ្នាំនាងមិនដែរស្គាល់ខោអាវថ្មី កាបូបថ្មី គ្រឿុងអលង្ការ មានតំលៃដូចមនុស្ស ស្រីដទៃទេ ភាពផ្អែមល្ហែមរវាងអ្នកទាំងពីមិនសូវជាមានច្រើនទេ តែក៏អាចបន្តរស់នៅជាមួយគ្នារហូតមានចំណងស្នហ៏កូនពីរ ។ ក្រោមការអះអាងពីសំណាក់លោកប្ដីថាអោយអូនរងចាំបន្តិចទៅ ពេលបងរៀនចប់ បងនឹងអោយអូនរស់នៅក្រោមជីវភាពជាអ្នកមាន ស្ដុកស្ដម។

6ឆ្នាំកន្លងផុតទៅ ប្ដីក៏បានធ្វើការមានមុខមាត់មានប្រាក់ខែច្រើនល្មម នឹងអាចទិញផ្ទះបាន តែអ្នកណាទៅដឹងនៅពេលមានលុយ មានអំណាច ប្ដីមានស្រី ក្បត់ចិត្តប្រពន្ធរៀបការពេញច្បាប់ ដែលរស់កំសត់ជាមួយខ្លួនលះបង់ភាពជាយុវវ័យរបស់នាងស៊ូទ្រាំអត់ធ្មត់ រង់ចាំថ្ងៃមូួយមកដល់ តែអ្វីដែលនាងបានមកវិញគឺការក្បត់ចិត្ត។

នាងជាប្រពន្ធដែលរៀបការនៅអាយុ17ឆ្នាំ នាងមិនសូវជាចេះអត់ធ្មត់ទេ ព្រោះនាងនៅក្មេងពេកនេះជាមូលហេតុដែលប្ដីនាងប្រាប់ថា គាត់មានគេថ្មីនេះ ព្រោះនាង កាច ឆ្នាស់ រឹងរួស តែគាត់ភ្លេចហើយថានារីម្នាក់នេះបានបង្កើតកូន ប្រុស ស្រីពីរនាក់ ហើយបានបង្រៀនកូនអោយ ហៅគាត់ថាប៉ាៗ ដែលគួរអោយស្រលាញ់ គឺនាងបានប្រើពេល យុវវ័យរបស់នាងដែលពោរពេញទៅដោយការសប្បាយ ប៉ុន្តែនាងមិនដែលបានស្គាល់ទេថា អ្វីជាភាពយុវវ័យ ព្រោះវ័យនេះនាងខុសពីក្មេងស្រីដ៏ទៃ ដែលត្រូវមើលថែទាំកូន ដាំបាយ ធ្វើម្ហូប ចាំប្ដីមកពីធ្វើការ ជូនកូនទៅសាលា អ៊ុតខោអាវអោយប្ដី បញ្ចុកបាយកូនគាត់.......តែអ្វីដែលនាងទទួលបានពេលនេះគឺការក្បត់ចិត្ត ។ 

ប៉ុន្តែនាងមិនដែលរុញរា នឹងរងចាំប្ដីកាលពីមុនត្រលប់មកវិញទេ គឺជាប្ដីដែលស្រលាញ់តែនាង ដូចកាលពី គ្រាក្រ ។. នាង តែងប្រាប់ខ្លួនឯងថា "បើអូនដឹងថាពេលនេះបងមានស្រីថ្មី អូនសុខចិត្តអោយយើងក្រដូចពីមុនប្រសើរជាង តែ អូន នឹងប្រើពេលរង់ចាំបង គឺបងកាលពីមុនត្រលប់មកវិញ"

សូមទោសដែលបងមើលរំលងអូន

យប់នេះដូចសព្វដង ខ្ញុំត្រឡប់មកផ្ទះយឺត។ ដើរចូលក្នុងផ្ទះបានបន្តិច ក្រឡេកទៅឃើញប្រពន្ធខ្ញុំកំពុងអង្គុយចាំ រៀបចំអាហារពេញតុដើម្បីស្រស់ស្រូបជាមួយគ្នា។ ខ្ញុំដើរទៅកាន់នាង ចាប់កាន់ដៃនាងទាំងពីរ រួចប្រាប់នាងថា មានរឿងមួយចង់ប្រាប់ដល់នាង។ ពេលនោះនាងអង្គុយចុះ និងញ៉ាំអាហារដោយស្ងៀមស្ងាត់។ ខ្ញុំអាចសម្គាល់ឃើញពីការឈឺចាប់តាមរយៈខ្សែភ្នែកនាង។

រំពេចនោះ ខ្ញុំពិតជាពិបាកហាមាត់និយាយទៅកាន់នាងណាស់ មានតែបណ្ដោយឲ្យនាងស្វែងយល់ពីអ្វីដែលខ្ញុំចង់និយាយដោយខ្លួនឯង។ តែចុងក្រោយខ្ញុំបាននិយាយទៅកាន់នាងតិចៗថា ខ្ញុំចង់សុំលែងលះជាមួយនាង។ ផ្ទុយទៅវិញនាងហាក់ដូចជាមិនខឹងនឹងពាក្យសម្ដីមួយមាត់នេះសោះ បែរជាតបមកវិញដោយពាក្យសម្ដីទន់ភ្លន់ថា “ហេតុអី? អូនមានខុសអីមែនទេ?”។

ខ្ញុំព្យាយាមគេចវេះមិនឆ្លើយសំណួរនេះ ជាហេតុធ្វើឲ្យនាងកាន់តែខឹង។ នាងបានគ្រវែងចាន ស្លាបព្រា និងបានស្រែកឲ្យខ្ញុំថា “បងឯងមិនមែនជាមនុស្សប្រុសទេ”។ នៅយប់នោះ យើងមិនបាននិយាយតបគ្នាទៅវិញទៅមកច្រើនទៀតទេ។ នាងយំជាខ្លាំង និងប្រហែលជាចង់ដឹងថា មានអ្វីកើតឡើងក្នុងចំណងអាពាហ៍ពិពាហ៍មួយនេះ។ ខ្ញុំពិបាកនឹងរកចម្លើយដែលពេញចិត្តប្រាប់ដល់នាងណាស់ តាមពិតខ្ញុំបានលង់ស្នេហ៍ជាមួយនារីទីបីម្នាក់ទៀត។

ជាមួយនឹងកំហុសដ៏ធ្ងន់ធ្ងរនេះ ខ្ញុំបានធ្វើពង្រាងលិខិតលែងលះដែល ប្រគល់ផ្ទះ ឡាន និងទ្រព្យសម្បត្តិ ៥០% របស់ខ្ញុំទៅឲ្យនាង។ នាងបានសម្លក់ក្រដាសមួយសន្លឹកនោះ និងបានយកវាមកហែកជាខ្ទេចខ្ទីជាចម្រៀកតូចៗ។ នារីម្នាក់ដែលបានចំណាយពេលវេលា១០ឆ្នាំក្នុងជីវិតនាងជាមួយខ្ញុំ ពេលនេះបានក្លាយជាមនុស្សចម្លែកដែលហាក់មិនស្គាល់គ្នា។ ខ្ញុំបានការសោកស្ដាយណាស់ដែលបំផ្លាញពេលវេលា ធនធាន និងថាមពលរបស់នាង ប៉ុន្តែខ្ញុំមិនអាចទាញមកវិញនូវពាក្យដែលថា ខ្ញុំស្រលាញ់នារីទីបីអស់ពីបេះដូងនោះឡើយ។ នាងចាប់ផ្ដើមយំកាន់តែខ្លាំងឡើងខ្លាំងឡើងចំពោះមុខខ្ញុំ ដូចអ្វីដែលខ្ញុំគិតទុក។ ចំពោះខ្ញុំនៅពេលនោះការយំប្រហែលជាអាចជួយឲ្យនាងធូរស្រាលជាងនេះ។ គំនិតចង់លែងលះដែលខ្ញុំគិតទុកជាច្រើនសប្ដាហ៍ឥលូវកាន់តែច្បាស់ឡើងសម្រាប់ខ្ញុំ។

នៅថ្ងៃបន្ទាប់ ខ្ញុំបានមកផ្ទះយប់ជាងរាល់ដង និងឃើញនាងកំពុងអង្គុយសរសេរអ្វីម៉្យាងនៅលើតុ។ ខ្ញុំមិនញ៉ាំអាហារអ្វីទេ និងបានដើរតម្រង់ទៅបន្ទប់គេងតែម្ដង។ ខ្ញុំគេងលក់ភ្លាមៗដោយសារធ្វើការអស់កម្លាំង និងចំណាយពេលវេលាដើរលេងជាមួយស្រីទីបី។ ភ្ញាក់ឡើងពាក់កណ្ដាលយប់ ខ្ញុំបានឃើញនាងនៅសរសេរនៅឡើយ។ ខ្ញុំមិនខ្វល់ពីនាងទេ និងបានគេងលក់ទៅវិញ។

លុះព្រឹកឡើង នាងបាននិយាយលក្ខខណ្ឌការលែងលះជាមួយខ្ញុំថា នាងមិនចង់បានអ្វីទាំងអស់ពីខ្ញុំ ក្រៅពីសុំឲ្យទុកពេល១ខែ ដើម្បីព្យាយាមយល់ចិត្តគ្នាឡើងវិញមុននឹងសម្រេចចិត្តលែងលះ។ ហេតុផលនាងគឺងាយៗ ដោយសារកូនប្រុសរបស់យើងនឹងប្រឡងនៅចុងខែនេះ ដូច្នេះនាងមិនចង់ឲ្យមានការប៉ះពាល់ផ្លូវចិត្តគេដោយសាររឿងនេះទេ។

ខ្ញុំបានយល់ស្របនឹងនាង ប៉ុន្តែនាងទាមទារច្រើនជាងនេះ ដោយឲ្យខ្ញុំរំលឹកពីពេលដែលខ្ញុំដឹកដៃនាងចូលក្នុងរោងការ។ នាងសុំទៀតថាជារៀងរាល់ព្រឹកក្នុងរយៈពេលមួយខែនេះ ឲ្យខ្ញុំដឹកដៃនាងពីបន្ទប់គេងទៅមុខផ្ទះរហូត។ ”នាងប្រហែលជាមានបញ្ហាខួរក្បាលទេដឹង!” ខ្ញុំគិត។ ប៉ុន្តែ ដើម្បីឲ្យថ្ងៃចុងក្រោយរវាងយើងទាំងពីរមានអនុស្សាវរីយ៍ល្អនឹងគ្នាខ្ញុំយល់ព្រមតាមនាង។
ខ្ញុំបាននិយាយលក្ខខណ្ឌការលែងលះនេះប្រាប់ដល់នារីទីបីរបស់ខ្ញុំ។ នាងសើចខ្លាំងៗ និងគិតថាវាជាគំនិតឆ្កួតៗ។ និងបាននិយាយមកកាន់ខ្ញុំថា “បើទោះជានាងប្រឹងលេងល្បិចយ៉ាងណា ក៏ចុងក្រោយត្រូវតែលែងលះដែរ”។

ប្រពន្ធខ្ញុំ និងខ្ញុំមិនបានចុះដំណេកជាមួយគ្នាយូរហើយ តាំងពីថ្ងៃដែលខ្ញុំប្រាប់ថាចង់លែងលះជាមួយនាង។ ដូច្នេះនៅថ្ងៃដំបូងដែលខ្ញុំកាន់ដៃនាងចេញក្រៅផ្ទះ ហាក់ដូចជាឆ្គងៗ។ កូនប្រុសរបស់យើងបានទះដៃក្រោយខ្នងយើង និយាយថា “ប៉ាប៉ាកាន់ដៃម៉ាក់”។ សម្ដីនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខុសចំពោះគេ។ ពីបន្ទប់គេង ទៅកាន់បន្ទប់ទទួលភ្ញៀវ និងទៅកាន់ក្លោងទ្វារ ខ្ញុំបន្តកាន់ដៃនាងប្រហែល ១០ម៉ែត្រចេញទៅក្រៅទៀត។ នាងបានបិទភ្នែករបស់នាង និងបាននិយាយខ្សឹបៗមកខ្ញុំថា “កុំឲ្យកូនយើងដឹងរឿងនេះ”។ ខ្ញុំបានងក់ក្បាល និងមានអារម្មណ៍មិនសប្បាយចិត្តដែរ។ ខ្ញុំលែងដៃនាង ឲ្យនាងរកមធ្យោបាយធ្វើដំណើរខ្លួនឯង និងបានបើកឡានទៅកាន់កន្លែងធ្វើការតែឯង។
នៅថ្ងៃទីពីរ យើងទាំងពីរមិនសូវឆ្គងដូចថ្ងៃដំបូងពេកទេ។ នាងគេងលើទ្រូងខ្ញុំ ហើយខ្ញុំអាចស្រង់ក្លិនលើរាងកាយនាង។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថា ខ្ញុំមិនបានសម្លឹងនារីម្នាក់នេះឲ្យបានល្អិតល្អន់ជាយូរមកហើយ។ នាងមិនមែននៅក្មេងនោះទេ នៅលើមុខនាងមានស្នាមជ្រីវជ្រួញ និងស្កូវដោយអន្លើ។ ភ្លាមនោះខ្ញុំភ្ញាក់ខ្លួនថា តើខ្ញុំបានធ្វើអ្វីខ្លះលើនាង?

នៅថ្ងៃទីបី ពេលដែលខ្ញុំចាប់បីនាងឡើងមានអារម្មណ៍ថាភាពជិតស្និតបានវិញត្រឡប់មកវិញ។ នារីម្នាក់នេះជាមនុស្សម្នាក់ដែលបានផ្ញើជីវិតដប់ឆ្នាំជាមួយខ្ញុំ។ នៅថ្ងៃទី បួន និងទីប្រាំ ខ្ញុំមានអារម្មណ៍ថាភាពស្និតស្នាលនេះកាន់តែជ្រាលជ្រៅឡើងៗ។ ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំកាន់តែយល់ច្រើនពីនាង។

នៅព្រឹកមួយនោះ នាងបានជ្រើសរើសសំលៀកបំពាក់ស្លៀក និងបានលសំលៀកបំពាក់មួយចំនួន ប៉ុន្តែមិនសមនឹងនាងសោះ។ បន្ទាប់មកនាងរអ៊ូម្នាក់ឯង “ឥលូវសំលៀកបំពាក់នេះធំៗដល់ហើយ”។ រំពេចនោះ ខ្ញុំយល់កាន់តែច្បាស់ថា នាងស្គមជាងមុន ប្រហែលបែបនេះហើយទើបបានជាខ្ញុំអាចបីនាងបានដោយស្រួល។ នាងពិតជាបានលះបង់ និងឈឺចាប់ច្រើនណាស់ដោយសារខ្ញុំកន្លងមក។ ខ្ញុំបានដើរទៅជិតនាងដោយមិនដឹងខ្លួន និងបានស្ទាបមុខនាង។

បានបន្តិច កូនប្រុសរបស់យើងបានចូលមកដល់ និងស្រែកថា ”ប៉ាប៉ាដល់ពេលដែលនាំម៉ាក់ចេញដើរលេងខាងក្រៅហើយ”។ ការឃើញឪពុករបស់ខ្លួននាំម្ដាយចេញទៅដើរលេងខាងក្រៅ ក្លាយជាផ្នែកមួយដ៏កក់ក្ដៅសម្រាប់ជីវិតគេ។ ឃើញដូចនេះប្រពន្ធខ្ញុំនាងបានបក់ដៃហៅកូនឲ្យចូលមកជិត និងឱបគេយ៉ាងណែន។ ខ្ញុំបានងាកមុខចេញព្រោះខ្លាចខ្លួនឯងផ្លាស់ប្ដូរចិត្តនៅនាទីចុងក្រោយនេះ។ បន្ទាប់មកខ្ញុំបានកាន់ដៃនាងដើរចេញពីបន្ទប់ ឆ្ពោះទៅបន្ទប់ទទួលភ្ញៀវ និងក្រោយមកទៅកាន់ផ្លូវចេញ។ នាងបានឱបកខ្ញុំថ្នមៗប្រកបដោយភាពទន់ភ្លន់។ ខ្ញុំឱបនាងវិញយ៉ាងណែន ហាក់ដូចជាថ្ងៃនោះជាថ្ងៃរៀបការយើងទាំងពីរដែរ។

ខ្ញុំមានអារម្មណ៍សោកសៅនឹងរូបរាងស្គមស្គាំងរបស់នាង។ នៅថ្ងៃចុងក្រោយនេះ ពេលដែលខ្ញុំកំពុងកាន់ដៃនាងបែបនេះ ខ្ញុំពិតជាមានអារម្មណ៍តានតឹងជាខ្លាំងមិនចង់ដើរចេញពីនាងសោះ។ ខ្ញុំចាប់ដៃនាងយ៉ាងណែន និងនិយាយទៅកាន់នាងថា “បងមិនបានចាប់អារម្មណ៍ទាល់តែសោះថាជីវិតយើងទាំងពីរខ្វះភាពស្និទ្ធស្នាលជាយូរយ៉ាងនេះ”។

ក្រោយមកខ្ញុំបានបើកបរទៅធ្វើការ។ ពេលនេះខ្ញុំហាក់ប្រញាប់ប្រញាល់ខុសធម្មតាព្រោះខ្លាចខ្លួនឯងផ្លាស់ប្ដូរចិត្តទៀត។ ពេលទៅដល់មុខក្រុមហ៊ុនខ្ញុំបានចតឡាន និងប្រញាប់រត់ទៅ office របស់ខ្ញុំទាំងមិនបានចាក់សោឡាន។ ពេលទៅដល់បន្ទប់នារីទីបី នាងបានបើកទ្វារឡើង ខ្ញុំឆ្លើយភ្លាមៗដោយមិនបង្អង់ថា “រក្សា! ខ្ញុំសុំទោស ពេលនេះខ្ញុំលែងចង់លែងលះជាមួយប្រពន្ធខ្ញុំទៀតហើយ”។
នាងមើលមកខ្ញុំដោយភាពភ្ញាក់ផ្អើល និងស្ទាបថ្ងាសខ្ញុំ។ នាងបន្ត “អត់មានក្ដៅខ្លួនទេអ្អេ?”។ ខ្ញុំគ្រវាសដៃនាងចេញ និងបាននិយាយឡើងវិញម្ដងទៀតថា ”សុំទោស រក្សា! ខ្ញុំមិនលែងប្រពន្ធខ្ញុំទេ។ ចំណងអាពាហ៍ពិពាហ៍ខ្ញុំចាប់ផ្ដើមធុញទ្រាន់ប្រហែលដោយសារយើងទាំងពីរមិនបានស្វែងយល់ពីគ្នាឲ្យបានច្រើន មិនមែនដោយសារយើងមិនស្រលាញ់គ្នានោះទេ។ ឥលូវ ឆ្លងកាត់រយៈពេលមួយខែចុងក្រោយនេះ ខ្ញុំយល់ច្បាស់ហើយថា តាំងពីថ្ងៃដែលខ្ញុំកាន់ដៃនាងចូលរោងការ ខ្ញុំត្រូវមើលថែរក្សានាងអស់មួយជីវិតរបស់ខ្ញុំ”។ រក្សាពេលនោះភ្ញាក់ខ្លួនព្រើត និងបានទះខ្ញុំមួយកំផ្លៀងយ៉ាងខ្លាំង ស្រែកយំ និងចាកចេញទៅដោយបិទទ្វារមួយទំហឹង។ ក្រោយមកខ្ញុំបានដើរចុះក្រោម និងបើកឡានចេញ។ ខ្ញុំបានឈប់នៅមុខហាងផ្កាមួយដែលនៅតាមផ្លូវ និងបានទិញផ្កាមួយបាច់សម្រាប់ប្រពន្ធខ្ញុំ។ អ្នកលក់បានសួរខ្ញុំថាចង់សរសេរអ្វីនៅលើនោះ។ ខ្ញុំញញឹមតប និងសរសេរដោយខ្លួនឯង “បងនឹងកាន់ដៃអូនរហូតដល់ជីវិតចុងក្រោយរបស់បង”។

នៅល្ងាចនោះ ខ្ញុំបានត្រឡប់មកផ្ទះដោយមានផ្កាជាប់នឹងដៃ ទឹកមុខញញឹមញញែម។ ខ្ញុំបានរត់ទៅជាន់លើទៅរកនាងក្នុងបន្ទប់គេង ប៉ុន្តែអ្វីៗយឺតពេលទៅហើយ នាងបានចាកចោលខ្ញុំបាត់ទៅហើយ។ នាងមានជំងឺមហារីកជាច្រើនខែកន្លងមកហើយ ហើយដោយសារតែរវល់ចំណាយពេលជាមួយអ្នកទីបីខ្ញុំភ្លេចគិតពីនាង។ អ្វីដែលនាងធ្វើចុងក្រោយនេះ ដើម្បីបន្សល់ទុកនៅអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយគ្នា ហើយបើទោះជាខ្ញុំលែងលះនឹងនាង ក៏ចង់ឲ្យខ្ញុំនេះជាឪពុក និងជាប្ដីដ៏ល្អក្នុងក្រសែភ្នែកកូនប្រុសយើងទាំងពីរ។

ពេលនេះខ្ញុំកាន់តែយល់ច្បាស់ថា សុភមង្គលមិនកើតពីភូមិគ្រឹះដ៏ធំស្កឹមស្កៃ ឡានទំនើបៗ និងទ្រព្យសម្បត្តិនោះទេ ប៉ុន្តែគឺទំនាក់ទំនងស្អិតល្មួតដែលយើងមានជាមួយគ្នារៀងរាល់ថ្ងៃទៅវិញទេ។
ចូរចំណាយពេលវេលាដែលអ្នកមានឲ្យបានច្រើននៅជាមួយដៃគូរបស់អ្នក កុំឲ្យអ្វីៗយឺតពេលដូចរូបខ្ញុំ៕


៩ វិធីព្យាបាលរក្សា ក្រោយពេលខូចចិត្តថ្មីៗ


តើអ្នកពិតជាខូចចិត្តមែនឬទេ? យក៩ ចំណុចនេះទៅសាកល្បងធ្វើសិនមើល៍ រួចឆ្លងផុតពេលវេលានៃការឈឺចាប់នោះទៅដោយសន្សឹមៗយឺតៗតិចឡើងៗ។

ពេលវេលាដែលត្រូវជួបប្រទះជាមួយរឿងខូចចិត្តក្នុងពេលមានស្នេហា ទោះបីជាប្រាប់ខ្លួនឯងដរាបថា គ្រប់យ៉ាងត្រូវឆ្លងផុតទៅ និងពេលវេលារក្សាចិតខ្លួនឯង។ វាពុំមែនមានន័យថា ការនៅបែបហីៗ ហើយវាឈឺចាប់ ឬអារម្មណ៍ហ្មងសៅដែលបានជួបកន្លងទៅបានងាយស្រួលទេ តែយ៉ាងហោចណាស់ យើងត្រូវមើលថែទាំរក្សាចិត្ត និងសម្របខ្លួន កែប្រែវិធីគិតកំលុងពេលពិបាកនោះ ឲ្យវាកន្លងផុតទៅដោយរលូន។ វាមានវិធីច្រើនយ៉ាងដែលគួរអនុវត្តធ្វើ និងណែនាំឲ្យធ្វើចិត្តវិលវល់ពីហេតុការការណ៍បែកបាក់គ្នានោះ។

១) កុំនៅម្នាក់ឯង រកអ្វីថ្មីៗធ្វើរួមគ្នាជាមួយមិត្តភក្តិ។ ប្រសិនបើត្រូវរស់នៅក្នុងបន្ទប់ម្នាក់ឯង ហើយចេះតែនឹកឃើញរឿងរ៉ាវទាំងអស់ដែលខ្លួនធ្លាប់សាង វានឹងត្រឡប់មកលង ឬមានពេលវេលាឲ្យអង្គុយសញ្ជឹងគិត ត្រូវរកមិត្តមកនៅជាមួយ ឬទៅនៅជាមួយមិត្តភក្តិ យ៉ាងហោចទៅ ក៏មានមនុស្សនាំគ្នាជជែកបន្ធូរអារម្មណ៍បានខ្លះដែរ។

២) សាកល្បងកំណត់រយៈពេលវេលាដែលត្រូវហ្វឹកហាត់ចិត្តឲ្យរឹងមាំ មិនទាក់ទង មិនទូរស័ព្ទ មិនឆាត មិនផ្ញើសារអ្វីណាទាំងអស់ទៅរកគេ ចាប់ផ្តើមធ្វើពីមួយថ្ងៃទៅមួយថ្ងៃ មួយសប្តាហ៍ទៅមួយសប្តាហ៍។ សូមសាកល្បងតស៊ូតតាំងជាមួយចិត្តខ្លួនឯង ពីសប្តាហ៍ទៅជាខែ ចុងក្រោយនឹងបានស្រាវជ្រាវរកឃើញថា វាកន្លងផុតទៅដោយពិតប្រាកដ។

៣) កុំចូលទៅមើលមុខគេក្នុងប្រូហ្វាល់ហ្វេកបូករបស់គេជាដាចខាត់។ ប្រសិនបើអាច unfollow គេទៅសិន រួចហើយត្រូវតែស្មោះត្រង់ជាមួយខ្លួនឯង ហាមដាច់ខាតមើលណា! កុំភ្លេចអាត្មាទៅ block ព្រោះបើ block ហើយ នឹង unfriend ដោយស្វ័យប្រវត្តិ។ ហើយបើកអ្វីមើលមិនឃើញទេ ប្រសិនបើថ្ងៃក្រោយ យើងនឹងស្វែងរកឃើញការពិត ហើយអាចប្រាកដចិត្តថា ការសម្រេចចិត្តលែងលះជាមួយគេមិនមានកំហុស។

៤) កុំស្តាប់ចម្រៀងមនោសញ្ចតនាស្នេហាអន្លង់អន្លោច ព្រោះនោះ គឺជាការស៊ីអារម្មណ៍ខ្លួនឯងឲ្យអត់ទ្រាំមិនរួច ទូរស័ព្ទ ឬបើកប្រើហ្វេកបូកនោះ ទៅបានដោយស្រួលងាយ និងប្រសិនបើភ្លេចខ្លួនយំហើមភ្នែក សម្រស់ក៏ស្រកស្រុតទៅតាមការឈឺចាប់នោះដែរ។

៥) មើលថែខ្លួនឯងឲ្យបានល្អប្រសើរ ចាប់អារម្មណ៍មកលើខ្លួនឯង តាក់តែងខ្លួនឲ្យស្អាតដើម្បីឲ្យខ្លួនស្រស់ស្រាយជានិច្ច មានអារម្មណ៍ស្រលាញ់ខ្លួនឯង និងមានមោទនភាពលើខ្លួនឯងយកវាត្រឡប់មកវិញ ថែមទាំងមិនរួមឱកាសថ្មីៗដែលនឹងធ្វើដំណើរមកចូលដល់។

៦) កុំសោកស្តាយពេលវេលាដែលកន្លងមក  មើលវាទុកមេរៀន ជាបទពិសោធន៍ថា យ៉ាងហោចណាស់ ក៏យើងដឹង និងយល់ច្រើនឡើង ថាអ្វីទៅស័ក្ដិសម ឬមិនស័ក្តិសមជាមួយជីវិតរបស់យើង។

៧) កុំរង់ចាំឬលួចសង្ឃឹមឲ្យគេទាក់ទង់មក ឬត្រឡប់មកនៅក្នុងជីវិត មានតែធ្វើឲ្យយើងស្ត្រេស ការរង់ចាំទូរស័ព្ទ រង់ចាំអន់ឡាញ ឮឃើញភ្លាមក៏ភិនភាំងភ្លាមៗ ប្រសិនបើវាមិនពិតទេ ក៏សោកសៅខ្លាំងឡើងតទៅទៀត។ ការមិនសង្ឃឹមអ្វីទាំងអស់ វានឹងធ្វើឲ្យចិត្តសប្បាយ និងនឹងនឡើង។

៨) ចុងក្រោយ នាំខ្លួនឯងទៅជួបរឿងថ្មីៗ កិច្ចការថ្មីៗ មានក្រុមពួកម៉ាកថ្មីៗ អាចធ្វើឲ្យជ្រុងនៃការស្វែងរកស្នេហាប្រែប្រួល និងរកជួបឃើញថា ក្នុងផ្លាស់ប្តូរអាចនាំមកដល់រឿងល្អៗជាង ប្រសិនបើបើកចិត្តទទួល ហើយគ្រប់យ៉ាងក៏នឹងកន្លងផុតទៅដោយរលូន។

៩) ប្រសិនបើវានៅវេទនាឈឺចាប់ភ្លេចមិនបានពិតមែន គួរប្រើវិធីសាស្ត្រដែលដាច់ខាតខ្ពស់បំផុតហើយ។

ទទួលធានាភ្លេចបានប្រាកដ ចុច http://pbd.in.th/

ប្រភព៖ winne.ws

តើមានស្នេហានាំឲ្យកើតទុក្ខពិតឬ?

ស្នេហាពិតជានាំឲ្យជាកើតទុក្ខឬ? មានស្នេហាថ្មោងថ្មីអ្វីៗក៏ល្អ ក៏ស្រស់ស្អាត សូម្បីតែទឹកបន្លែស្រុសក៏ផ្អែមឆ្ងាញ់។ នៅទីណាដែលមានសេ្នហា ប្រាកដណាស់ថាមានទុក្ខនៅត្រង់នោះ។ តើធ្វើយ៉ាងណាកុំឲ្យមានទុក្ខ ពេលមានស្នេហា?

ស្នេហាពុំមែនជាការខ្វះខាតនៅខាងក្នុងឡើយ ហើយក៏ស្វែងរកខ្លួនបុគ្គលដទៃមកបំពេញឲ្យពេញ។

ស្នេហាជាវត្ថុមួយដែលសំដៅយកនូវភាពពេញលេញ និងហូរហៀរទៅដល់អ្នកដទៃ ព្រោះហេតុដូច្នោះ ស្នេហាពិតណាស់ ដែលវាសំដៅទៅលើន័យថាការផ្តល់ឲ្យ វាមិនមានន័យថា វាជាការទាមទារតែម្យ៉ាងនោះទេ។

“ស្នេហា” នោះមានគុណតម្លៃ តែងាកមើលមួយជ្រុងទៀតវាមានទោស។ ព្រះពុទ្ធអង្គទ្រង់សម្តែងថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំធ្វើសង្ខារនេះឲ្យជាវត្ថុជាទីស្រលាញ់ ព្រោះថា សេចក្ដីព្រាត់ប្រាសពីវត្ថុដែលយើងស្រលាញ់ជាសភាពថយថោក។ បើសុំបានសូមមេត្តាកំណត់ឲ្យបានច្បាស់ថា ស្រលាញ់នោះជារបស់ត្រឹមត្រូវ។ តែការព្រាត់ប្រាសពីវត្ថុជាទីស្រលាញ់នោះជាសភាពអពមង្គលនៃជីវិត គឺវានឹងក្លាយជាការអណ្តេតអណ្ដាប  ឈឺចាប់ ជូរចត់ វាជាទោសនៃ “សេចក្ដីស្រលាញ់”។ រីឯតួសេចក្ដីស្រលាញ់វិញ វាមិនមានទោសអ្វីទេ ដូចគ្នាទៅនឹងសេចក្ដីសុខ ក៏វាមិនមានទោសដែរ ក៏ប៉ុន្តែថា ពេលវាព្រាត់ប្រាស ឬថាសុខ ឬស្រលាញ់នោះវាស្វិតស្រពោនរុះរោយទៅ ទោសវានឹងបង្ហាញចេញមុខ ហើយវានឹងក្លាយជាសេចក្ដីស្អប់ខ្ពើមភ្លាម។

រឿងដែលគេហៅថា សេ្នហានោះ ចាំបាច់ត្រូវការស្គាល់លក្ខខណ្ឌរបស់វាថា វាស្ថិតនៅក្រោមអំណាចនៃត្រ័យលក្ខណ៍ គឺសភាពអនិច្ចំ ទុក្ខំ អនត្តា។ ប្រសិនបើថា សេចក្ដីស្រលាញ់បានយល់ត្រូវនៅក្នុងលក្ខណៈដូច្នេះហើយ អ្នកនឹងភ្ញាក់ខ្លួនដោយខ្លួនឯងថា

រឿងដែលគេហៅថា សេ្នហានោះ មិនមែនជារឿងងាយស្រួលឡើយ ហើយអ្នកនឹងស្រលាញ់គ្នាបានចាំបាច់ត្រូវសម្រេចចិត្ត និងត្រូវការអាស្រ័យលើភាពក្លាហានមុះមុត និងកម្លាំងចិត្តមិនមែនល្មាក់ល្មមក្នុងការទៅស្រលាញ់អ្នកណាម្នាក់នោះទេ។ មនុស្សជាច្រើនគិតថា ពេលយើងនឹងស្រលាញ់គ្នា មិនឃើញទាក់ទងភាពក្លាហានមុះមុត កម្លាំងចិត្ត និងបញ្ញាអីផង។

គេមិនយល់ថា សេចក្ដីស្រលាញ់នោះ តាមពិតទៅ វាជារឿងតែមួយ ដូចជាសមាធិ និងវិបស្សនាអ៊ីចឹងដែរ។

សេចក្ដីស្រលាញ់គឺជាបីតិសុខរបស់សមាធិ និងនៅក្នុងសមាធិសេចក្ដីស្រលាញ់ករុណានឹងប្រាកដឲ្យឃើញ ប្រសិនណាបើការស្រលាញ់នោះ ប្រកបដោយអំណាចនៃសេចក្ដីល្ងង់ខ្លៅ ទន់ជ្រាយ ជ្រួលច្របល់ហើយ។ សេចក្ដីស្រលាញ់នោះគឺជាការសន្សំយកនូវឧបសគ្គ និងមានសេចក្ដីទុក្ខនៅទីបំផុត។ សេចក្ដីស្រលាញ់ដែលពិតប្រាកដ ហើយត្រឹមត្រូវ មិនមែនសំដៅទៅលើការចងសម្ព័ន្ធជិតស្និតស្អិតរមួតទេ ប៉ុន្តែកម្លាំងនៃសេចក្ដីស្រលាញ់ដែលពិត នឹងត្រូវមានន័យដល់ការរួមសហការគ្នាក្នុងសេរីភាព ឬឲ្យនូវសេរីភាពដល់គ្នាទៅវិញទៅមក មិនប្រកាន់មាំ និងមានសេចក្ដីភ័យខ្លាចផ្សេងៗឡើយ។

អត្ថន័យនៃសេចក្ដីស្រលាញ់នោះ មិនទាន់មានគូក្តី មានជីវិតគូក្តី ត្រូវចេះផ្តល់ឲ្យនូវសេរីភាពដល់គ្នានិងគ្នា ឲ្យម្នាក់ៗមានពេលវេលានៃសន្តិសុខ មានពេលវេលាក្នុងសាសនកិច្ចរបស់ខ្លួន និងចងសេចក្ដីស្រលាញ់នោះទៅដោយខ្សែចំណងគឺព្រះធម៌។

វាជាគ្រឿងដោះចេញពីសេចក្ដីថ្នាំងថ្នាក់អាក់អន់ស្រពន់ចិត្តទាំងឡាយ ឲ្យបានទទួលសេរីភាពយ៉ាងពិតប្រាកដ ដូចជាលោកកវីនិពន្ធម្នាក់លើកឡើង ដែលមានអត្ថរសជក់ចិត្តថា  “សូមឲ្យស្រ្តីបុរសគូស្នេហ៍ទាំងឡាយនោះ មានដូចជាខ្សែពិណដែលនៅម្នាក់មួយខ្ទង់យ៉ាងស្ងប់ស្ងាត់ ប៉ុន្តែរួមលេងភ្លេងជាមួយគ្នាយ៉ាងពិរោះរណ្ដំបាន”។

សេចក្ដីស្រលាញ់ ដែលពិតប្រាកដ ត្រូវមានន័យដល់ការដោះស្រាយ លះបង់ដល់គ្នានិងគ្នា ត្រូវមានចិត្តសេចក្ដីប្រាថ្នាល្អចំពោះគ្នា ដូចដែលព្រះពុទ្ធអង្គ ទ្រង់មានព្រះមេត្តាចំពោះព្រះអានន្ទ និងជាកល្យាណមិត្តដល់គ្នានិងគ្នាប្រកបដោយធម៌នោះឯង។

“ចូរកកើតគុណូបការៈចំពោះពិភពលោកនេះទៅដូចជាមិនចេះរីងស្ងួត”

សេចក្ដីស្រលាញ់ គឺជាការពេញប្រៀបនៃអារម្មណ៍ដែលល្អស្អាតហ្មត់ហ្មង ហើយវាហូរហៀរទៅដល់អ្នកដទៃផងដែរ។ សេចក្ដីស្រលាញ់មិនទាមទារតម្រូវការអ្វី ព្រោះសេចក្ដីទាមទារតម្រូវការកង្វះខាត ជាការស្វែងរកអ្នកដទៃឲ្យមកជួយចាក់បំពេញ។

ព្រោះដូច្នោះ ត្រូវធ្វើឲ្យយើងកើតសេចក្ដីស្រលាញ់ដែលពេញប្រៀប ហើយវាហូរហៀរទៅដល់អ្នកដទៃ មិនមែនជាដើរទាមទារស្វែងរក ដែលធ្វើឲ្យមានការខ្វះខាតទៅរឿយៗដែរ។ ការស្វែងរកគូស្នេហ៍ វាធ្វើឲ្យខ្លួនឯងកាន់តែខ្វះខាត ប៉ុន្តែការស្វែងរកសេចក្ដីស្រលាញ់ វានឹងធ្វើឲ្យយើងពេញប្រៀប រហូតដល់ហូរហៀរទៅដល់អ្នកដទៃ ដែលជាការសង្រ្គោះមានបំណងល្អជានិច្ច។ ការណ៍ដែលហូរហៀរទៅដល់អ្នកដទៃនោះ ដូចអ្វីដែលរាបរាប់មកខាងលើឲ្យដឹង ឲ្យយល់ហើយ។

អ៊ីចឹងហើយ ត្រង់ពាក្យថាទីណាមានសេចក្ដីស្រលាញ់ ទីនោះមានទុក្ខ ទើបមិនពិតជានិច្ចទេ។ ផ្ទុយទៅវិញ ទីណាមានសេចក្ដីស្រលាញ់ ទីនោះមានសន្តិភាព និងនៅទីណាមានទុក្ខ ទីនោះនឹងមានសេចក្ដីស្រលាញ់ពិតមែន គឺសេចក្ដីមេត្តាអាណិតអាសូរ ព្រោះវាកើតចេញពីចិត្តតែមួយ មានសុខទុក្ខរួមគ្នា។ ត្រង់ថា ទីណាមានសេចក្ដីស្រលាញ់ ទីនោះមានសេចក្ដីទុក្ខនោះ ត្រូវនឹងន័យថា ស្រលាញ់ដោយអំណាចចិត្តដែលមានរាគៈនោះឯង។ ឬម្យ៉ាងទៀតថា ស្រលាញ់ដោយ “អវិជ្ជា” ទើបមានទុក្ខ។

 “ប៉ុន្តែទីណាមានទុក្ខ ទីនោះនឹងមានសេចក្ដីស្រលាញ់ គឺមេត្តាអាណិតអាសូរកើតឡើង និងទីណាមានមេត្តា ទីនោះនឹងមានសន្តិភាពកើតឡើង”។

………………………………………………………

ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ  មិនថាសេចក្ដីស្រលាញ់នោះនឹងទៅជាយ៉ាងម៉េច មានសភាពបែបណា រមែងនាំមកនូវសេចក្ដីទុក្ខទាំងអស់ ដូចដែលព្រះគ្រូមង្គលទេពមុនីបង្រៀនថា “មានស្នេហ៍ មានទុក្ខ ស្នេហ៍ខ្លាំងទុក្ខខ្លាំង អស់ស្នេហ៍អស់ទុក្ខ”។

សេចក្ដីស្រលាញ់ សេចក្ដីលោភ សេចក្ដីខឹងក្រោធ សេចក្ដីវង្វេង សុទ្ធតែជាទីនាំមក ធ្វើឲ្យចិត្តពើតឡើងពើតចុះទាំងអស់ មិនថា ស្រលាញ់អ្វីក៏ដោយ និងពេលស្រលាញ់ក៏មានតែសេចក្ដីទុក្ខ ព្រោះចិត្តយើងនៅមិនអស់កិលេស គឺតណ្ហា ភវតណ្ហា និងវិភតណ្ហា បាន។ វាមិនមានអ្វីស្ថិតស្ថេរឡើយ ចិត្តយើងក៏ប្រែប្រួលទៅតាមសេចក្ដីមិនទៀងទាត់នោះដែរ។ ការប្រកាន់មុតមាំជាមួយភាពមិនទៀង សុទ្ធតែធ្វើឲ្យចិត្តមិននឹងនទាំងអស់(ដូចជាជិះទូកប៉ះជាមួយទឹករលក វារមែងឃ្លីងឃ្លោង គ្រលែងធេងធោងជានិច្ច)។ វាមានតែទុក្ខតែម្យ៉ាង ដូច្នោះការហ្វឹកហាត់ធ្វើសមាធិ មាគ៌ានៃការហ្វឹកហាត់ចិត្តឲ្យឈប់នឹង និងដាក់ចុះហ្នឹងឯង គឺជាផ្លូវនៃការអស់ទៅសេចក្ដីស្រលាញ់ និងបានអស់ទុក្ខនោះឯង។

…………………………………………………

ទីបញ្ចប់ជីវិត មួយជីវិតសល់ត្រឹមស្រលាញ់

ស្រលាញ់ប៉ុនណោះកើតឡើង ស្រលាញ់ប៉ុនណោះតាំងនៅ ស្រលាញ់មិនចេះសាបសូន្យទៅណា។ អនុស្សាវរីយ៍ដែលធំអស្ចារ្យនៅលើលោកមួយនេះ សុទ្ធតែកើតពីកម្លាំងបណ្តាលនៃសេចក្ដីស្រលាញ់ ត្រឹមតែចិត្តធម៌តែមួយគត់។ មនុស្សអាចធ្វើអ្វីមិនបាន សូម្បីតែរក្សាជីវិតឲ្យគង់នៅ ប៉ុន្តែពេលណាមានសេចក្ដីស្រលាញ់ជាកម្លាំង ក៏អាចឆ្នៃប្រឌិតបង្កើតរឿងសំខាន់ទុកឲ្យពិភពលោកស្រស់បំព្រងបាន តើព្រោះហេតុអ្វីឬ? ពីព្រោះស្រលាញ់ជាប្រភពកំណើតនៃថាមពលទាំងឡាយទាំងពួង ដូច្នោះស្រលាញ់ទើបជាអមតៈមានជានិរន្តរ៍។

យើងនឹងយល់បានថា មនុស្ស និងសត្វ សុទ្ធតែនឹកគិតរកស្រលាញ់ ស្រេកឃ្លានស្រលាញ់ ចង់ស្រលាញ់ ។ ពេលខ្លះ សូម្បីតែបានលួចស្រលាញ់អ្នកណាមួយ ក៏មានភាពកក់ក្តៅ មានសេចក្ដីសុខនៅក្នុងចិត្តមិនអាចថាត្រូវ ទោះបីជាអ្នកម្ខាងទៀតមិនដឹងខ្លួនក៏ដោយ។ សេចក្តីស្រលាញ់ទើបមានសេចក្ដីសុខ មានការឆ្អែតស្កប់ស្កល់ក្នុងចិត្ត ក្នុងអារម្មណ៍។ អារម្មណ៍ស្រលាញ់ដែលរីកស្រស់ជ្រាលជ្រៅហួសពីការពណ៌នាដោយភាសាមនុស្សបាន។ ដោយហេតុនេះ ទើបមានវិចិត្រកររបស់ពិភពលោកព្យាយាមគូសវាសសរសេរបរិយាយសេចក្ដីស្រលាញ់ដោយភាសាកវីយ៉ាងពិរោះរណ្ដំ បន្សល់ទុកឲ្យពិភពលោកអួតសរសេរមិនដាច់ពីអារម្មណ៍។

ពេលមានសេចក្ដីស្រលាញ់ដូច្នេះ តើហេតុអ្វីហ្ន៎ បានជាក្រុមមនុស្សប្រទុស្តរាយគ្នាព្រោះតែសេចក្ដីស្រលាញ់ទៅវិញ? តើហេតុអ្វីហ្ន៎ សេចក្ដីស្រលាញ់ទើបមានភាពមួហ្មងឲ្យពិការភាពមើលមិនឃើញដូច្នេះ?

ខ្ញុំធ្លាប់បានឃើញ បានឮមនុស្សសម្លាប់គ្នាព្រោះតែសេចក្ដីស្រលាញ់ ធ្លាប់ឃើញមនុស្សដណ្តើមគ្នាយកមនុស្សស្រលាញ់ លួចរបស់ស្រលាញ់គ្នា កុហកគ្នាព្រោះស្រលាញ់។ នេះវាបញ្ជាក់បានថា វាមិនមានសេចក្ដីស្រលាញ់ តែត្រូវបានគេលួចអំណះអំណាងថា ជាសេចក្ដីស្រលាញ់ទៅវិញ។ សេចក្ដីស្រលាញ់ជាអំពើល្អ ប៉ុន្តែត្រូវបានមនុស្សលួចអះអាងដើម្បីផលប្រយោជន៍ខ្លួនព្រោះតែមានភាពអាត្មានិយម សេចក្ដីស្រលាញ់ក៏ក្លាយទៅជាអំពើអាក្រក់ភ្លាមៗដែរ។

សូម្បីតែស្រលាញ់ជាតិមាតុភូមិក៏ដូចគ្នា មានមនុស្សច្រើនណាស់ដែលសម្តែងឲ្យឃើញពីស្រលាញ់ជាតិ ចង់ស្តារប្រទេសជាតិ តែចុងក្រោយក៏ចប់ទៅដោយគ្មានមនសិការចំពោះជាតិមាតុភូមិបន្តិចសោះ ព្រោះស្រលាញ់ជីវិតខ្លួនឯងច្រើនជាង យកប្រជាជនមកអាងវ៉ាងដើម្បីផលប្រយោជន៍ខ្លួនឯងទាំងអស់។

សេចក្ដីស្រលាញ់បរិសុទ្ធមិនបរិសុទ្ធ មើលវាបានពីភាពទន់ភ្លន់ ឬភាពរឹងរុស បើចាំបានយល់ចិត្តគ្នា និងឲ្យអភ័យបាន ស្រលាញ់នោះបរិសុទ្ធ។ ចំណែកឯការស្រលាញ់ដែលមានការតវាទាមទាររកលក្ខខណ្ឌ ស្រលាញ់នោះមិនមែនជាការស្រលាញ់ទេ តែវានឹងវិវត្តពីសេចក្ដីស្រលាញ់ទៅជាការស្អប់ខ្ពើមដោយមិនចាំបាច់សង្ស័យឡើយ។

សេចក្ដីស្រលាញ់ជាវត្ថុមានជីវិតដែលមិនចូលចិត្តឲ្យអ្នកណាមួយរឹងរុសលេងល្បិចដូចប្រជាជនបរិសុទ្ធទេ។

ប្រភព៖ www.secret